កំពង់ឆ្នាំងៈ លោក យឹម សារិន អភិបាល​ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង បានឱ្យដឹងថា អាជ្ញាធរ​ចម្រុះ​ស្រុក​បាន​រុះរើ​ដំបូល​បែ​ចិញ្ចឹម​ត្រី​ជាង ១០០ ​បែ​នៅ​ទូទាំង​ស្រុក ដើម្បី​រង់ចាំ​ការផ្លាស់ទី​ឡើងគោក ក្រោយ​ចប់​រដូវវស្សា​ឆ្នាំ​នេះ ខណៈ​មួយរយៈ​មកនេះ​មាន​ករណី​លួច​សាងសង់​បែ​ឡើងវិញ ក្រោមរូបភាព​លួចលាក់​។

លោក យឹម សារិន បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ កាលពី​ម្សិលមិញ​ថា មួយរយៈ​ចុងក្រោយ​នេះ ពលរដ្ឋ​មួយចំនួន​ដែល​ភាគច្រើន​ជា​ជនជាតិ​វៀតណាម​បាន​លួច​ធ្វើ​ជញ្ជាំង និង​ដំបូល​បែ​ចិញ្ចឹម​ត្រី​ឡើងវិញ​ជា​បន្តបន្ទាប់​។

ទន្ទឹមនឹង​ការលួច​ធ្វើ​បែ​ឡើងវិញ​នេះ អាជ្ញាធរ​ស្រុក​បាន​ចុះទៅ​រុះរើ និង​ធ្វើ​កិច្ចសន្យា ដោយ​ឱ្យ​បញ្ឈប់​ការសាងសង់​វិញ ដើម្បី​រង់ចាំ​ឡើងគោក បន្ទាប់ពី​ពួកគេ​បាន​ស្នើសុំ​ពន្យារពេល​ត្រឹម​ចប់​រដូវវស្សា​នេះ ព្រោះតែ​ត្រី​ដែល​ពួកគេ​ចិញ្ចឹម​នៅ​តូចៗ​នៅឡើយ​។

លោក​បាន​បញ្ជាក់ថា​៖ «​បែ​ហ្នឹង​មាន​ ១០៧ ក្នុង​ ១ ​ស្រុក​បរិបូណ៌ ដែល​យើង​បាន​រុះរើ​ដំបូល និង​ជញ្ជាំង​អស់ហើយ​។ បែ​ទាំងនោះ ខ្លះ​មាន​ត្រី និង​បែ​ខ្លះ អត់​ត្រី​ទេ​។ ដូច្នេះ​ពួកគាត់​ដែល​មាន​ត្រី​តូចៗ​ក្នុង​បែ យើង​អត់​អាចធ្វើ​អ្វី​គាត់​បាន​ទេ គាត់​សុំ​ចិញ្ចឹម​នៅ​ហ្នឹង ទម្រាំ​ត្រី​គាត់​បាន​លក់​។ យើង​បាន​ណែនាំ​គាត់​មិន​ឱ្យ​ធ្វើ​ដំបូល និង​មិនឱ្យ​ដាក់​ត្រី​ថ្មី​ទៀត​ទេ​»​។

លោក យឹម សារិន បានឱ្យ​ដឹងថា អាជ្ញាធរ​ស្រុក​ទុក​ពេល​ឱ្យ​ម្ចាស់​បែ​ត្រី​ដែល​នៅ​សេសសល់​ទាំងអស់​នេះ​ត្រឹម​ចប់​រដូវវស្សា​ឆ្នាំនេះ បន្ទាប់មក អាជ្ញាធរ​នឹង​អូស​បែ​ទាំងអស់​ទៅ​តំបន់​គោក​ដែល​ជា​កន្លែង​រដ្ឋាភិបាល​ផ្តល់ឱ្យ​ពួកគេ ខណៈ​ដែល​ផ្ទះ​បណ្តែត​ទឹក​ក្នុងស្រុក​នេះ គឺ​ត្រូវបាន​ផ្លាស់​ទី​ចេញពី​ទឹក​អស់ហើយ​។

លោក​បាន​បញ្ជាក់ថា​៖ «​ផ្ទះ​បណ្តែត​ទឹក​វិញ គឺ​យើង​បាន​រុះរើ​អស់ហើយ គឺ​នៅ​​តែ​ក្បូន​តូចតាច ដែល​គាត់​លួច​សាងសង់​ពី​ភ្នែក​ពី​ច្រមុះ​យើង​។ ​តែបើ​និយាយ​ពី​ផ្ទះ​បណ្តែត​ទឹកធំៗ គឺ​មិនមាន​ទៀត​ទេ​។ ​បែ​ចិញ្ចឹម​ត្រី​ទាំងអស់​នឹង​ផ្លាស់​ទី​ទៅ​តំបន់​ដីគោក​បណ្តោះអាសន្ន ចំពោះ​បែ​ត្រី​ដែល​នៅក្នុង​ឃុំ​ត្រពាំងចន្ទន៍ ឃុំ​ឆ្នុកទ្រូ ឃុំ​ខុនរ៉ង​»​។

លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង​មិន​អាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បានទេ​កាលពី​ម្សិលមិញ ដោយសារ​ទូរស័ព្ទ​របស់​លោក​ពុំមាន​អ្នកទទួល​។ ប៉ុន្តែ​កាលពី​ខែតុលា លោក​​ធ្លាប់បាន​អះអាង​ថា ការផ្លាស់​ទី​ផ្ទះ​បណ្តែត​ទឹក​របស់​ពលរដ្ឋ​ទៅ​នៅលើ​គោក គិត​ត្រឹម​ថ្ងៃទី​ ៤ តុលា គឺ​មាន​ ៤ ​គោលដៅ រួមមាន ស្រុក​ជលគិរី ស្រុក​កំពង់លែង ស្រុក​កំពង់ត្រឡាច និង​ស្រុក​រលាប្អៀរ សម្រេចបាន​ ១០០ ​ភាគរយ​។ ចំណែក​ ២ ​គោលដៅ​ទៀត គឺ​ក្រុង​កំពង់ឆ្នាំង និង​ស្រុក​បរិបូណ៌ វិញ​ទើប​សម្រេចបាន​ ៥០ ​ភាគរយ ហើយ​ក្នុង​ចំណោម​ ៦ ​គោលដៅ​នេះ គឺមាន​ប្រជាពលរដ្ឋ​សរុប​ចំនួន ២ ៣៩៦ ​គ្រួសារ ស្មើនឹង ១០ ០៨៧ ​នាក់ ។

លោក ទត គឹមស្រូយ មន្ត្រី​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិ​ជនជាតិ​​ភាគតិច​ប្រចាំខេត្ត​កំពង់ឆ្នាំង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ដែរ​ថា តាម​ការឃ្លាំមើល​គឺ​ក្នុង​ទន្លេ​ដែល​កន្លង​​ទៅ​ពោរពេញ​ដោយ​ផ្ទះ​បណ្តែត​ទឹក​នោះ គឺ​បាន​រុះរើ​អស់ហើយ​។ ​ប៉ុន្តែ​នៅ​តំបន់​មួយចំនួន​គឺ​នៅតែ​មាន​បែ​ចិញ្ចឹម​ត្រី ដែល​ត្រូវ​អាជ្ញាធរ​ដាក់​វិធានការ​តឹងរ៉ឹង ដោយ​តម្រូវ​ឱ្យ​រុះ​ដំបូល និង​ជញ្ជាំង​ចេញ​ផងដែរ​។

លោក​បាន​ថ្លែងថា​៖ «​យើង​មាន​គម្រោង​​ឱ្យ​ពួកគាត់​ឡើងគោក​តាំងពី​ឆ្នាំ​ ២០១៨ ​មកម្ល៉េះ ហើយ​អ៊ីចឹង​ពួកគាត់​ពន្យារពេល​សុំឱ្យ​ត្រី​ធំ​បាន​ឡើង​។ រហូត​មកទល់​ពេលនេះ ពួកគាត់​ដែល​មាន​បែ​ចិញ្ចឹម​ត្រី នៅតែ​សុំ​ពន្យារពេល​ដោយ​សំអាង​ត្រី​នៅ​តូចៗ​ទៀត​។ ដូច្នេះ ខ្ញុំ​សុំឱ្យ​អាជ្ញាធរ​ពិចារណា​លើ​បញ្ហា​នេះ ព្រោះ​តាំងពី​ឆ្នាំង​ ២០១៨ ​មក គឺ​ត្រី​របស់​ពួកគាត់​នៅតែ​មិនទាន់​ធំ​ដដែល​»​។

លោក​បាន​អះអាងថា ភាគច្រើន​នៃ​ផ្ទះ​បណ្តែត​ទឹក​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ដែលជា​ពលរដ្ឋ​ខ្មែរ គឺ​ពួកគេ​បាន​ឡើងគោក តែ​ជនជាតិ​វៀតណាម​ដែល​មាន​ផ្ទះ​​ធំៗ​បាន​បណ្តែត​តាម​ទឹក​គេច​ទៅ​ព្រំដែន​​វៀតណាម ប៉ុន្តែ​អាជ្ញាធរ​វៀតណាម​មិន​ព្រមឱ្យ​ពួកគេ​ចូល​ប្រទេស​ទេ ក្រោម​ហេតុផល​ជំងឺ​រាតត្បាត​កូវីដ​ ១៩​។

លោក គឹមស្រូយ បានបង្ហាញ​ក្ដីបារម្ភ​ថា ស្ថានភាព​នៃ​ផ្ទះ​បណ្តែត​ទឹក​ត្រៀបត្រា​ពេញ​ផ្ទៃ​ទឹក​អាច​នឹង​វិល​ត្រឡប់មក​​វិញ​ក្នុង​ថ្ងៃ​ណាមួយ នាពេល​ខាងមុខ ​ប្រសិនបើ​មិនមាន​វិធានការ​ម៉ឹងម៉ាត់​ និង​យូរអង្វែង ព្រោះ​តាម​ជាក់ស្តែង ជនជាតិ​វៀតណាម ដែល​មិន​ព្រម​រុះរើ​ផ្ទះ​បណ្តែត​ទឹក​ និង​ព្យាយាម​គេចចេញ​ពី​កន្លែង​បណ្តេញចេញ​គឺ​នៅតែ​វិល​ទៅ​វិល​មក​លើ​ទន្លេ​កម្ពុជា​ដដែល​ជា​ដដែល​។

លោក​បាន​បញ្ជាក់ថា​៖ «​សម្រាប់​ស្រុកខ្មែរ​បើ​នៅតែ​មាន​អំពើពុករលួយ​គឺ​ផ្ទះ​​បណ្តែត​ទឹក​នេះ​ នៅតែ​មាន​បន្ត​ទៅមុខទៀត​។ ​មួយវិញទៀត​បើ​ជនជាតិ​វៀតណាម​ដែល​គាត់​បណ្តែត​ទៅ​ប្រទេស​​គាត់​វិញ​តែ​អាជ្ញាធរ​គាត់​មិន​ទទួល​ហើយ​​ឱ្យ​ពួកគាត់​ធ្លាប់​នៅ​កន្លែង​ណា ទៅ​កន្លែង​ហ្នឹង​វិញ អ៊ីចឹង​អនាគត​ទៅ​បើ​ទប់ស្កាត់​មិនល្អ គឺ​នឹង​មក​ដដែល​វិញ​»​។

លោក​ ផល សុភាព អភិបាលរង​ស្រុក​បរិបូណ៌​បានបញ្ជាក់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​​ពី​ម្សិលមិញ​ថា តាមរយៈ​វិធានការ​នេះ អាជ្ញាធរ​នឹង​មិន​ឱ្យ​កើតមាន​អំពើ​ពុករលួយ​ណាមួយ​កើតឡើង​នោះទេ​ ព្រោះ​វិធានការ​នៃ​ការរុះរើ​ផ្ទះ​បណ្តែត​ទឹក​ និង​​បែ​ចិញ្ចឹម​ត្រី​នេះ​បាន​ពន្យារពេល​ជាច្រើន​ឆ្នាំ​មកហើយ​។ ​ដូច្នេះ ការអនុវត្ត​វិធានការ​ថ្មី​នឹង​ធានាថា មិនឱ្យ​មាន​ផ្ទះបណ្តែត​ទឹក ឬ​បែ​ចិញ្ចឹម​ត្រី​ដែល​បាន​រុះរើ​ហើយ​ត្រឡប់មកវិញ​ដាច់ខាត​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​ធ្វើ​នេះ គឺ​អត់​មាន​រាថយ​ទេ គណៈកម្មការ​យើង ចុះ​ធ្វើឱ្យ​បាន​ទៀត​ទាត់ និង​តាម​ផែនការ​ណែនាំ ហើយ​រឿង​អំពើ​ពុករលួយ​នេះ​​ទៀតសោត គឺ​អត់​ដាច់ខាត​។ សម្រាប់​ខ្ញុំ​មិនទាន់​ទទួល​បាន​ព័ត៌មាន​នៃ​ការប្រព្រឹត្ត​អំពើ​ពុករលួយ​នោះទេ ប៉ុន្តែ​បើ​មាន​អំពើពុករលួយ​បែបនេះ​មែន យើង​នឹង​​ចាត់វិធានការ​លើ​មន្ត្រី​ណា​ដែល​អនុវត្ត​​ផ្ទុយ​ពី​គោលការណ៍​ហ្នឹង​។ ​ក្នុង​ពេលនេះ យើង​ក៏​បារម្ភ​ដែរ​ថា មាន​មន្ត្រី​ណាមួយ​​យកឈ្មោះ​គណៈកម្មការ​ទៅ​ប្រព្រឹត្ត​អំពើ​ពុករលួយ ឬ​ធ្វើ​អ្វី​ផ្តេសផ្តាស​»៕

វីដេអូ៖