​បន្ទាយ​មាន​ជ័យៈ ​មន្រ្ដី​អគ្គនាយដ្ឋាន​ពន្ធនាគារនៃ​ក្រសួង​មហាផ្ទៃ​​បាន​ថ្លែង​នៅថ្ងៃនេះ​ថា មាន​ជន​ជាប់ឃុំ​ ​១ នាក់​ប៉ុណ្ណោះ ​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​ ១៩ ​នៅក្នុង​ពន្ធនាគារ​ខេត្តបន្ទាយ​មានជ័យ ដោយ​សារ​តែជន​ជាប់ឃុំ​រូបនោះ​មាន​ជំងឺ​​សួត​ប្រចាំកាយ​ធ្ងន់​ធ្ងរ​ស្រាប់​។​

លោក​ នុត​ សវនា​ មន្រ្ដីនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​ថ្លែង​ថា​ បច្ចុប្បន្ន​ស្ថាន​ភាព​នៃការ​ឆ្លង​រីករាលដាល​ជំងឺកូវីដ ​១៩ គឺ​អាច​គ្រប់​គ្រង​បាន​ និង​មិន​មាន​ការឆ្លង​រីក​រាល​ដាល​ច្រើន​ដូច​ការ​ផ្សព្វផ្សាយ​បន្ត​គ្នា​នៅលើ​បណ្ដាញ​សង្គម​នោះទេ​។​

លោក​បាន​ថ្លែង​ថា​៖ «ស្លាប់​កាលពីថ្ងៃទី ១៩ ខែកក្កដា​ គឺមាន​តែ​ម្នាក់ទេ​ ដោយ​សារ​តែ​គាត់​មាន​រោគ​ប្រចាំកាយ​ មាន​ជំងឺ​សួត​ធ្ងន់​ធ្ងរ​​»។

លោក ​សវនា ​បាន​បញ្ជាក់ថា​ បច្ចុប្បន្ន​មន្រ្ដី​ជំនាញ​សហការ​ជាមួយ​គ្រូពេទ្យ​បាន​ព្យាបាល​ជន​ជាប់ឃុំ​ដែល​បាន​ឆ្លងជំងឺ​កូវីដ​ ១៩​ នៅ​ក្នុង​ព​ន្ធនាគារ​ ចំណែក​អ្នក​ជំងឺធ្ងន់​ទើប​បញ្ជូន​ទៅ​ព្យាបាល​នៅមន្ទីរ​ពេទ្យ​ ដោយ​អនុវត្ដ​តាម​គោល​នយោបាយ​ថ្នាក់​ជាតិ​។ ​ការ​ផ្ទុះ​រីក​រាល​ដាល​ជំងឺកូវីដ​ ១៩ ចូល​ពន្ធនាគារ​ខេត្ដ​បន្ទាយ​មាន​ជ័យ​បាន​កើតឡើង​កាលពី​អំឡុង ២​ សប្ដាហ៍​មុន​ ហើយនៅ​ក្នុង​ពន្ធនាគារ​នេះ​បច្ចុប្បន្ន​មាន​ជន​ជាប់ឃុំ​សរុប​ចំនួន ​១ ៦៣៣​ នាក់​។​

លោក​ សវនា ​ថ្លែង​ថា​ ត្រឹម​ថ្ងៃទី​ ២១ ខែ​កក្កដា​នេះ​ មាន​ជន​ជាប់ឃុំ​ចំនួន ​៥ នាក់​ បាន​ស្លាប់​ដោយសារ​ជំងឺកូវីដ ​១៩ ​ប៉ុន្ដែ​ជន​ជាប់​ឃុំ​ដែល​ស្លាប់​ សុទ្ធ​តែ​មាន​អាយុ​ច្រើន​ ​និង​មាន​ជំងឺ​ប្រចាំ​កាយ​ធ្ងន់ធ្ងរ​៕​