
អ្នកចូលរួមនៅក្នុងកិច្ចប្រជុំតាមអនឡាញកាលពីថ្ងៃទី ២០ ខែកក្កដា។ រូបថត ក្រសួងសាធារណការ
ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមគ្នាពិភាក្សាលើផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០២២-២០២៤ និងពិភាក្សាលើគម្រោងចំណូលចំណាយផ្សេងទៀត ដើម្បីធ្វើការគ្រប់គ្រងឱ្យមានប្រសិទ្ធភាព ដែលអាចចូលរួមសន្សំសំចៃថវិកាក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ ១៩។
ការពិភាក្សានេះបានធ្វើឡើងកាលពីថ្ងៃទី ២០ កក្កដា តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Zoom Video Conference) ដោយមានការចូលរួមពីមន្ត្រីនៃអគ្គនាយកដ្ឋានជំនាញ និងអង្គភាពដែលជាសមាសភាពអង្គភាពថវិកា ស្ថិតក្រោមឱវាទក្រសួងទាំង ២ ព្រមទាំងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីខេត្ត និងក្រុមការងារជំនាញរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សរុបប្រមាណ ១៥០ រូប។ កិច្ចពិភាក្សាគ្នានេះ គឺធ្វើឡើងក្នុងកម្រិតមន្ត្រីបច្ចេកទេសថវិកា សម្រាប់ឆ្នាំ ២០២២។
តាមទំព័រហ្វេសប៊ុករបស់ក្រសួងសាធារណការបានឱ្យដឹងថា កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យពិភាក្សាលើផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០២២-២០២៤។ ក្នុងនោះ ក៏បានពិភាក្សាលើគម្រោងចំណូលចំណាយថវិកាសម្រាប់ឆ្នាំ ២០២២ របស់ក្រសួងសាធារណការ ដើម្បីឆ្លុះបញ្ចាំងពីទិដ្ឋភាពនៃការគ្រប់គ្រង ការប្រមូលចំណូល ការសម្របសម្រួលចំណាយ និងការប្រើប្រាស់ថវិកាជាតិប្រកបដោយប្រសិទ្ធភាព និងអាចចូលរួមសន្សំសំចៃថវិកាក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ ១៩ ផងដែរ។
លោក កែន រដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ដែលជាប្រធានប្រតិភូតំណាងក្រសួងសាធារណការថ្លែងថា ដោយសារបញ្ហាជំងឺកូវីដ ១៩ នៅតែបន្តរីករាលដាលរហូតដល់បច្ចុប្បន្ននេះ ក្រសួងបានគិតគូរយ៉ាងហ្មត់ចត់ និងច្បាស់លាស់អំពីការជ្រើសរើសសកម្មភាពអាទិភាពដាក់បញ្ចូលក្នុងទិសដៅការងារអនុវត្តន៍សម្រាប់ឆ្នាំ ២០២២។
គម្រោងជាអទិភាពទាំងនោះត្រូវបានលោកបញ្ជាក់ថា៖ «គឺបានរៀបចំផែនការយុទ្ធសាស្ត្រថវិកាប្រចាំឆ្នាំ (BSP)គម្រោង ផែនការថវិកា (BP) និងកិច្ចការពាក់ព័ន្ធនឹងថវិកា ស្របតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ សារាចរណែនាំ និងចក្ខុវិស័យវែងឆ្ងាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើជាមូលដ្ឋានដាក់បញ្ចូលក្នុងកិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេសថវិកាសម្រាប់ឆ្នាំ ២០២២ និងសម្រាប់កិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំនាពេលបន្ទាប់ខាងមុខ»។
លោកស្រី ឈិន ដាលីន អគ្គនាយករងនៃអគ្គនាយកដ្ឋានថវិកា និងជាប្រធានប្រតិភូតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា មន្ត្រីនៃក្រសួងទាំង ២ បានពិភាក្សាគ្នាប្រកបដោយស្មារតីយោគយល់ ទទួលខុសត្រូវខ្ពស់ និងប្រកបដោយផ្លែផ្កាលើការងារគ្រោងប្រមូលចំណូល។
លោកស្រីបន្តថា ក្រោយចប់កិច្ចប្រជុំ ភាគីទាំង ២ បានសម្រេចឯកភាពស្នើសុំគម្រោងចំណាយថវិកាឆ្នាំ ២០២២ ទៅតាមជំពូក កម្មវិធី អនុកម្មវិធី គណនី អនុគណនី ដោយបានឯកភាពរួមគ្នា លើខ្ទង់ថវិកាអាទិភាពមួយចំនួនដែលបានស្នើ សម្រាប់ដាក់ស្នើជូនថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមូលដ្ឋានក្នុងការពិនិត្យ និងសម្រេចនៅក្នុងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំបន្តទៀត។
ដោយសារស្ថានភាពនៃការរីករាលដាលជំងឺកូវីដ ១៩ អស់រយៈពេលប្រមាណជាង ២ ឆ្នាំកន្លងមកនេះ ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក៏ដូចជាពិភពលោកទាំងមូលបានជួបប្រទះនឹងផលលំបាក ហើយស្ថិតក្នុងបរិបទនេះរាជរដ្ឋាភិបាលក៏បានធ្វើវិចារណកម្មចំណាយថវិកាទៅតាមក្រសួង ស្ថាប័ន និងអង្គភាពរដ្ឋ ដើម្បីកាត់បន្ថយការចំណាយ និងរក្សាទុកកញ្ចប់ថវិកាមួយផ្នែក សម្រាប់ត្រៀមបម្រុងទុកប្រើប្រាស់តាមការចាំបាច់ផ្សេងៗ។ នេះបើតាមទំព័រហ្វេសប៊ុករបស់ក្រសួងសាធារណការ៕