ភ្នំពេញៈ មន្ត្រីឃ្លាំមើលសិទ្ធិការងារ (សង់ត្រាល់) ប្រចាំប្រទេសថៃ បានឲ្យដឹងថាគិតមកទល់ពេលនេះចំនួនពលករខ្មែរដែលបានឆ្លងជំងឺកូវីដ ១៩ នៅប្រទេសថៃ មានប្រមាណ ៩ ០០០ នាក់ ខណៈចំនួនឆ្លងសរុបក្នុងប្រទេសនេះពី ១ ថ្ងៃ ទៅ ១ ថ្ងៃ មានការកើនឡើងរហូតដល់ខ្ទង់ម៉ឺននាក់។
លោក លឹម សុផុន ជាក្រុមការងារនៃអង្គការសង់ត្រាល់ប្រចាំប្រទេសថៃ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២២ កក្កដានេះថា បងប្អូនពលករខ្មែរបានឆ្លងកូវីដ ១៩ នៅប្រទេសថៃ គឺមានប្រមាណ ៩ ០០០ នាក់។ លោកបានអះអាងថា តួលេខនេះគឺយោងតាមការប្រកាសរបស់ក្រសួងសុខាភិបាលថៃ ដែលបានធ្វើបច្ចុប្បន្នភាព ចំពោះអ្នកឆ្លងនៅក្នុងប្រទេសនេះសរុបមកទល់ពេលនេះ ។
លោកបានរៀបរាប់ថា៖ «ទាំងនេះ គឺចំនួនបងប្អូនខ្មែរយើងឆ្លងនៅថៃ ជាពិសេសគឺបងប្អូនពលករខ្មែរ។ សម្រាប់ចំនួនទូទៅដែលឆ្លងក្នុងប្រទេសថៃ គឺមានការឆ្លងកាន់តែច្រើនក្នុង ១ ថ្ងៃៗឆ្លងរហូតដល់ជាង១ម៉ឺននាក់ ខណៈរដ្ឋាភិបាលប្រកាសបិទមិនឲ្យមានការចរាចរដល់ទៅ ១០ ខេត្ត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ ១៩»។
លោក លឹម សុផុន ដែលបានតាមដានស្ថានការណ៍ពលករខ្មែរនៅប្រទេសថៃ ជាប់ជាប្រចាំ បានបញ្ជាក់ថាការដ្ឋាននៅទីក្រុងបាងកក និងខេត្តជុំវិញនេះចំនួន ១០ ខេត្ត គឺត្រូវរដ្ឋាភិបាលថៃប្រកាសបិទខ្ទប់។ ស្ថានការណ៍នេះ បានធ្វើឲ្យពលករខ្មែរក៏ប្រឈមនឹងបញ្ហាលំបាកផងដែរ ជាពិសេសពលករដែលរស់នៅ និងធ្វើការខុសច្បាប់។
លោកបានបញ្ជាក់ថា៖ «ក្នុងអំឡុងពេលបិទបងប្អូននេះ រដ្ឋាភិបាលថៃក៏បានប្រកាសផ្តល់ប្រាក់ឧបត្ថម្ភដល់ពលករដែលតម្រូវឱ្យផ្អាកការងារប្រមាណ៧ពាន់បាត ក្នុង ១ ខែ រួមជាមួយនឹងស្បៀងអាហារមួយចំនួនផងដែរ។ ប៉ុន្តែយ៉ាងណា ការផ្តល់ប្រាក់ឧបត្ថម្ភទាំងនេះ គឺទទួលបានសម្រាប់តែពលករដែលធ្វើការស្របច្បាប់ប៉ុណ្ណោះ»។
លោកបានបន្តថា៖ «ចំណែកពលករដែលរស់នៅនិងធ្វើការដោយខុសច្បាប់ គឺមិនត្រូវទទួលបានអត្ថប្រយោជន៍ទាំងនេះទេ ដូច្នេះខ្ញុំរំពឹងថា រដ្ឋាភិបាលខ្មែរ នឹងបន្តពិភាក្សាបន្តទៀត ជាមួយរដ្ឋាភិបាលថៃ ដើម្បីជួយដល់ពលករខ្មែរ ដែលកំពុងប្រឈមនឹងបញ្ហាទាំងនេះ»។
តាមតួលេខដែលប្រកាសពីប្រទេសថៃ ក្នុង ១ ថ្ងៃ ប្រជាពលរដ្ឋដែលរស់នៅក្នុងប្រទេសនេះបានឆ្លងជំងឺកូវីដ ១៩ ដល់ទៅរាប់ម៉ឺននាក់ និងស្លាប់ដល់ទៅជិត ១០០ នាក់ ខណៈខេត្តដែលផ្ទុះជំងឺនេះ មិនមានកន្លែងដាក់អ្នកជំងឺនោះទេ ជាហេតុនាំឲ្យអ្នកជំងឺគ្មានកន្លែងព្យាបាលនិងត្រូវរង់ចាំកន្លែងព្យាបាលនៅខាងក្រៅមន្ទីរពេទ្យ។ នេះបើតាមមន្ត្រីឃ្លាំងមើលសិទ្ធិការងារខាងលើ៕