ភ្នំពេញៈ ​ក្រសួង​ធម្មការ និង​សាសនា​ឱ្យ​ដឹងថា ក្នុង​រយៈពេល ៦ ​ខែ ឆ្នាំ​ ២០២១ នេះ​មាន​ព្រះសង្ឃ ព្រះពុទ្ធសាសនា សាសនិក​អ៊ិស្លាម និង​សាសនិក​គ្រិស្ត ដែល​ឆ្លង​ជំងឺ​កូវីដ​ ១៩ នៅ​ទូទាំង​ប្រទេស​សរុប​ចំនួន ៤៤៥ អង្គ/នាក់ និង​មាន​អ្នកស្លាប់/សុគត សរុប​ ៨ អង្គ/នាក់​។

របាយការណ៍​របស់​ក្រសួង​ធម្មការ និង​សាសនា ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​ម្សិលមិញ​បាន​ឱ្យដឹងថា គិត​ត្រឹម​ឆមាស​ទី​ ១ ដើមឆ្នាំ​ ២០២១ នេះ​ស្ថិតិ​ព្រះសង្ឃ សាសនិក​អ៊ិស្លាម និង​សាសនិក​គ្រិស្ត ដែល​ឆ្លង​ជំងឺ​កូវីដ ១៩ នៅ​ទូទាំង​ប្រទេស​សរុប​ ៤៤៥ អង្គ/នាក់ ក្នុងនោះ​ព្រះសង្ឃ​ចំនួន ២៣៩ ​អង្គ សាសនិក​អ៊ិស្លាម​ចំនួន ២០៣ ​នាក់​ និង​សាសនិក​គ្រិស្ត​ចំនួន ៣ នាក់​។

ចំណែក អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​សរុប​ចំនួន​ ៣០៩ អង្គ/នាក់ ព្រះសង្ឃ​ ១៧១ ​អង្គ សាសនិក​អ៊ិស្លាម ១៣៥ ​នាក់ សាសនិក​គ្រិស្ត​ចំនួន ៣ នាក់​។ ចំនួន​អ្នកជា​សះស្បើយ​សរុប​ ១២៨ អង្គ/នាក់ ព្រះសង្ឃ ៦៦ ​អង្គ សាសនិក​អ៊ិស្លាម ៦២ នាក់ ហើយ​ចំនួន​អ្នកស្លាប់/សុគត​សរុប​ ៨ អង្គ/នាក់​ក្នុង​នោះ ព្រះសង្ឃ ២ ​អង្គ និង​សាសនិក​អ៊ិស្លាម ៦ ​នាក់​។

អ្នកនាំពាក្យ​ក្រសួង​ធម្មការ លោក សេង សុមុនី ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ក្នុង​ចំណោម​ព្រះសង្ឃ ដែល​មាន​វិជ្ជមាន​ជំងឺ​កូវីដ​ ១៩ នៅ​ទូទាំង​ប្រទេស ភាគច្រើន​នៅ​ភ្នំពេញ ខណៈ​ក្រុមការងារ​កំពុង​បន្ត​ស្រង់​ស្ថិតិ​អ្នក​ឆ្លង​បន្តទៀត​។

ជាមួយ​គ្នា​នេះដែរ អាជ្ញាធរ​ខណ្ឌ​ដូនពេញ​សម្រេច​បិទខ្ទប់​ការចេញ-ចូល​វត្ត​បទុមវតី​ក្នុង​សង្កាត់​ចតុមុខ​ ១៤ ​ថ្ងៃ​ ចាប់ពី​ថ្ងៃទី​ ២០ កក្កដា តទៅ ក្រោយពី​រកឃើញ​ព្រះសង្ឃ និង​អ្នកស្នាក់នៅ​ក្នុង​វត្ត វិជ្ជមាន​កូវីដ ២០ ​អង្គ/នាក់​។

អភិបាលខណ្ឌ​ដូនពេញ​លោក សុខ ពេញវុធ ​កាលពី​ម្សិលមិញ​បាន​សហការ​ជាមួយ​សាលាសង្កាត់​ចតុមុខ និង​ប៉ុស្តិ៍​រដ្ឋបាល​ចតុមុខ ដោយបាន​ចុះ​ប្រតិបត្តិ​ការបិទ​ខ្ទប់​វត្ត​បទុមវតី​បណ្តោះអាសន្ន​រយៈពេល​ ១៤ ​ថ្ងៃ​ ចាប់ពី​ថ្ងៃទី​ ២០ ខែ កក្កដា ឆ្នាំ​ ២០២១​។

មន្ត្រី​ប្រចាំការ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចតុមុខ សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការបិទខ្ទប់​នេះ ក្រោយពី​ក្រុមគ្រូពេទ្យ​បាន​ធ្វើ​សំណាក​ចំនួន ៤០២ អង្គ/នាក់ ចំពោះ​ព្រះសង្ឃ យាយជី តាជី និស្សិត និង​ជាងសំណង់ ហើយ​រកឃើញ​វិជ្ជមាន​ ២០ អង្គ/នាក់​ក្នុងនោះ​ព្រះសង្ឃ ១០ ​អង្គ និង​និស្សិត ១០ ​នាក់​។

មន្ត្រី​ប្រចាំការ​បន្តថា ការយក​សំណាក​លើក​ទី​ ១ នៅ​វត្ត​បទុមវតី​កាលពី​រសៀល​ថ្ងៃទី​ ១៩ ខែកក្កដា ធ្វើឡើង​ដោយ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់លោក​នាយករដ្ឋមន្ត្រី​ (TYDA) សហការ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ដូនពេញ​។ អ្នក​រកឃើញ​វិជ្ជមាន​កូវីដ​ត្រូវបាន​គ្រូពេទ្យ​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​ព្យាបាល​ទួលពង្រ ។ ចំណែក​ព្រះសង្ឈ តាជី យាយជី និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត ដែល​អវិជ្ជមាន​កូវីដ​តម្រូវ​ឱ្យ​ធ្វើ​ចត្តាឡីស័ក​នៅក្នុង​វត្ត​ជា​បន្ត​រហូត​គម្រប់​ ១៤ ​ថ្ងៃ​។

បន្ថែម​ពីនេះ អនុគណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូវីដ​ ១៩ ឱ្យដឹងថា ព្រះសង្ឃ និង​ឧបាសក​ ៤៣ ​អង្គ/នាក់ ត្រូវ​បាន​ធ្វើ​តេស្ត​រកឃើញ​វិជ្ជមាន កូវីដ​ ១៩ នៅ វត្ត​ទួលទំពូង ក្នុង​ខណ្ឌចំការមន​។

ចំណែក វត្ត​ព្រែកលៀប​ក្នុង​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ និង វត្ត​សំរោងអណ្តែត ស្ថិតនៅ​សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ ត្រូវបាន​ក្រុមគ្រូពេទ្យ​ធ្វើតេស្ត​រហ័ស​រកឃើញ​វិជ្ជមាន​កូវីដ ១៩ ជាច្រើន​អង្គ/នាក់​ផងដែរ​។

ជាមួយ​គ្នា​នេះ រដ្ឋបាល​ក្រុង​ដូនកែវ ខេត្ត​តាកែវ បានចេញ​សេចក្តី​ជូនដំណឹង​មួយ​ចុះ​ថ្ងៃទី​ ១៩ ខែ​កក្កដា ថា​ព្រះសង្ឃ​គង់នៅ​វត្ត​សីហរតនារាម ស្ថិតនៅ​សង្កាត់​រកាក្នុង ក្រុង​ដូនកែវ ដែល​ត្រូវបាន​ក្រុមគ្រូពេទ្យ ពិនិត្យ និង​ធ្វើ​សំណាក​ចំនួន ១៨ អង្គ​ ជា​លទ្ធផល​រកឃើញ​វិជ្ជមាន​ចំនួន​ ១០ អង្គ ហើយ​ត្រូវ​បញ្ជូនទៅ​ព្យាបាល​នៅ សាលា​គរុកោសល្យ​ខេត្ត​។

រដ្ឋបាល​ក្រុង​ដូនកែវ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ យាយជី តាជី ដែល​បានមក​សមាទានសីល ឬ​ប្រាស្រ័យ​ជាមួយ​ព្រះសង្ឃ​គង់នៅ​វត្ត​សីហរតនារាម សូម​ចូលមក​ធ្វើ​សំណាក​នៅ​មណ្ឌល​សាលា​គរុកោសល្យ​ខេត្ត​ព្រមទាំង​ដាក់ខ្លួន​ឱ្យនៅ​ដាច់ដោយ​ឡែក​ពី​ក្រុមគ្រួសារ​ ១៤ ​ថ្ងៃ​៕

វីដេអូ៖