សៀមរាបៈ អាជ្ញាធរ​ក្នុង​ខេត្ត​សៀមរាប​បាន​សម្រេច​ផ្តល់​ដី​គោលនយោបាយ​ទំហំ​ ២០ គុណ​ ៣០ ​ម៉ែត្ រ​ដល់​ពលរដ្ឋ ២១ គ្រួសារ ​នៅក្នុង​តំបន់​អភិវឌ្ឍន៍​រុនតាឯក ស្ថិតនៅ​ស្រុក​បន្ទាយស្រី​នៃ​តំបន់​អង្គរ ជាមួយ​នឹង​ការព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់ បើ​ពលរដ្ឋ​ទាំងនេះ​នៅតែ​បន្ត​តវ៉ា​។

សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​ខេត្តសៀមរាប ចុះ​ថ្ងៃទី​ ១៩ ខែកក្កដា ឱ្យដឹងថា គណៈកម្មការ​ចម្រុះ​សម្របសម្រួល​ការប្រើប្រាស់​ដីធ្លី ការទប់ស្កាត់​សំណង់​ខុសច្បាប់​នឹង​រៀបចំ​សណ្តាប់ធ្នាប់​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ​ដឹកនាំ​ដោយ​រដ្ឋបាល​ខេត្តសៀមរាប​ និង​អាជ្ញាធរ​ជាតិ​អប្សរា​បាន​សម្រេច​បញ្ឈប់​ការដោះស្រាយ​បណ្តឹង​របស់​ប្រជាពលរដ្ឋ​ចំនួន ២១ ​គ្រួសារ ស្ថិតនៅ​ភូមិ​តានី ឃុំ​រុនតាឯក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។

សេចក្តី​ជូនដំណឹង​បន្តថា ជាមួយ​គ្នា​នេះដែរ អាជ្ញាធរ​បាន​សម្រេច​ផ្តល់​ដី​ដល់​ពួកគាត់​ទាំង​ ២១ ​គ្រួសារ សម្រាប់​ការរស់នៅ​។ សេចក្តី​ជូនដំណឹង​បន្ត​​ថា​៖ «​ដោយ​ផ្តល់​ដី​ដោះស្រាយ​គោលនយោបាយ ទំហំ​ ២០ ​ម៉ែត្រ x ៣០ ​ម៉ែត្រ​ក្នុង​មួយ​គ្រួសារ ស្ថិតនៅ​តំបន់​អភិវឌ្ឍន៍​ភូមិ​ធម្មជាតិ​រុនតាឯក ដល់​ប្រជាពលរដ្ឋ​ចំនួន​ ២១ ​គ្រួសារ ដែល​បាន​ប្តឹង​ស្នើសុំ​ដី​ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​កន្លងមក ស្ថិត​នៅ​តំបន់​អភិវឌ្ឍន៍​ភូមិ​ធម្មជាតិ​រុនតាឯក​»​។

តាមរយៈ​សេចក្តី​ជូនដំណឹង រដ្ឋបាល​ខេត្តសៀមរាប និង​អាជ្ញាធរ​ជាតិ​អប្សរា បានសម្រេច​ទុក​រយៈពេល​ ១៥ ថ្ងៃ​ ដល់​ពលរដ្ឋ​ទាំង ២១ គ្រួសារ​ឱ្យ​មក​ទទួលយក​ និង​ចាប់ឆ្នោត​យក​ដីឡូតិ៍ ដែល​រដ្ឋបាល​ខេត្តសៀមរាប​នឹង​អាជ្ញាធរ​ជាតិ​អប្សរា​បាន​រៀបចំ​រួច​នៅ​តំបន់​អភិវឌ្ឍន៍​ភូមិ​ធម្មជាតិ​រុនតាឯក​។ «​ផុត​រយៈពេល ១៥ ថ្ងៃ​ក្នុង​ករណី​ប្រជាពលរដ្ឋ​ទាំង ២១ ​គ្រួសារ ដែល​មិន​ព្រម​ទទួលយក​ការដោះស្រាយ​គោលនយោបាយ​នេះ​រដ្ឋបាល​ខេត្តសៀមរាប និង​អាជ្ញាធរ​ជាតិ​អប្សរា​នឹង​បញ្ចប់​ការដោះស្រាយ​ជា​ស្ថាពរ ព្រមទាំង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ជាធរមាន ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ណា​ដែល​នៅ​បន្ត​តវ៉ា​ទាមទារ​តទៅទៀត​»​។

អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​លោក ឡុង កុសល ​ថ្លែងថា​៖ «​កន្លងមក​ពួកគាត់​បាន​រំលោភបំពាន គឺ​យើង​បាន​ណែនាំ​គាត់​ច្រើនដង​មកហើយ ហើយក៏​ធ្លាប់បាន​បដិសេធ​នូវ​សំណើ​របស់​ពួកគាត់​ដែរ អ៊ីចឹង​យើង​មិនអាច​អង្គុយ​ដោះស្រាយ​បញ្ហា​នូវ​អ្វីដែល​មិន​ស្របច្បាប់​ទេ អ៊ីចឹង​បានចេញ​ជា​សេចក្តីសម្រេច​នេះ​»​។

នាយក​រដ្ឋបាល​សាលាខេត្ត​សៀមរាប​លោក​ សុខ ថុល ថ្លែង​ថា​ជាក់ស្តែង​ពលរដ្ឋ​ដែល​រងគ្រោះ និង​អាស្រ័យផល​នៅ​ទីនោះ​ខាង​អាជ្ញាធរ​បាន​ដោះស្រាយ​បញ្ចប់​រួច​អស់ហើយ នៅឡើយ​តែ ២១ ​គ្រួសារ​នេះ​។ ពួកគាត់​ពុំ​មាន​ឯកសារ​កាន់កាប់​ស្របច្បាប់​ឡើយ​។

លោក​ថា​៖ «​នៅពេល​យើង​អនុវត្ត​គោលនយោបាយ​នាពេលនោះ ប្រជាជន​ដែល​រស់នៅ​អាស្រ័យផល​នៅ​ទីតាំង​ភូមិ​ធម្មជាតិ​រុនតាឯក គាត់​បាន​ដាក់សំណើ​ដោះស្រាយ​គោលនយោបាយ​ហើយ​គណៈកម្មការ​អន្តរក្រសួង​គេ​ដោះស្រាយ​អស់ហើយ​»​។

លោក​បញ្ជាក់ថា​៖ «​ក្រោយមក​ប៉ុន្មាន ២១ ​គ្រួសារ ដែល​ចេញមក​តវ៉ា គឺ​អត់​មាន​ដី​នៅ​ទីនោះ ឬ​អាស្រ័យផល​អី​ទេ ហើយ​យើង​ព្យាយាម​ដោះស្រាយ​មក​អស់ហើយ ព្រោះ​គាត់​អត់​មាន​ឯកសារ​អី​ច្បាស់លាស់​ទេ​។ ទាក់ទង​ការកាន់កាប់​ដី ដែល​គាត់​អំណេះអំណាង​ថា អាស្រ័យផល​នៅ​ទីនោះ ហើយ​សួរ​ខាង​មូលដ្ឋាន​គឺ​អត់​មាន​ឯកសារ​កាន់កាប់​ដែរ អ៊ីចឹង​ហើយ​គាត់​តែង​តវ៉ា​»​។

លោក​បន្តថា ដើម្បី​បញ្ចប់​នូវ​រាល់​បញ្ហា អាជ្ញាធរខេត្ត និង​អាជ្ញាធរ​ជាតិ​អប្សរា គឺ​ផ្តល់ឱ្យ​ដី​គាត់​ ២០ ​គុណ​ ៣០ ​ម៉ែត្រ​ក្នុង​ ១ ​គ្រួសារ​។ «​តាមពិត​យើង​អត់​ត្រូវ​ដោះស្រាយ​ឱ្យ​ពួកគាត់​ទេ ព្រោះ​ពួកគាត់​អត់​មាន​ឯកសារ​គ្រប់គ្រាន់​ទាក់ទង​ការកាន់កាប់​ដី​នោះទេ ទោះបី​ជាមាន​ក៏ដោយ​ដី​នោះ​ជា​ដី​គម្រប​ព្រៃឈើ​ដែរ អត់​មាន​អ្នកណា​អាច​គ្រប់គ្រង ឬ​ចាត់ចែង​បានទេ​»​។

ភ្នំពេញ​ប៉ុស្តិ៍​មិនទាន់​អាច​សុំ​ការអត្ថាធិប្បាយ​ពី​ពលរដ្ឋ​ ២១ ​គ្រួសារ​បានទេ​។

សូមជម្រាបថា រាជរដ្ឋាភិបាល​កម្ពុជា​កាលពី​ឆ្នាំ​ ២០០៤ បានចេញ​អនុក្រឹត្យ ស្តីពី​ការបង្កើត​តំបន់​អភិវឌ្ឍន៍​រុនតាឯក​។ ក្នុង​អនុក្រឹត្យ​នេះ​បាន​អនុញ្ញាត​ឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា​ជា​អ្នកទទួល​បន្ទុក​រៀបចំ​ប្លង់​អភិវឌ្ឍន៍​តំបន់​នេះ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល ជូន​ដល់​ប្រជាពលរដ្ឋ ដែល​ត្រូវ​ចេញ​ពី​តំបន់​អង្គរ​ទៅ​រស់នៅក្នុង​តំបន់​នោះ អាច​រស់នៅ​បាន​យ៉ាង​សមរម្យ និង​មាន​ការអភិវឌ្ឍ​។

រដ្ឋបាល​ខេត្តសៀមរាប និង​អាជ្ញាធរជាតិ​អប្សរា សង្ឃឹម​ថា ប្រជាពលរដ្ឋ​ទាំង ២១ គ្រួសារ​ នឹង​ទទួលយក​ការដោះស្រាយ​គោលនយោបាយ​ដីឡូត៍ នេះ​ដើម្បី​បញ្ចប់​ការតវ៉ា​ដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​៕

វីដេអូ៖