ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​លោក ប្រាក់ សុខុន បាន​​ស្នើ​ប្រទេស​សមាជិក​មេគង្គ-គង្គា​ឱ្យ​​ជួយ​គាំទ្រ​ការស្តារ​ឡើងវិញ​នូវ​ប្រតិបត្តិការ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី​នៅ​ខេត្តសៀមរាប ដែល​រង​ផលប៉ះពាល់​ពី​ជំងឺ​កូវីដ​ ១៩ ហើយ​លោក​ក៏​លើក​ពី​គុណសម្បត្តិ​ឥណ្ឌា​ដែល​បាន​លើកស្ទួយ​ជីវភាព​ប្រជាជន​តាមរយៈ​ជំនួយ​លើ​គម្រោង​ទទួលផល​រហ័ស​។

ការលើក​ស្នើឡើង​ដូច្នេះ​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ-គង្គា​លើក​ទី​ ១១ កាល​ថ្ងៃទី​ ២១ ខែកក្កដា តាម​ប្រព័ន្ធ​វីដេអូ​។

សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​ការបរទេស​កាលពី​ថ្ងៃទី​ ២១ ខែកក្កដា​ បាន​​ដកស្រង់​សម្ដី​លោក ប្រាក់ សុខុន ថា​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី​ដែល​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​ ២០១៤ ​នៅ​ខេត្តសៀមរាប​គឺជា​សមិទ្ធផល​មួយ​​ដែល​ឆ្លុះបញ្ចាំង​អំពី​សារៈសំខាន់ និង​និរន្តរភាព​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ-គង្គា​។

លោក​ថ្លែងថា ជា​អកុសល ឧស្សាហកម្ម​ទេសចរណ៍​ត្រូវបាន​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ដោយ​ជំងឺ​រាតត្បាត​កូវីដ​ ១៩ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ប្រតិបត្តិការ​ប្រចាំថ្ងៃ​របស់​សារមន្ទីរ​នេះ​។

លោក សុខុន ថ្លែងថា​៖ «​មាន​តែ​ផែនការ​ស្តារឡើងវិញ​របស់​សារមន្ទីរ​ដែលមាន​ការគាំទ្រ​ពី​បណ្តា​ប្រទេស​ជា​សមាជិក​តែប៉ុណ្ណោះ ទើប​អាច​ដោះស្រាយ​នូវ​រាល់​បញ្ហា​ប្រឈម​នានា​ហើយ​អាច​ឈាន​ទៅ​រក​ភាពប្រក្រតី​ជាថ្មី​ឡើងវិញ​»​។

លោក ឈាង វណ្ណារិទ្ធ ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ ​ពី​ម្សិលមិញ​ថា កិច្ចសហប្រតិបត្តិការ​ផ្នែក​វប្បធម៌​គឺជា​ផ្នែក​មួយ​នៃ​វិស័យ​សំខាន់ៗ​របស់​កិច្ចសហប្រតិបត្តិការ​មេគង្គ-គង្គា ហើយ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី​នៅ​ខេត្តសៀមរាប​នេះ គឺជា​សារមន្ទីរ​ប្រវត្តិសាស្ត្រ​មួយ​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ-គង្គា នេះ​។

លោក​ថ្លែងថា​៖ «​ការរក្សា​បាន​នូវ​ប្រតិបត្តិការ​សារមន្ទីរ​នេះ​គឺមាន​សារៈសំខាន់​​ណាស់​។ ខ្ញុំ​គិតថា ឥណ្ឌា​នឹង​បន្ត​គាំទ្រ​គម្រោង​នេះ​»​។

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​លោក ប្រាក់ សុខុន បាន​អរគុណ​ដល់​ឥណ្ឌា​ដែល​បាន​បង្កើន​ជំនួយ​សម្រាប់​គម្រោង​ទទួល​ផល​រហ័ស​ដល់​កម្ពុជា​។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់ថា​៖ «​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ [​ប្រាក់​សុខុន​] ​បាន​គូសបញ្ជាក់​ពី​ភាពចាំបាច់​ក្នុង​ការប្តេជ្ញាចិត្ត​ច្បាស់លាស់​របស់​ប្រទេស​ឥណ្ឌា​ក្នុង​ការផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​ទទួលផល​រហ័ស ចំពោះ​ប្រទេស​កម្ពុជា និង​ប្រទេស​មេគង្គ​ដទៃទៀត​ដោយ​បាន​នាំមក​នូវ​លទ្ធផល​ជាក់ស្តែង​ជាច្រើន ដែល​រួមចំណែក​ដល់​ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅក្នុង​អនុតំបន់​មេគង្គ​»​។

កាលពី​ឆ្នាំ​ ២០១៩ ​រដ្ឋាភិបាល​ឥណ្ឌា​បានផ្តល់​ជំនួយ​ដល់​ប្រទេស​កម្ពុជា​សម្រាប់​គម្រោង​ចំនួន​ ១៨ ដែលមាន​ទឹកប្រាក់​ជិត​ ៩០ ​ម៉ឺន​ដុល្លារ​ ដើម្បី​អនុវត្ត​គម្រោង​ទទួលផល​រហ័ស​ក្រោម​​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​មេគង្គ-គង្គា​ដែល​អនុវត្ត​ចាប់ពី​ឆ្នាំ​ ២០១៩ ​ដល់​ឆ្នាំ​ ២០២០ ​ដើម្បី​រួមចំណែក​លើកកម្ពស់​ជីវភាព​ និង​សុខុមាលភាព​ប្រជាជន​កម្ពុជា​។

កិច្ចសហប្រតិបត្តិការ​មេគង្គ-គង្គា​​គឺជា​គំនិត​ផ្តួចផ្តើម​របស់​ប្រទេស​ចំនួន​ ៦ រួមមាន ឥណ្ឌា​ និង​ប្រទេស​អាស៊ាន​ ៥ ​ទៀត មាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និង​វៀតណាម សម្រាប់​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​វប្បធម៌​អប់រំ​ក៏ដូចជា ដឹកជញ្ជូន​ និង​គមនាគមន៍​។ ​កិច្ចសហប្រតិបត្តិការ​មេគង្គ-គង្គា ត្រូវ​បាន​បង្កើតឡើង​នៅ​ឆ្នាំ​ ២ ០០០ នៅ​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ​។

លោក ប្រាក់ សុខុន ថ្លែងថា ២ ​ទសវត្សរ៍​កន្លងមកនេះ គម្រោង និង​សកម្មភាព​ជាច្រើន​ក្រោម​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ-គង្គា បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការអភិវឌ្ឍ​នៅក្នុង​អនុតំបន់​មេគង្គ​រួមមាន​វិស័យ​សុខាភិបាល អប់រំ បរិស្ថាន និង​វប្បធម៌​។

លោក​ថ្លែងថា​៖ «​កិច្ចសហប្រតិបត្តិការ​មេគង្គ-គង្គា​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុង​ការលើក​កម្ពស់​ទំនាក់ទំនង​ជិតស្និទ្ធ ការយោគយល់ និង​ការជឿទុកចិត្ត​គ្នា ព្រមទាំង​បាន​លើក​កម្ពស់​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​នៅក្នុង​អនុតំបន់​មេគង្គ​ ដើម្បី​ឈានទៅ​សម្រេច​ឱ្យបាន​នូវ​សុខុមាលភាព​ និង​វិបុលភាព​សម្រាប់​ប្រជាជន​នៃ​ប្រទេស​សមាជិក​»​។

ការប្រារព្ធ​ខួប​អនុស្សាវរីយ៍​ ២០ ​ឆ្នាំ​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ-គង្គា​ដែល​គ្រោង​រៀបចំ​នៅ​ខែមេសា ឆ្នាំមុន​​នៅ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី ខេត្តសៀមរាប​ត្រូវ​បាន​ពន្យារពេល​ដោយសារ​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩៕