
រយៈពេល ២០ ថ្ងៃក្នុងខែនេះ មធ្យោបាយធ្វើដំណើរល្មើសច្បាប់ចំនួន ១៣ ៥៤៨ គ្រឿង ត្រូវបានផាកពិន័យ។ ហុង មិនា
ភ្នំពេញៈ ក្នុងរយៈពេល ២០ ថ្ងៃ គិតចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ២០ ខែកក្កដានេះ ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក សមត្ថកិច្ចបានរកឃើញមធ្យោបាយល្មើសសរុបចំនួន ១៣ ៥៤៨ គ្រឿងក្នុងនោះមានម៉ូតូចំនួន ១០ ៤៣៦ គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩ អនក្រ.បក នៅទូទាំងប្រទេស។ នេះបើតាមរបាយការណ៍នគរបាលចរាចរណ៍។
របាយការណ៍ចេញថ្ងៃទី ២០ កក្កដា ឆ្នាំ ២០២១ ដែលភ្នំពេញ-ប៉ុស្តិ៍ទទួលបានពីម្សិលមិញបញ្ជាក់ថា នៅថ្ងៃទី ២០ ខែកក្កដា ការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រកឃើញមធ្យោបាយល្មើសសរុបចំនួន ៥៤៩ គ្រឿងក្នុងនោះមានម៉ូតូចំនួន ៤៣២ គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩. អនក្រ.បក នៅទូទាំងប្រទេស។
ក្នុងរបាយការណ៍សរសេរថា៖ «រយៈពេល ២០ ថ្ងៃនៃខែកក្កដានេះ ឃើញថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ»។
លោក ចាន់ សុធី នាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងថ្លែងពីម្សិលមិញថា បច្ចុប្បន្នការធ្វើដំណើរនៅតាមដងផ្លូវមានការថយចុះជាងមុន ដោយសារពលរដ្ឋទាំងអស់គ្នាមានការបារម្ភចំពោះការឆ្លងរាលដាលជំងឺកូវីដ ១៩។ ទោះយ៉ាងណា ការផាកពិន័យយានយន្តនៅមានលទ្ធផលច្រើន ដោយសារតែការផាកពិន័យយានយន្តភាគច្រើនទៅលើក្រុមយានយន្តដែលធ្វើពាណិជ្ជកម្មផ្សេងៗទៅមក ហើយសមត្ថកិច្ចរកឃើញមិនមានច្បាប់ត្រឹមត្រូវ។
លោកថ្លែងថា៖ «ការពិន័យនៅតែមានចំនួនច្រើន ដោយសារតែការធ្វើពាណិជ្ជកម្មទៅមកផ្សេងៗនៅដដែល ហើយការពិន័យហ្នឹងភាគច្រើនទៅលើឡានដឹកអីវ៉ាន់ ឡានទេសចរណ៍ តាក់ស៊ីអីផ្សេងៗ ហើយពួកឡានទាំងប៉ុន្មានហ្នឹងគាត់ឈប់ [អាជីវកម្ម] ម៉េចបាន។ រីឯម៉ូតូនៅតែមានអ្នកមួយចំនួនមិនព្រមគោរពច្បាប់»។
លោក គង់ រតនៈ ប្រធានវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ផ្លូវគោកថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា សម្រាប់ការពិន័យទៅលើយានយន្តល្មើសច្បាប់ចរាចរណ៍ គឺសមត្ថកិច្ចពិន័យទៅតាមលក្ខខណ្ឌបច្ចេកទេស។ លោក រតនៈ បានបញ្ជាក់ថា នេះគឺជាការរឹតបន្តឹងច្បាប់ ហើយក្នុងការរឹតបន្តឹងច្បាប់នេះក៏ជាការរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងនូវសោភណភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋទាំងអស់គ្នាផងដែរ។
លោកបានថ្លែងថា៖ «ក្រោយរឹតបន្តឹងច្បាប់ យើងឃើញថា ជាទូទៅការប្រែប្រួលមានតិចតួចមែនទែន ដោយសារប្រជាពលរដ្ឋមួយចំនួនភាគច្រើនតែងយកហេតុផលផ្សេងៗយកមកដាក់ ក្នុងការគេចវេះមិនចង់គោរពទៅតាមច្បាប់ ហើយក៏មានការរួមចំណែកពីមន្ត្រីខិលខូចមួយចំនួនដែលគាត់តែងប្រព្រឹត្តនៅខាងក្រៅជាថ្នូរនឹងលាភសក្ការៈតិចតួចនោះជាដើម»។
លោក គង់ រតនៈ លើកឡើងទៀតថា អ្នកអនុវត្តច្បាប់ក៏មានជួបបញ្ហាមួយចំនួនដែរ បញ្ហាត្រង់ថា បើសិនជារឹតតឹងពេកប្រជាពលរដ្ឋមានការតវ៉ា។ ប៉ុន្តែបើមិនអនុវត្តខាងថ្នាក់លើក៏ដូចជាផ្នែកពាក់ព័ន្ធមានការលើកឡើងពីភាពអសកម្មរបស់គាត់។
លោកបានបញ្ជាក់ទៀតថា៖ «សម្រាប់ខ្ញុំ មានតែការចូលរួមទាំងអស់គ្នាទេ ដែលយើងត្រូវដោះស្រាយបញ្ហាហ្នឹងបាន ហើយយើងក៏អត់អាចធ្វើការអត្តនោម័តដែរ។ ជាក់ស្តែងថ្មីៗនេះយើងឃើញហើយមានការតវ៉ាពីរឿងឡានដឹកដីជាដើមអីហ្នឹងបាទ»៕