ត្បូងឃ្មុំៈ ក្មេងប្រុស​អនាថា​ម្នាក់ អាយុ​ ១៤ ​ឆ្នាំ ដែល​សង្ស័យ​សម្លាប់​ក្មេងប្រុស​អាយុ​ ៥ ​ឆ្នាំ​ម្នាក់​ កំពុង​ត្រូវបាន​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ កាលពី​ម្សិលមិញ​ បន្ទាប់ពី​ប្រព្រឹត្ត​បទល្មើស​នៅ​ថ្ងៃទី​ ១៨ កក្កដា និង​ត្រូវបាន​ឃាត់ខ្លួន​នៅ​ថ្ងៃទី​ ២០ ​កក្កដា​នៅ​ភូមិ​ជ្រួល ឃុំ​ចក ស្រុក​អូររាំងឪ​។

លោក ចក់ សុខកៅ ស្នងការរង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ប្រាប់​នៅ​ថ្ងៃទី​ ២១ ​កក្កដា​ថា ពាក់ព័ន្ធ​ជនសង្ស័យ លោក​មិនអាច​បញ្ជាក់​ឈ្មោះ​ជូន​បានទេ​ ដោយសារ​គាត់​មាន​អាយុ​ចន្លោះ​ពី​ ១៣ ​ទៅ​ ១៤ ​ឆ្នាំ​ប៉ុណ្ណោះ ដែលជា​អនីតិជន​នៅឡើយ​។ ចំណែក​ក្មេងប្រុស​រងគ្រោះ​ក៏​ជា​អនីតិជន​ដែរ​ដែលមាន​អាយុ​ ៥ ​ឆ្នាំ​។

លោក​ថ្លែងថា​៖ «​ករណីនេះ​យើង​ហៅ​គាត់​មក​សាកសួរ​អំពី​សាវតារ​ជាតិ និង​ដំណើររឿង​នៃ​ការសម្លាប់​ក្មេងរងគ្រោះ​។ គាត់​សម្លាប់​ក្មេងរងគ្រោះ​រឿង​ទំនាស់​ពាក្យសម្តី​គ្នា​»​។

បើតាម​លោក​ សុខកៅ ​ចំពោះ​ក្មេង​សង្ស័យ គឺ​បាន​និយាយ​ថា គាត់​សម្លាប់​ក្មេងប្រុស​រងគ្រោះ​មែន​។ ប៉ុន្តែ​គាត់​ជា​ក្មេង​អនាថា និង​មាន​អាយុ​ចន្លោះ​ពី​ ១៣ ​ទៅ​ ១៤ ​ឆ្នាំ​ប៉ុណ្ណោះ​។

លោក ឃុន មៀន ជា​មេឃុំ ចក ស្រុក​អូររាំងឪ​បាន​ប្រាប់​នៅ​ថ្ងៃទី​ ២១ ​កក្កដា​ថា ក្មេងសង្ស័យ​ជា​ក្មេង​អនាថា​ដើរ​ដេក​តាម​វត្ត និង​ស៊ីបាយវត្ត​ទេ ហើយក៏​មិនមែន​ជា​កូន​អ្នកភូមិ​រស់នៅ​ភូមិ​ជ្រួល ក្នុង​ឃុំ​ចក​ដែរ​។

ចំណែក​ក្មេងរងគ្រោះ​មាន​ឪពុក​ឈ្មោះ​ ឡេង មាន​កូនប្រុស​តែ​ម្នាក់នេះ​ទេ ហើយ​ប្រពន្ធ​របស់គាត់​ស្លាប់ចោល​ ២-៣ ​ឆ្នាំ​មកហើយ​។ ក្មេងរងគ្រោះ​រស់នៅតែ​ ២ ​នាក់​ឪពុក​កូន​ប៉ុណ្ណោះ​។ លោក​បន្ត​តាម​សម្តី​សាក្សី ដែល​បានឃើញ​ហេតុការណ៍​ថា កាលពី​វេលា​ម៉ោងជាង​ ១ ​ថ្ងៃត្រង់ ថ្ងៃទី​ ១៩ ​កក្កដា ឆ្នាំ​ ២០២១ គេ​បានឃើញ​ក្មេង​ដៃដល់ អូស​ឡានជ័រ​លេង ហើយ​គេ​ឃើញ​ក្មេងរងគ្រោះ​ដើរ​តាម​ពីក្រោយ​ហើយ​ក៏​បាត់​រហូត​។

ទោះយ៉ាងណា​ឪពុក​ក្មេងរងគ្រោះ​ក៏​មិនបាន​ចាប់​អារម្មណ៍​​រក​កូន​របស់​គាត់​ដែរ​។

លោក​បន្តទៀតថា លុះដល់​វេលា​ព្រលប់​ឪពុក​បាត់​កូន​មិនឃើញ​ចូល​ផ្ទះ​ក៏​នាំគ្នា​ឆោឡោ​ដើររក​ ប៉ុន្តែ​រក​មិនឃើញ​។ ក្រោយមក​មាន​ស្ត្រី​អ្នកភូមិ​ម្នាក់​ថា បានឃើញ​ក្មេងប្រុស​រងគ្រោះ​ដើរ​តាម​ក្មេងដៃដល់ ទើប​ចាប់​ក្មេង​នោះ​សួរ​ក៏​ប្រាប់ថា គេ​ (​ក្មេងដៃដល់​) ​បាន​ចាប់​ក្មេងរងគ្រោះ​ជ្រមុជ​ក្នុង​ស្រះ​ទឹក​ត្រកួន ក៏​នាំគ្នា​ទៅ​រាវរក​ក្នុង​ទឹកស្រះ​នោះ​ទាំងយប់​រហូត​ដល់​ម៉ោងជាង​ ១២ ​អធ្រាត្រ ឈាន​ចូល​ថ្ងៃទី​ ២០ ​កក្កដា ទើប​រកឃើញ​សាកសព​។

លោក ឃុន មៀន ថា​៖ «​ក្មេងដៃដល់ មិនដឹង​ម៉ែឪ​នៅ​ឯណា​ទេ​។ វា​រស់នៅ និង​ស៊ីបាយ​វត្ត​ទេ ហើយ​បើ​ខ្ញុំ​ស្មាន​គឺ​វា​មាន​អាយុ​ ១៤ ​ឆ្នាំ​ហើយ​»​។

ពាក់ព័ន្ធ​នឹង​ការជាប់ទោស​ទណ្ឌ​ចំពោះ​ក្មេង​ដែល​ប្រព្រឹត្ត​បទល្មើស​វិញ ត្រូវបាន​លោក​មេធាវី ឡោ គីមហ្គិច ​បម្រើការ​នៅ​ក្រុមហ៊ុន​មេធាវី អាស៊ាន អន្តរជាតិ​បាន​ពន្យល់​នៅ​ថ្ងៃទី​ ២១ ​កក្កដា​ថា ករណី​នេះ​តាមច្បាប់​ចែងថា ក្មេង​ជា​អនីតិជន ដែល​មាន​អាយុ​ពី​ ១៤ ​ឆ្នាំ​ដល់​អាយុ​ ១៧ ​ឆ្នាំ បើ​ក្មេង​នោះ​សម្លាប់​គេ គឺ​ច្បាប់​សម្រេច​ផ្តន្ទាទោស​តែ​ពាក់កណ្តាល​នៃ​មនុស្ស​ពេញវ័យ​ទេ​។ តែបើ​ក្មេង​ជា​ជនដៃដល់​នោះ​មាន​អាយុ​ ១៣ ​ឆ្នាំ​ចុះក្រោម គឺ​អត់​មាន​ទោស​ទេ ព្រោះ​ច្បាប់​ចែង​បែប​នេះ​។

លោក​បាន​បញ្ជាក់ថា​៖ «​តាម​មាត្រា​ ១៩៩ ​នៃ​ក្រមព្រហ្មទណ្ឌ គឺ​បទមនុស្សឃាត​ដោយ​ចេតនា​ត្រូវ​ផ្តន្ទាទោស​ពី​ ១០ ​ឆ្នាំ​ទៅ​ ១៥ ​ឆ្នាំ​។ ដូច្នេះ​បើ​ក្មេង​នោះ​អាយុ​ ១៤ ​ឆ្នាំ គឺ​គាត់​ត្រូវ​ជាប់ទោស​តែ​ ៥ ​ឆ្នាំ​ទេ​»៕