សៀមរាបៈ ​លោក​ ​ស៊ុន​ ​ចាន់​ថុល​ រដ្ឋ​មន្ត្រី​ក្រ​សួង​សាធារណ​ការ​ ​និង​ដឹក​ជញ្ជូន ​បាន​ថ្លែង​ជា​សាធារណៈ ​នៅ​ថ្ងៃ​នេះ ​ដោយ​បា​ន​អះអាង​ថា ​មិន​មាន​ការ​លើកលែង ​ការ​អនុវត្ត​ច្បាប់​ ​ទៅ​លើ​ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់​នៃ​ច្បាប់​បាន​កំណត់​នោះ​ទេ​ ​ហើយ​ប្រជា​ពលរដ្ឋ​ទាំង​អស់​ត្រូវ​ចូល​រួម​គោរព​ច្បា​ប់​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​។​

ការ​ថ្លែង​ជា​សាធារណៈ ​បែប​នេះ ​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​ក្រោយ​ពីមាន ​ក្រុម​អ្នក​បើក​ឡាន ​និង​ម្ចាស់​ឡាន​ដឹក​ដី ​ដឹក​ខ្សាច់​ប្រមាណ ២០០​ ​នាក់ ​ប្រមូល​ផ្តុំ​គ្នា​តវ៉ា ​កាល​ពី​ថ្ងៃទី ​២០​ កក្កដា ​នៅ​លើ​ផ្លូវ​ ៦០ ម៉ែត្រ​ ជិត​កន្លែង​ថ្លឹង​ជ​ញ្ចាំ​ង​ក្នុង​ក្រុង​តាខ្មៅ ​បន្ទាប់​ពី​ពួក​គេ​មិន​សុខ​ចិត្ត​ចំពោះ​សមត្ថកិច្ច​ ដែល​បាន​អនុវត្ត​ច្បាប់​ដោយ​បាន​ឃាត់​យានយន្ត​ដឹក​លើស​ទម្ងន់​កំណត់​ជាង ​១០០​ គ្រឿង​​យក​មក​រក្សា​ទុក​។​​

លោក ​ចាន់​ថុ​ល​ ថ្លែង​នៅ​ថ្ងៃ​ទី ២១ ​ខែ​កក្កដា ​នៅ​ក្នុង​ខេត្ត​សៀមរាប​ថា៖​ ​«​បើ​ឡាន​ហ្នឹង​ដឹក​លើស​ទម្ងន់​នោះ ​គឺ​ត្រូវ​ផាកពិន័យ​ហើយ​ ត្រូវ​ឃាត់​ឡាន​ទុក ​១​ ឆ្នាំ​។ ​មិន​មែន​ខ្ញុំ ​ស៊ុន​ ចាន់​ថុល ​មិនមែន​ក្រុម​ការងារ​ត្រួតពិនិត្យ​ការដឹក​លើស​ទម្ងន់​កំណត់ ​ចង់​ចាប់​ឡាន​ទុក​ ១ ឆ្នាំ​ទេ​។​ ប៉ុន្តែ​ច្បាប់​ ចែង​មក​អ៊ីចឹង​។​ ​យោង​តាម​ច្បាប់ ​មាត្រា ៦០ ​សូម​អ្នក​ដឹក​ទំនិញ​ធ្ងន់ៗ ​សុំ​អាន​ច្បាប់​ឲ្យ​ច្បាស់ ​ហើយ​ច្បាប់​ហ្នឹង ​អនុវត្ត​គ្រប់​ពេលវេលា ​ទាំង​ថ្ងៃទាំ​ង​យប់​…​ទាំង​ឡាន​អ្នកធំ​ ទាំង​ឡាន​អ្នកតូច​ និយាយ​រួម​ ឲ្យ​តែ​ឡាន​ដឹក​ទំនិញ​លើស​ទម្ងន់​កំណត់​ធ្វើ​ឲ្យ​ផ្លូវ​នោះ​វា​ខូច​។ ​ថ្ងៃនេះ ​សុំ​ផ្ញើ​សារ​ឲ្យ​ច្បាស់​ថា​ ច្បាប់​ជា​ធរមាន​ យើង​ខ្ញុំ​អនុវត្ត តាម​ច្បាប់​រហូត ​លុះ​ត្រា​មាន​វិសោធន​កម្ម​ច្បាប់​ អាហ្នឹង​ទើប​យើង​អនុវត្ត​តាម​ច្បាប់​ថ្មី​»​។​​

លោក ​ស៊ុន ​ចាន់​ថុល ​បាន​ឱ្យ​ដឹង​ថា​ បើ​ក្នុង​ករណី​ដែល​ក្រសួង​អនុញ្ញាត​ឲ្យ​មាន​កា​រដឹក​លើស​ទម្ងន់​កំណត់​នៃច្បាប់​ នោះ​ហានិភ័យ​ ​នឹង​កើត​មាន​ឡើង​ដល់​សង្គម​ជាតិ​ ជា​ពិសេស​ពលរដ្ឋ​ទូទៅ​ដែល​ទទួលរង​គ្រោះ ​បើគិត​ទៅ​លើ​ផល​ប្រយោជន៍ ចំពោះ​ក្រុម​មួយ​ក្តាប់​តូច​ ដែល​បាន​ទទួល​លាភ​សក្ការៈ​៕​​

វីដេអូ៖