
គ្រឿងចក្រស្តារប្រឡាយលូ ៥ ពីម្សិលមិញ នៅខណ្ឌមានជ័យ។ ហ៊ាន រង្សី
ភ្នំពេញៈ ដំណើរការនៃការស្តារប្រឡាយលូ ៥ ដែលសម្បូរដោយសំរាម និងភក់នោះ ត្រូវបានបញ្ចប់ការងារស្តារនេះពីម្សិលមិញ ហើយក្រុមការងារក៏កំពុងបូកសរុបលទ្ធផល និងវាយតម្លៃទៅលើបរិមាណនៃសំរាម និងកាកសំណល់ ដែលស្តារចេញនោះ បន្ទាប់ពីបានចាប់ផ្តើមតាំងពីថ្ងៃទី ១៩ មិថុនា ដោយក្រុមការងារអង្គភាពលូទឹក បូមទឹកនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។
លោក ដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹក បូមទឹក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញថ្លែងពីម្សិលមិញថា ប្រឡាយលូ ៥ បានស្តាររួចរាល់ហើយនៅរសៀលថ្ងៃទី ២០ កក្កដា ប៉ុន្តែនៅមិនទាន់បានបូកសរុបលទ្ធផលនៅឡើយទេ។ ទោះយ៉ាងណាលោកថាក្នុងប្រឡាយនេះ ពោរពេញទៅដោយសំរាម និងភក់ ពិសេសកាកអំពៅ ស្មៅ និងចានស្នោដែលប្រជាពលរដ្ឋយកទៅទម្លាក់ចូលក្នុងប្រឡាយ។
លោក ដួង ចាន់សារ៉ាត់ បន្តថា ប្រឡាយលូ ៥ ជាប្រឡាយសំខាន់មួយក្នុងការរំដោះទឹកក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ និងខណ្ឌមានជ័យ ទម្លាក់ទៅប្រឡាយម័ល និងបន្តចុះទៅបឹងជើងឯក រំដោះទឹកកុំឱ្យហូរចូលទៅបឹងទំពន់ ដែលនាំឱ្យហៀរ និងជន់លិចលំនៅឋានប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «យើងរំលែកយកទឹកពីប្រឡាយបារាំងមកខ្លះ ប្រហែល ១ ភាគ ៣ ឱ្យហូរមកប្រឡាយលូ ៥ ដើម្បីបូមចេញមកប្រឡាយម័ល ហើយប្រឡាយម័ល គឺហូរធ្លាក់ទៅបឹងជើងឯក។ ប្រឡាយបារាំងវាហូរពីម្តុំក្រោយពោធិ៍ចិនតុង ធ្លាក់ចូលប្រឡាយស្ទឹងមានជ័យ ហើយបានធ្លាក់មកបឹងទំពន់។ អ៊ីចឹងយើងបំបែកទឹកឱ្យធ្លាក់មកប្រឡាយលូ ៥ ខ្លះ ដើម្បីកាត់បន្ថយការហូរធ្លាក់ទៅបឹងទំពន់»។
បើតាមលោក សារ៉ាត់ ប្រឡាយលូ៥ មានប្រវែងជាង ១ ០០០ ម៉ែត្រ ទទឹងមានទំហំពី ១៥ ទៅ ៣០ ម៉ែត្រ ចាប់ពីផ្លូវវេងស្រេង ដល់ស្ថានីយបូមទឹកលូ៥។ ការដ្ឋានស្តារប្រឡាយនេះបានចាប់ផ្តើមកាលពីថ្ងៃទី ១៩ មិថុនា។ ក្រោយពីស្តារប្រឡាយលូ៥នេះហើយ លោកសង្ឃឹមថានឹងកាត់បន្ថយការលិចលង់ក្នុងរាជធានីភ្នំពេញ។
លោកនិយាយថា៖ «យើងសង្ឃឹមថានឹងកាត់បន្ថយការលិចទឹកបានច្រើន ជាពិសេសតំបន់ត្រពាំងថ្លឹង។ ព្រោះមានមួយចំណែកទឹកហូរមកតាមផ្លូវវេងស្រេង ដែលមានលូសងខាងហូរធ្លាក់មកប្រឡាយលូ ៥ ហ្នឹង។ អ៊ីចឹងវាកាត់បន្ថយការលិចលង់តំបន់ត្រពាំងថ្លឹង ដែលធ្លាប់លិចលង់ខ្លាំងពីមុន។ ជាក់ស្តែងភ្លៀងប៉ុន្មានមេកន្លងមកថ្មីៗឃើញថា វាលែងលិចតំបន់នោះដូចមុនទៀតហើយ»។
ដោយឡែកការស្តារប្រឡាយម័លក្នុងភូមិសាស្ត្រភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមឱ្យដឹងថា ប្រឡាយម័លដែលមានប្រវែងជិត ៣ គីឡូម៉ែត្រត្រូវបានស្តាឡើងវិញសម្រេចបាន ៨០ ភាគរយហើយ និងគ្រោងរួចរាល់នៅខែសីហាដើម្បីរំដោះការលិចលង់ដោយជំនន់ទឹកភ្លៀងនៅរដូវវស្សានេះ។
លោកប្រធានមន្ទីរបានថ្លែងថា៖ «ក្រុមការងារនៃមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ បាននិងកំពុងធ្វើសកម្មភាពស្តារប្រឡាយម័លដើម្បីរំដោះទឹកកុំឱ្យមានការជន់លិច ដោយចាប់ផ្តើមតាំងពីថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២១ មានប្រវែង ២ ៨១៥ ម៉ែត្រ និងទទឹងចាប់ពី ២០ ម៉ែត្រ ទៅ ៣០ ម៉ែត្រ ចាប់ពីស្ថានីយបូមទឹកលូ៥ ដល់ស្ថានីយបូមទឹកបឹងទំពន់»៕
វីដេអូ៖