ភ្នំពេញៈ មន្ត្រី​អនុវត្ត​ច្បាប់​របស់​កម្ពុជា​ជាច្រើនរូប​បាន​ទទួល​វគ្គ​បណ្តុះបណ្តាល​លើ​គម្រោង​ថ្មី ហៅថា In-Country Training Programme (ICTP) ដោយ​ក្តោប​វិសាលភាព​ក្នុង​ប្រទេស​មួយចំនួន នៅក្នុង​តំបន់​អាស៊ី​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​អាវុធ​ធុន​តូច និង​ធុន​ស្រាល​។

វគ្គ​បណ្តុះបណ្តាល ដែល​មាន​ឈ្មោះថា ការបញ្ជ្រាប​យេនឌ័រ​លើ​ការគ្រប់គ្រង​អាវុធ​ធុន​តូច​ត្រូវ​បាន​ធ្វើឡើង​តាម​ប្រព័ន្ធ​អនឡាញ និង​មាន​រយៈពេល ៤ ថ្ងៃ គឺ​ថ្ងៃទី ៨, ៩, ១៩ និង​ទី​ ២០ ក្នុង​ខែកក្កដា ឆ្នាំ​ ២០២១​។

វគ្គបណ្តុះបណ្តាល​នេះ ត្រូវបាន​រៀបចំ​ឡើង​ក្រោម​ការសម្របសម្រួល​ពី​អង្គការ United Nations Regional Centre for Peace និង Disarmament in Asia and the Pacific (UNRCPD) និង​ស្ថិតក្រោម​ការគាំទ្រ​ហិរញ្ញវត្ថុ​ពី​សហភាព​អឺរ៉ុប EU​។

ក្រសួង​មហាផ្ទៃ​បញ្ជាក់ថា​៖ «​ចំពោះ​សមាសភាព​ចូលរួម​យើង​មាន​មន្ត្រី​អនុវត្ត​ច្បាប់ និង​ថ្នាក់ដឹកនាំ​ជា​ស្ត្រី​មកពី​បណ្តា​អង្គភាព​ពាក់ព័ន្ធ ដូចជា អង្គភាព​គ្រប់គ្រង​អាវុធជាតិផ្ទុះ អង្គភាព​ប្រឆាំង​ការជួញដូរ​មនុស្ស គណៈកម្មការ​ជាតិ​ប្រឆាំង​ទារុណកម្ម និង​ក្រុមការងារ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន SOMTC-កម្ពុជា​»​។

ក្នុង​ឱកាស​អញ្ជើញ​ចូលរួម​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​នៅ​ថ្ងៃទី​ ២០ កក្កដា លោក ប៉ោ ភក្តិ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុម​ការងារ​ទទួលបន្ទុក​ឧក្រិដ្ឋកម្ម​ឆ្លងដែន​កម្ពុជា (SO-MTC) ​បាន​លើកឡើងថា វគ្គ​បណ្តុះបណ្តាល​នេះ​បាន​ចូលរួមចំណែក​ក្នុង​ការពង្រឹង​សមត្ថភាព​សិក្ខាកាម ជា​មន្ត្រី​អនុវត្ត​ច្បាប់​ក្នុង​ការបំពេញ​ការងារ​របស់ខ្លួន កាន់តែ​ទទួល​បាន​ប្រសិទ្ធភាព​លើ​ការគ្រប់គ្រង​អាវុធ​ធុន​តូច និង​ធុន​ស្រាល​។

លោក​បន្តថា​៖ «​ជាពិសេស​នោះ ការយកចិត្ត​ទុកដាក់​បញ្ជ្រាប​ការយល់ដឹង និង​លើកកម្ពស់​ការចូលរួម​របស់​ស្ត្រី​នៅក្នុង​កិច្ចការ​នេះ​សំដៅ​ធ្វើយ៉ាងណា សម្រេច​បាន​នូវ​គោលដៅ​រួមមួយ គឺ​ការកាត់បន្ថយ​គ្រោះថ្នាក់ និង​បទល្មើស​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​អាវុធ​ធុន​តូច និង​ធុន​ស្រាល​»​។

លោក ផាត សុផានិត អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ២១ កក្កដា​ថា វគ្គ​បណ្តុះបណ្តាល​នេះ​ពុំមែន​ជា​វគ្គ​ថ្មី​ទើប​បង្កើតឡើង​នោះទេ​។ ពោលគឺ UNCRPD បានផ្តល់​វគ្គ​បណ្តុះបណ្តាល​បែបនេះ​ជាច្រើន​ឆ្នាំ​មកហើយ ជូន​ដល់​មន្ត្រី​អនុវត្ត​ច្បាប់​របស់​កម្ពុជា នៅតាម​បណ្តា​ស្ថាប័ន​នានា​នៃ​រាជរដ្ឋាភិបាល​។

លោក​បន្ថែមថា​៖ «​អ្វី​ដែលជា​ចំណុច​ថ្មី​បន្ថែម នៅក្នុង​វគ្គ​នេះ​គឺ បច្ចុប្បន្ន UNCRPD បាន​និង​កំពុង​ដំណើរការ​គម្រោង​ថ្មី​របស់ខ្លួន​ហៅថា In-Country Training Programme (ICTP) ដែល​ក្តោប​វិសាលភាព​ក្នុង​ប្រទេស​មួយចំនួន​ផងដែរ​នៅក្នុង​តំបន់​អាស៊ី​»​។

ក្រៅពី​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ដូច​សព្វដង លោក​បាន​បន្តថា គម្រោង​វគ្គ​បណ្តុះបណ្តាល​ថ្មី​នេះ គឺ​មាន​ការបញ្ចូល​បន្ថែម និង​ផ្តោត​ការយកចិត្ត​ទុកដាក់​ក្នុង​ការលើក​ទឹកចិត្ត​ការចូលរួម​របស់​ស្ត្រី (​ឬ​ហៅថា gender inclusive approach) ទៅលើ​ការងារ​គ្រប់គ្រង​អាវុធ​ធុន​តូច និង​ធុន​ស្រាល​ទាំង​លើ​ការងារ​រៀបចំ​គោលនយោបាយ និង​អនុវត្ត​ច្បាប់​ជាក់ស្តែង ដែល​ចំណុច​នេះ​ក៏​ស្របទៅនឹង​យុទ្ធសាស្ត្រ​លើកកម្ពស់​សមភាព​យេនឌ័រ​, SDG16, និង​ផែនការ​យុទ្ធសាស្ត្រ​ក្នុង​ក្របខ័ណ្ឌ UN និង​ក្របខ័ណ្ឌ​ជាតិ ពាក់ព័ន្ធ​មួយចំនួន​ទៀត​ផងដែរ​។

លោក ផាត សុផានិត បាន​គូសបញ្ជាក់​ថា​៖ «​ជារួម សិក្ខាកាម​របស់​យើង​មានការ​ចាប់​អារម្មណ៍​លើ​គំនិត​ផ្តួចផ្តើម​ថ្មី​នេះ និង​ប្តេជ្ញា​ខិតខំ​យក​នូវ​ចំណេះដឹង និង​បទពិសោធ​ពី​វគ្គបណ្តុះបណ្តាល​នេះ​ទៅ​អនុវត្ត​ដើម្បី​បង្កើន​ប្រសិទ្ធភាព តាម​ស្ថានភាព​ជាក់ស្តែង​នៃ​បរិបទ​ការងារ​រៀងៗ​ខ្លួន ហើយ​ក៏បាន​សំណូមពរ​ឱ្យមាន​វគ្គ​បែបនេះ​បន្ថែមទៀត នាពេល​អនាគត ដើម្បី​កៀរគរ​ការចូលរួម​របស់​ស្ត្រី​ឱ្យបាន​កាន់តែ​ច្រើនឡើង​»៕