ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន បានប្រកាស​នៅលើ​បណ្ដាញសង្គម​របស់លោក​កាលពី​ម្សិលមិញ​​ថា ការគ្រប់គ្រង​ធនធាន​ធម្មជាតិ ជាពិសេស​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​ និង​ជលផល មិន​ស្ថិតក្នុង​ដែន​សមត្ថកិច្ច ឬ​ជា​បន្ទុក​ផ្ដាច់មុខ​របស់​ក្រសួង​កសិកម្ម​នោះទេ ខណៈ​ការងារ​នេះ​បាន​​ប្រគល់​ឱ្យ​ថ្នាក់ក្រោម​ជាតិ​ហើយ​នោះ​។

ការប្រកាស​នេះ​បាន​ធ្វើឡើង បន្ទាប់ពី​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សាធារណជន​មួយចំនួន​បាន​ចុះផ្សាយ​អត្ថបទ​រិះគន់​ដាក់បន្ទុក​មកលើ​ក្រសួង​នេះ ពាក់ព័ន្ធ​នឹង​ការងារ​គ្រប់គ្រង​ធនធាន​ធម្មជាតិ ជាពិសេស​ការងារ​បង្ក្រាប​បទល្មើស​ព្រៃឈើ និង​ជលផល​ដោយ​មិនបាន​តាមដាន និង​សិក្សា​ឱ្យបាន​ច្បាស់លាស់​ពី​ដំណើរការ​ធ្វើ​កំណែទម្រង់​របស់​​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​ធ្វើឱ្យ​សាធារណជន​ទូទៅ មាន​ការយល់ច្រឡំ​មកលើ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

ដោយ​យោងតាម​អនុក្រឹត្យ​លេខ​ ១៥៦ ចុះ​ថ្ងៃទី​ ៣ ខែ មីនា ឆ្នាំ​ ២០១៤ ​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្ត​ទៅ​នៃ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និង​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​លេខ​ ០៥ ស្តីពី​វិធានការ​ចាំបាច់​នានា​ក្នុង​ការពង្រឹង​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ​ចុះ​ថ្ងៃទី​ ២២ ខែកញ្ញា ឆ្នាំ​ ២០១៦ លោក វេង សាខុន បាន​គូសបញ្ជាក់​ថា​៖ «​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ ជាពិសេស​ការបង្ក្រាប​បទល្មើស​ព្រៃឈើ និង​ជលផល គឺជា​កាតព្វកិច្ច​ទទួល​ខុសត្រូវ​របស់​រដ្ឋបាល​រាជធានី-ខេត្ត​ក្រុង-ស្រុក-ខណ្ឌ ព្រោះ​ក្រសួង​បានធ្វើ​ប្រតិភូកម្ម​អំណាច​ទៅឱ្យ​រដ្ឋបាល​មូលដ្ឋាន​ជា​អ្នកអនុវត្ត​ការគ្រប់គ្រង ការអភិរក្ស និង​ការចាត់វិធានការ ការពារ​ទប់ស្កាត់ និង​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​ដោយផ្ទាល់​»​។

បើតាម​អនុក្រឹត្យ និង​សារាចរ​ណែនាំ​ទាំង​ ២ ​ខាងលើនេះ រដ្ឋបាល​រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ មាន​តួនាទី​ពេញលេញ​នៅក្នុង​ការអនុវត្ត​ការងារ​គ្រប់គ្រង​រាល់​សិប្បកម្ម​កែច្នៃ និង​អាជីវកម្ម​ធនធាន​ព្រៃឈើ និង​ជលផល​ដែលមាន​ច្បាប់​អនុញ្ញាត ព្រមទាំង​ទប់ស្កាត់ និង​លុបបំបាត់​សិប្បកម្ម​កែច្នៃ និង​អាជីវកម្ម​ធនធាន​ព្រៃឈើ និង​ជលផល​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​។

បើតាម​លោក វេង សាខុន ដើម្បី​ធានាបាន​នូវ​ការអនុវត្ត​ការងារ​គ្រប់គ្រង​ធនធានធម្មជាតិ​ឱ្យមាន​ប្រសិទ្ធភាព និង​ប្រកបដោយ​បរិយាប័ន្ន រដ្ឋបាល​រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ចាំបាច់​ត្រូវ​ពង្រឹង​ការត្រួតពិនិត្យ និង​ចាត់​វិធានការ​លុបបំបាត់​ការដឹកជញ្ជូន និង​ការស្ដុក​ឈើ​គ្រប់​ប្រភេទ​ដែល​គ្មាន​ការអនុញ្ញាត​ត្រឹមត្រូវ​តាមច្បាប់​នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ចាត់​វិធានការ​ទប់ស្កាត់ និង​លុបបំបាត់​ការនាំចេញ​ឈើ និង​ផលិតផល​កែច្នៃ​ពី​ឈើ​គ្រប់​ប្រភេទ​ព្រមទាំង​សត្វព្រៃ​ដែល​គ្មាន​ការអនុញ្ញាត​ត្រឹមត្រូវ​តាមច្បាប់ ទៅ​ក្រៅប្រទេស​តាម​ច្រក​ព្រំដែន និង​តាម​ច្រករបៀង​នានា​។

លោក​បាន​បន្តថា មិនតែប៉ុណ្ណោះ​ត្រូវ​ដឹកនាំ​សម្របសម្រួល អធិការ​ខណ្ឌ ផ្នែក សង្កាត់រដ្ឋបាល​ព្រៃឈើ អធិការ ខណ្ឌ ផ្នែក សង្កាត់ រដ្ឋបាល​ជលផល មន្ទីរ​បរិស្ថាន និង​កម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​ធានា​បាន​នូវ​ការប្រើប្រាស់​កម្លាំង​សរុប និង​មធ្យោបាយ​ចាំបាច់​ក្នុង​ការថែរក្សា និង​ការពារ​ធនធាន​ធម្មជាតិ ព្រមទាំង​ទប់ស្កាត់ និង​បង្ក្រាប​សកម្មភាព​បទល្មើស​នៅក្នុង​តំបន់​ការពារ និង​អភិរក្ស​ធម្មជាតិ​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ឱ្យមាន​ប្រសិទ្ធភាព​។ ​

ជាមួយ​នេះ​ត្រូវធ្វើ​របាយការណ៍​បូកសរុប ដែល​ស្ថិត​នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ជូន​ក្រសួងបរិស្ថាន និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដោយ​ត្រូវ​ចម្លងជូន​ក្រសួង​មហាផ្ទៃ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។ ចំណែក​ក្រសួងបរិស្ថាន និង​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ​ត្រូវ​បូកសរុប​របាយការណ៍​ទាំងនេះ ដើម្បី​រាយការណ៍​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​។

លោក វេង សាខុន បានបញ្ជាក់​បន្ថែមថា​៖ «​តាមរយៈ​ការដាក់​ឱ្យ​អនុវត្ត អនុក្រឹត្យ និង​សារាចរ​ណែនាំ​ខាងលើ ក្រសួង​កសិកម្ម រុក្ខា ប្រមាញ់​ និង​នេសាទ បាននិង​កំពុង​ខិតខំ​អនុវត្ត​ឱ្យ​បាន​ពេញលេញ​នូវ​អ្វី​ដែលជា​ភារកិច្ច​របស់ខ្លួន​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​បានប្រគល់​ជូន ហើយ​មាន​ក្តី​សង្ឃឹមថា សាធារណជន ជាពិសេស​សារព័ត៌មាន​បាន​យល់​ពីអ្វី​ជា​ការសម្រេច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ក្នុង​ការបន្ត​ធ្វើ​កំណែទម្រង់​យ៉ាង​មុតស្រួច​កន្លងមក​»​។

ជុំវិញ​ករណីនេះ លោក ពិត ភិរក្ស នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​​បាត់ដំបង​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ម្សិលមិញ​ថា ចាប់តាំងពី​ក្រសួង​បាន​​ធ្វើ​ប្រតិភូកម្ម​អំណាច​មក​ថ្នាក់កណ្ដាល និង​ថ្នាក់ក្រោម​ជាតិ ការងារ​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​​ និង​សត្វព្រៃ ក៏ដូចជា​បទល្មើស​ជលផល គឺជា​បន្ទុក​ទទួលខុស​ត្រូវ​របស់​បញ្ជា​ការឯកភាព​នៃ​រដ្ឋបាល​រាជធានី ខេត្ត នីមួយៗ​ដោយមាន​មន្ទីរ​អង្គភាព​​ជំនាញ​ពាក់ព័ន្ធ​ជា​សេនាធិការ​។

លោក​បាន​បញ្ជាក់ថា​៖ «​ជាក់ស្ដែង​​ក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២១​នេះ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តបាត់ដំបង ក្រោម​ការដឹកនាំ​របស់​បញ្ជាការ​ឯកភាព​នៃ​រដ្ឋបាល​ខេត្ត​បាត់ដំបង​បាន​ចុះ​​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​បានជា​ច្រើន​ករណី​ដោយ​បាន​ចាប់បញ្ជូន​ជនសង្ស័យ​ចំនួន​ ៦ ​នាក់ ​ទៅ​ឱ្យ​តុលាការ​ចាត់វិធានការ​បន្ត​តាម​នីតិវិធី​ច្បាប់ និង​ចាប់​រឹបអូស​វត្ថុតាង​គោយន្ត​ ៣ ​គ្រឿង និង​ឈើ​ជាច្រើន​ម៉ែត្រគុប និង​បាន​ផាកពិន័យ​អន្តការណ៍​ចំនួន​ ១២ ​ករណី​ផងដែរ​»៕