ភ្នំពេញៈ អង្គការ UNFPA អំពាវនាវ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​លើកស្ទួយ​ការទទួល​បាន​សេវា​សុខភាព​ផ្លូវភេទ និង​សុខភាព​បន្ត​ពូជ​របស់​ស្ត្រី និង​ក្មេងស្រី ខណៈ​ការសិក្សា​បង្ហាញថា ពួកគេ​ហាក់​មិនបាន​ផ្តល់​អាទិភាព​ខ្ពស់​ក្នុង​ការប្រើប្រាស់​សេវា​ទាំងនេះ ដោយសារ​តែ​ការភ័យខ្លាច​ការឆ្លង​ជំងឺ​កូវីដ​ ១៩​។

លោក Daniel Alemu តំណាង UNFPA ប្រចាំ​កម្ពុជា​ថ្លែងថា​៖ «​ខ្ញុំ​សូម​អំពាវនាវ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​សូម​លើកស្ទួយ​សុខភាព​ផ្លូវភេទ និង​សុខភាព​បន្ត​ពូជ និង​សិទ្ធិ​សម្រាប់​មនុស្ស​គ្រប់រូប​តាមរយៈ​ការទទួល​បាន​នូវ​ព័ត៌មាន​ និង​សេវា​សុខភាព​ផ្លូវភេទ​ និង​សុខភាព​បន្ត​ពូជ​»​។

ការថ្លែង​របស់លោក Daniel Alemu ធ្វើឡើង​ក្នុង​ទិវា​ប្រជាជន​ពិភពលោក​ឆ្នាំ​ ២០២១ ​ក្រោម​ប្រធានបទ «​សិទ្ធិ និង​ជម្រើស គឺជា​ចម្លើយ​» ​ដែល​សហការ​រៀបចំ​ដោយ​ក្រសួង​ផែនការ និង UNFPA ប្រចាំ​កម្ពុជា​តាម​ប្រព័ន្ធ​វីដេអូ កាលពី​ថ្ងៃទី​ ២០ ខែកក្កដា​។

លោក​ថ្លែងថា នៅ​កម្ពុជា​ការសិក្សា​មួយចំនួន​ដែល​គាំទ្រ​ដោយ UNFPA ក្នុង​ឆ្នាំ​ ២០២០ ​និង​ ២០២១ ​សង្កេតឃើញ​ថា​សេវា​សុខាភិបាល​ជា​សារវន្ត រួមទាំង​សុខភាព​បន្ត​ពូជ និង​សុខភាព​ផ្លូវចិត្ត​នៅតែ​ដំណើរការ​ទូទាំង​ប្រទេស​។ ទោះជា​យ៉ាងនេះ​ក្តី ការភ័យខ្លាច​ការឆ្លង​ជំងឺ​កូវីដ​​ ១៩ ​អាច​បង្ក​ផលប៉ះពាល់​លើ​ការប្រើប្រាស់​សេវា​ចាំបាច់​មួយចំនួន ដូចជា ការថែទាំ​មុន និង​ក្រោយ​សម្រាល (ANC/-PNC) និង​ផែនការ​គ្រួសារ ជាពិសេស​ក្នុង​ ៦ ​ខែ​ដំបូង នៃ​ឆ្នាំ​ ២០២១​។

បើតាម​លោក Daniel Alemu ការសិក្សា​ទាំងនោះ​បង្ហាញថា​៖ «​ស្ត្រី​ និង​ក្មេង​ស្ត្រី​ហាក់​មិនបាន​ផ្តល់​អាទិភាព​ខ្ពស់​ដល់​ការប្រើប្រាស់​សេវា​សុខភាព​ផ្លូវភេទ​ និង​សុខភាព​បន្ត​ពូជ​ដោយសារ​តែ​ការភ័យខ្លាច​ការឆ្លង​កូវីដ​ ១៩»​។

លោក​អំពាវនាវ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​ធ្វើ​សកម្មភាព​រួមគ្នា ដើម្បី​ធានាថា សេវា​សុខភាព​ផ្លូវភេទ និង​សុខភាព​បន្ត​ពូជ និង​សិទ្ធិ​បន្ត​ពូជ នៅតែ​ជា​អាទិភាព​មួយ ជាពិសេស​ក្នុង​អំឡុងពេល​នៃ​ការរាតត្បាត​ជំងឺ​កូវីដ ១៩​។

លោក​ថា ការរំខាន​ណាមួយ​ដល់​សេវា​ទាំងនេះ​នឹង​នាំឱ្យ​ខាតបង់ ហើយ​ប៉ះពាល់​ដល់​វឌ្ឍនភាព​ក្នុងការ​សម្រេច​បាន​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ និង​គោលដៅ​អភិវឌ្ឍន៍​ជាតិ នាពេល​អនាគត​ដែល​អាច​បំផ្លាញ​សុខភាព​ និង​សុខុមាលភាព​របស់​ស្ត្រី​ និង​ក្មេងស្រី​ដែល​ងាយ​រងគ្រោះ​ជាមួយ​នឹង​ផលលំបាក​យូរអង្វែង​។

លោក Daniel Alemu ថ្លែងថា​៖ «​សូមឱ្យ​យើង​ប្តេជ្ញា​រួមគ្នា​ ដើម្បី​លើកស្ទួយ​សិទ្ធិ​របស់​ស្ត្រី​ និង​ក្មេងស្រី​ចំពោះ​ភាព​ជា​ម្ចាស់​លើ​រាងកាយ​ និង​ការសម្រេចចិត្ត​របស់​ពួកគេ​អំពី​ពេលវេលា​ និង​ការមាន​គ្រួសារ​។ មានតែ​តាមរយៈ​ការធានា​សិទ្ធិ និង​ជម្រើស​សម្រាប់​ស្ត្រី និង​ក្មេងស្រី​ទាំងអស់​ទេ ដែល​យើង​អាច​ធ្វើឱ្យ​ចម្រើន​ទៅមុខ និង​ពង្រីក​កិច្ចខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​ជាតិ និង​របៀបវារៈ​ឆ្នាំ​ ២០៣០ ​បាន​»​។

រដ្ឋមន្ត្រី​ក្រសួង​កិច្ចការនារី លោកស្រី​ អ៊ឹង កន្ថាផាវី ថ្លែង​ក្នុង​ពិធី​នោះ​ថា ក្រសួង​កិច្ចការនារី​សហការ​ជាមួយ​ក្រសួង​សុខាភិបាល​ដោយមាន​ការគាំទ្រ​ពី​អង្គការ​ដៃគូ​ពាក់ព័ន្ធ​បាន​និង​កំពុង​ខិតខំ​ប្រឹងប្រែង​ពង្រឹង និង​ពង្រីក​កិច្ច​អន្តរាគមន៍​លើ​ផ្នែក​សុខភាព​បន្ត​ពូជ​ និង​សុខភាព​ផ្លូវភេទ​ដោយ​ផ្តោត​ការយកចិត្ត​ទុកដាក់ ជាពិសេស​លើ​ការលើកកម្ពស់​ការទទួល​បាន​និង​ប្រើប្រាស់​សេវា​ក្នុង​តំបន់​ដែល​កំពុង​ជួបប្រទះ​កង្វះខាត​។

លោកស្រី​ថ្លែងថា​៖ «​ប៉ុន្តែ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ធ្វើឱ្យ​ការអនុវត្ត​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​សុខភាព​បន្ត​ពូជ និង​សុខភាព​ផ្លូវភេទ​ ២០១៧-២០២០ ​ជួប​នូវ​បញ្ហា​ប្រឈម​ក្នុង​ការផ្តល់សេវា​ និង​ព័ត៌មាន​ស្តីពី​សុខភាព​បន្តពូជ​ និង​សុខភាព​ផ្លូវភេទ​រួមទាំង​ការរៀបចំ​បែងចែក​ធនធាន​ឡើងវិញ​សម្រាប់​ការផ្តល់សេវា និង​ការផ្សព្វផ្សាយ​ព័ត៌មាន​ស្តីពី​សុខភាព​បន្ត​ពូជ និង​សុខភាព​ផ្លូវភេទ​ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​ស្ត្រី​ និង​ក្មេងស្រី​»​។

លោក​ ឡូ វាសនាគីរី រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ថ្លែង​ក្នុង​ពិធី​នោះ​ថា ស្ត្រី និង​ក្មេងស្រី​នៅតែ​ទទួលបាន​សេវា​សុខភាព​បន្ត​ពូជ សុខភាព​មាតា និង​ទារក និង​សេវា​សុខភាព​ជា​សារវន្ត​ផ្សេងៗ​ទៀត​នៅតាម​មូលដ្ឋាន​សុខាភិបាល​ទូទាំង​ប្រទេស​ស្របតាម​តម្រូវការ​។

លោក​បាន​ថ្លែងថា​៖ «​ទោះជា​ដូច្នេះ​ក្តី មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា​ និង​ទារក​ និង​មូលដ្ឋាន​សុខាភិបាល​ទូទាំង​ប្រទេស​ត្រូវយក​ចិត្ត​ទុកដាក់ ពិនិត្យ​តាមដាន និង​លើកកម្ពស់​ការផ្តល់​សេវា​សារវន្ត​ឱ្យបាន​ជាប់​ប្រចាំ​តាម​គន្លង​ប្រក្រតីភាព​ថ្មី តាមរយៈ​ការអនុវត្ត​ដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​នូវ​វិធានការ​ «៣ការពារ និង​៣កុំ​» ​ដើម្បី​ធានាថា​មូលដ្ឋាន​សុខាភិបាល​នឹងមិន​ក្លាយជា​ប្រភព​នៃ​ការចម្លង​ជំងឺ​កូវីដ​ ១៩»​។

នាឱកាស​នោះ រដ្ឋមន្ត្រី​ក្រសួង​ផែនការ លោក​ ឆាយ ថន ក៏បាន​ថ្លែង​ក្នុង​ពិធី​នោះដែរ​ថា សព្វថ្ងៃនេះ​ស្ទើរតែ​គ្រប់​មន្ទីរពេទ្យ​រដ្ឋ មណ្ឌល​សុខភាព​ និង​ទីកន្លែង​សាធារណៈ​មួយចំនួន​ត្រូវ​បាន​ប្រើប្រាស់​ និង​បម្រុងទុក​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩ និង​ធ្វើ​ចត្តាឡីស័ក​។

លោក​រដ្ឋមន្ត្រី​មានប្រសាសន៍​ថា​៖ «​វិស័យ​សុខភាព​សាធារណៈ​ទូទៅ ក៏​រង​ផលប៉ះពាល់ ជាពិសេស​សុខភាព​បន្ត​ពូជ​ស្ត្រី​ និង​ក្មេងស្រី​កំពុង​ជួប​នូវ​ហានិភ័យ​»៕