ភ្នំពេញៈ លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ថ្លែងថា កម្ពុជា​គាំទ្រ​សេចក្តី​ថ្លែងការណ៍​រួម​ស្តីពី «​និរន្តរភាព​នៃ​ផលិតកម្ម​កសិកម្ម និង​ប្រព័ន្ធ​ស្បៀងអាហារ​» ព្រោះ​ស្រប​ទៅ​នឹង​គោលនយោបាយ​ និង​ផែនការអភិវឌ្ឍន៍​វិស័យ​កសិកម្ម​កម្ពុជា ខណៈ​សេចក្ដី​ថ្លែងការណ៍​រួម​នេះ​បាន​ផ្តួចផ្តើម​ឡើង​ដោយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នៃ​ប្រទេស​ជប៉ុន​។

លោក វេង សាខុន បាន​ថ្លែង​គាំទ្រ​បែបនេះ​ក្នុង​ពេល​ចូលរួម​ក្នុង​កិច្ចប្រជុំ​តាម​ប្រព័ន្ធ Video Conference ជាមួយ​លោក​ Nogami Kotaro រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នៃ​ប្រទេស​ជប៉ុន និង​មានការ​ចូលរួម​ពី​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​នៃ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​មួយចំនួន​ទៀត​ដូចជា ប្រទេស​ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និង​វៀតណាម​ដើម្បី​ពិភាក្សា និង​រៀបចំ​សេចក្តី​ថ្លែងការណ៍​រួម​ស្តីពី «​និរន្តរភាព​នៃ​ផលិតកម្ម​កសិកម្ម និង​ប្រព័ន្ធ​ស្បៀងអាហារ​» (Sustainable Agriculture Productions and Food System) ​នេះ​។

លោក វេង សាខុន បាន​ថ្លែង​អំណរគុណ​ដល់​លោក Nogami Kotaro ដែលជា​អ្នក​ផ្តួចផ្តើម​រៀបចំ​សេចក្តី​ថ្លែងការណ៍​រួម​នេះ​ឡើង​។

លោក​រដ្ឋមន្ដ្រី​បាន​ថ្លែងថា​៖ «​សម្រាប់​ជំហរ​របស់​ភាគី​កម្ពុជា គឺ​គាំទ្រ​លើ​សេចក្តី​ថ្លែងការណ៍​រួម​នេះ​ទាំងស្រុង​ព្រោះ​សេចក្តី​ថ្លែងការណ៍​រួម​នេះ ស្របទៅ​នឹង​គោលនយោបាយ និង​ផែនការ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​កម្ពុជា ឆ្នាំ​ ២០៣០»​។

លោក វេង សាខុន បានឱ្យ​ដឹងថា​គោលនយោបាយ និង​ផែនការ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​កម្ពុជា​ឆ្នាំ​ ២០៣០ បានដាក់​ចេញ​នូវ​គោលនយោបាយ​មួយចំនួន​ក្នុងនោះ​រួមមាន ទី​ ១ ជំរុញ​ផលិតកម្ម​កសិកម្ម ទី​ ២ បង្កើន​ប្រសិទ្ធភាព និង​មាន​ភាពប្រកួតប្រជែង និង​ទី ៣ ​ការបង្កើន​ផលិតកម្ម​កសិកម្ម​ដោយ​គិតគូរ​ដល់​និរន្តរភាព​​បរិស្ថាន​។

ក្នុងនាម​ជា​ម្ចាស់ផ្ទះ រៀបចំ​កិច្ចប្រជុំ​ ដើម្បី​ការពិភាក្សា​ និង​រៀបចំ​សេចក្ដី​ថ្លែងការណ៍​រួម​នេះ លោក Nogami Kotaro បាន​ថ្លែង​ស្វាគមន៍ និង​លើកឡើង​ពី​កិច្ចខិតខំ​ប្រឹងប្រែង និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​លើ​សកលលោក និង​ពិសេស​ជាមួយ​ប្រទេស​ដែលជា​សមាជិក​អាស៊ាន​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ ដែលជា​ដើមហេតុ​ធ្វើឱ្យប៉ះពាល់​ដល់​ផលិតកម្ម​កសិកម្ម និង​ប្រព័ន្ធ​ស្បៀងអាហារ​ដែល​ទាំងអស់​គ្នា​កំពុង​ប្រឈម​។

លោក Nogami Kotaro ថ្លែងថា សេចក្តី​ថ្លែងការណ៍​រួម​នេះ​មាន​គោលបំណង​ទាក់ទាញ​ចំណាប់អារម្មណ៍​ឱ្យ​ប្រទេស​ទាំងអស់​ក្នុង​សកលលោក​ងាក​មក​យកចិត្ត​ទុកដាក់​មកលើ​ប្រទេស​កសិកម្ម ជាពិសេស​ប្រទេស​ក្នុង​តំបន់​ខ្យល់មូសុង ព្រោះថា ការប្រែប្រួល​អាកាសធាតុ គឺជា​កត្តា​ដ៏សំខាន់​ដែល​ជះឥទ្ធិពល​ដល់​និរន្តរភាព​នៃ​ផលិតកម្ម​កសិកម្ម និង​ប្រព័ន្ធ​ស្បៀងអាហារ​របស់​ប្រទេស​សមាជិក​អាស៊ាន​។

លោក​បានឱ្យដឹងថា សេចក្តី​ថ្លែងការណ៍​រួម​នេះ​នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការចូលរួម​យ៉ាងសកម្ម​ជាមួយ​ប្រទេស​សមាជិក​ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជា​អន្តរជាតិ​ក្នុង​ការជួយ​ដល់​ប្រទេស​ដែល​ពឹង​ផ្អែកលើ​ផលិតកម្ម​កសិកម្ម​ជា​ចម្បង ទាំង​ធនធាន​ហិរញ្ញវត្ថុ និង​បច្ចេកទេស​កសិកម្ម​ទំនើប​។

លោក Nogami Kotaro បាន​បញ្ជាក់ថា លោក​នឹង​ថ្លែង​សេចក្តី​ថ្លែងការណ៍​រួម​ស្តីពី «​និរន្តរភាព​ផលិត​កសិកម្ម និង​ប្រព័ន្ធ​ស្បៀងអាហារ​» ​នេះ​នៅក្នុង​កិច្ចប្រជុំ​ត្រៀម​មហាសន្និបាត​កំពូល​ពិភពលោក (Pre-Summit on Food System) នៅក្នុង​ខែកញ្ញា ២០២១ នៅ​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី​។

ដោយឡែក រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​នៃ​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​ផ្សេងទៀត​ដែល​បាន​ចូលរួម​កិច្ចប្រជុំ​នេះ​ក៏​បាន​បង្ហាញ​នូវ​ឆន្ទៈ​គាំទ្រ​លើ​សេចក្តី​ថ្លែងការណ៍​រួម​នេះ​ផងដែរ​។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រសួង​កសិកម្ម​កម្ពុជា​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​នេះ​កាលពី​ម្សិលមិញ​៕