ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​សា​ធារ​ណ​ការ និង​ដឹក​ជញ្ជូន លោក ស៊ុន ចាន់​ថុល បាន​បញ្ជាក់​ថា វិធានការ​ច្បាប់​ក្នុង​ការដក​ពិន្ទុ​លើប​ណ្ណ​បើកបរ​ចំពោះ​អ្នក​ល្មើសច្បាប់​ចរាចរណ៍នឹងដាក់​ឱ្យអនុវត្ត​ជា​ផ្លូវការ​នៅ​ខែមករា ​ឆ្នាំ ២០២២ ខណៈ​លោក​ក្រើន​រំឭក​ពលរដ្ឋ​ឱ្យចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ដើម្បី​ជា​ប្រយោជន៍​រួម។

នៅក្នុង​ពិធី​បើក​ឱ្យ​ដំណើរ​ការ​ជា​ផ្លូវការ​នូវ​មណ្ឌល​ផ្តល់​សេវាសាធារណៈទី៥ របស់​ក្រសួង​សាធារណការនិង​ដឹក​ជញ្ជូន​នៅ​ផ្សារ​ទំនើប ហេ​រី​ថេ​ក វ៉ក ខេត្តសៀម​រាប ​កាលពី​ថ្ងៃទី ២១ ខែ​កក្កដា​ លោក ស៊ុន ចានថុល រដ្ឋមន្ត្រី​ក្រសួង​សាធា​រណការនិង​ដឹក​ជញ្ជូន​បាន​ថ្លែង​ថា នៅថ្ងៃ​នេះ​លោក​នឹង​រាយ​ការណ៍​ជូន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង ដើម្បី​ពិនិត្យ App ថ្មី ដែល​ជា​កម្មវិធី​សម្រាប់​ដក​ពិន្ទុ​បណ្ណ​បើក​បរ​។

លោក​បាន​ថ្លែង​ថា៖ «ស្អែក​នេះ (ថ្ងៃទី​ ២២) ខ្ញុំ​នឹង​រាយ​ការណ៍​ជូន​ទៅ​សម្តេច​ក្រឡា​ហោម​ ស ខេង ឧបនាយ​ករដ្ឋមន្ត្រីនិង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃនិង​ជា​ប្រធាន​គណៈ​កម្មាធិ​ការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​អំពី​ការដក​ពិន្ទុ​អ្នករំលោភ​ច្បាប់​ចរាច​រណ៍​ត្រូវ​ផាក​ពិន័យ​ហើយ​ត្រូវ​ដក​ពិន្ទុ​ទៀត»។​ «យើ​ងទាំង​អស់គ្នា​​ពេល​មាន​បណ្ណ​បើកបរ​គេ​ឱ្យ ១២​ ពិន្ទុ ប៉ុន្តែ​បើ​យើង​បើកបរ​លើស​ល្បឿន​កំណត់​គេ​ដក​ប៉ុន្មាន​ពិន្ទុ​ទៅ​អ្នកបើក​បរ​អត់​ពាក់​ខ្សែក្រវា​ត់គេ​ផាក​ពិន័យ​ហើយ​គេ​ដក​ពិន្ទុ​ទៀត ដូច្នេះ​ក្រសួង​សា​ធារណ​ការ និង​ដឹក​ជញ្ជូន ​រួម​ជាមួយ​អគ្គ​ស្នង​ការដ្ឋាន​នគរ​បាល​ជាតិ​សហ​ការ​គ្នា​បាន​ល្អ​ណាស់ បាន​ធ្វើ App មួយ​ល្អ​ឥត​ខ្ចោះ​នេះ»​។

លោក​បានគូស​បញ្ជាក់​ថា ប្រសិនបើ​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង ពិនិត្យ និង​ឯក​ភាព​លើ App នោះ ក្រសួង​សាធា​រណ​ការ​នឹង​ចាប់​ផ្តើម​អនុវត្ត​នា​ដើមឆ្នាំ​២០២២​ខាងមុខ​នេះ។លោក​ថា៖ «បើ​សម្តេច ស ខេង ឯកភាព​ហើយ យើង​បញ្ចប់ Appហើយ យើង​ចាប់​ផ្តើម​ផ្សព្វ​ផ្សាយ​អំពី​ការ​ប្រើ​ប្រាស់​និង​បង្រៀន​ដល់​មន្ត្រី​នគរ​បាលហើយ​ថ្ងៃទី ​១ ខែ មករា ឆ្នាំ ២០២២ យើង​នឹង​ការ​អនុវត្ត​ការ​ដក​ពិន្ទុ​ហើយ អ៊ីចឹ​ង​សូម​ប្រុង​ប្រយ័ត្ន​ កុំ​រំលោភ​ច្បាប់»​។

លោក ស៊ុន ចាន់​ថុល បាន​ពន្យល់​ពី​មូល​ហេតុ​ដែល​នាំ​ឱ្យ​មាន​កា​រ​ដកពិន្ទុ​លើ​បណ្ណ​បើកបរ​យ៉ាង​ដូច្នេះ​ថា៖«ហេតុ​ដូច​ម្តេច​បានជា​យើង​មាន​ការដក​ពិន្ទុ ស្រុក​ណា​ក៏មាន​ដក​ពិន្ទុ​ដែរ ដើម្បីឱ្យ​អ្នក​បើកប​រ​នេះ ចេះ​គោរព​ច្បាប់ ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាច​រណ៍ ព្រោះ ១​ ឆ្នាំៗ យើង​ខាត​ ៣៥០ លាន​ដុល្លារ ដោយ​សារ​មាន​គ្រោះ​ថ្នាក់​ចរាច​រណ៍ ប្រជា​ពលរដ្ឋ​ស្លាប់ ខូចខាត​ទ្រព្យ​សម្បត្តិ​រដ្ឋ សម្បត្តិ​ឯក​ជន បង់ថ្លៃ​ពេទ្យ អត់​បាន​ធ្វើការបូក​សរុប​ទៅ យើង​ខាត​ ៣៥០ លាន​ដុល្លារ ក្នុង​ ១ ឆ្នាំ អ៊ីចឹង​យើង​មិន​ចង់បាន​អី​ទេពី​បងប្អូន​ប្រជា​ពលរដ្ឋសូមឱ្យ​ចូលរួម​គោរព​ច្បាប់​ទាំង​អស់​គ្នា»​។

លោក​ស្រី លឹម សុខ​ជា ទីប្រឹក្សា​ជាន់​ខ្ពស់​អង្គការ​សម្ព័ន្ធ​ដើម្បី​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវគោក (CRY) បាន​ថ្លែង​ថា ការដាក់​ឱ្យ​ដំណើរ​ការ​កម្មវិធី​ដក​ពិន្ទុ​បណ្ណ​បើក​បរ​នឹង​រួម​ចំណែក​ដល់​ការ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាច​រណ៍និង​ជួយ​ពង្រឹង​ស្មារតី​ដល់​អ្នក​បើក​បរ​នៅ​តាម​ដងផ្លូវ​សា​ធារណៈ​។

លោកស្រី​បាន​បញ្ជាក់​ថា៖ «ប្រសិនបើ​ឈាន​ដល់​កា​រអនុវត្ត​នៅ​ដើម​ឆ្នាំ​ ២០២២​ វា​ជា​ផ្នែក​មួយ​ជំរុញ​ឱ្យមាន​សុវត្ថិភាព​អ្នក​បើក​បរ ព្រោះ​អ្នក​បើក​បរ​នឹង​ចាប់​ផ្តើម​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បើកបរ​ដោយ​ប្រយ័ត្ន​ប្រ​យែង បើ​គាត់​មាន​កំហុស​គាត់​នឹង​ប្រឈម​ការដក​ពិន្ទុ ឬ​អស់​ពិន្ទុ ហើយ​គាត់​ត្រូវ​ចំណាយ​ពេល​ច្រើន ដើម្បី​រៀនសូត្រ​ឡើង​វិញ ហើយ​អ្នក​ខ្លះ​នឹង​អាច​អស់​ពិន្ទុ​ដោយ​ស្វ័យ​ប្រវត្តិ​អ្នក​ដែល​មាន​កំហុស​ធំដុំ»​។

លោកស្រី​បន្ត​ថា នៅពេល​ច្បាប់​នេះ​ចូល​ជា​ធរមាន​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នឹង​ជួយ​ដាស់​ស្មារតី​ដល់​អ្នក​បើក​បរ​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ខណៈ​ពល​រដ្ឋ​មួយ​ចំនួន​នា​ពេល​បច្ចុប្បន្ន ​ខ្វះ​ការប្រុង​ប្រយ័ត្ន​ទៅ​លើ​ការ​បើកប​រ។

លោ​ក​ស្រីថា៖ «នៅ​បណ្តា​ប្រទេស​ប្រទេស​អា​ស៊ាន យើង​ឃើញ​ថា​កិច្ចការ​នេះ​គេ​អនុវត្ត​រួច​ហើយ ​ចំណែក​ប្រជាព​លរដ្ឋ​យើង​ភាគ​ច្រើន​អត់​សូវ​យក​ចិត្ត​ទុក​ដាក់​លើ​រឿងនេះ​ទេ ភាគ​ច្រើន​នៅលើ​ដងផ្លូវ​ នៅពេល​យើង​មាន​គ្រោះ​ថ្នាក់ យើង​អត់​សូវ​បាន​ឆែក​រក​បណ្ណ​បើកបរ​គាត់ ដូច្នេះ​បើ​គេ​អនុវត្ត​ដក​ពិន្ទុ​បណ្ណ​បើក​បរ នោះ​គាត់​នឹង​បារម្ភ ហើយ​ប្រុង​ប្រយ័ត្ន​ជាង​មុន​»។

ក្រសួង​សា​ធារណ​ការ ​បានឱ្យដឹង​ថា ផ្អែក​តាម​ច្បាប់​ស្តីពី​ចរា​ចរណ៍​ផ្លូវគោក​បាន​កំណត់​ឱ្យ​គ្រប់​បណ្ណ​បើកបរ​ត្រូវ​មាន ពិន្ទុសរុប​១២​ពិន្ទុ ហើយ​ចំនួន​ពិន្ទុ​នេះ ត្រូវ​កាត់​បន្ថយ​ទៅតាម​ស្ថាន​នៃ​ការប្រ​ព្រឹត្ត​បទ​ល្មើស​ចរាចរ​ណ៍ ចាប់ពី ​១ ពិន្ទុ​ ដល់​ ៦ ពិន្ទុ ហើយ​ក្នុងក​រណី​អស់​ពិន្ទុ គឺ​បណ្ណ​បើកបរ​ត្រូវ​ទុកជា​មោ​ឃៈ។ ក្នុងក​រណី អ្នកបើ​កបរចង់បា​នបណ្ណ​បើកបរ​ថ្មី គឺ​ត្រូវ​រៀន​ និង​ប្រឡង​យក​បណ្ណ​បើក​បរ​ឡើង​វិញ​ក្នុង​រយៈ​ពេល​យ៉ាងតិ​ច ៦ ខែ ​គិត​ចាប់ពីថ្ងៃ​ដែល​បណ្ណ​បើកបរ​ត្រូវ​ទុកជា​មោ​ឃៈ​៕