ភ្នំពេញៈ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ណែនាំ​ដល់​ខេត្ត​ដែល​នៅជាប់​តំបន់​មាត់សមុទ្រ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចាប់ពី​ថ្ងៃទី​ ១៩ ខែកក្កដា​ ដោយហេតុ​កម្ពុជា​នឹងរង​ឥទ្ធិពល កូន​ព្យុះ​មួយ​ឈ្មោះ សេមប៉ាកា «CEMPAKA» មកពី​ប្រទេស​ចិន ដែល​បង្កឱ្យ​មាន​ភ្លៀង​ធ្លាក់ និង​ខ្យល់​កន្ត្រាក់​ក្នុង​កម្រិត​ខ្លាំង​។

សេចក្តី​ជូនដំណឹង​ស្តីពី​ស្ថានភាព​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ចុះ​ថ្ងៃទី​ ១៩ ខែកក្កដា​នេះ​បាន​ឱ្យ​ដឹងថា បន្ទាប់ពី​បាន​ធ្វើការ​តាមដាន ស្ថានភាព​អាកាសធាតុ​ជា​បន្តបន្ទាប់​ជា​លក្ខណៈ​សកល និង​តំបន់​បាន​បង្ហាញ​ឱ្យឃើញ​ថា ព្យុះ​ទី​៦ ឈ្មោះ «IN-FA» ដែល​បាន​កើត​នៅលើ​សមុទ្រ ប៉ាស៊ីហ្វិក កាលពី​ចុង​សប្ដាហ៍​នេះ​បាន​វិវត្ត​ទៅជា​ព្យុះ​ទីហ្វុង និង​ដើរ​តម្រង់​ឆ្ពោះទៅ​ខាងកើត​ប្រទេស​ចិន​។

សេចក្តី​ជូនដំណឹង​បន្តថា នៅ​ព្រឹក​ថ្ងៃទី ១៩ ខែកក្កដា​នេះ​ មាន​វិសម្ពាធ​មួយ ដែល​ស្ថិត​នៅក្នុង​សមុទ្រ​ចិន​ក្បែរ​ហុងកុង​បាន​បង្កើន​ឥទ្ធិពល​ទៅជា​កូន​ព្យុះថ្មី​ទី៧ ឈ្មោះ សេមប៉ាកា CEMPAKA នៅ​ភាគ​ខាងលើ​សមុទ្រ​ចិន​ខាងត្បូង​នឹង​ធ្វើ​ដំណើរ​ឆ្ពោះ​ចូលទៅ​ភាគ​ខាងត្បូង​ប្រទេស​ចិន​។

យោងតាម​ការព្យាករ​ជ្រលង​នៃ​កូនព្យុះ សេមប៉ាកា CEMPAKA រួមជាមួយ​ខ្យល់​មូសុង និរតី​ខ្លាំង ដោយ​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​សម្ពាធ​ទាប ITCZ នឹងមាន​ឥទ្ធិពល​មកលើ​ប្រទេស​កម្ពុជា​។ លក្ខណៈ​បែបនេះ​នឹង​ធ្វើឱ្យ​អាកាសធាតុ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃទី ១៩ ដល់ ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២១ នឹង​ទទួលរង​ឥទ្ធិពល​នៃ​ព្យុះ​នេះ​នៅតាម​បណ្តា​ខេត្ត​ជាប់​សមុទ្រ​។

ក្រសួង​ឧតុនិយម​បាន​បញ្ជាក់ថា​៖ «​តំបន់​មាត់សមុទ្រ​នឹង​អាចមាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន ដែល​នឹង​អាច​បង្ក​ជា​ជំនន់​ទឹកភ្លៀង​នៅក្នុង​ភូមិសាស្ត្រ ខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង​នៅលើ​ផ្ទៃសមុទ្រ នឹង​អាចមាន​ភ្លៀង ខ្យល់​បក់បោក​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ​។

ចំណែក​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​បង្គួរ​ទៅ​ច្រើន លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​ក្នុង​កម្រិត​ខ្លាំង​។ រីឯបណ្តា​ខេត្ត​នៅតាម​តំបន់​ដង​ទន្លេមេគង្គ ជួរភ្នំ​ដងរែក និង​ជួរ​ភ្នំក្រវាញ​នឹង​អាចមាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន លាយឡំ​ជាមួយ​ខ្យល់កន្ត្រាក់​ក្នុង​កម្រិត​ខ្លាំង​។

អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ​លោក ឃាង ភារម្យ ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា វិធានការ​ចំពោះមុខ ថ្នាក់ដឹកនាំ​ខេត្ត​ក៏បាន​បាន​ចាត់ចែង​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​បន្ត​ផ្សព្វផ្សាយ​ដំណឹង​នេះ​ដល់​ប្រជាពលរដ្ឋ​រួចហើយ​ជាពិសេស​ប្រជានេសាទ និង​បាន​ណែនាំ​ឱ្យ​ត្រៀម​វិធានការ​មួយចំនួន​ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដែល​អាច​នឹង​កើតឡើង​ជា​យថាហេតុ​។

លោក​បន្តថា​៖ «​ផ្អែក​តាម​ការជូនដំណឹង​របស់​ក្រសួង​ធនធាន​ទឹក ដូច្នេះ​សូម​បង្កើន​ការយកចិត្ត​ទុកដាក់ និង​ស្តាប់​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ពី​ប្រជាពលរដ្ឋ ត្រៀម​គ្រប់​មធ្យោបាយ​ ដើម្បី​ជួយសង្គ្រោះ​ក្នុងករណី ដែល​មាន​ការចាំបាច់ ហើយ​សូមឱ្យ​អ្នកមាន​ការពាក់ព័ន្ធ​ជាមួយនឹង​ទូក​ចុះសមុទ្រ​ត្រូវ​ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ ដើម្បីឱ្យ​ពួកគាត់​មាន​ការប្រុងប្រយ័ត្ន​ក្នុង​ពេលវេលា​ចេញទៅ​សមុទ្រ​»​។

លោក​ថ្លែងថា​៖ «​ក្នុង​កំឡុងពេល​នេះ​គួរឱ្យ​ផ្អាក​សិន ហើយ​ទូក កាណូត សូម​ឱ្យ​មាន​ការប្រុងប្រយ័ត្ន មើល​អាកាសធាតុ​ឱ្យបាន​ត្រឹមត្រូវ ទូក កាណូត ត្រូវ​មាន​អាវ​ពោង​គ្រប់គ្រាន់​ក្នុង​ការដឹកជញ្ជូន​ភ្ញៀវ ត្រូវ​ពិនិត្យ​សុវត្ថិភាព​ក្នុង​កម្រិត​ខ្ពស់ ដើម្បី​ការពារ​សុវត្ថិភាព​»​។

ក្រសួង​ធនធានទឹក​បាន​ឱ្យ​ដឹង​ថា ប្រជានេសាទ និង​អ្នកធ្វើ​ដំណើរ​តាម​សមុទ្រ​ទាំងអស់​ត្រូវ​បង្កើន​ការយកចិត្ត​ទុកដាក់​ប្រុងប្រយ័ត្ន ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង​ជាយថាហេតុ​។ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​បាននិង​កំពុង​បន្ត​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់​លើ​បាតុភូត​ធម្មជាតិ ក្នុង​ករណី​អាកាសធាតុ​មាន​ការប្រែប្រួល​៕

វីដេអូ៖