ភ្នំពេញៈ ក្រសួង​សាធារណការ​ និង​ដឹក​ជ​ញ្ចូ​ន បាន​បដិសេធ​ការស្នើ​សុំ​របស់​ក្រុម​អ្នក​ដឹក​ជញ្ជូន​រថយន្ត​ធុន​ធ្ងន់​ ដែល​បាន​ទា​ម​ទារ​រក​ដំណោះ​ដោយ​ផ្ទុយ​នឹង​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្ដីពី​ផ្លូវថ្នល់​ ក្រោយ​ពី​កម្លាំង​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ឃាត់​រថយន្ត​ដឹក​លើស​ទម្ងន់​កំណត់​ជាច្រើន​គ្រឿង​កាល​ពី​ពេល​ថ្មី​នេះ​។​​

យោង​តាម​សេចក្ដី​ប្រកាស​ព័​ត៌​របស់​ក្រសួង​សាធារណការ​ និង​ដឹក​ជ​ញ្ចូ​ន​ ចេញផ្សាយ​នៅ​ថ្ងៃទី​ ២១ ​ខែកក្កដា ​បាន​ឱ្យដឹង​ថា​៖ «​កន្លង​មក គណៈកម្មា​ធិការ​ដឹកនាំ​ការ​ត្រួត​ពិនិត្យ​យានយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​បាន​ធ្វើការ​ផ្សព្វផ្សាយ ​អប់រំ​ណែនាំ ​ច្បាប់ ​លិខិត​បទដ្ឋាន​គតិយុត្ត​ និង​ទុកពេល​វេលា​សមស្រប​មុននឹង​ដាក់ចេញ​នូវ​វិធានការ​តឹងរឹង​តាម​បទ​ប្បញ្ញត្តិ​ច្បាប់​ជា​ធរមាន​ផងដែរ​»​។​​

កាល​ពី​ថ្ងៃទី​ ២០ ​ខែកក្កដា​ អ្នក​បើក​ឡាន​ និង​ម្ចាស់​ឡាន​ដឹក​ដី ដឹក​ខ្សាច់​ប្រមាណ ​២០០​ នាក់​ បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា ស្នើសុំ​ដំឡើង​ទម្ងន់​ឬ​ដឹក​ជញ្ជូន​លើស​ទម្ងន់​ក្នុង​ចន្លោះ​ចាប់ពី​ ៩ ​តោន​ ទៅ​ ១៥ ​តោន​ តាម​ប្រភេទ​រថយន្ត​ធុន​ធ្ងន់ ​បន្ថែម​ពីលើ​ទម្ងន់​នៃ​ច្បាប់​បាន​កំណត់​។​ ស្នើសុំ​ត្រឹម​ផាក​ពិន័យ​ដោយ​មិនចាំបាច់​ឃាត់ទុក​រថយន្ត​មួយឆ្នាំ​ក្នុងករណី​ផ្ទុក​ទម្ងន់​លើសពី​ ២០​ ភាគរយ​ឡើងទៅ ​និង​ស្នើសុំ​ផ្ដល់​រថយន្ត​ដែល​បាន​ឃាត់ទុក​កន្លង​មក​ ​ឱ្យមក​ម្ចាស់​ក្រុមហ៊ុន​ឬ​ម្ចាស់​រថយន្ត​វិញ ដោយ​គ្រាន់តែ​ធ្វើការ​ផាក​ពិន័យ​និង​មិនចាំបាច់​ឃាត់ទុក​រថយន្តបន្ត​ទៀត​។​

ទោះយ៉ាង​ណា​ក៏ដោយ ​លោក ​ស៊ុន ​ចាន់​ថុល ​រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន ​បាន​ថ្លែង​ក្នុង​ឱកាស​បើក​ឱ្យ​ដំណើរការ​ជា​ផ្លូវ​ជាការ មណ្ឌល​ផ្តល់​សេវាសាធារណៈ​នៅ​ខេត្តសៀមរាប ​នៅ​ថ្ងៃទី ​២១ ​កក្កដា​ថា ​ការ​អនុវត្ត​ច្បាប់​ ស្តីពី​ការផាក​ពិន័យ ​និង​ឃាត់​យានយន្ត​លើស​ទម្ងន់​កំណត់​ នៅតែ​បន្ត​អនុវត្ត​ដោយ​គ្មាន​ការ​លើក​លែង ​ដរាប​ណាច្បាប់​មិន​ទាន់​ត្រូវបាន​ធ្វើ​វិសោធន​កម្ម ​ឲ្យ​អនុវត្ត​វិធាន​ការ​ថ្មី​។​

លោកថ្លែង​ដោយ​យោង​តាម​ច្បាប់​ថា​៖ «​មាត្រា ​៦០ ​សូម​អ្នក​ដឹក​ទំនិញ​ធ្ងន់ៗ ​សុំ​អាន​ច្បាប់​ឲ្យ​ច្បាស់ ​ហើយ​ច្បាប់​ហ្នឹង​ អនុវត្ត​គ្រប់ពេល​វេលា ទាំង​ថ្ងៃ​ទាំងយប់​​…​ទាំង​ឡាន​អ្នកធំ​ ​ទាំង​ឡាន​អ្នក​តូច​ និយាយ​រួម ឲ្យ​តែ​ឡាន​ដឹក​ទំនិញ​ លើស​ទម្ងន់​កំណត់​ធ្វើ​ឲ្យ​ផ្លូវ​នោះ​វា​ខូច​។​ ថ្ងៃនេះ​ សុំ​ផ្ញើ​សារ​ឲ្យ​ច្បាស់​ថា​ ​ច្បាប់​ជា​ធរមាន ​យើង​ខ្ញុំ​អនុវត្ត ​តាម​ច្បាប់​រហូត ​លុះត្រា​មាន​វិសោធ​នកម្ម​ច្បាប់​ អាហ្នឹង​ទើប​យើង​អនុវត្ត​តាមច្បាប់​ថ្មី​»​។​

លោក ​ស៊ុន​ ​ចាន់​ថុល​ ​បញ្ចា​ក់​ថា​ បើ​ក្នុង​ករណី​ដែល​ក្រសួង​អនុញ្ញាត​ឲ្យ​ពលរដ្ឋ អាច​ដឹក​លើស​ទម្ងន់​កំណត់​បាន នោះ​ហានិភ័យ ​នឹង​កើតមាន​ឡើង​ដល់​សង្គម​ជាតិ ​ជាពិសេស ​ពលរដ្ឋ​ទូទៅ​ដែល​ទទួលរង​គ្រោះ ​ប៉ុន្តែ​ផល​ប្រយោជន៍​ គឺ​បានតែ​ទៅលើ​ក្រុម​មួយ​ក្តាប់​តូច​ដែល​បាន​ទទួល​លាភ​សក្ការៈ​។​​

លោក​ថ្លែង​ថា​៖ «​ប្រព័ន្ធ​ហេដ្ឋារចនា​សម្ព័ន្ធ​នេះ អា​ច​ខូចខាត​វិញ​ បើ​យើង​មិន​ចូលរួម​ បើ​មនុស្ស​មួយក្រុម​តូច​រំលោភ​ច្បាប់​ ដឹក​ទំនិញ​លើស​ទម្ងន់​កំណត់​ ​ខូច​ប្រយោជន៍​ ​១៦ ​លាន​នាក់​ទៀត​។​ ចឹ​ង​សុំ​ឲ្យ​អ្នក​បើកឡាន​ដឹក​ទំនិញ​នេះ​ គោរព​ច្បាប់​។​ យើងខ្ញុំ​នៅតែ​បន្ត​អនុវត្ត​ច្បាប់​»​។​

លោក ​ស៊ុន​ ​ចាន់​ថុល​ បាន​ណែនាំ​ទៅដល់​អ្នក​បើកបរ​ឡាន​ទាំងអស់​ថា បើ​ក្នុង​ករណី​មិន​ចង់​ឲ្យ​មានការ​ផាក​ពិន័យ ឬ​ដកហូត​យាន​យ​ន្ត​រក្សាទុក​មួយ​ ១ ឆ្នាំ ​ម្ចាស់​យាន​យន្ត​ទាំងអស់​សុំ​ដឹក​កុំ​ឲ្យ​លើស​ពី ​២០​ ភាគ​រយ​នៃ​ចំនួន​ដែល​បាន​កំណត់​ដោយ​ច្បាប់​។​

សេចក្ដីប្រកាសព័ត៌មាន បាន​បញ្ជាក់​ថា​៖ ​«​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​សង្ឃឹម​ជឿជាក់​ថា ​ម្ចាស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន ​ម្ចាស់​រថយន្ត​ធុន​ធ្ងន់ ឬ​អ្នក​បើកបរ និង​សាធារណជន​ទាំងអស់​… និង​ចូលរួម​អនុវត្ត​ច្បាប់​ឱ្យបាន​ត្រឹមត្រូវ​ តម្លា​ភាព​ សុ​ច្ចរិតភាព​ និង​ប្រកប​ដោយ​ស្មារតី​ទទួលខុស​ត្រូវ​ទាំង​អស់​គ្នា​»​។​​​

លោក ​តិច​ ជា​អ្នក​បើក​រថយន្ត​ធំ​មួយ​រូប ​ក្នុង​រាជធានី​ភ្នំពេញ ​បាន​និយាយ​ ដោយ​អះអាង​ថា​ នឹង​ចូល​រួម​ អនុវត្ត​ច្បាប់​ បើសិន​ជា​មន្ត្រី​អនុវត្ត​ច្បាប់​ ​អនុវត្ត​ដោយ​ស្មើភាព​គ្នា​។​

លោក ​តិច​ ថ្លែង​ថា​៖ «​​កន្លង​ទៅ​ ខ្ញុំ​ឃើញ​គេ​ធ្វើ​មិន​ស្មើភាព​ទេ​ យើង​ធ្វើ​ឲ្យ​ស្មើភាព​គ្នា​ទាំងអស់​ទៅ​ថា​ ទ្រុង​កម្ពស់​ណា ឆៀក​ឲ្យ​ជាប់​ដូចគ្នា​ទាំង​អស់​គ្នា​ទៅ ​​កុំ​ឲ្យ​ឆៀក​ផ្សេង​ទៅ ​ដល់​ចុះ​ចាប់ ​ចាប់​ផ្សឹ​ង​ទៅ ​ចឹ​ង​ពិបាក​ទទួល​យក​ណាស់​»​។​​

លោក ​គង់​ សុវណ្ណ ​អ្នក​ជំនាញ​សុខភាព​សាធារណៈ ​និង​ជា​នាយក​កម្មវិធី​មូលនិធិ​សុវត្ថិភាព​អន្តរជាតិ ​បាន​គាំទ្រ​ចំពោះ​ការ​សម្រេច ​និង​ការ​អនុវត្ត​ទាំងឡាយ​ណា​ដែល​ស្របទៅ​តាម​ច្បាប់ ​ប្រកប​ដោយ​តម្លាភាព ​និង​ប្រសិទ្ធភាព​។​

លោកថ្លែង​ថា​៖ «​ការអនុវត្ត​ច្បាប់ គឺ​មិន​អាចមាន​ការតវ៉ា​បាន​នោះទេ ​ ​បើសិន​ជា​ក្នុងករណី​ ច្បាប់​ បា​ន​ធ្វើការ​ផ្សព្វផ្សាយ ​និង​អនុវត្ត​បាន​ទូលំ​ទូលាយ​រួចមក​ហើយ​។ ​ក្នុងករណី​ដែល​យើង​មិនទាន់​បាន​អប់រំ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ នោះ​គឺ​ទាម​ទារ​ឲ្យ​មានការ​អប់រំ​ផ្សព្វផ្សាយ​ជាមុន​បន្តទៀត​ឲ្យ​បាន​ទូលំទូលាយ​។ ​ដូច្នេះ​បើ​យន្តការ​អនុវត្តបាន​ផ្សព្វ​ផ្សាយ​បាន​ទូលំទូលាយ​ហើយ គឺ​ត្រូវតែ​អនុវត្ត​។ (​ពេល​អនុវត្ត​)​ វា​ច្បាស់​ជា​ប៉ះ​ហើយ​ គឺ​ប៉ះ​ក្នុង​រយៈពេល​ខ្លី តែ​តទៅ​មុខ​គឺ​យើង​នឹង​ក្លាយ​ទៅជា​ប្រទេស​មួយ ​ពលរដ្ឋ​បាន​យល់ដឹង​ និង​ចូលរួម​គោរព​ច្បាប់ ​និង​ជា​ប្រទេស​មួយ​មាន​សុវត្ថិ​ភាព​លើ​ដង​ផ្លូវ​»​៕​