ភ្នំពេញៈ ​អ្នក​បើកឡាន និង​ម្ចាស់​ឡាន​ដឹក​ដី ដឹក​ខ្សាច់​ប្រមាណ ២០០ នាក់ បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​នៅ​ថ្ងៃទី​ ២០​ កក្កដា នៅលើ​ផ្លូវ​ ៦០ ម៉ែត្រ ជិត​កន្លែង​ថ្លឹង​ជ​ញ្ចី​ង​ក្នុង​ក្រុង​តាខ្មៅ ដើម្បី​ស្នើសុំ​លក្ខខណ្ឌ ៣ ចំណុច បន្ទាប់ពី​មន្ត្រី បាន​ចុះ​អនុវត្ត​ច្បាប់ និង​ឃាត់​យានយន្ត​ដឹក​លើស​ទម្ងន់​កំណត់ ជាង ១០០ គ្រឿង យកមក​រក្សាទុក​។​

បន្ទាប់ពី​ប្រមូលផ្តុំ​គ្នា​តវ៉ា​ពេញ​មួយ​ព្រឹក ពួកគាត់​ក៏បាន​បញ្ឈប់​ការតវ៉ា​ទៅវិញ ក្រោយ​មានការ​ស​ម្រ​បសម្រួល​ពី​អាជ្ញាធរ និង​មន្ត្រី​ជំនាញ ដោយបាន​សន្យាថា នឹង​យក​សំណើរ​របស់​ពួកគាត់ ដាក់ជូន​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន លោក ស៊ុន ចាន់ថុល ធ្វើការ​ពិនិត្យ និង​សម្រេច​។​

លោក តាំង ពៅ ប្រធាន​លេខាធិការដ្ឋាន និង​តំណាង​ឲ្យ​ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន ដែល​ចុះទៅ​សម្របសម្រួល​ក្នុងការ​តវ៉ា​នេះ បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ២០ កក្កដា​ថា ក្រោយ​ការសម្របសម្រួល អ្នក​បើកឡាន និង​ម្ចាស់​ឡាន​ដឹក​ដី ដឹក​ខ្សាច់​ទាំងនោះ បានស្នើ​សុំ​ចំនួន ៣ ចំណុច ហើយ​សំណើរ​ទាំងនេះ នឹង​ដាក់ជូន​រដ្ឋមន្ត្រី​ក្នុងពេល​ឆាប់ៗ​នេះ ដើម្បី​ធ្វើការ​ដោះស្រាយ​។

លោក តាំង ពៅ បាន​អះអាងថា ចំ​ណើ​រ​ដែល​ពួកគេ បានទាមទារ គឺ​រួមមាន ទី១ ស្នើ​ឲ្យ​មានការ​ផាកពិន័យ ចំពោះ​យានយន្ត​ដឹក​លើស​ទម្ងន់ ប៉ុន្តែ​សុំ​កុំ​ឲ្យ​មាន​ការឃាត់​យានយន្ត​ទុក​រយៈពេល​១ ឆ្នាំ​។ ទី២ ស្នើ​ឲ្យ​ក្រសួង​ពិចារណា​បន្ថែម​ទម្ងន់​លើ​ទម្ងន់​យានយន្ត​ដែល​បាន​កំណត់ដោយ​ច្បាប់​ចំនួន ១៥ តោន​បន្ថែមទៀត និង​ទី៣ ស្នើសុំ​ឲ្យ​ប្រគល់​យានយន្ត​ដែល​ចាប់បាន​រយៈពេល ១ ឆ្នាំ កន្លងមកនេះ ជាង ១០០ គ្រឿង ប្រគល់​ត្រឡប់​ឲ្យ​ម្ចាស់​ដើម​វិញ​។

លោកបាន​បញ្ជាក់ថា​៖ «​ចំពោះ​សំណើរ​ទាំងនេះ យើង​កំពុង​ធ្វើ​របាយការណ៍​ដាក់ជូនទៅ​ថ្នាក់ដឹកនាំ ឲ្យ​លោក​ជា​អ្នកពិនិត្យ និង​សម្រេច​។ នៅពេលដែល​យើង​ប្រកាស​ដូច្នេះ ពួកគាត់ ក៏បាន​រំសាយ​ការប្រមូលផ្តុំ ទៅផ្ទះ​រៀងៗ​ខ្លួន​វិញ​»​។​

​ក្នុងនាម​ជាម​ន្ត្រី​អនុវត្ត​ច្បាប់ លោក តាំង ពៅ យល់ថា សំណើរ​របស់​ពលរដ្ឋ​ក្នុង​ពេលនេះ ជាពិសេស​ត្រង់ចំណុច​ទី២ ដែល​ស្នើ​ឲ្យ​បន្ថែម​ទម្ងន់ ១៥ តោន​បន្ថែមទៀត​នោះ គឺជា​សំណើរ​មួយ​ដែល​មិន​ត្រឹមត្រូវ​នោះទេ ព្រោះ​តាម​គោលការណ៍​ច្បាប់ បានកំណត់​រួចហើយ គ្រប់​យានយន្ត​ទាំងអស់ ត្រូវ​ដឹកទៅតាម​ទម្ងន់​ដែល​បាន​កំណត់ដោយ​ច្បាប់ អាស្រ័យទៅលើ​ប្រភេទ​យានយន្ត​នីមួយៗ​។

លោកបាន​ថ្លែង​ថា​៖ «​ការស្នើសុំ​ឲ្យ​យើង​ធ្វើ​ខុសច្បាប់​នេះ គឺជា​កិច្ចការ​មួយ​ពិបាកធ្វើ​ណាស់​។ យើង​មិនអាច​ធ្វើទៅ​តាម​គាត់​បានទេ ចំពោះ​ចំណុច​ដែល​គាត់​ស្នើ​ខុសច្បាប់​នេះ គឺ​មិនអាច​បំពេញ​បំណង​ពួកគាត់​បានទេ​។ បើ​ធ្វើបាន លុះត្រា​យើង​ធ្វើ​វិសោធនកម្ម​ច្បាប់​សិន ព្រោះ ក្នុងនាម​យើង​អ្នកអនុវត្ត​ច្បាប់​ចឹ​ង បើ​ធ្វើ​ខុសច្បាប់ គឺ​ពិបាក​ធ្វើតាម​គាត់​ណាស់​»​។​

សូមជម្រាប់ថា ក្នុង​ការតវ៉ា កាលពី​ព្រឹក​ថ្ងៃទី ២០ ​កក្កដា គឺមាន​មនុស្ស​ប្រុស​ស្រី​យ៉ាងហោចណាស់​ប្រមាណ ២០០ នាក់ បាន​ប្រមូល​ផ្តុំគ្នា លើក​បដា និង​បាន​ស្រែក​ទាមទារ​ឲ្យ​ក្រសួង​សាធារណការ​ដោះស្រាយ​ករ​ណី​ដែល​ពួកគាត់បានទាមទារ​។

អ្នកស្រី ណា​រ៉េត ជា​អ្នក​តវ៉ា​ម្នាក់ ក្នុងចំណោម​អ្នក​តវ៉ា​ដទៃទៀត បាន​លើកឡើងថា ឡាន​អ្នកស្រី ត្រូវបាន មន្ត្រី​ជំនាញ ឃាត់ទុក​រយៈពេល ជាង ១០ ថ្ងៃ​មកហើយ​។ អ្នកស្រី​បន្តថា អ្នកស្រី ព្រម​ទទួល​បង់​ការផាកពិន័យ​ចំពោះ​ទង្វើ​ល្មើស ប៉ុន្តែ​អ្នកស្រី​ស្នើសុំ​កុំ​ឲ្យ​មាន​ការឃាត់​យានយន្ត​ទុក ព្រោះ​អ្នកស្រី ត្រូវការ​ឡាន មករក​ស៊ី​ចិញ្ចឹម​ជិវិត និង​ដោះបំណុល​។​

អ្នកស្រីបាន​និយាយថា​៖ «​ខ្ញុំ​សុំ​ឡាន​របស់ខ្ញុំ​មកវិញ ខ្ញុំ​ព្រម​បង់​ការផាកពិន័យ តែ​កុំ​ឃាត់​ឡាន​ខ្ញុំ ទុក​ដល់​ទៅ ​១ ឆ្នាំ​អី​។ ខ្ញុំ ដឹក​លើស​ទម្ងន់​នេះ ព្រោះ​បើ​មិន​ដឹក​លើស​ទេ គឺ​មិនបាន​ស៊ី​ទេ សង​តែ​ថ្លៃ​ប្រេង​គេ មិន​គ្រប់​ផង​។ ឡាន​នេះ ខ្ញុំ ខ្ចីប្រាក់​ធនាគារ​មក​ទិញ​ទេ បើ​ចាប់​ទុក​ទៅ បាន​អី​ស៊ី បាន​អី​សង​គេ​»​។​

លោក គង់ សុវណ្ណ អ្នកជំនាញ​សុខភាព​សាធារណៈ និង​ជា​នាយក​កម្មវិធី​មូលនិធិ​សុវត្ថិភាព​អន្តរជាតិ បាន​លើកឡើងថា ការដែល​ពលរដ្ឋ ទាមទារ​ទាំងនេះ គឺ​ហាក់​មិន​ត្រឹមត្រូវ​ទៅតាម​ច្បាប់​នោះទេ ព្រោះ​យើង​ដឹង​ច្បាស់​ហើយ​ថា កត្តា​ដែល​បណ្តាល​ឲ្យ​ខូច​ផ្លូវ ក៏​បណ្តាលមកពី​ការដឹក​លើស​ទម្ងន់​រប​ស់​អ្នកបើកបរ​។​

លោក​បន្តថា ក្នុង​ពេលនេះ សមត្ថកិច្ចបាន​អនុវត្ត​ច្បាប់ក្នុងនាម​ជា​ពលរដ្ឋ គឺ​ត្រូវតែ​គោរព​ទៅតាម​ច្បាប់ ហើយ​ក្នុងករណី ដែល​មិនមាន​ការយល់ដឹង និង​មិនទាន់បាន​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ នោះ​សមត្ថកិច្ច គួរតែ​ធ្វើការ​ព្រមាន​ជាមុនសិន ហើយ​បើសិនជា​ក្នុងករណី មាន​កំហុស​ជា​ដដែល គឺ​មិនត្រូវ​លើកលែង​នោះទេ​។

លោក​លើកឡើង​ដូច្នេះ ក៏​ព្រោះតែ​មើលឃើញថា មាន​ពលរដ្ឋ​មួយចំនួន បាន​យក​មូលហេតុ​ទាំងនេះ ដើម្បី​កេងចំណេញ​ផលប្រយោជន៍​ផ្ទាល់ខ្លួន ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​រួម និង​ផលប្រយោជន៍​ជាតិ​។​

សម្រាប់​ជា​យន្តការ​បណ្តោះអាសន្ន​ក្នុងករណីនេះ លោក សុវណ្ណ បាន​បញ្ជាក់ថា​៖« គាត់​ថា គាត់​មិនទាន់​បានដឹង​ច្បាប់ មិនទាន់​បានឮ​ពី​ការអនុវត្ត​ច្បាប់​។ អ៊ីចឹង​ចន្លោះ​ពេលនេះ គឺ​ធ្វើការ​ផាកពិន័យ​ហើយ ធ្វើ​កិច្ចសន្យានៅក្នុង​កម្រិត​មួយ​។ បើសិនជា​លើក​ក្រោយ នៅតែ​ដដែល​ទៀត គឺ​ករណីនេះ មិនមែន​ពួកគាត់ មិនដឹង​ទេ គឺ​ធ្វើជា​មិនដឹង​។ ដូច្នេះ គាត់មាន​ចេតនាចង់​បានតែ​ផលប្រយោជន៍​របស់​ក្រុម​គាត់ និង​គាត់​ហ្នឹង យើង​ត្រូវតែ​អនុវត្តតាម​ច្បាប់់​»៕