ភ្នំពេញៈ អង្គការ​ចលនា​ដើម្បី​សុខភាព​បាន​ចាត់ទុកថា ការខកខាន​ក្នុង​ការផ្លាស់ប្តូរ​សារ​ព្រមាន​សុខភាព​នៅលើ​កញ្ចប់​បារី ទៅតាម​ការកំណត់​របស់​ក្រសួង​សុខាភិបាល​នឹង​ធ្វើឱ្យ​ការប្តេជ្ញាចិត្ត​ឈប់​ជក់បារី​របស់​ប្រជាពលរដ្ឋ​ថយចុះ ខណៈ​ដែល​អ្នក​ជក់បារី​ងាយ​ប្រឈម​នឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ នៅពេល​ដែលមាន​ការឆ្លង​ជំងឺ​កូវីដ​ ១៩​។

យោងតាម​ប្រកាស​របស់​ក្រសួង​សុខាភិបាល​បាន​កំណត់ថា សារ​ព្រមាន​សុខភាព​ត្រូវ​ផ្លាស់ប្ដូរ​រៀងរាល់​ ២ ​ឆ្នាំ​ម្ដង ហើយ​អនុលោម​តាមប្រកាស​នេះ​ក្រសួង​សុខាភិបាល​បាន​ជូនដំណឹង និង​ផ្ដល់​រូបភាព​ថ្មី​កាលពី​ខែធ្នូ​ឆ្នាំ​ ២០២០ ដល់​ក្រុមហ៊ុន​ថ្នាំជក់ ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​សារ​ព្រមាន​សុខភាព​។

អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា លើកឡើង​នៅក្នុង​សេចក្តី​ប្រកាស​នា​ថ្ងៃទី​ ២០ កក្កដា​ថា តាម​សេចក្តី​ប្រកាស​នេះ គឺ​បានន័យថា ចាប់ពី​ថ្ងៃទី​ ១ ខែ សីហា ឆ្នាំ​ ២០២១ តទៅ​កញ្ចប់​បារី​ទាំងអស់ ដែល​ចរាចរ​លើ​ទីផ្សារ​ត្រូវតែមាន​សារ​ព្រមាន​ថ្មី​ជា​រូបភាព​ និង​ជា​អក្សរ ដែល​បាន​កំណត់ដោយ​ក្រសួង​សុខាភិបាល​។

អង្គការ​នេះ​បាន​និយាយថា​៖ «​ប្រសិទ្ធភាព​នៃ​សារ​ព្រមាន​សុខភាព និង​ថយចុះ​ដោយសារ​តែ​ភាពស៊ាំ​នឹង​រូបភាព​ដដែលៗ​ក្នុង​រយៈពេល​វែង ហេតុនេះ ហើយ​បានជា​ក្រសួង​សុខាភិបាល​បាន​កំណត់​ឱ្យមាន​ការផ្លាស់ប្ដូរ​សារ​ព្រមាន​ជា​រូបភាព​ថ្មី​រៀងរាល់​ ២ ​ឆ្នាំ​ម្ដង​»​។ អង្គការ​នេះ​បញ្ជាក់ថា ការខកខាន​ការផ្លាស់ប្តូរ​សារ​ព្រមាន​សុខភាព​នឹង​ធ្វើឱ្យ​ការប្តេជ្ញាចិត្ត​ឈប់​ជក់បារី​របស់​ប្រជាពលរដ្ឋ​ថយចុះ​។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល មិនបាន​ឆ្លើយតប​ទៅនឹង​សារ​ស្នើសុំ​អត្ថាធិប្បាយ ជុំវិញ​បញ្ហា​នេះ​ទេ គិត​មកដល់​ត្រឹម​ម៉ោង​ចេញផ្សាយ​កាសែត​កាលពី​យប់មិញ​។

បើតាម​សេចក្តី​ប្រកាស​របស់​អង្គការ​ចលនា​ដើម្បី​សុខភាព តាម​ការសិក្សា​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ជាច្រើន​បង្ហាញ​ថា​ការដាក់​សារ​ព្រមាន​សុខភាព​ជា​រូបភាព​លើ​កញ្ចប់​ផលិតផល​ថ្នាំជក់ ជា​វិធាន​ការអប់រំ​ដែលមាន​ប្រសិទ្ធភាព​ខ្ពស់​។

ជាក់ស្ដែង ការសិក្សា​នៅ​ប្រទេស​ថៃ​ឆ្នាំ​ ២០១៨ អំពី​ប្រសិទ្ធភាព​នៃ​សារ​ព្រមាន​សុខភាព​ជា​រូបភាព​មាន​ទំហំ ៨៥% ​នៃ​កញ្ចប់​បារី​បាន​បង្ហាញថា រូបភាព​ព្រមាន​សុខភាព​ធំ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការបង្កើន​ភាពភ័យខ្លាច និង​បង្ការ​ការផ្ដើម​ជក់បារី​ក្នុង​ចំណោម​អ្នក​មិន​ជក់បារី រីឯ​ក្នុងចំណោម​អ្នក​ជក់បារី រូបភាព​ព្រមាន​សុខភាព​ធំ​មាន​ប្រសិទ្ធភាព​ធ្វើឱ្យមាន​ការភ័យខ្លាច និង​ធ្វើឱ្យ​អ្នក​ជក់​មានបំណង​ផ្ដាច់​បារី​។

ស្រដៀង​នេះដែរ ការសិក្សា​មួយ​របស់​ក្រសួង​សុខាភិបាល​អូស្ត្រាលី​អំពី​ប្រសិទ្ធភាព​នៃ​កញ្ចប់​បារី​លាត​បាន​បង្ហាញថា កញ្ចប់​បារី​ដែល​ដាក់​សារ​ព្រមាន​សុខភាព​រូបភាព មិនមាន​ការរចនា​លំអរ​នានា​លើ​កញ្ចប់​បារី មាន​ប្រសិទ្ធភាព​ធ្វើឱ្យ​អ្នកប្រើប្រាស់​ថ្នាំជក់​យល់ដឹង​ពី​ផលប៉ះពាល់​នៃ​ការជក់បារី ធ្វើឱ្យ​អ្នក​ជក់បារី​ចាប់ផ្ដើម​ព្រួយបារម្ភ​អំពី​សុខភាព​របស់ខ្លួន និង​ធ្វើឱ្យ​អ្នក​ជក់បារី​មាន​បំណង​ផ្ដាច់​បារី ។

លោក មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២០ កក្កដា​ថា ការរឹតបន្តឹង​ការបោះពុម្ព​សារ​ព្រមាន​សុខភាព​ជា​រូបភាព​លើ​កញ្ចប់​បារី ឱ្យ​បាន​ទៀងទាត់​ជំរុញ​អ្នក​ជក់បារី​ឱ្យ​ផ្ដាច់​បារី និង​បង្ការ​ស្រី្ត យុវជន និង​កុមារ កុំឱ្យ​ចាប់ផ្ដើម​ជក់បារី​។

លោក​បន្តថា ការផ្ដាច់​បារី​របស់​ប្រជាពលរដ្ឋ រួមចំណែក​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ ១៩ ​ពីព្រោះ​ការជក់បារី​បង្កើន​ឱកាស​នៃ​ការឆ្លង​ជំងឺ​នេះ ហើយ​ប្រសិនបើ​អ្នក​ជក់​ឆ្លង​ជំងឺ​នេះ គាត់​នឹង​ប្រឈម​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ជាង​អ្នក​មិន​ជក់​។

លោក​បញ្ជាក់ថា​៖ «​ការអនុវត្ត​សារ​ព្រមាន​នេះ គឺមាន​សារៈសំខាន់​ណាស់ ជាពិសេស​ក្នុង​ពេល​បច្ចុប្បន្ននេះ ដែល​យើង​កំពុង​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ​ ១៩ ព្រោះ​ការជក់បារី​ត្រូវបាន​ទទួលស្គាល់​ថា វា​ជា​កត្តា​ប្រឈម​ជំរុញ​ឱ្យ​មាន​ជំងឺឆ្លង​កូវីដ​ ១៩​។ ចំពោះ​អ្នក​ជក់បារី ដែល​ឆ្លង​ជំងឺ​កូវីដ​ ១៩ ហើយ​គឺ​មាន​សភាព​ទ្រុឌទ្រោម​ផ្នែក​សុខភាព​ធ្ងន់ធ្ងរ​ជាង​អ្នក​មិន​ជក់បារី​ហើយ​បន្សល់ទុក​ផលវិបាក​ក្រោយ​ការព្យាបាល​ច្រើន​ផងដែរ​»​។

លោក មុំ គង់ ជឿជាក់​ថា ក្រុមហ៊ុន​ថ្នាំជក់​ទាំងនេះ​នឹង​អនុវត្ត​ទៅតាម​សេចក្តី​ណែនាំ​របស់​ក្រសួង​ឱ្យ​បាន​ខ្ជាប់ខ្ជួន ព្រោះ​នៅពេលដែល​ពួកគេ​ខកខាន​មិន​អនុវត្តតាម​ការណែនាំ​នោះ​នឹង​ទទួលរង​ការពិន័យ​រហូតដល់ ៤ ​លាន​រៀល ហើយ​ការពិន័យ​នេះ​នឹង​ទទួលរង​ទ្វេគុណ​បើ​ពួកគេ​នៅតែ​បន្ត​ល្មើស​។

ថ្នាំជក់​ជា​ផលិតផល​ដែលមាន​គ្រោះថ្នាក់​ដល់​សុខភាព ដោយហេតុ​ថា ពាក់កណ្ដាល​នៃ​អ្នកប្រើប្រាស់​ថ្នាំជក់ ធ្លាក់ខ្លួន​ឈឺ ពិការ និង​ស្លាប់​មុន​អាយុ​កំណត់ ក្នុង​នោះ​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​ ១៥ ០០០ ​នាក់​បាន​ស្លាប់​ជា​រៀងរាល់​ឆ្នាំ​ ដោយសារ​ជំងឺ​ដែល​បង្ក​ពី​ការប្រើប្រាស់​ថ្នាំជក់​។

ចំណែក​ថវិកា​ប្រមាណ ១,៤ ទ្រីលាន​ដុល្លារ​ ត្រូវបាន​ខាតបង់​ដោយសារ​ការប្រើប្រាស់​ថ្នាំជក់​។ នេះ​បើ​យោងតាម WHO FCTC Investment Case for Cambodia, ២០១៩៕

វីដេអូ៖