​ភ្នំពេញៈ ​លោក ​ហ៊ុន ​សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​​កម្ពុជា ​នៅ​ថ្ងៃទី​ ១៩ ​ខែ​កក្កដា​ ​បាន​ផ្ញើ​សារលិខិត​ ​ចូលរួម​រំលែក​ទុក្ខ​ជូន ​លោក​ស្រី ​Angela Merel​ អធិការ​បតី ​អាល្លឺម៉ង់​ ចំពោះ​ករណី​គ្រោះ​ទឹកជំនន់ ​ដែល​បណ្តាល​ឱ្យ​ស្លាប់​ពល​រដ្ឋ​អាល្លឺម៉ង់​រាប់រយ​នាក់ ​និង​ច្រើន​ពាន់​នាក់​ទៀត​កំពុង​បាត់​ខ្លួន​។​

យោងតាម​សារលិខិត​របស់​លោក​នាយ​ក​រដ្ឋមន្ដ្រី​​បាន​បញ្ជាក់​ថា​៖​ ​«​ខ្ញុំ​ពិតជា​មាន​ក្តី​ក្រៀមក្រំ​យ៉ាងខ្លាំង​ នៅ​ពេល​បាន​ទទួល​ដំណឹង​អំពី​គ្រោះទឹក​ជំនន់​ដ៏​ធ្ងន់ធ្ងរ​នៅ​រដ្ឋ ​North Rhine-Westphalla ​និង​រដ្ឋ​ Rhineland-Palatinate ​ដែល​បាន​បង្ក​ឱ្យមាន​ការបាត់​បង់​អាយុ​ជីវិត​ ​​ជនស្លូត​ត្រង់​ជា​ច្រើន​រយ​នាក់​បាត់​ខ្លួន ​និង​បណ្តាល​ឱ្យ​មាន​រងរបួស​រាប់ពាន់​នាក់​ ព្រមទាំង​បាន​បង្ក​ការ​ខូចខាត​ផ្ទះ​សម្បែង​ ​និង​ទ្រព្យ​សម្បត្តិ ​ជា​ច្រើន​ទៀត​»​។​

លោក​នាយក​រដ្ឋមន្ដ្រី​បាន​ថ្លែងថា​៖ «​ក្នុង​កាលៈទេសៈ​ដ៏​គួរឱ្យ​សង្វេគ​នេះ ​ក្នុងនាម​រាជរដ្ឋាភិបាល ​និង​ប្រជាជន​កម្ពុជា​ខ្ញុំ​សូម​សម្តែង​នូវ​ក្តី ​អាណិត​អាសូរ ​និង​ចូលរួម​រំលែក​ទុក្ខ​​ដោយស្មោះ​ជាមួយ​លោកជំទាវ​ ​និង​ប្រជាជន​អាល្លឺម៉ង់ ​ជាពិសេស​ក្រុម​គ្រួសារ​នៃ​ជនរ​ងគ្រោះ ចំពោះ​ការ​បាត់បង់​ដ៏​ធំធេង​នេះ និង​សូម​ជូនពរ​ដល់​អ្នករ​ងរ​បួស​បាន​ឆាប់​ជា​សះស្បើយ ​ហើយ​ជន​រងគ្រោះ​ដែល​កំពុង​បាត់​ខ្លួន​ឆាប់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​ជោគ​ជ័យ​»​។​

ទន្ទឹមគ្នានេះដែរ លោក​ ​ប្រាក់ ​សុខុន ​រដ្ឋ​មន្ត្រី​ការបរទេស ​និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ផ្ញើលិខិត​រំលែក​ទុក្ខ​ជូន លោក ​Heiko Maas ​រដ្ឋមន្ត្រី​ការបរទេស​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ ​ចំពោះ​គ្រោះ​ទឹ​ក​ជំនន់​ដ៏​ធ្ងន់ធ្ងរ​ នៅ​ភាគ​ខាងលិច​ប្រទេស​អាល្លឺម៉ង់ ​កាល​ពី​ថ្ងៃទី​ ១៥ ​ខែ កក្កដា​ ឆ្នាំ ​២០២១ ​នេះ​ផងដែរ​។​

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​មានការ​សោកសៅ​យ៉ាងខ្លាំង​ចំពោះ​ព័ត៌មាន​អំពី​ទឹក​ជំនន់​ដ៏​ធ្ងន់ធ្ងរ​ដែល​បាន​វាយ​ប្រហារ​នៅ​ភាគ​ខាងលិច​ប្រទេស​អាល្លឺម៉ង់ ​នៅ​ថ្ងៃទី ​១៥ ​ខែកក្កដា​នេះ ​ដែល​បាន​ឆក់យក​អាយុជីវិត​មនុស្ស​ជាង​មួយរយ​នាក់​និង​ជាច្រើន​នាក់​ទៀត​រងរបួស​ខណៈ​មនុស្ស​រាប់ពាន់​នាក់​កំពុង​បាត់​ខ្លួន​»៕​