សៀមរាបៈ ប្រជានេសាទ​នៃ​សហគមន៍​មេជ្រៃ​ជាង​ ៣០០ ​គ្រួសារ​នៅ​ភូមិ​ពាមតាអ៊ួរ ឃុំ​កែវពណ៌ ស្រុក​ពួក ខេត្ត​សៀមរាប​បាននិង​កំពុង​ចូលរួម​ក្នុង​យុទ្ធនា​ការប្រមូល​សំណល់​ប្លាស្ទិក​ចេញពី​ជុំវិញ​ទន្លេសាប​ត្រង់​តំបន់​ដែល​ពួកគាត់​រស់នៅ និង​តាម​លំនៅឋាន​របស់ខ្លួន​ដោយ​រំពឹងថា​នឹង​ច្រកចូល​​ការុង​បាន​ប្រមាណ ២ ០០០ ​ការុង​​មុនពេល​ទឹក​ឡើង​លិច​ដល់​សហគមន៍​ពួកគាត់​។

លោក ស៊ា សុផល ប្រធាន​អង្គការ​មូលនិធិ​ទំពាំង​ស្នងឫស្សី​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៩ កក្កដា ឆ្នាំ​ ២០២១ ថា ដោយសារ​ស្ថានភាព​នៃ​ជំងឺ​កូវីដ​ ១៩ មាន​ការរីករាលដាល​ខ្លាំង​ក្នុង​សហគមន៍ អង្គការ​របស់លោក​មិនអាច​រៀបចំ​យុទ្ធនាការ​ប្រមូល​សំណល់​ប្លាស្ទិក​ប្រចាំឆ្នាំ​ឱ្យបាន​មុន​ទឹកជំនន់​ទន្លេសាប​ឡើង​ ដោយមាន​មនុស្ស​ចូលរួម​ដល់​រាប់ពាន់នាក់​បានទេ​។ ​ក៏ប៉ុន្តែ​សហគមន៍​លិច​ទឹក​ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប​នៅតែ​អាច​ប្រមូល​ប្លាស្ទិក​ក្នុង​សហគមន៍​បាន​។

លោក​បាន​បន្តថា ប្រជាសហគមន៍​បាននិង​កំពុង​ប្រមូល​សំណល់​បាស្ទិក​ដែល​ត្រូវបាន​ទុកចោល និង​សេសសល់​ពេល​ទឹក​ស្រក ដើម្បី​កុំឱ្យ​វា​ហូរ​ចូលក្នុង​បឹង​ទន្លេសាប​វិញ ពីព្រោះ​ថា​នៅពេល​ទឹក​ឡើងមក​​ដល់ ប្រសិនបើ​ពុំបាន​ប្រមូល​នោះទេ ទឹក​វា​នឹង​ទាញយក​សំណល់​ប្លាស្ទិក​ទាំងនោះ ទៅក្នុង​ទន្លេសាប ដែល​អាច​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធ​អេកូឡូស៊ី និង​បំពុល​ប្រព័ន្ធ​ជីវចម្រុះ​ក្នុង​បឹង​ទន្លេសាប​។

លោក ស៊ា សុផល បាន​ថ្លែងថា​៖ «​យុទ្ធនាការ​នេះ​តាម​ការរំពឹងទុក​សហគមន៍​នឹង​ប្រមូល​​សំណល់​ប្លាស្ទិក​បាន​យ៉ាង​​ហោច ២ ០០០ ​ការុង​ដែល​មាន​ទម្ងន់​ប្រមាណ​ ៦-១០ ​តោន​ ត្រឹម​ថ្ងៃ​ ៣០ កក្កដា ឆ្នាំ​ ២០២១​។

ឥឡូវ​ប្រមូល​វេចខ្ចប់​ទុកដាក់​​បាន​ ១ ៦៦៩ ​ការុង​ហើយ​»​។

លោក​បាន​បញ្ជាក់ថា ការប្រមូល​សំណល់​ប្លាស្ទិក​ចេញ​​តំបន់​ជុំវិញ​បឹង​ទន្លេសាប​នៅ​ឆ្នាំនេះ ធ្វើឡើង​ចាប់ពី​ថ្ងៃទី​ ១៥ កក្កដា​ដល់​ថ្ងៃទី​ ៣០ កក្កដា ឆ្នាំ​ ២០២១ ដោយ​វគ្គ​ទី​ ១ ធ្វើឡើង​​នៅ​ថ្ងៃទី​ ១៥ កក្កដា ឆ្នាំ​ ២០២១ សម្រាប់​ ៥០ ​គ្រួសារ​ដំបូង​រៀបចំ​​ដោយ​រដ្ឋបាល​ឃុំ​កែវ​ពណ៌ ស្រុក​​ពួក ខេត្តសៀមរាប ហើយ​ក្រុម​​ផ្សេង​បាននិង​កំពុង​ធ្វើជា​បន្ដបន្ទាប់​។ ​ពលរដ្ឋ​ដែល​ចូលរួម​យុទ្ធនាការ​នេះ​នឹង​ទទួល​អង្ករ និង​សម្ភារ​គ្រឿងឧបភោគ​បរិភោគ​មួយចំនួន​ផ្សេងទៀត​។

លោក សាន ឈឿយ មេឃុំ​កែវពណ៌​បាន​ស្វាគមន៍​ចំពោះ​យុទ្ធនាការ​ប្រមូល​សំណល់​ប្លាស្ទិក​នេះ ព្រោះ​វា​នឹង​ជួយ​ឱ្យ​បរិស្ថាន​នៅ​ជុំវិញ​បឹង​ទន្លេសាប​ស្អាត និង​ជាពិសេស​វា​នឹង​ជួយ​ការពារ​ជីវចម្រុះ​ក្នុង​បឹង​ទន្លេសាប​នេះ​ផងដែរ ។

លោក​បាន​បន្តថា សំណល់​ប្លាស្ទិក​ទាំងនេះ ត្រូវបាន​ប្រើប្រាស់​ដោយ​អ្នកលក់ដូរ អ្នកធ្វើអាជីវកម្ម​ទិញ​បន្លែបង្ការ ដែល​លក់​តាម​ទូក​បណ្តែត​ទឹក និង​មួយទៀត​ប្រើប្រាស់​ដោយ​អ្នកទិញដូរ​ត្រី នៅតាម​បឹង​ទន្លេសាប​នេះ ។

បើតាម​លោក សាន ឈឿយ ទឹក​ទន្លេសាប​បានចាប់ផ្តើម​ឡើង​ខែ​កក្កដា ដល់​ខែកញ្ញា​។ ក្នុងអំឡុង​ពេលនេះ បើ​មិនបាន​ប្រមូល​សំណល់​ប្លាស្ទិក​ទេ វា​នឹង​ធ្វើឱ្យ​បឹង​ទន្លេសាប​គោករាក់ និង​បាត់បង់​អុកស៊ីហ្ស៊ែន​ធ្វើឱ្យ​ឡើង​កម្ដៅ រួមជាមួយ​នឹង​ត្រី​នឹង​ស៊ីសំណល់​នេះ​ចូលទៅក្នុង​ពោះ​របស់​វា ពិសេស​ទៀត​នោះ​នឹង​អាច​ធ្វើឱ្យ​ជាប់​ស្លាបចក្រ​កាណូត​ ឬ​ទូក​ម៉ាស៊ីន ដែល​ធ្វើដំណើរ​ឆ្លងកាត់​។

លោក ឈឿយ បាន​បញ្ជាក់ថា​៖ «​ឥឡូវនេះ​យើង​ប្រមូល​ជា​រៀងរាល់ថ្ងៃ​ដោយ​ថ្ងៃ​ខ្លះ បាន​ ២០ ​ការុង ទៅ​ ៣០ ​ការុង ខ្ញុំ​ក៏​ឱ្យ​​គេ​ដឹកជញ្ជូន​ចេញពី​មាត់ទឹក​​យក​ដាក់​នៅ​កន្លែង​ជង្រុក​ដែល​រៀបចំ​ប្រមាណ​ ៣ ​កន្លែង ហើយ​សំណល់​ប្លាស្ទិក​មាន​ច្រើន​ដោយ​បោះចោល​ពី​ក្រុម​អ្នកធ្វើ​ដំណើរ អ្នកលក់ដូរ និង​អាជីវកម្ម​ត្រី​តាម​ដង​ទន្លេសាប​»​។

លោក ប៊ុង សុខា អ្នក​ដឹកជញ្ជូន​សំណល់​ប្លាស្ទិក​បានឱ្យដឹងថា ពលរដ្ឋ​ប្រមាណ​ជាង​ ៣០០ ​គ្រួសារ​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​ប្រមូល​សំណល់​ប្លាស្ទិក​នេះ​ចេញពី​ក្នុង​ទឹកមាត់​បឹង​​ទន្លេសាប និង​ទីតាំង​ផ្សេងទៀត​យក​ទៅ​ទុក​ក្នុង​ជង្រុក​សំរាម​​ដែល​ត្រូវ​បានរៀបចំ​រួច​។

លោក​ថា​៖ «​ឃុំ​គេ​ឱ្យ​ប្រមូល​ទៅ ហើយ​ពលរដ្ឋ​បាន​ជួយ​​មា្នក់​បន្ដិចៗ​ដើរ​ប្រមូល​នៅតាម​ភក់ តាម​ទឹក និង​ប្រមូល​តាម​កន្លែង​រត់​កាណូត​ជាដើម​។ ​បន្ទាប់ពី​ប្រមូល ហើយ​យើង​ឃើញ​ស្អាត​។ អ៊ីចឹង ពលរដ្ឋ​ចេះតែ​ប្រមូល​ទៅ​»​។

បើតាម លោក ស៊ាន សុផល សំណល់​ប្លាស្ទិក​ដែល​ទុកដាក់​នៅក្នុង​ផ្ទះ​របស់​ពលរដ្ឋ​នឹងត្រូវ​យកមក​កិន​កែច្នៃ​ទៅជា​សម្ភារ​​សំណង់ ដែល​ជា​ប្រភេទ​ឥដ្ឋ​​មាន​គុណភាព​មធ្យម​សម្រាប់​ផ្តល់​ទៅឱ្យ​សហគមន៍​វិញ​ក្នុង ការសាងសង់​សំណង់​សាធារណៈ​ផ្សេង​។ រីឯ​ប្លាស្ទិក​ប្រមូល​ចេញពី​បឹង​ទន្លេសាប​ដែល​ប្រឡាក់​ភក់​នឹងត្រូវ​យក​ទៅ​ឱ្យ​ក្រុមហ៊ុន​ប្រចាំ​នៅ​ខេត្ត​សៀមរាប​ដែលមាន​ច្បាប់​ត្រឹមត្រូវ​ដើម្បី​កែច្នៃ​។ ប៉ុន្តែ​ទៅ​ថ្ងៃ​អនាគត​អង្គការ​របស់លោក​ក៏​នឹង​រៀបចំ​ឱ្យមាន​គម្រោង​នេះ​បន្ថែមទៀត​ផងដែរ​៕

វីដេអូ៖