សៀម​រាបៈ រូបចម្លាក់​ថ្ម​មាន​ក្បាល​យក្ស​ចំនួន៣ និង​ត្រឹម​ពាក់កណ្តាល​ខ្លួន​ចំនួន ៣ ដងខ្លួន​អា​សុ​រៈ​ចំនួន ៤ និង​ព្រះ​សិរ​ទេវតា​ចំនួន៣ ត្រូវបាន​ក្រុម​កំណាយ​នៃ​អាជ្ញាធរ​អប្សរា ​ប្រទះឃើញ​នៅពេល​ធ្វើ​កំណាយ​ខ្លោងទ្វារ​តា​កាវ ដែល​ស្ថិត​នៅ​ទិស​ខាង​លិច​នៃ​ប្រាសាទ​បាយ័ន។

លោក គឹម សុ​ធិ​ន អគ្គនាយករង ​អាជ្ញាធរ​ជាតិ​អប្សរា​ ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ២២ កក្កដា​ថា ​ក្នុង​រយៈពេល៣សប្តាហ៍​នៃ​ការធ្វើ​កំណាយ​ បុរាណវិទ្យា​ស្រាវជ្រាវ និង​ដើម្បី​ធ្វើការ​ជួសជុល​ខ្លោងទ្វារ​តា​កាវ​ លើ​ស្ពាន​ហាល​ នៃ​ខ្លោងទ្វារ​តា​កាវ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​រកឃើញ​រូបចម្លាក់ និង​បំណែក​វត្ថុ​បុរាណ​មួយចំនួន។

លោក​​ថ្លែងថា​ មន្ត្រី​បាន​រកឃើញ​ក្បាល​យក្ស​ចំនួន ៣ នៅ​ពេញ​ល្អ​រីឯ​ក្បាល​យក្ស៣ទៀត​ មាន​ត្រឹមតែ​ពាក់កណ្តាល។ ​

ក្រៅ​ពី​នេះ មាន​ដងខ្លួន​អា​សុ​រៈ​ចំនួន ៤ ឯ​ព្រះ​សិរ​ទេវតា​ ត្រូវបាន​រកឃើញ​ចំនួន៣ដែរ។ ក្នុងនោះ​មាន​ចំនួន២នៅ​ពេញ​ល្អ ឯ​ ១ ទៀត​នៅសល់​ត្រឹម​ពាក់កណ្តាល​ស្មា​ដល់​បបូរមាត់។

លោក​បន្តថា​ ខ្លោងទ្វារ​តា​កាវ​ ដែល​ស្ថិតនៅ​ទិស​ខាងលិច​ នៃ​ប្រាសាទបាយ័ន​ ត្រូវបាន​បើក​ការដ្ឋាន​ជួសជុល​កាលពី​ថ្ងៃទី ២១ កុម្ភៈ​ ឆ្នាំ ២០២១ កន្លងមក។

​លោក សុ​ធិ​ន មាន​ប្រសាសន៍​​ថា៖«យើង​ធ្វើការ​ជួសជុល​ខ្លោងទ្វារ​នេះ ​គឺអាច​សម្រួល​ដល់​ភ្ញៀវទេសចរ​ចេញ-ចូល​ក្នុង​តំបន់​អង្គរធំ។ ការរកឃើញ​រូប​បុរាណ​នេះ ​ជា​បច្ច័យ​ល្អ​ ផ្តល់​ផល​ទេសចរ​ដល់​ប្រទេស​យើង»។

លោក​បញ្ជាក់​ថា​ ក្រុមការងារ​ជួលជុល និង​ធ្វើ​កំណាយ​ត្រឺ​ម​តែ​ទំ​​ហំ​ដី​ប្រមាណ​ជា ១០ ម៉ែត្រ​ប៉ុណ្ណោះ​ ហើយ​វត្ថុ​បុរាណ​ទាំ​ង​នោះ​ស្ថិតនៅក្រោម​ឫសឈើ៕