កំពតៈ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ណែនាំ​ឱ្យ​ថ្នាក់ដឹកនាំ​ខេត្ត​កំពត រៀបចំ​ពិធី​ប្រកាស​បង្កើត និង​ដាក់ឱ្យ​ដំណើរការ​នូវ​រដ្ឋបាល​ក្រុង​បូកគោ​ថ្មី ខណៈ​ការបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​បូកគោ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​ ២៥ ខែកក្កដា​។

កាលពី​ថ្ងៃទី​ ១៦ ខែ​ មីនា ឆ្នាំ​ ២០២១ រាជរដ្ឋាភិបាល​បាន​ប្រកាស​បង្កើត​ក្រុង​បូកគោ​នៃ​ខេត្តកំពត ដោយ​ក្នុង​នោះ​ក៏បាន​ណែនាំ​ឱ្យ​កំណត់​ចំនួន​សមាជិក​ក្រុមប្រឹក្សា​ក្រុង​បូកគោ សម្រាប់​អាណត្តិ​ទី​១ និង​កំណត់​ចំនួន​គណៈ​អភិបាលក្រុង​ផងដែរ​។

លិខិត​ ១ ​ច្បាប់​របស់​ក្រសួង​មហាផ្ទៃ​ចុះ​ថ្ងៃទី​ ២១ ខែ​កក្កដា ចុះហត្ថលេខា​ដោយ​លោក ស ខេង ឱ្យដឹងថា ការបោះឆ្នោត​លើក​ទី​១ ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​បូកគោ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​ ២៥ ខែ​ កក្កដា ឆ្នាំ​ ២០២១​។ ដូច្នេះ​អនុលោម​មាត្រា ៦២ នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បាន​កំណត់ថា កិច្ចប្រជុំ​ចូលកាន់​តំណែង​របស់​ក្រុមប្រឹក្សា ត្រូវ​ប្រារព្ធ​ធ្វើឡើង​ក្នុង​រយៈពេល​មិន​ឱ្យ​លើស​ពី​ដប់​បួន (១៤) ​ថ្ងៃ បន្ទាប់ពី​ថ្ងៃ​ដែល​គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត​ (​គ.ជ.ប) ប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​។

លោក ស ខេង បានបញ្ជាក់​ក្នុង​លិខិត​ថា បន្ទាប់ពី​ប្រកាស​បង្កើត និង​ដាក់ឱ្យ​ដំណើរការ​នូវ​រដ្ឋបាល​ក្រុង​បូកគោ​រួចហើយ ក្រុមប្រឹក្សា​ក្រុង​បូកគោ​ត្រូវ​ដំណើរ​ការរៀបចំ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​ ១ និង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២ របស់ខ្លួន​ជា​បន្តបន្ទាប់ ស្របតាម​បទប្បញ្ញត្តិ​ដែល​បាន​កំណត់​ក្នុង​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​។

ដើម្បី​មាន​មូលដ្ឋាន និង​ធានា​ឱ្យ​ពិធី​ប្រកាស​បង្កើត និង​ដាក់ឱ្យ​ដំណើរការ​រដ្ឋបាល​ក្រុង​បូកគោ​អាច​ដំណើរការ​បាន​រួមទាំង​ការរៀបចំ​កិច្ចប្រជុំ​ចូលកាន់​តំណែង កិច្ចប្រជុំ​សាមញ្ញ​លើក​ទី១ និង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២ ​របស់​ក្រុមប្រឹក្សា​ក្រុង​បូកគោ​ទទួល​បាន​ជោគជ័យ​ទាន់​ពេលវេលា និង​ស្របទៅ​តាម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​កំណត់​លោក ស ខេង បាន​ធ្វើការ​ណែនាំ​ដល់​ថ្នាក់ដឹកនាំ​ខេត្តកំពត​ត្រូវ​រៀបចំ​ពិធី​ប្រកាស​បង្កើត​ និង​ដាក់ឱ្យ​ដំណើរការ​នូវ​រដ្ឋបាល​ក្រុង​នេះ តាម​ការកំណត់​ជាក់លាក់​ណាមួយ​។

លោក​បញ្ជាក់ថា​៖ «​ការប្រកាស​បង្កើត​ និង​ដាក់​ឱ្យ​ដំណើរ​នេះ​ត្រូវ​រៀបចំ​ធ្វើ​រួម​គ្នា​ជាមួយ​កិច្ចប្រជុំ​ចូលកាន់​តំណែង​ក្រុមប្រឹក្សា​ក្រុង​បូកគោ​នៃ​ខេត្តកំពត​។ អនុលោម​មាត្រា​ ៦២ ​នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្រសួង​មហាផ្ទៃ​ធ្វើ​ប្រតិភូកម្ម និង​ប្រគល់​សិទ្ធិ​ជូន​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត ដើម្បី​ធ្វើជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ចូលកាន់​តំណែង​ក្រុមប្រឹក្សា​ក្រុង​បូកគោ​»​។

ជាមួយ​នឹង​ប្រកាស​នេះ​លោក​បញ្ជាក់​ថា ចំពោះ​កាលបរិច្ឆេទ​ជាក់ស្ដែង​នៃ​ពិធី​ប្រកាស​បង្កើត និង​ដាក់ឱ្យ​ដំណើរការ​នូវ​រដ្ឋបាល​ក្រុង​បូកគោ រួមទាំង​កិច្ចប្រជុំ​ចូលកាន់​តំណែង​ក្រុមប្រឹក្សា​ក្រុង​បូកគោ​នៃ​ខេត្តកំពត ក្រសួងមហាផ្ទៃ ស្នើឱ្យ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត ជា​អ្នកកំណត់​ដោយ​គ្រាន់តែ​ជូនដំណឹង​មក​ក្រសួងមហាផ្ទៃ​ដើម្បី​ជ្រាប​។

ពិធី​ប្រកាស​បង្កើត និង​ដាក់ឱ្យ​ដំណើរការ​នូវ​រដ្ឋបាល​ក្រុង​បូកគោ រួមទាំង​កិច្ចប្រជុំ​ចូលកាន់​តំណែង​ក្រុមប្រឹក្សា​ក្រុង​បូកគោ ត្រូវ​ដំណើរការ​តាម​កម្មវិធី និង​ត្រូវ​អញ្ជើញ​សមាសភាព​សមាជិក និង​ភ្ញៀវ​ចូលរួម​ដូច​មាន​ក្នុង​កម្មវិធី និង​សមាសភាព​ជូន​ភ្ជាប់​ជាមួយ​លិខិត​នេះ​។

លោក វ៉ិត វឌ្ឍនា នាយក​រដ្ឋបាល​សាលាខេត្ត​កំពត​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ នៅ​ថ្ងៃទី ២២ កក្កដា​ថា រដ្ឋបាល​ខេត្តកំពត​បាន​ត្រៀមលក្ខណៈ​រួចជាស្រេច​ចំពោះ​ពិធី​ប្រកាស​បង្កើត និង​ដំណើរការ​ក្រុង​ថ្មី​នេះ​។ ប៉ុន្តែ លោក​មិនទាន់​អាច​បញ្ជាក់​បានទេ ចំពោះ​ថ្ងៃ​ជាក់លាក់​នៃ​ការប្រារព្ធ​ពិធី​នេះ ដោយ​រង់ចាំ​លទ្ធផល​នៃ​ការបោះឆ្នោត​ដែល​រៀបចំ​ដោយ​ គជប ជាមុនសិន​។

លោក​ថា​៖ «​ព្រោះ​ក្រោយ​បោះឆ្នោត​ហើយ ២ ​អាទិត្យ គឺ​យើង​ប្រកាស​លទ្ធផល​ជា​ផ្លូវការ បើ​មិនមាន​បញ្ហា ក្រោយ​ការបោះឆ្នោត​ ១ ​សប្តាហ៍​ គឺ​យើង​អាច​កំណត់​ថ្ងៃ​បាន​ហើយ​។ អ៊ីចឹង​ប្រហែលជា​កៀក​នឹង​លទ្ធផល​នៃ​ការបោះឆ្នោត បាន​យើង​កំណត់​ថ្ងៃ​បាន​»​។

គួរ​បញ្ជាក់ថា រាជរដ្ឋាភិបាល​បានសម្រេច​បង្កើត​ក្រុង​បូកគោ ដោយ​បាន​កាត់​យក​ឃុំ​ចំនួន ៣ ចេញពី​ស្រុក​ទឹកឈូ គឺ​ឃុំ​បឹងទូក ឃុំ​កោះតូច​ និង​ឃុំ​ព្រែកត្នោត ដើម្បី​ឱ្យមាន​ភាពងាយស្រួល​ក្នុង​ការគ្រប់គ្រង និង​អភិវឌ្ឍ​ឱ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​៕