The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ទីភ្នាក់ងារ​សារព័ត៌​មាន​ និង​វិទ្យុ ​Sputnik​ របស់​រុស្ស៊ីបើកវគ្គបណ្ដុះបណ្ដាលជំនាញព័ត៌មានដល់មន្ត្រីក្រសួងព័ត៌មាន




ទីភ្នាក់ងារ​សារព័ត៌​មាន​ និង​វិទ្យុ ​Sputnik​ របស់​រុស្ស៊ីបើកវគ្គបណ្ដុះបណ្ដាលជំនាញព័ត៌មានដល់មន្ត្រីក្រសួងព័ត៌មាន

Content image - Phnom Penh Post
សកម្មភាពទីភ្នាក់ងារ​សារព័ត៌​មាន​និង​វិទ្យុ ​Sputnik​ របស់​រុស្ស៊ី ផ្ដល់វគ្គបណ្ដុះបណ្ដាលដល់មន្ត្រីក្រសួងព័ត៌ តាមអនឡាញ។ រូបថត ក្រសួងព័ត៌មាន

ទីភ្នាក់ងារ​សារព័ត៌​មាន​ និង​វិទ្យុ ​Sputnik​ របស់​រុស្ស៊ីបើកវគ្គបណ្ដុះបណ្ដាលជំនាញព័ត៌មានដល់មន្ត្រីក្រសួងព័ត៌មាន

​​ភ្នំពេញៈ ​ក្រសួង​ព័ត៌មាន​សហការ​ជាមួយ​ទីភ្នាក់ងារ​សារព័ត៌​មាន​ និង​វិទ្យុ ​Sputnik​ របស់​រុស្ស៊ី កាល​ពី​ថ្ងៃទី​ ១៩ ​ខែកក្កដា​នេះ ​បាន​ផ្ដល់​ការ​បណ្តុះ​បណ្តាល​ ​«​របៀប​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​លើ​បណ្តាញ​ផ្សព្វផ្សាយ​ប្រភេទ​ថ្មី ​ដើម្បី​បញ្ចៀស​នូវ​ដំណឹង​ក្លែងក្លាយ​»​ ដល់​មន្ត្រីរាជ​ការ​លើ​ជំនាញ​សារព័ត៌​មាន​ចំនួន ​៣៥ ​រូប តាម​ប្រព័ន្ធ​អន​ឡាញ​ជា​លើក​ទី​២​។​ នេះ​បើតាម​ក្រសួង​ព័ត៌មាន​។​

លោក​ ​សុខ​ ប្រសិទ្ធិ ​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​តំណាង​លោក ​ខៀវ​ ​កាញារីទ្ធ​ រដ្ឋ​មន្ដ្រី​ក្រសួង​ព័ត៌មាន​បាន​ធ្វើ​អធិបតី បើក​វគ្គ​បណ្តុះ​បណ្តាល​តា​ម​ប្រព័ន្ធ​អន​ឡាញ​។​ ​វគ្គ​បណ្ដុះ​បណ្ដាល​នេះ​ធ្វើ​ឡើង​ក្រោម​ប្រធាន​បទ​ស្តីពី ​«​របៀប​ផ្ទៀងផ្ទាត់​ព័ត៌មាន​លើ​បណ្តាញ​ផ្សព្វផ្សាយ​ប្រភេទ​ថ្មី ​ដើម្បី​បញ្ចៀស​នូវ​ដំណឹង​ក្លែងក្លាយ​»​។​​

លោក​ ​សុខ​ ​ប្រសិទ្ធិ​ បាន​ថ្លែង​ថា​ចំណង​មិត្តភាព​របស់​ក​ម្ពុ​ជា​-​រុស្ស៊ី ​កន្លង​មក​ប្រទេស​រុស្ស៊ី​បានរួម​ចំណែក​ជួយ​កម្ពុជា​ ជា​ច្រើន​លើ​ផ្នែក​បច្ចេក​ទេស​ ​ការ​ផ្តល់​អាហារូប​ករណ៍​ដល់​និស្សិត​កម្ពុជា​ ​និង​ជួយ​ស្តារ​សេដ្ឋកិច្ច​ជូន​ប្រជាជន​កម្ពុជា​ផងដែរ​។

លោក​ថ្លែង​ថា​៖​ «​ខ្ញុំ​ចាត់ទុក​ការរៀបចំ​វគ្គ​បណ្តុះ​បណ្តាល​នេះ​ឡើង​ គឺ​ពិត​ជាមាន​សារៈ​សំខាន់​សម្រាប់​អ្នក​ពាក់ព័ន្ធ​ក្នុង​វិស័យ​សារ​ព័ត៌​មាន​ ​និង​រាជ​រដ្ឋាភិបាល​ ​ព្រោះ​ប្រទេស​កម្ពុជា​កំពុង​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​និង​បទល្មើស ​បច្ចេកវិទ្យា​ព័ត៌មាន​»​។​

លោក ​Vasily Pushkov​ ប្រធាន​សហប្រតិ​បត្តិកា​រ​អន្តរជាតិ​នៃ​ទីភ្នាក់ងារ​សារព័ត៌មាន​និង​វិទ្យុ ​Sputnik​ របស់​រុស្ស៊ី ​បាន​លើក​ឡើង​ថា​ការបើក​វគ្គ​បណ្ដុះ​បណ្ដាល​ជា​លើក​ទី​២​ នេះ ​ទីភ្នាក់​ងារ​សារព័ត៌​មាន​ ​Sputnik ​បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល ដល់​មន្ត្រី​ក្រសួង​ព័ត៌មាន​តាម​រយៈ​ប្រព័ន្ធ​អន​ឡាញ​។

លោក​ថ្លែង​ថា​ ​វគ្គ​បណ្ដុះ​បណ្ដាល​នេះ ​វាគ្មិន​បាន​ធ្វើ​បទ​បង្ហាញ​ផ្តោត​សំខាន់​លើ​ចំណុច​មួយចំនួន​ដូចជា​ ការ​កំណត់​ និង​ការ​បញ្ជាក់​អំពី​ដំណឹង​ពិត ​និង​ដំណឹង​មិន​ពិត​។​ ​លក្ខណៈ​នៃ​ព័ត៌មាន​ក្លែងក្លាយ ។​ ​ការ​កត់​សម្គាល់​ភាព​ក្លែងក្លាយ​នៃ​ព័ត៌មាន​ដោយ​ខ្លួន​ឯង​។ ​ការ​វិភាគ​អត្ថបទ​ចុះផ្សាយ​។​ ​ការ​ជ្រើស​រើស​ព័ត៌មាន​ និង​ការ​បង្កើត​ព័ត៌មាន​តាម​បណ្តាញ​សង្គម​ជាដើម​។​

លោក ​Oleg ​Dmitriev ​ទីប្រឹក្សា​អ្នក​គ្រប់គ្រង​ទូទៅ​នៃ​ទីភ្នាក់ងារ​សារព័ត៌មាន​អន្តរជាតិ​ ​និង​វិទ្យុ​របស់ ​Sputnik​ រុស្ស៊ី ​និង​ជា​គ្រូ​បណ្តុះ​បណ្តាល​ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​នេះ​បាន​លើក​ឡើង​ថា​៖ «​ក្នុង​បរិបទ​នៃ​ការរីក​រាលដាល​នៃ​ជំ​ងី​កូ​វីដ ​១៩ ​ព័ត៌មាន​ជា​ច្រើន​ត្រូវ​បាន​ផ្សព្វផ្សាយ​ ​ស្រប​ពេល​ដែលមាន​ព័ត៌មាន​មួយ​ចំនួន​ជា​ប្រភេទ​ព័ត៌មាន​មិន​ពិត និង​បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​សង្គម​និង​សាធារ​ណ​ជន​ជា​ដើម​»​​។​

លោក​ ​សុខ​ ប្រសិទ្ធិ​ បាន​ថ្លែង​ ដោយបង្ហាញក្ដី​​សង្ឃឹម​ថា​ ទីភ្នាក់ងារ​សារ ព័ត៌មាន​និង​វិទ្យុ Sputnik​ រុស្ស៊ី ​នឹង​បន្ត​រៀបចំ​ឱ្យមាន​វគ្គ​បណ្តុះ​បណ្តាល​បែបនេះ​ជាថ្មី​ម្តងទៀត​ ​ក្នុង​ពេល​ខាងមុខ​ដោយ​មាន​ការ​ជួប​ពិភាក្សា​គ្នា​ដោយ​ផ្ទាល់​តែ​ម្ដង​។​​

បើតាម​ក្រសួង​ព័ត៌មាន​រយៈពេល​កន្លង​មក​នេះ ​ក្រសួង​ព័ត៌មាន​កម្ពុជា ​និង​ទីភ្នាក់ងារ​សារព័ត៌មាន​និង​វិទ្យុ ​Sputni​k​ រុស្ស៊ី បាន​ធ្វើ​កិច្ច​សហការ​គ្នា ​ដោយ​មាន​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា ​AKP​ និង​ទីភ្នាក់​ងារ​សារព័ត៌មាន​អន្តរជាតិ​ ​និង​វិទ្យុ​របស់ Sputnik​ ក្នុង​ការ​ផ្លាស់ប្តូរ​ព័ត៌មាន​ពីគ្នា​លើ​ការ​ផ្សព្វផ្សាយ​៕​
​​

អត្ថបទគួរចាប់អារម្មណ៍