ភ្នំពេញៈ រដ្ឋាភិបាល សាធារណរដ្ឋ​ប្រជាមានិត​ចិន សម្រេច​ផ្តល់​ជំនួយ​ឥតសំណង​ចំនួន​ ២,៥ ​លាន​ដុល្លារ​អាមេរិក​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​គាំទ្រ​កិច្ចប្រតិបត្តិការ​បោសសម្អាត​គ្រាប់មីន និង​សំណល់​យុទ្ធភណ្ឌ​ពី​សង្គ្រាម​របស់​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​ (CMAC) សម្រាប់​រយៈពេល ១២ ​ខែ ឆ្នាំ​ ២០២២​។ នេះ​បើតាម​លោក ហេង រតនា អគ្គនាយក CMAC​។

លោក ហេង រតនា សរសេរ​អបអរសាទរ និង​ថ្លែង​អំណរគុណ​ចំពោះ​រដ្ឋាភិបាល​ចិន តាមរយៈ​ហ្វេសប៊ុក​កាលពី​ម្សិលមិញ​អំពី​ការទទួល​បាន​ជំនួយ​របស់​ចិន​នេះ​។

លោក​សរសេរថា​៖ «​ឆ្លៀត​ក្នុងឱកាស​នេះ​សូម​គោរព​អរគុណ​ជា​អនេក​ចំពោះ​សម្តេច​តេជោ​ [​ហ៊ុន សែន​] ប្រមុខ​រាជរដ្ឋាភិបាល​ដែល​បាន​ជំរុញ​សំណើ​គាំទ្រ​ថវិកា​នេះ​ជាមួយ​ប្រធានាធិបតី​ចិន ហើយ​ជា​បន្តបន្ទាប់​រដ្ឋាភិបាល​ចិន​បាន​ឆ្លើយតប​តាម​សំណូមពរ​របស់​សម្តេចតេជោ​»​។

លោក​បាន​បន្តថា​៖ «​តាងនាម​អង្គភាព​ស៊ីម៉ាក់​ក៏​ដូច​ជន​រងគ្រោះ​ដោយសារ​មីន សូម​សម្តែង​នូវ​ការដឹងគុណ​ជូន​ចំពោះ​ប្រជាជន និង​រដ្ឋាភិបាល​ចិន ដែល​បាន​គាំទ្រ​ថវិកា​មនុស្សធម៌​ដ៏មាន​សារៈសំខាន់​នេះ សម្រាប់​ទ្រទ្រង់​សកម្មភាព​អង្គភាព​ស៊ីម៉ាក់​ក្នុង​ការរំដោះ​គ្រាប់មីន និង​សំណល់​យុទ្ធភណ្ឌ​ពី​សង្គ្រាម ផ្តល់​សុខ​សុវត្ថិភាព និង​គាំទ្រ​ការអភិវឌ្ឍ​នៅ​កម្ពុជា​»​។

លោក​ ហេង រតនា បានឱ្យ​ដឹងថា ការផ្ដល់​ជំនួយ​នេះ​គឺ​ដើម្បី​គាំទ្រ​សកម្មភាព​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​របស់​អង្គភាព​ស៊ីម៉ាក់ ស្ថិតនៅ​កងឯកភាព​កំចាត់មីន​ទី​៦ ខេត្ត​ព្រះវិហារ ឧត្តរមានជ័យ ស្ទឹងត្រែង និង​កងឯកភាព​កំចាត់មីន​ទី​៤ ​ខេត្តសៀមរាប​ និង​ខេត្ត​កំពង់ធំ​ដែលមាន​កម្លាំង​ប្រតិបត្តិការ​សរុប​ជិត​ ៣០០ ​នាក់​។

លោក​ រតនា ​បញ្ជាក់ថា គម្រោង​នេះ​មាន​រយៈពេល​ ១២ ​ខែ ចាប់ពី​ខែមករា ដល់​ខែធ្នូ ឆ្នាំ​ ២០២២ និង​មាន​ផែនការ​ត្រូវ​រំដោះ​ផ្ទៃដី​ចម្ការមីន និង​ចម្ការ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ជាង​ ១៧០០ ហិកតា និង​សកម្មភាព​អប់រំ​យល់ដឹង​ពី​គ្រោះថ្នាក់​ដោយសារ​មីន​ចំនួន​ ៧ ​ខេត្ត​។

បើតាម​លោក​អគ្គនាយក លទ្ធផល​រយៈពេល​ ៦ ​ខែ ឆ្នាំ​ ២០២១ ​នេះ​គម្រោង​ជំនួយ​ចិន​លុបបំបាត់​គ្រាប់មីន​នៅ​កម្ពុជា ដែល​បានផ្តល់​ជំនួយឥតសំណង​មាន​ទំហំ​ថវិកា​ដូច​ឆ្នាំ​ ២០២២ ​ដែរនោះ បាន​រំដោះ​ដីចម្ការ​មីន​/​គ្រាប់​សំណល់​ជាតិ​ផ្ទុះ​ជិត​ ១ ០៨៣ ​ហិកតា រុក​រកឃើញ​កម្ទេច​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ជាង​ ៥ ០០០ ​គ្រាប់​។

កាលពី​ថ្ងៃទី​ ១៩ ខែ មករា ឆ្នាំ​ ២០២១ ​នេះ សាធារណរដ្ឋ​ប្រជាមានិត​ចិន តាមរយៈ​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បានផ្ដល់​នូវ​សម្ភារ​ជា​ជំនួយ​មនុស្សធម៌​លើ​វិស័យ​សកម្មភាព​មីន​ដល់​អាជ្ញាធរ​មីន​ស្មើនឹង​ទឹកប្រាក់​ប្រមាណ​ ១ ​លាន​ដុល្លារ​អាមេរិក ខណៈ​កម្ពុជា​បានដាក់​ផែនការ​យុទ្ធសាស្ត្រ​ជាតិ គ្មាន​មីន​នៅ​ឆ្នាំ​ ២០២៥​។

បើតាម​អាជ្ញាធរ​មីន គិត​ត្រឹម​ខែមិថុនា ឆ្នាំ​ ២០២១ ​នេះ កម្ពុជា​បាន​ធ្វើការ​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​លើ​ផ្ទៃដី​ចំនួន​ ២ ២២១ ​គីឡូម៉ែត្រការ៉េ​។ រកឃើញ​ និង​កម្ទេច​គ្រាប់មីន​ប្រឆាំង​មនុស្ស​បាន​ជាង ១,១ ​លាន​គ្រាប់​។ មីន​ប្រឆាំង​រថក្រោះ​ចំនួន​ ២៥ ៦០៣ ​គ្រាប់​ និង​សំណល់​ជាតិ​ផ្ទុះ​ជាង ២,៩ ​លាន​គ្រាប់​។ ក្នុងនោះ មាន​ពលរដ្ឋ​ទទួលផល​ជាង ៣,៣ លាន​គ្រួសារ​៕