កែបៈ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បានឱ្យដឹងថា តូប​លក់ទំនិញ​នៅ​ផ្សារ​សេះស ចំនួន​ ១២១ ​តូប​ដែល​ស្ថិតនៅក្នុង​សង្កាត់​អូរក្រសារ ក្រុង​កែប ខេត្ត​កែប បាន​រង​ការខូចខាត​ទាំងស្រុង ដោយសារ​គ្រោះ​អគ្គិភ័យ កាលពី​ព្រលប់​ថ្ងៃទី​ ១៩ ខែ កក្កដា ឆ្នាំ​ ២០២១ ដែល​តាម​ទិន្នន័យ​នៃ​​ការខូចខាត​នេះ​មាន​ប្រមាណ​ ១ ​លាន​ដុល្លារ​។ ​ប៉ុន្តែ​គ្មាន​មនុស្ស​​គ្រោះថ្នាក់​នៅ​ក្នុង​ឧប្បត្តិហេតុ​នេះ​ទេ​។

លោក កូយ ចេងគួង ចៅសង្កាត់​អូរក្រសារ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ម្សិលមិញ​ថា ក្រោយពី​មាន​ខ្យល់កន្ត្រាក់​បក់បោក​ខ្លាំង​ធ្វើឱ្យ​ប៉ើង​របើក​ដំបូល​ផ្សារ​សេះស​ដែល​ស្ថិតនៅតាម​បណ្ដោយ​ឆ្នេរសមុទ្រ​មក មាន​ករណី​ឆ្លង​ចរន្តអគ្គិសនី​នៅក្នុង​ផ្សារ​បង្ក​ឱ្យ​កើតមាន​អគ្គិភ័យ​ឆេះ​ខូចខាត​ទាំងស្រុង​នូវ​មុខទំនិញ​គ្រប់​ប្រភេទ​ដែល​មាននៅ​​ក្នុង​តូប​លក់ដូរ​សរុប​ចំនួន​ ១២១ ​តូប​របស់​អាជីវករ​ក្នុង​ផ្សារ​នេះ​។

លោក​បាន​បញ្ជាក់ថា​៖ «​យោងតាម​ទិន្នន័យ​ដែល​ប្រមូលបាន​ពី​អាជីវករ​ជា​ម្ចាស់​តូប និង​ទំនិញ​ទាំងអស់​នៅក្នុង​ផ្សារ​នេះ ទំហំ​នៃ​ការខូចខាត​ដោយ​គ្រោះ​អគ្គិភ័យ​នេះ​សរុប​ជាង​ ១ ​លានដុល្លារ​។ ​ទោះយ៉ាងណា​គ្មាន​អាជីវករ ឬ​ពលរដ្ឋ​ណា​ម្នាក់ មាន​គ្រោះថ្នាក់​នៅក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​ផ្សារ​នេះ​ទេ​»​។

ទាក់ទង​នឹង​ករណីនេះ កាលពី​ព្រឹក​ថ្ងៃ​ម្សិលមិញ ក្រុមអាជីវករ​បាន​ប្រមូលផ្ដុំ​គ្នា​អំពាវនាវ​សុំឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍​ជំរុញ​ដល់​ម្ចាស់​ទីតាំង​អាជីវកម្ម​ផ្សារ​សេះស ពន្លឿន​ការសាងសង់​ផ្សារ​ឡើងវិញ ដោយមាន​ភ្ជាប់​ខ្សែបណ្ដាញ​អគ្គិសនី​ឱ្យ​ត្រូវ​តាម​ស្ដង់ដា​បច្ចេកទេស និង​ជួយ​សម្រួល​ផ្ដល់​ទីតាំង​ឱ្យ​ពួកគាត់​អាច​លក់ដូរ​ជា​បណ្ដោះអាសន្ន​មុនពេល​សាងសង់​ផ្សារ​ឡើង​​វិញ​រួចរាល់​។

អាជីវករ​លក់​សម្លៀក​បំពាក់​ក្នុង​ផ្សារ​សេះស អ្នកស្រី នួន ចាន់ធឿន អាយុ​ ៣៦ ​ឆ្នាំ ដែលថា​មាន​តូប​ ២ ​ក្នុង​ផ្សារ​​នោះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ដើមទុន​ទាំង​ប៉ុន្មាន​របស់​អ្នកស្រី​បាន​កប់​នៅក្នុង​មុខទំនិញ​ជា​សម្លៀកបំពាក់​ឈុត​​ថ្មីៗ និង​ហូលផាមួង សរុប​ជិត​ ២ ​ម៉ឺន​ដុល្លារ​ ត្រូវ​ឆេះ​ខូចខាត​អស់ទាំង​ស្រុង​ក្នុង​គ្រោះ​អគ្គិភ័យ​នេះ​។

អ្នកស្រី ចាន់ ធឿន ដែល​អះអាង​ថា កំពុង​ជាប់បំណុល​ធនាគារ​ចំនួន​ ៤ ០០០ ​ដុល្លារ នៅឡើយ​នោះ​បាន​ថ្លែង​ទាំង​រអាក់រអួល​ថា​៖ «​នៅពេលនេះ​ខ្ញុំ​គ្មាន​នៅ​សេសសល់​អ្វី​នោះទេ​​​ ហើយ​ក៏​មិនដឹងថា​ត្រូវ​ទាមទារ​សំណង​​ពី​អ្នកណា​នោះដែរ ព្រោះ​សមត្ថកិច្ច​ជំនាញ​ថា ផ្សារ​នេះ​ឆេះ​ ដោយសារ​ទុស្សេ​ខ្សែភ្លើង​»​។

ចំណែក​អាជីវករ​ម្នាក់ទៀត គឺ​អ្នកស្រី នួន ស្រីឌៀប ដែល​អះអាងថា មាន​តូប​ ៦ ​ជាប់​គ្នា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដែរ​​ថា អាជីវករ​ទាំងអស់​ដែល​មាន​ស្ដង់​លក់ដូរ​នៅក្នុង​ផ្សារ​នេះ គឺ​គ្មាន​នរណា​​ម្នាក់​អាច​ចូល​យក​ទំនិញ​បានទេ នៅពេល​អគ្គិភ័យ​កើតឡើង នា​យប់នោះ​ព្រោះ​នៅពេល​បិទ​ផ្សារ​ម៉ោង​ ៥ ​ល្ងាច ម្ចាស់​ផ្សារ​បាន​ចាក់សោ​គ្រប់​ច្រកទ្វារ​ចេញចូល​ក្នុង​ផ្សារ​នោះ​ទាំងអស់​។

អ្នកស្រី​បាន​បញ្ជាក់ថា​៖ «​ពេល​ដឹង​​ថា ភ្លើង​ឆេះ​ផ្សារ ខ្ញុំ និង​ក្រុមគ្រួសារ បាននាំគ្នា​មក​ពិនិត្យមើល​ដោយ​នាំ​​មកជា​មួយ​នូវ​បាវ​មួយចំនួន ដើម្បី​ប្រមូល​ច្រក​ទំនិញ​យកមក​ផ្ទះ ប៉ុន្តែ​ច្រក​ទ្វារ​ចេញ​ចូល​ក្នុង​ផ្សារ​ទាំង​ ៤ ​ច្រក​ត្រូវបាន​បិទ​ជិត ដោយ​ទ្វារ​ប្រអប់​ស្វ័យប្រវត្តិ មិនអាច​បើក​បាន​នោះទេ ព្រោះ​វា​ខូច​នៅពេល​ភ្លើង​ឆេះ​»​។

អ្នកស្រី​បាន​ថ្លែង​ទៀតថា គាត់ និង​ក្រុមគ្រួសារ​បាន​ត្រឹម​ឈរ​មើល​សកម្មភាព​របស់​កង​ពន្លត់​អគ្គិភ័យ​ពី​ចម្ងាយ​​រហូតដល់​ម៉ោង​ ១១ ​យប់​។ មុនដំបូង​ស្ដង់​ទំនិញ​របស់​អ្នកស្រី​មិនទាន់​ឆេះ​ដល់​នោះទេ ព្រោះ​ពួកវា​ស្ថិតនៅ​ជាប់​នឹង​ជញ្ជាំង​ផ្សារ ជាទី​ដែល​នគរបាល​ពន្លត់​អគ្គិភ័យ​បាន​បាញ់​ទឹក​ស្រោច​យ៉ាង​​ជោកជាំ​តាំងពី​លើដំបូល រហូត​ដល់​​ជញ្ជាំង ប៉ុន្តែ​មិនយូរប៉ុន្មាន ភ្លើង​ក៏បាន​បន្ត​ឆេះ​ស្តង់​លក់ទំនិញ​របស់គាត់​ទាំងអស់​។ ​រីឯ​សំណង់​ផ្សារ​ក៏ត្រូវ​ឆេះ​ទន់​​បាក់​គ្រោងឆ្អឹង​ដែក​ដំបូល​ថែមទៀត​។

អ្នកស្រី​បាន​បន្ថែមថា​៖ «​អគ្គិភ័យ​នេះ​បានឱ្យ​ខ្ញុំ​ខាតបង់​ទំនិញ​គិត​ជា​សាច់ប្រាក់​អស់​ជាង​ ៤ ​ម៉ឺន​ដុល្លារ​។

ករណីនេះ យើងខ្ញុំ​ជា​អាជីវករ គ្មានអ្វី​ក្រៅពី​អំពាវនាវ​សុំឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ជួយ​អន្តរាគមន៍​ជំរុញ​ម្ចាស់​អាជីវកម្ម​ផ្សារ​ពន្លឿន​ការសាងសង់​ផ្សារ​នេះ​ឡើងវិញ​ឱ្យ​បាន​ឆាប់​ប៉ុណ្ណោះ​។ បើ​ពុំនោះ​ពួកយើង​មិនដឹងថា ទៅ​ចាប់​មុខរបរ​អ្វី​ផ្សេងទៀត​នោះទេ​»​។

បើតាម​អ្នកស្រី នួន ស្រីឌៀប ពេល​​នេះ អ្នកស្រី​មានតែ​បញ្ចាំ​ប្លង់​ផ្ទះ ដើម្បី​ខ្ចីប្រាក់​ពី​ធនាគារ​មក​ធ្វើជា​ដើមទុន​លើ​មុខរបរ​លក់ដូរ​ទឹកដោះគោ សម្ភារ​ប្រើប្រាស់​របស់​កុមារ និង​ស្ត្រី​ ដើម្បី​​ដោះស្រាយ​ជីវភាព​គ្រួសារ​បន្តទៀត​។

ជុំវិញ​សំណើ​របស់​ក្រុមអាជីវករ​នេះ​លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ពេលនេះ​លោក​បាន​នាំយក​អំណោយ​សង្គ្រោះ​បឋម​ទៅ​ចែកជូន​គ្រួសារ​អាជីវករ​រងគ្រោះ​ទាំងនោះ​ដោយ​ក្នុង​ ១ ​គ្រួសារ​ទទួល​បាន​ទឹកត្រី និង​ទឹកស៊ីអ៊ីវ​ ១ ​យួរ អង្ករ​ ២៥ ​គីឡូក្រាម មី​ ១ ​កេស និង​ថវិកា​ ៥ ​ម៉ឺន​រៀល ដើម្បី​ជួយ​សម្រួល​ការលំបាក​​ប្រចាំថ្ងៃ​។

លោក​បាន​បញ្ជាក់ទៀត​ថា​៖ «​នៅ​ជំហាន​បន្ទាប់​នេះ រដ្ឋបាលខេត្ត​នឹង​ជំរុញ​ឱ្យ​ម្ចាស់​ផ្សារ​សាងសង់​ផ្សារ​ឱ្យបាន​លឿន​តាម​ដែល​អាចធ្វើ​ទៅបាន​ ប៉ុន្តែ​មិនគួរ​ប្រើ​ទ្វារ​ប្រអប់​ស្វ័យប្រវត្តិ​នៅ​ច្រកចេញចូល​ផ្សារ​នោះទេ ព្រោះ​វា​អាចមាន​ហានិភ័យ​ដូចជា ពេលនេះ​។

ក្នុងពេល​សង់​ផ្សារ​ជាថ្មី​នៅលើ​ទីតាំង​ចាស់​នេះ​នៅ​មិនទាន់រួច យើង​ក៏ត្រូវ​រៀបចំ​ដោះស្រាយ​រក​កន្លែង​សម្រាប់​ឱ្យ​ក្រុមអាជីវករ​បាន​លក់ដូរ​បណ្ដោះអាសន្ន ដើម្បី​ដោះស្រាយ​បញ្ហា​ជីវភាព​ប្រចាំថ្ងៃ​ផងដែរ​»​។

លោក ពិសិដ្ឋ ដែល​អះអាង​ថា បាន​ដឹកនាំ​កម្លាំង​ចុះ​ពន្លត់​អគ្គិភ័យ​នេះ​រហូតដល់​រលត់​អស់​នៅ​ម៉ោងជាង​ ១១ ​យប់ ដោយ​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ​សរុប​ ៨ ​គ្រឿង និង​ប្រើ​ទឹក​អស់​ ៤០០ ​ម៉ែត្រគុប​​នោះ​បាន​បញ្ជាក់​បន្ថែមថា​៖ «​អគ្គិភ័យ​នោះបាន​បង្កឡើង​ដោយ​ការទុស្សេ​ខ្សែភ្លើង​។ ​ផ្សារ​នេះ​គេ​ប្រើ​ទ្វារ​ប្រអប់​ស្វ័យប្រវត្តិ ដល់ពេល​ឆេះ​ប្រព័ន្ធ​ទាំងអស់​ត្រូវ​បាន​កាត់ផ្ដាច់​មិនអាច​បើក​ចូល​បាន​នាំឱ្យ​ក្រុមការងារ​ពន្លត់​អគ្គិភ័យ​ជួប​ការលំបាក​»៕