ភ្នំពេញៈ អនុប្រធាន​ទី​១ ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​លោក គន់ គីម កាលពី​ថ្ងៃទី​ ២០ ខែកក្កដា​​ បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​នៅ​​តាម​តំបន់​វាលទំនាប​ជុំវិញ​បឹង​ទន្លេសាប និង​ជាប់​ដង​ទន្លេ​មេគង្គ ព្រមទាំង​តំបន់​ផ្ទៃរង​ទឹកភ្លៀង​នៃ​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន ចុះឈ្មោះ​ប្រើ​ប្រព័ន្ធ​ផ្តល់ដំណឹង​ជាមុន​តាមរយៈ​សារ​ជា​សំឡេង​ពី​ទូរស័ព្ទ​លេខ​ ១២៩៤ ដើម្បី​ទទួល​បាន​ដំណឹង​​ទាន់​ហេតុការណ៍​អំពី​គ្រោះមហន្តរាយ​ពី​ធម្មជាតិ រួមមាន ខ្យល់​កន្ត្រាក់ រន្ទះបាញ់ និង​​ទឹកជំនន់​ជាដើម​។

លោក​បាន​បញ្ជាក់ថា​៖ «​ការចុះឈ្មោះ​ប្រើប្រាស់​ប្រព័ន្ធ​នេះ​គឺមាន​សារៈសំខាន់​ណាស់​ព្រោះ​​វា​នឹង​ជួយផ្ដល់​ដំណឹង​ទាន់ហេតុការណ៍​អំពី​គ្រោះ​មហន្តរាយ​ដែល​អាច​នឹង​កើតមាន​នៅក្នុង​សហគមន៍​។ ​តាមរយៈ​​ប្រព័ន្ធ​នេះ​យើង​អាច​ត្រៀម​បង្ការ​ជាមុន​នូវ​មធ្យោបាយ និង​កម្លាំង​អន្តរាគមន៍​សង្គ្រោះ​ជនរងគ្រោះ​ពី​តំបន់​គ្រោះថ្នាក់​បាន​ទាន់​ពេលវេលា​ផងដែរ »​។

បើតាម​លោក គន់ គីម ឈានចូល​ខែកក្កដា ឆ្នាំ​ ២០២១ ​នេះ ព្យុះ​ក្នុង​តំបន់ និង​ប្រព័ន្ធ​សម្ពាធ​ទាប​បាន​កើតឡើង​ជា​បន្តបន្ទាប់ បង្ក​ឱ្យ​មាន​ផលប៉ះពាល់​មួយចំនួន​ដល់​កម្ពុជា ដោយ​មាន​ភ្លៀង​ធ្លាក់​ពី​កម្រិត​មធ្យម​ទៅ​ច្រើន រាយប៉ាយ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស លាយឡំ​ខ្យល់​កន្ត្រាក់ និង​ផ្គររន្ទះ​ដោយ​កន្លែង​។

យោងតាម​របាយការណ៍​សង្ខេប​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ក្នុង​រយៈពេល​ ២០ ​ថ្ងៃ​នៃ​ខែកក្កដា​នេះ ខ្យល់​កន្ត្រាក់​បាន​កើតឡើង​ ២២ ​លើក​នៅក្នុង​ ១៤ ​រាជធានី-ខេត្ត​ដែល​បាន​បណ្តាល​ឱ្យ​រលំ និង​ខូចខាត​ផ្ទះ​ធ្ងន់ធ្ងរ ១៤៣ ​ខ្នង របើក​ដំបូល​ និង​ខូចខាត​មធ្យម ១ ១៩៨ ​ខ្នង និង​របួស​មនុស្ស ៣ ​នាក់ ខណៈ​រន្ទះបាញ់​បាន​បង្ក​ឱ្យ​មនុស្ស​ ៤ ​នាក់​ស្លាប់ និង​របួស​ ១ ​នាក់​។ ចំណែក​ជំនន់​ទឹកភ្លៀង បង្ក​ការជន់​លិច​ផ្ទះ និង​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ពលរដ្ឋ​សរុប​ ៥០ ​គ្រួសារ​នៅ​ស្រុក​ភ្នំស្រុក ខេត្ត​បាត់ដំបង និង​ខូចខាត​ផ្លូវ​ជាច្រើន​កន្លែង​។

ទោះជា​បែបណា​ក្ដី នៅពេល​នេះ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាននិង​កំពុង​ធ្វើ​បច្ចុប្បន្នភាព​ផែនការ​ត្រៀម​បម្រុង​សម្រាប់​ឆ្លើយតប​គ្រោះទឹកជំនន់​ក្នុង​រដូវវស្សា​ឆ្នាំ​ ២០២១ ​នេះ​រួចជាស្រេច​​ហើយ​។ ក្នុង​នោះបាន​បំពាក់​ឧបករណ៍ និង​សម្ភារ​សង្គ្រោះ​គ្រោះមហន្តរាយ​ដែលជា​អំណោយ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ជូន​ដល់​កង​ប្រតិបត្តិការ​រុករក​សង្គ្រោះ​ចំនួន​ ១០​ កង​បន្ថែម ដើម្បី​ត្រៀម​លើ​ការងារ​សង្គ្រោះ​។

ជាមួយ​គ្នា​នេះ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​កាលពី​ថ្ងៃទី​ ២០ ខែកក្កដា ឆ្នាំ​ ២០២១ ក៏បាន​ព្រមាន​ផងដែរ​ថា ឥទ្ធិពល​ខ្យល់មូសុង​និរតី​ខ្លាំង និង​ឥទ្ធិពល​ជ្រលង​សម្ពាធ​ទាប​តភ្ជាប់​ពី​ព្យុះ​សេមប៉ាកា​ (CEMPAKA) ​និង​ប្រព័ន្ធ​សម្ពាធ​ទាប​នឹង​បង្ក​ឱ្យ​ស្ថានភាព​អាកាសធាតុ​ក្នុង​ប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃទី​ ២៣-២៧ ​ខែកក្កដា​ខាងមុខនេះ​នឹងមាន​ភ្លៀង​ធ្លាក់​កាន់តែ​ច្រើនឡើង ជាមួយ​ខ្យល់​កន្ត្រាក់​បក់បោក​ខ្លាំង​។ ​

ស្ថានភាព​នេះ ​អាច​នឹង​បង្ក​ជា​ជំនន់​ទឹកភ្លៀង​នៅតាម​បណ្ដា​ខេត្ត​មួយចំនួន នៅ​តាម​តំបន់ឆ្នេរ​ និង​តំបន់​វាលទំនាប​នៃ​បណ្ដា​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប និង​តាម​ដង​ទន្លេមេគង្គ​ព្រមទាំង​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​នៃ​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​៕