ភ្នំពេញៈ ក្រុមការងារ​អន្តរាគមន៍​បង្ក្រាប​បទល្មើស​ចលនា​សត្វ​បាន​ស្ទាក់​ឃាត់​រថយន្ត​ ១ ​គ្រឿង ដែល​ដឹក​សត្វ​ជ្រូក​រស់​ចំនួន​ ៦០ ​ក្បាល ដែល​ពុំមាន​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព ហើយ​បើទោះបី​ជា​ជ្រូក​ទាំងនេះ គឺជា​ជ្រូក​ចិញ្ចឹម​ក្នុងស្រុក ប៉ុន្តែ​បើ​ពិនិត្យឃើញ​មាន​បញ្ហា​សុខភាព​នឹង​ត្រូវ​តែ​ដុត​កម្ទេចចោល​។

កាលពី​យប់​ថ្ងៃទី​ ១៧ ខែ កក្កដា ឆ្នាំ​ ២០២១ ក្រុមការងារ​អន្តរាគមន៍​បង្ក្រាប​បទល្មើស​ចលនា​សត្វ​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ក្រសួងកសិកម្ម​បាន​ស្ទាក់​ឃាត់​រថយន្ត​ ១ ​គ្រឿង ដែល​ដឹក​សត្វ​ជ្រូក​រស់​ចំនួន​ ៦០ ​ក្បាល ​នៅ​ចំណុច​ផ្លូវជាតិ​លេខ​ ២ សង្កាត់​ចាក់អង្រែក្រោម ខណ្ឌ​មានជ័យ ដែល​ពុំមាន​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព​សត្វ​ពី​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​នោះទេ​។

ជ្រូក​ដែល​ត្រូវបាន​ស្ទាក់ចាប់​បាន គឺ​ដឹក​តាម​រថយន្ត​ ១ ​គ្រឿង​ ម៉ាក SSANG YONG ISTANA ពណ៌ស ពាក់​ស្លាក​លេខ​ភ្នំពេញ ២Z-៥៣៩៤ ចេញដំណើរ​មកពី​ផ្សារ​ប៉័ងសី ភូមិ​ស្វាយទង ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ ឆ្ពោះ​មក​ភ្នំពេញ ហើយ​ក៏​ត្រូវ​មន្ត្រី​ជំនាញ​ឃាត់​តែម្តង​។ បច្ចុប្បន្ន​ក្រុមការងារ​បាន​បញ្ជូន​វត្ថុតាង​បទល្មើស​ខាងលើនេះ​ទៅ​រក្សាទុក​នៅ​ទីតាំង​ចត្តាឡីស័ក​សត្វ​របស់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។

ក្រោយពី​បាន​ស្រាវជ្រាវ​លោក តាន់ ផាន់ណារ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ១៩ កក្កដា​ថា ជ្រូក​នេះ​ត្រូវ​បាន​ដឹងថា គឺជា​ជ្រូក​ចិញ្ចឹម​ក្នុងស្រុក​។ ប៉ុន្តែ​ដោយសារ​តែ ជ្រូក​ទាំងនេះ​គ្មាន​លិខិតបញ្ជាក់​ពី​បញ្ហា​សុខភាព ដូច្នេះ​លោក​ថា មន្ត្រី​បាន​យក​សំណាក​ជ្រូក​ទាំងនេះ​ទៅ​ពិសោធ ដោយ​បារម្ភ​ខ្លាច​មាន​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​។

លោក តាន់ ផាន់ណារ៉ា បាន​អះអាង​ថា បើសិនជា​ក្នុង​ករណី​លទ្ធផល​ពិនិត្យឃើញ​ថា មិនមាន​ជំងឺ​នោះ​ ម្ចាស់​ជ្រូក​នឹង​មិន​ទទួលរង​ការពិន័យ​នោះទេ គឺ​គ្រាន់តែ​ធ្វើ​កិច្ចសន្យា ហើយ​ប្រគល់​ជ្រូក​ទាំងនោះ​ត្រឡប់​ទៅវិញ​។

ប៉ុន្តែ​លោក​សង្កត់ធ្ងន់​ថា បើសិន​ក្នុង​ករណី​ជ្រូក​ទាំងនេះ​មាន​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក បើទោះជា​ជ្រូក​ទាំងនេះ​ចិញ្ចឹម​ក្នុងស្រុក ក៏​ត្រូវ​តែ​ធ្វើការ​ដុត​កម្ទេចចោល ដើម្បី​បង្ការ​ការឆ្លង​ជំងឺ​ទៅ​ជ្រូក​ដទៃ​ផងដែរ​។ «​ខ្ញុំ​បាន​សួរ​ជំនាញ​ខ្ញុំ​ថា ជ្រូក​នេះ​គឺជា​ជ្រូក​ចិញ្ចឹម​ក្នុងស្រុក គ្រាន់តែ​គាត់​ដឹក​មិន​មាន​លិខិត​ស្នាម​អ្វី​ទាំងអស់ ហើយ​មិនដឹង​មកពី​ប្រភព​ណា​»​។

ជាមួយ​នឹង​ករណីនេះ លោក តាន់ ផាន់ណារ៉ា អំពាវនាវ​ដល់​អ្នក​ចិញ្ចឹម​ជ្រូក និង​អ្នក​ប្រកប​អាជីវកម្ម​ជ្រូក​ក្នុងស្រុក​ទាំងអស់​ត្រូវ​គោរព​ទៅតាម​ច្បាប់ និង​គោលការណ៍​ណែនាំ ជុំវិញ​ការធ្វើ​ចរាចរណ៍​ជ្រូក​ពី​តំបន់​ ១ ​ទៅ​តំបន់ ១ ដែល​ត្រូវមាន​លិខិត​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព​សត្វ​ពី​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ថ្នាក់​ខេត្ត ដើម្បី​ប្រាកដ​ថា ជ្រូក​ដែល​លោកអ្នក​ដឹកជញ្ជូន គឺ​មាន​សុខភាព​ល្អ និង​អាច​ធ្វើការ​ដឹកជញ្ជូន​ដោយ​ត្រឹមត្រូវ​។

លោក​បញ្ជាក់ថា​៖ «​បើ​លើក​នេះ មិន​បញ្ហា​អ្វី គឺ​យើង​គ្រាន់តែ​ណែនាំ​គាត់ ឱ្យធ្វើ​កិច្ចសន្យា ហើយ​លើក​ក្រោយ​ត្រូវ​មាន​លិខិតបញ្ជាក់​ពី​សុខភាព​សត្វជ្រូក​នេះ​ចេញពី​ថ្នាក់​ខេត្ត ព្រោះ​ថ្នាក់​ខេត្ត គេ​នឹង​ចេញ​លិខិត​បញ្ជាក់​ជូន​អាជីវករ​នៅពេល​ពិនិត្យឃើញ​ថា ជ្រូក​នេះ​មាន​សុខភាព​ល្អ​»​។

ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ជា​ជំងឺ​ឆ្លង​ធ្ងន់ធ្ងរ បង្ក​ដោយ​វីរុស​លើ​ជ្រូក និង​អាច​ឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ហ្វូង​ជ្រូក​តាមរយៈ​ការចម្លង​ដោយផ្ទាល់ និង​ដោយ​ប្រយោល ខណៈ​ជំងឺ​នេះ​មិនមាន​ថ្នាំ​បង្ការ​ ឬ​ថ្នាំ​ព្យាបាល​នោះទេ​។

ផ្អែក​តាម​របាយការណ៍​អង្គការ FAO កាលពី​ឆ្នាំ​ ២០១៩ ជំងឺ​នេះ​បាន​ឆ្លង​ចូល​កម្ពុជា ដែល​បណ្តាលឱ្យ​ជ្រូក​ចិញ្ចឹម​ក្នុងស្រុក​ចំនួន​ ៣ ​ក្បាល​បាន​ងាប់ និង​ត្រូវ​សម្លាប់​ជិត ៣ ០០០ ​ក្បាល​។ លោក តាន់ ផាន់ណារ៉ា សង្កត់ធ្ងន់​ថា កម្ពុជា​ត្រូវតែ​គ្រប់គ្រង​ការចរាចរ​ជ្រូក​ទាំង​ក្នុងស្រុក និង​នាំចូល​ឱ្យបាន​ល្អប្រសើរ ព្រោះ​តាមរយៈ​បទពិសោធ​ដែល​កម្ពុជា​បាន​ជួបប្រទះ​កន្លងទៅ បាន​ធ្វើឱ្យ​កម្ពុជា​ជួបប្រទះ​ការខ្វះខាត​ជ្រូក​សម្រាប់​ផ្គត់ផ្គង់​ក្នុងស្រុក​៕

វីដេអូ៖