ភ្នំពេញៈ ​មន្ត្រី​សាលា​រាជធានីភ្នំពេញ​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​ដែលមាន​សមាជិក​ស្លាប់​​ ដោយសារ​កូវីដ​ ១៩ ​ត្រូវ​សហការ​​ជាមួយ​អាជ្ញាធរ​ និង​ត្រូវ​ជឿជាក់​ថា សាកសព​ត្រូវបាន​បូជា​យ៉ាង​ត្រឹមត្រូវ​ផងដែរ ខណៈ​រហូត​មកទល់ពេលនេះ​មាន​សាកសព​ជាង​ ៨០០ ត្រូវបាន​បូជា​រួចរាល់ និង​មិនមាន​ការបាត់បង់​អដ្ឋិធាតុ​របស់​សព​ណាមួយ​ឡើយ​។

ការអំពាវនាវ​ដូចនេះ​ធ្វើឡើង​ បន្ទាប់ពី​មាន​គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ ឥន្ទ្រី​ចិត្ត​ស្មោះ បាន​បង្ហោះ​សារ​ចោទថា បាន​បាត់​សាកសព និង​មិនមាន​មន្ត្រី​ណាមួយ​បញ្ជាក់​ពី​ករណី​នេះ​។

គណនី​ហ្វេសប៊ុក​នេះ​បាន​សរសេរ​កាលពី​ថ្ងៃ​ទី​ ១៨ កក្កដា ថា៖ «​ប្អូនថ្លៃ​របស់ខ្ញុំ​បាន​ស្លាប់​ ដោយ​ជំងឺ​កូវីដ​នៅ​មន្ទីរ​ពេទ្យរុស្ស៊ី​កាលពី​ថ្ងៃទី​ ៣០ ខែមិថុនា រហូតមកដល់​ថ្ងៃទី​ ១៨ ខែកក្កដា នៅ​ពុំទាន់​ឃើញ​សព​ត្រូវ​បូជា​រួចរាល់​ឬ​នៅ​នោះទេ​។ សួរ​ខាង​ពេទ្យ​គេ​ថា​គ្មាន​ពេល​រក​សព​ទេ​។ តើ​សព​អ្នក​កើត​កូវីដ​ម្នាក់​ត្រូវ​ប្រើ​រយៈពេល​ប៉ុន្មាន​ខែ​ទើប​បូជា​បាន​?»​។

ជា​ការឆ្លើយតប លោក កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​រសៀល​ថ្ងៃទី​ ២០ ខែកក្កដាថា ករណីនេះ​ត្រូវ​បាន​ដោះស្រាយ​រួចរាល់​ហើយ ហើយ​សាកសព​អ្នកស្លាប់​នោះ​ក៏​មិន​បាន​បាត់​ទៅណា​ដែរ​។

លោក​បាន​ប្រាប់ថា​៖ «​ករណី​ដែល​​មាន​ការបង្ហោះ​ហ្វេសប៊ុក​ហ្នឹង បាន​លុបចោល និង​បាន​សុំទោស​អាជ្ញាធរ​រួចរាល់​ផងដែរ​។ គាត់​ខុស​ដោយសារ​គាត់​បាន​ទាក់ទង​ខុស​យន្តការ​ទៅ​ក្រសួង​សុខាភិបាល ប៉ុន្តែ​មិនមាន​​ការឆ្លើយតប​។ សព​បងប្អូន​របស់​​គាត់​បាន​បូជា​រួចរាល់​ហើយ ហើយ​​ពួកគាត់​ក៏​ទទួលបាន​ធាតុ​របស់​សព​រួចហើយ​ដែរ​»​។

លោក កើត ឆែ បាន​ប្រាប់ទៀត​ថា នៅពេល​មាន​ករណី​ស្លាប់​ច្រើន សព​របស់​អ្នកមាន​ជំងឺ​កូវីដ​មាន​ច្រើន ដូចនេះ​សព​ទាំងនោះ​ត្រូវ​បាន​វេចខ្ចប់​ដាក់​ក្នុង​ទូក្លាស្សេ ហើយ​សព​គឺ​ត្រូវ​បូជា​តាម​លេខ​រៀង មិនមែន​បូជា​តាមចិត្ត​នោះទេ​។

លោក​បាន​បញ្ជាក់ថា​៖ «​ធាតុ​របស់​​សព​គឺ​ត្រូវបាន​រៀបចំ​យ៉ាង​ត្រឹមត្រូវ​​មាន​ឈ្មោះ​របស់​សាកសព និង​បាន​តម្កល់ទុក​នៅ​នឹង​វត្ត​ដែល​បាន​បូជា ប៉ុន្តែ​សាមីខ្លួន​ដែល​ជា​សមាជិក​សាកសព​មិនបាន​ទាក់ទង​អនុគណៈកម្មការ​គ្រប់គ្រង និង​ចាត់ចែង​សាកសព​​អ្នកជំងឺ​កូវីដ​ ១៩ តែ​បែរជា​ទាក់ទង​ទៅ​ក្រសួង​សុខាភិបាល​ដែល​មិនត្រូវ​នឹង​យន្តការ​នេះឡើយ​»​។

លោក​អភិបាលរង​រូបនេះ​បាន​បន្ថែមថា​៖ «​អ្នក​ឆ្លង​វីរុស​កូវីដ​ ១៩ ​មាន​ច្រើន ហើយ​ក្រុមមន្ត្រី និង​គ្រូពេទ្យ​ក៏មាន​កម្រិត និង​មាន​ការងារ​ច្រើន​។ ដូចនេះ ខ្ញុំ​សុំឱ្យ​ប្រជាពលរដ្ឋ​ត្រូវធ្វើ​ការសហការ​ និង​ចូលរួម​ជាមួយនឹង​យើង​»​។

លោក កើត ឆែ បានឱ្យ​ដឹង​ទៀតថា សាលា​រាជធានី​ភ្នំពេញ​បាននិង​កំពុង​រៀបចំ​ធ្វើ​ឈាបនដ្ឋាន​បន្ថែម ហើយ​ពេល​មាន​កន្លែង​បូជាសព​គ្រប់គ្រាន់ គឺ​ការបូជាសព​នឹង​ធ្វើ​ទៅដោយ​រលូន មិន​នៅសល់​សព​យូរ​ទៀត​នោះទេ​។

លោក​ថា​៖ «​ខ្ញុំ​សុំឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​សហការ​ជាមួយ​នឹង​អាជ្ញាធរ និង​មន្ត្រី​សុខាភិបាល​ដោយសារ​ករណី​កូវីដ នេះ​គឺជា​រឿង​មួយ​ដែល​ពិភពលោក គ្រប់​ប្រទេស​មាន​ការជ្រួលច្របល់​ទាំងអស់​គ្នា​។ ដូចនេះ ដើម្បី​បញ្ចប់​នូវ​ព្រឹត្តិការណ៍​ ២០ ​កុម្ភៈ​នេះ គឺ​ត្រូវ​ឱ្យមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ទាំងអស់​អនុវត្ត​នូវ​វិធានការ​សុខាភិបាល​ទាំងអស់​»​។

បើតាម លោក កើត ឆែ មកទល់​បច្ចុប្បន្ននេះ​សព​អ្នកស្លាប់​ដោយសារ​ជំងឺ​កូវីដ​ ១៩ ​ជាង ​៨០០ ​សព ​ត្រូវ​បាន​បូជា​រួចរាល់ ដោយ​មិន​ធ្លាប់មាន​បញ្ហា​ទេ ហើយ​ក៏​មិនដែល​មាន​ករណី​បាត់​សាកសព​នោះដែរ​។

ប្រជាពលរដ្ឋ​រស់នៅក្នុង​រាជធានី​ភ្នំពេញ​ ១ ​រូប​ដែល​ជីដូន​របស់លោក​ទើប​បាន​បាត់បង់​ជីវិត ដោយសារ​ជំងឺ​កូវីដ​ ១៩ ​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា យាយ​របស់លោក​បាន​ស្លាប់​កាលពី​​ថ្ងៃទី​ ១ ខែកក្កដា ហើយ​សព​ត្រូវបាន​​យកទៅ​បូជា​រួចរាល់​ហើយ​ភ្លាមៗ​​ផងដែរ​។

លោក​បាន​ប្រាប់ថា៖ «​យាយ​ខ្ញុំ​ស្លាប់​យប់​ថ្ងៃទី​ ១ សព​បាន​បូជា​នៅ​ថ្ងៃទី​ ២ ហើយ​នៅ​ថ្ងៃទី​ ៣ ពូ​របស់ខ្ញុំ​បាន​ទៅ​ទទួលយក​ធាតុ​របស់​យាយ​ខ្ញុំ​។ នីតិវិធី​នៃ​ការបូជាសព​របស់​យាយ​ខ្ញុំ​មិនយូរ​ទេ​»​។

ថ្លែង​នៅក្នុង​កិច្ចប្រជុំ​កាលពី​សប្តាហ៍​មុន លោក ឃួង ស្រេង អភិបាល​​រាជធានី​ភ្នំពេញ​ធ្លាប់បាន​ណែនាំ​ដល់​​មន្ត្រី​អាជ្ញាធរ​របស់លោក​ទាំងអស់​ត្រូវ​មើល​ពី​សារៈសំខាន់​ និង​លើកទឹកចិត្ត​គ្នា ហើយ​ពេល​មាន​បញ្ហា​ត្រូវ​​រួមគ្នា​ ដើម្បី​ដោះស្រាយ​ឱ្យបាន​។

លោក​បាន​លើកឡើង​ថា​៖ «​កន្លងមកនេះ​អាជ្ញាធរ​របស់​យើង​អនុវត្ត​បាន​ល្អ​ណាស់​។ សព​ជាច្រើន​រយ​នាក់​ហើយ យើង​ធ្វើ​បានល្អ​ដោយ​មិនមាន​បញ្ហា​ឆ្លង​ដោយ​ជំងឺ​កូវីដ​ ១៩ ពី​សាកសព​ទេ​។ នេះ​ជា​មោទនភាព​របស់​ក្រុម​ការងារ​គ្រូពេទ្យ​របស់​យើង ដែល​អនុវត្ត​បានល្អ​លើ​វិធាន​ក្រសួង​សុខាភិបាល​ទាំង​ការវេចខ្ចប់​សព និង​ការការពារ​ខ្លួន​ដោយ​ក្រុមការងារ​យើង​បាន​ចាត់ចែង​វេចខ្ចប់​សព​បាន​ល្អ និង​ទទួល​បាន​ជោគជ័យ មិនមាន​ហានិភ័យ​»​។

កាលពី​ថ្ងៃអាទិត្យ ទី​ ១១ ខែកក្កដា លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​​ជំងឺ​កូវីដ​ ១៩ បានចេញ​សេចក្តី​ណែនាំ​បន្ថែម​អំពី​សុវត្ថិភាព​ក្នុង​ការគ្រប់គ្រង និង​ការចាត់ចែង​សាកសព​ដែលមាន​ផ្ទុក​វីរុស​កូវីដ​ ១៩​។ ការចាត់ចែង​សាកសព​ដែលមាន​ផ្ទុក​វីរុស​​កូវីដ​ ១៩ ​នេះ គឺ​ក្នុង​គោលបំណង​រក្សា​​សុវត្ថិភាព សេចក្ដីថ្លៃថ្នូរ បង្ការ និង​ទប់ស្កាត់​ការចម្លង​វីរុស​កូវីដ​ ១៩ និង​កាត់បន្ថយ​ហានិភ័យ​សុខភាព​សាធារណៈ​។

គួរបញ្ជាក់​ផងដែរ​ថា កាលពី​ថ្ងៃទី​ ១៦ ខែកក្កដា លោក ងី មានហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​បាន​ជូនដំណឹង​ពី​ការបូជាសព​អ្នកស្លាប់ ដោយសារ​ជំងឺ​កូវីដ​ ១៩ ដោយបាន​កំណត់​យក​វត្ត​ចំនួន​ ៤ ​សម្រាប់​បូជា​​សព​អ្នកជំងឺ​កូវីដ​ ១៩​។

លោក​បានឱ្យ​ដឹងថា៖ «​ក្រោយពី​មន្ត្រី​សុខាភិបាល​បាន​វេចខ្ចប់​សព​​អ្នកជំងឺ​កូវីដ​ ១៩ បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​រួចរាល់ ក្រុម​គ្រួសារ​អាច​ទទួលយក​សព​ទៅ​បូជា​នៅ​ទីកន្លែង​ដែល​បាន​កំណត់​នៅ​វត្ត​ចំនួន​ ៤ គឺ​វត្ត​អង្គតាមិញ វត្ត​គោកបញ្ជាន់ វត្ត​ជន្លង់ម្លូ និង​វត្ត​ក្រាំងធ្នង់​»​។

លោក ងី មានហេង បាន​បញ្ជាក់ថា ក្រុមគ្រួសារ​សាច់ញាតិរ​បស់​សព​ត្រូវបាន​អនុញ្ញាត​ឱ្យចូល​រួម​ក្នុង​ពិធី​បុណ្យសព​បាន​ត្រឹមតែ​ចំនួន​ ១០ ​នាក់​ប៉ុណ្ណោះ​ ដោយ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាម​វិធាន​សុខាភិបាល​ផងដែរ​៕