ភ្នំពេញៈ ក្រសួង​កសិកម្ម​ប្តេជ្ញា ​ធ្វើយ៉ាង​ណា​រក្សា​ឱ្យបាន​និរន្តរភាព​ប្រព័ន្ធ​ស្បៀង​នៅ​ឆ្នាំ ២០៣០ ​ដោយបាន​កំណត់​ចក្ខុវិស័យ​ប្រែក្លាយ​កសិកម្ម​កម្ពុជា​ ជា​កសិកម្ម​ទំនើប​ដែល​មាន​លក្ខណៈ​ប្រកួត​ប្រជែង ​បរិយាប័ន្ន ​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ ​និង​និរន្តរភាព​ បង្កើន​ប្រាក់​ចំណូល ​វិបុលភាព​ និង​សុខុមាល​ភាព។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ​រុក្ខាប្រមាញ់ ​និង​នេសាទ ​លោក ​វេង សាខុន ​តាមរយៈ​ហ្វេសប៊ុក​នៅថ្ងៃ​ទី ២១ ​កក្កដានេះ ​បានបង្ហាញ​ការប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ ​ធ្វើ​យ៉ាង​ណា​រក្សាឱ្យ​បាន​និរន្តរភាព​ប្រព័ន្ធ​ស្បៀង​នៅ​ឆ្នាំ ២០៣០ ​ដោយបាន​កំណត់​ចក្ខុវិស័យ​ប្រែក្លាយ ​កសិកម្ម​កម្ពុជា ​ជាកសិកម្ម​ទំនើប​ដែល​មាន​លក្ខណៈ​ប្រកួត​ប្រជែង​ បរិយាប័ន្ន ​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ ​និង​និរន្តរភាព ​បង្កើន​ប្រាក់​ចំណូល​ វិបុលភាព ​និង​សុខុ​មាល​ភាព។ បង្កើន​ប្រសិទ្ធភាព​នៃ​ការកាត់​បន្ថយ​រហោស្ថាន​កម្ម ​ការគ្រប់​គ្រង​ដី ​ធនធាន​ព្រៃឈើ ​និង​ជលផល​ប្រកប​ដោយ​ចីរភាព ​និង​ភាតរ​បរិស្ថាន។

លោក​រដ្ឋមន្ត្រី​សរសេរ​លើ​ហ្វេសប៊ុក​ថា​៖ «វិស័យ​កសិកម្ម​កម្ពុជា ​មាន​សក្តានុពល ​និង​កាលានុវត្តភាព​សម្រាប់​ធ្វើការ​អភិវឌ្ឍ ​លក្ខណៈ​ភូមិ​សាស្រ្ត​អំណោយ​ផល ​ស្ថានភាព​ទីផ្សារ​កសិផល​ក្នុង​ស្រុក ​ក្នុង​តំបន់ ​និង​អន្តរជាតិ​កំពុង​មាន​ការកើន​ឡើង ​បរិយាកាស​វិនិយោគ ​ការផ្លាស់ប្តូរ​ឥរិយាបថ​របស់​កសិករ​ទៅជា​កសិពាណិជ្ជករ​ប្រកប​ដោយ​ភាពវៃឆ្លាត​ក្នុង​បរិបទ​នៃ​បច្ចេកវិទ្យា​ឌីជីថល ​ធានាបាន​ការផ្គត់​ផ្គង់​ទាំង​បរិមាណ ​គុណភាព​ សុវត្ថិភាព ​និង​ការប្រកួត​ប្រជែង​ការកែច្នៃ​វេច​ខ្ចប់»។

លោក​រដ្ឋមន្ត្រី​បានបង្ហាញ​ពី​ទស្សន​គាំទ្រ​លើ​សេចក្ដី​ព្រាង​ផែនទី​បង្ហាញ​ផ្លូវ​ស្តីពី​ប្រព័ន្ធ​ស្បៀង​ប្រកប​ដោយ​ចីរភាព​ សម្រាប់​ប្រទេស​កម្ពុជា ​ត្រឹម​ឆ្នាំ ២០៣០។ ក្នុង​គោល​បំណង​ពង្រឹង​ប្រព័ន្ធ​ស្បៀង​នៅ​កម្ពុជា​កាន់តែ​ប្រសើរ​ឡើង ​ក៏បាន​ផ្តល់​អនុសាសន៍​មួយចំនួន​ឲ្យ​ក្រុម​ការងារ​ក្រសួង​រួមគ្នា​អនុវត្ត​គោល​នយោ​បាយ​អភិវឌ្ឍន៍​កសិកម្ម​ឆ្នាំ​ ២០២១-២០៣០។ បន្ត​ជំរុញ​ការអនុវត្ត​កសិកម្ម​ល្អ ​“GAP” ​បង្កើត​កសិដ្ឋាន​ GAP/​សហគមន៍​កសិកម្ម ​GAP ​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា។

​ជាមួយ​គ្នានោះ ​ត្រូវ​បង្កើន​ផលិតភាព ​ការកែច្នៃ​កសិផល ​ការប្រើប្រាស់​បច្ចេកវិទ្យា​បៃតង ​បច្ចេកវិទ្យា​វៃឆ្លាត​នឹង​អាកាសធាតុ ​បង្កើន​ផលិតភាព​ និង​ប្រសិទ្ធភាព​ប្រើប្រាស់​ធនធាន​ដី ​ទឹក ​និង​ធនធាន​សេនេទិក ​និង​ការផ្តល់​សេវា​ផ្សព្វ​ផ្សាយ​និង​ប្រឹក្សា​បច្ចេកទេស​កសិកម្ម​ទំនើប។

លោក​ថ្លែងថា​៖ «បង្កើន​ការកសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​គាំទ្រ​កសិកម្ម ​(ទឹក ​ផ្លូវ​ ភ្លើង ​និង​ហិរញ្ញវត្ថុ) ​និង​បង្កើន​ឥណទាន​កសិកម្ម​ ដែល​មាន​ការប្រាក់​ទាប ​ព្រម​ទាំង​គិតគូរ​អំពី​សន្តិសុខ​ស្បៀង​សម្រាប់​កសិករ​ដែល​ងាយ​ទទួល​ការរងគ្រោះ ​កសិករ​ដែលមាន​ផ្ទៃ​ដី​តូច»។

លោក​រដ្ឋមន្ត្រី​បន្ថែមថា ​ត្រូវធ្វើ​សកម្មភាព​រួមគ្នា ​ដើម្បី​ធានា​និរន្តរភាព​ប្រព័ន្ធ​ស្បៀង​អាហារ ​និង​ប្រព័ន្ធ​ផ្គត់ផ្គង់​ស្បៀង​អាហារ ​នៅក្នុង​ពិភពលោក​ ក្នុង​តំបន់ ​និង​ប្រទេស​នីមួយៗ។ បន្ទូរបន្ថយ​នូវ​របាំង​បច្ចេកទេស ​និង​លក្ខខណ្ឌ​តម្រូវ​នានា ​និង​កសិ​ធុរកិច្ច​ស្បៀង​អាហារ ​ដោយ​អនុវត្ត​នូវ​ទស្សន​ទាន​“ការផ្គត់​ផ្គង់​ស្បៀង​អាហារ​គ្មាន​ព្រំដែន ​(Food supply Without border)” ​ព្រមទាំង​បង្កើត​ឱ្យ​មានការ​ស្តុក​ស្បៀង​អាហារ ​និង​ប្រព័ន្ធ​ស្បៀង​បម្រុង​ជាសកល ​ទាំង​ក្នុង​តំបន់ ​ក្នុង​ប្រទេស ​តាម​សហគមន៍ ​និង​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មាន​សន្តិសុខ​ស្បៀង​អាហារ។

លោក​ថ្លែងថា​៖ «ត្រូ​វសហការ​អនុវត្ត ​និង​គិតគូរ​ប្រើប្រាស់​ស្បៀងអាហារ​វៃឆ្លាត​នៅពេល​អនាគត ​(Future Smart Food) ​ដោយ​ពិនិត្យ​ផលិត​ផល​ដែល​មាន​អាហារូបត្ថម្ភ​ខ្ពស់​ដូចជា​សណ្តែក ​បន្លែ​ស្លឹក​ខៀវ​ ផែ្ល ​និង​មើម ​ផ្លែឈើ​សំខាន់ៗ ​សាច់​ ត្រី​ ស៊ុត ​ទឹក​ដោះគោ ​និង​អនុផល​ព្រៃឈើ​ ដែល​មាន​នៅ​តាម​មូលដ្ឋាន​ជា​ដើម»៕