ភ្នំពេញ/កណ្តាល/កំពង់ស្ពឺៈ ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​កាលពី​រសៀល​ថ្ងៃទី ១៩ ​ខែកក្កដា ​បានបង្ក​ការខូចខាត​ផ្ទះ​ជាង​ ៥០ ខ្នង​នៅ​ខេត្ត​ចំនួន ​២​ គឺ​ ខេត្ត​កំពង់​ស្ពឺ ​និង​ខេត្ត​កណ្ដាល ​ព្រមទាំង​បាក់​រលំ​បង្គោល​អគ្គិសនី ​ចំនួន​ ២៣ ដើម ​ក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានី​ភ្នំពេញ ​ប៉ុន្តែ​គ្មាន​ពលរដ្ឋ​ណាម្នាក់​រងគ្រោះ​ថ្នាក់​នោះ​ទេ។ នេះ​បើ​តាម​ការអះអាង​របស់​អាជ្ញាធរ​មូលដ្ឋាន។

លោក ​វ៉ី សំណាង ​អភិបាល​ខេត្ត​កំពង់​ស្ពឺ ​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅថ្ងៃ​ទី ២០ ​កក្កដា​ថា​ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​ ៤៨ ខ្នង ​នៅ​ស្រុក​គង​ពិសី ​និង​ស្រុក​បសេដ្ឋ​បានដួល​រលំ ​និង​ប៉ើងរបើក​ដំបូល​ បន្ទាប់​ពី​មានភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​កើត​ឡើង​កាល​រសៀល​ថ្ងៃចន្ទ។ ក្នុង​នោះ​ផ្ទះ​ ១៥ ខ្នង​របស់​ពលរដ្ឋ​នៅស្រុក​គងពិសី​បានបាក់​រលំ​រាប​ដល់ដី ​ខណៈ​ផ្ទះ​ ៣៣ ខ្នង​ទៀត​របស់​ប្រជា​ពល​រដ្ឋ​នៅស្រុក​បសេដ្ឋ ​បានប៉ើង​របើក​ដំបូល។

លោក​បានបញ្ជាក់​ថា​៖ «ប៉ុន្តែ​គ្មាន​ពលរដ្ឋ​ណាម្នាក់​រងគ្រោះ​ថ្នាក់​នៅក្នុង​ហេតុការណ៍​នោះ​ទេ»។

លោក​អភិបាលខេត្ត​ប្រាប់​ឲ្យដឹង​ដែរថា ​នៅព្រឹក​ថ្ងៃពុធ​នេះ ​លោក​នឹង​ដឹកនាំ​មន្ត្រី​កាកបាទ​ក្រហម​ខេត្ត​ និង​កម្លាំង​បញ្ជា​ការ​ឯកភាព​ខេត្ត​មួយចំនួន​ចុះទៅ​សួរសុខ​ទុក្ខ ​និង​ផ្ដល់​អំណោយ​សង្គ្រោះ​បឋម​ដល់​គ្រួសារ​រងគ្រោះ​ ដោយ​ខ្យល់​កន្ត្រាក់​ទាំង​នោះ​ ដើម្បី​ជួយ​សម្រួល​ការលំបាក​ក្នុង​ជីវភាព​ប្រចាំថ្ងៃ។

ចំណែក​លោក​ ស៊ឹម ឃាង​ អធិការ​ស្រុក​កោះធំ ​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍ថា ​ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់ ​កាលពី​រសៀល​ថ្ងៃទី ​១៩​ ខែកក្កដា ​ក៏បាន​បង្ក​ការខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​សរុប​ចំនួន​ ៨ ខ្នង​ផងដែរ ​ដោយ​ក្នុង​នោះ ​ផ្ទះ​ ៥ ខ្នង​ បាន​រងការ​ខូចខាត​មធ្យម​ ដោយ​បាន​ប៉ើងរ​បើក​ដំបូល ​និង ​៣ ខ្នង​ទៀត​រលំ​ធ្លាក់​ពី​កំណល់​ជើង​តាង។ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​រងគ្រោះ​ថ្នាក់​នោះ​ឡើយ។

លោក​ ស៊ឹម ឃាង​ បាននិយាយថា​៖ «នៅ​រសៀល​ថ្ងៃទី ២០ ​ខែកក្កដា ​ឆ្នាំ​ ២០២១ នេះ ​ក៏មាន​ភ្លៀង​ខ្យល់​កើតឡើង​បណ្ដាល​ឲ្យ​រលំ​បាក់​ដើមឈើ​នៅតាម​ដង​ផ្លូវ​ក្នុង​ភូមិ​មួយចំនួន​ផងដែរ​ ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​ផ្ទះ​អ្នក​ភូមិ​នោះ​ទេ»។

ដោយ​ឡែក​នៅ​រាជធានី​ភ្នំពេញ ​បង្គោល​អគ្គិសនី​ចំនួន​២៣ដើម ​ស្ថិត​ក្នុង​ភូមិសាស្ត្រ ​សង្កាត់​សំរោង​ក្រោម​ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​បានបាក់​ដួលរលំ ​បន្ទាប់​ពី​មានភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​កើតឡើង ​កាលពី​រសៀល​ថ្ងៃទី ១៩ ​ខែកក្កដា ​ដែលធ្វើ​ឲ្យ​លំ​នៅ​ឋាន​ប្រជាពលរដ្ឋ​មួយចំនួន​នៅក្នុង​ខណ្ឌ​នេះ​ត្រូវបាន​កាត់​ផ្ដាច់​ចរន្ត​អគ្គិសនី​ជាបណ្ដោះ​អាសន្ន។ នេះ​បើ​តាម​ លោក​ តុល សុគុណ ​នាយ​នគរបាល​ប៉ុស្តិ៍​សង្កាត់​សំរោង​ក្រោម។

លោក​ថ្លែងថា​៖ «ក្រោយពី​ទទួល​បាន​ដំណឹង​ពី​ប្រជាពលរដ្ឋ​ អំពី​ការបាក់​រលំ​បង្គោល​អគ្គិសនី​ នៅតាម​បណ្ដោយ​វិថី​ឈ្នះ​ឈ្នះ​ខ្ញុំ ​និង​ក្រុមការងារ ​បានចុះ​ទៅពិនិត្យ​ហើយ​ឃើញ​មាន​បាក់​រហូត​ដល់​ ២៣ ដើម។ បង្គោល​ភ្លើង​ទាំងនោះ ​បាន​បាក់​ដួលរលំ​ និង​ធ្លាក់​ខ្សែភ្លើង​រាយប៉ាយ​ពេញ​ដី​។ ចំណែក​ដើមឈើ​មួយចំនួន ​ក៏បាន​ដួលរលំ​ផង​ដែរ។ ប៉ុន្តែ​មិនបង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដំណើរ​ឆ្លងកាត់​តំបន់​នោះ​ទេ។ បន្ទាប់មក​ខ្ញុំ​ក៏បាន​រាយការណ៍​ប្រាប់​ទៅ​មន្ត្រី​អគ្គិសនី ​ឲ្យចុះ​មក​ពិនិត្យ»។

លោក​បន្ថែមថា​ បើ​តាម​ការអះអាង​របស់​ក្រុមម​ន្ត្រីអគ្គិសនី ​ដែលចុះ​មក​ពិនិត្យ​ទីតាំង​បាក់​រលំ​បង្គោល​អគ្គិសនី​នោះ ​គឺការ​ជួស​ជុល ​និង​ផ្លាស់ប្ដូរ​ដាំ​បង្គោល​អគ្គិសនី​ជាថ្មី​ឡើងវិញ​ត្រូវ​ចំណាយ​ពេល​ប្រមាណ ​២ ​ទៅ ​៣ ថ្ងៃ​ទៀត​ទើប​អាច​រួច​រាល់។

ចាប់ពី​ថ្ងៃទី ២៣​-២៧ ​កក្កដា ​ឆ្នាំ​ ២០២១ ​ខាងមុខ​នេះ​ តំបន់​វាល​ទំនាប​កណ្ដាល ​និង​តំបន់​ជួរភ្នំ​ដងរែក ​និង​ខ្ពង់​រាប​ឦសាន​ នៃ​ប្រទេស​កម្ពុជា​ នឹង​មាន​ភ្លៀងធ្លាក់​ច្រើន​ លាយឡំ​ខ្យល់​កន្ត្រាក់​បក់​ខ្លាំង ​ដែល​បណ្ដាលមក​ពី​ឥទ្ធិពល​ខ្យល់​មូសុង​និរតី​កម្រិត​ខ្លាំង ​ប្រព័ន្ធ​សម្ពាធ​ទាប​ភ្ជាប់​និង​ព្យុះ​ទី៧ ​សេមប៉ាកា ​(CEMPAKA) ​និង​ប្រព័ន្ធ​សម្ពាធ​ទាប។​ នេះ​បើ​យោង​តាម​សេចក្ដី​ជូន​ដំណឹង​អំពី​ស្ថានភាព​អាកាសធាតុ ​របស់​ក្រសួង​ធនាធនទឹក ​និង​ឧតុនិយម ​នាថ្ងៃ​ទី​ ២០ ​ខែ កក្កដា ឆ្នាំ​ ២០២១។

ជាមួយ​គ្នានេះ​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​ក៏បាន​ព្រមាន​អំពី​លទ្ធភាព​ដែល​អាចកើត​មាន​ជំនន់​ទឹក​ភ្លៀង​នៅ​បណ្ដា​ខេត្ត​ជាប់​មាត់​សមុទ្រ​ផង​ដែរ។ ក្រសួង​ព្យាករថា ​តំបន់​មាត់​សមុទ្រ​មាន​ភ្លៀង​ធ្លាក់​ច្រើន​លាយលំ​ខ្យល់​កន្ត្រាក់​បក់​បោក​ខ្លាំង​ក្នុង​ល្បឿន​លឿន ​ដែល​អាច​បង្ក​ជាជំនន់​ទឹកភ្លៀង ​និង​មាន​រលក​សមុទ្រ​ធំៗ​និង​មាន​កំពស់​ចន្លោះ​ពី ១,៥​ ម៉ែត្រ​ទៅ​ ២ ម៉ែត្រ ​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​អ្នក​ដំណើរ​តាម​សមុទ្រ៕