ពោធិ៍សាត់ៈ នគរបាល​ព្រហ្មទណ្ឌ​ខេត្តពោធិ៍សាត់​ នឹង​បញ្ជូន​ឪពុក​សម្លាប់​កូនបង្កើត​ខ្លួន​ឯង​ម្នាក់​ទៅ​សាលាដំបូង​ខេ​ត្ត នៅ​ថ្ងៃទី ២១ កក្កដា ​ក្រោយ​ចាប់ខ្លួនបាន ២ ថ្ងៃ​ ដែល​ប្រព្រឹត្ត​នៅ​ភូមិ​អូរ​រកា សង្កាត់​ចំរើន​ផល ក្រុង -ពោធិ៍សាត់ កាលពី​ថ្ងៃទី ១៨ កក្កដា។

លោក ឧ​ត្ត​ម​សេនី​ត្រី​ ម៉ូ លីដា ស្នងការរង​ទទួល​ការងារ​ផែន​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​ប្រាប់​នៅ​ថ្ងៃទី ២០ កក្កដា​ថា ជនសង្ស័យ​ឈ្មោះ គឹម ហុង អាយុ ៦១ ឆ្នាំ រីឯ​កូនប្រុស​បង្កើតជា​ជនរងគ្រោះ​ឈ្មោះ​ គឹម ឆេង ភេទ​ប្រុស អាយុ ៣០ ឆ្នាំ។

ពួកគេ​រស់នៅក្នុងភូមិ​អូរ​រកា សង្កាត់​ចំរើន​ផល ក្រុង-ខេត្តពោធិ៍សាត់។

លោក​បន្តថា៖ «ជនសង្ស័យ​ទើប​ញ្ជូន​ពី​ក្រុង​ពោធិ៍សាត់​ ដល់​ការិយាល័យ​ខ្ញុំ​ថ្ងៃត្រង់​ទេ​ បើ​ចាត់ចែង​ទាន់​ខ្ញុំ​​បញ្ជូន​បន្តទៅ​តុលាការ​ល្ងាច​នេះ (ថ្ងៃទី ២០ កក្កដា)។ តែបើ​មិនទាន់​ទេ​ថ្ងៃទី ២១ កក្កដា»។

លោក​បាន​ឱ្យ​ដឹង​​តាម​សម្តី​ស្ត្រី​ឈ្មោះ​ គឹម ហេង អាយុ ៣១ ឆ្នាំ​ ដែល​​ជា​កូនច្បងនៃ​គ្រួសារ​នោះ​ថា​ គ្រួសារ​នាង ​មាន​បងប្អូន​ចំនួន ៩ នាក់ ក្នុងនោះ​ប្រុស​ចំនួន ៤ នាក់ ​រីឯ​ជនរងគ្រោះ​ជា​កូន​ទី២ ហើយ​ម្តាយ​​របស់​នាង​​បាន​ស្លាប់​ជាង ៥ ឆ្នាំ​មកហើយ។

ចាប់តាំងពី​​ម្តាយ​ស្លាប់ទៅ ​គឺ​ឪពុក​របស់​នាង​ តែង​ផឹកស្រា​រហូត​ក្លាយជា​មនុស្ស​ស​សៃ​ប្រសាទ។

ប៉ុន្មាន​ខែ​មុន​កើតហេតុ​​នេះ ឪពុក​របស់​នាង​ បាន​វាយ​ជនរងគ្រោះ​បាក់​ឆ្មេ​ញ១ ហើយ​បាន​យក​ដែក​ត្បែង​ចាក់​ជនរងគ្រោះ​ឱ្យ​របួស​ទៀតផង។

លោក លីដា​ ប្រាប់​តាម​សម្តី​ស្ត្រី​ជា​កូន​របស់​ជនសង្ស័យ​បន្តថា នៅ​ថ្ងៃមួយ ​ឪពុក​របស់ខ្លួន ​ចង់​ចាប់​ប្អូនស្រី​ពៅ​របស់​នាង​ ក្នុង​បំណង​អាក្រក់​ ប៉ុន្តែ​ប្អូនប្រុស​នាង (ជនរងគ្រោះ) បាន​យក​ប្អូនស្រី​ពៅ​នោះ ​ទៅ​ដេក​នៅផ្ទះ​ផ្សេង​ដែល​អាចធ្វើឱ្យ​ឪពុក​នាង​ មាន​គំនុំ​ផង​ក៏​មិនដឹង។

លោក ​យឹម ស៊ា​ងហៃ អធិការនគរបាល​ក្រុង​ពោធិ៍សាត់​ឱ្យដឹងពី​ម្សិលមិញ​ដែរ​ថា ​ហេតុការណ៍​បានកើត​ឡើង​កាលពី​យប់​ថ្ងៃទី ១៨ កក្កដា​ ឆ្នាំ ២០២១។

​មុនពេល​កើតហេតុ ជនរងគ្រោះ​ បាន​ជូន​ប្អូនស្រី​ពៅ​ឈ្មោះ ​គឹម យា​កលី អាយុ​ប្រហែល ១៣-១៤ ឆ្នាំ ទៅ​ដេក​ផ្ទះ​បងស្រី​ដែល​នៅក្បែរ​ផ្ទះកើតហេតុ​ ហើយ​ចាក់សោ​ទ្វារ​ពី​ក្រៅ ​និង​ហាម​មិន​ឲ្យ​ប្អូន​មក​ផ្ទះ​ឪពុក​វិញ​ទេ។

លោក​បន្តទៀតថា​ នៅ​យប់​ថ្ងៃទី ១៨ កក្កដា​នោះ ក្រោយពី​ជនរងគ្រោះ​ ចាក់សោ​ទ្វា​រឱ្យ​ប្អូនស្រី​ដេក​ខាង​ក្នុងផ្ទះ​រួចមក​ គាត់​ក៏​ដើរចេញ​ទៅក្រោយ​ផ្ទះ​ ហើយក៏​បាត់​រហូតទល់​ភ្លឺ។

លុះ​ព្រឹក​ឡើង​ឈ្មោះ យា​ក លី ដើរទៅ​ក្រោយ​ផ្ទះ​ ក៏​ឃើញ​បង​របស់ខ្លួន​ស្លាប់​​បាត់​ទៅហើយ។

លោក​បន្តទៀតថា បន្ទាប់ពី​មាន​ហេតុការណ៍​បែបនេះ កូនៗរបស់​ជនសង្ស័យ​ បាន​រាយការណ៍​ទៅ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កា​ត់​ចំរើន​ផល​ក្រុង​ពោធិ៍សាត់។

សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ​សាកសព​ឃើញថា​ នៅ​ផ្នែក​ក្បាល​ គឺមាន​សភាព​សំពៀត​ចូលគ្នា។ ចំណែក​ខួរក្បាល​ចេញ​​ទាំង​ដុំមក​ក្រៅ។

លោក​បញ្ជាក់ថា តាម​ស​ម្លើ​យ​របស់​ជន​សង្ស័យថា ​ដំបូង​គាត់​យក​ព្រនុង​ឫស្សី​វាយ​ជនរងគ្រោះ។

ក្រោយពី​ដួលសន្លប់​ហើយ ​គាត់​បាន​យក​ឈើ​ជ្រុង​វាយ​សំពង​ក្បាល​រហូត​បែកចេញ​ខួរ​ស្លាប់​តែម្តង៕