ភ្នំពេញៈ មន្ត្រី​ច្រកទ្វារ​អន្តរជាតិ​ភ្នំពេញ​បានឱ្យ​ដឹងថា មាន​អ្នកដំណើរ​ជា​ជនជាតិ​បរទេស​ជាង​ ៥០ ​ករណី​ហើយ ដែល​មិន​​ត្រូវបាន​អនុញ្ញាត​ឱ្យចូល​មក​ក្នុង​ផ្ទៃ​ប្រទេស​កម្ពុជា ដោយសារ​មិនបាន​បំពេញ​តាម​គ្រប់​លក្ខខណ្ឌ​របស់​រាជរដ្ឋាភិបាល​ដែល​បានកំណត់​ចាប់តាំងពី​មាន​ការឆ្លង​រាលដាល​ខ្លាំង​នៃ​ជំងឺ​កូវីដ​ ១៩ ​មក​។

លោក​ឧត្តមសេនីយ៍ត្រី ថោង សុផាត នាយរង​ប៉ុស្តិ៍​នៃ​ច្រកទ្វារ​អន្តរជាតិ​ភ្នំពេញ​បាន​លើកឡើង​កាលពី​ថ្ងៃទី​ ២០ កក្កដា​ថា ​ជនបរទេស​ណា​ដែល​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ-ភ្នំពេញ ហើយ​មិនបាន​បំពេញ​តាម​គ្រប់​លក្ខខណ្ឌ​ដែល​ត្រូវ​បាន​កំណត់​សម្រាប់​ភ្ញៀវ​ដែល​មកដល់​កម្ពុជា​គឺ​មន្ត្រី​អាកាសយានដ្ឋាន​នឹង​ស្នើសុំ​គោលការណ៍​ពី​ក្រសួង​សុខាភិបាល​ និង​ក្រុមហ៊ុន​អ៊ែរឡាញ​បញ្ជូន​ពួកគាត់​ត្រឡប់​ទៅវិញ​។

លោក​មានប្រសាសន៍​ថា​៖ «​ចាប់តាំងពី​យើង​អនុវត្ត​នូវ​វិធានការ​នេះ​តាំងពី​ឆ្នាំ​ ២០២០ ​មកទល់​ពេលនេះ យើង​ជួប​ចំនួន ៥៣ ​ករណី​ហើយ ដែល​ករណី​ទាំងនោះ​ភាគច្រើន​គឺ​វិលត្រឡប់​ទៅវិញ​ទាំងអស់ ដោយសារ​ពួកគាត់​មិនមាន​គ្រប់​លក្ខខណ្ឌ​ដែល​តម្រូវ​សម្រាប់​ពួកគាត់​។ ​នៅពេល​ពួកគាត់​មិនមាន​គ្រប់​លក្ខខណ្ឌ​គឺ​យើង​ស្នើសុំ​គោលការណ៍​ពី​ក្រសួង​សុខាភិបាល និង​ក្រុមហ៊ុន​អ៊ែរឡាញ បញ្ជូន​ពួកគាត់​ត្រឡប់​ទៅវិញ​»​។

នាយរង​ប៉ុស្តិ៍​នៃ​ច្រកទ្វារ​អន្តរជាតិ​ភ្នំពេញ​បាន​បន្ថែមថា ក្នុង​រយៈពេល​ ៦ ​ខែ​ចុងក្រោយ​នេះ​អ្នកដំណើរ​ហោះហើរ​មក​កាន់​ប្រទេស​កម្ពុជា​មាន​ការថយចុះ​​ប្រមាណ​ពី​ ៤០ ​ភាគរយ​ទៅ​ ៥០ ​ភាគរយ​បើ​ធៀប​នឹង​ឆមាស​ទី​ ២ ​នៃ​ឆ្នាំ​ ២០២០ ​កន្លងមក​។

លោក​បាន​បញ្ជាក់ថា ចាប់ពី​មាន​ការឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ នៅតាម​បណ្តា​ប្រទេស​ជាច្រើន​លើ​សកលលោក​រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួង​ពាក់ព័ន្ធ​បានដាក់​កំណត់​លក្ខខណ្ឌ​មួយចំនួន​សម្រាប់​អ្នក​ដំណើរ​ដែល​បាន​ហោះហើរ​មក​​កាន់​ប្រទេស​កម្ពុជា ហើយ​ក្នុង​​ករណី​មិន​គ្រប់​លក្ខខណ្ឌ​នឹង​​មិន​អនុញ្ញាត​ឱ្យចូល​ឡើយ​។

លោក ថោង សុផាត បាន​បញ្ជាក់ថា​៖ «​ក្នុងនាម​ខ្ញុំ​ជា​កងកម្លាំង​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​នៅទីនេះ ខ្ញុំ​គិតថា ការដាក់ចេញ​នេះ​គឺ​សមហេតុ​សមផល​សម្រាប់​សភាពការណ៍​នៃ​ពិភពលោក​កំពុងតែ​រីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​នេះ ដូច​​នេះ​ប្រទេស​របស់​យើង​ក៏​ត្រូវតែ​រឹតបន្តឹង​ជាមួយនឹង​ការនាំ​ចូល​កូវីដ​នេះដែរ​»​។

បើតាម​លោក ថោង សុផាត ចំពោះ​អ្នកដំណើរ​មកពី​បរទេស នៅពេល​មកដល់​ច្រកទ្វារ​នៃ​​អាកាសយានដ្ឋាន​អន្តរជាតិ-ភ្នំពេញ​គឺមាន​ការត្រួតពិនិត្យ​ចំនួន​ ២ ​ដែល​ទី​ ១ ​គឺ​មន្ត្រី​ចត្តាឡីស័ក​ដែល​ត្រូវធ្វើ​ការពិនិត្យ​ឯកសារ​ស្គែន​មុខ​រួច ហើយ​ និង​ការតម្កល់​ថវិកា​ចំនួន​ ២ ០០០ ​ដុល្លារ​។ បន្ទាប់មក​គឺ​ការត្រួតពិនិត្យ​ទី​ ២ នៅ​ផ្នែក​អន្តោប្រវេសន៍​។

លោក​បាន​បន្តថា មន្ត្រី​អន្តោប្រវេសន៍​ត្រូវ​ពិនិត្យមើល​ឯកសារ​ឡើងវិញ​ទាំងអស់ ហើយ​ប្រសិនបើ​មិនមាន​គ្រប់​ចំណុច​ណាមួយ​ទេ ខាង​អន្តោប្រវេសន៍​នឹងមិន​អនុញ្ញាត​ឱ្យ​អ្នកដំណើរ​នោះ​ចូល​ឡើយ​។

តាម​ការសម្រេច​របស់​ក្រសួង​សុខាភិបាល​ដែល​អនុវត្ត​ទៅលើ​ភ្ញៀវ​ដែល​ចូលមក​ក្នុង​ប្រទេស​កម្ពុជា​គឺ​តម្រូវ​ឱ្យ​មាន​ឯកសារ និង​លក្ខខណ្ឌ​មួយ​ចំនួន​ដូចជា​អ្នកដំណើរ​ដែល​មុន​នឹង​អាច​ចូល​មកក្នុង​ប្រទេស​កម្ពុជា​បាន​ត្រូវតែ​មាន​ក្រដាស​លទ្ធផល​តេស្ត​កូវីដ​ ១៩ (PCR) ​ដែល​ជា​តម្រូវការ​របស់​ក្រសួង​សុខាភិបាល ទី​២ ​ត្រូវ​មាន​ការធានារ៉ាប់រង (Insurance Forte) ​សម្រាប់​ធានា​ទៅលើ​ការចំណាយ​ការព្យាបាល ទី​៣ ​ត្រូវ​មាន​លុយ​តម្កល់​ចំនួន ២ ០០០ ​ដុល្លារ នៅពេល​ចុះ​​មកដល់​ទី​៤ ​ត្រូវ​មាន​ទិដ្ឋាការ​បញ្ជាក់​ពី​ស្ថានទូត​ ដើម្បី​ចូលមក​កាន់​ប្រទេស​កម្ពុជា​ដោយសារ​ចាប់ពី​ខែមេសា ឆ្នាំ​ ២០២០ ​មក កម្ពុជា​បាន​បិទ​ការផ្តល់​ទិដ្ឋាការ​ពេលមក​ដល់​ (Visa on Arrival) ហើយ​។

លោក ថោង សុផាត បាន​បញ្ជាក់​បន្ថែមថា​៖ «​លក្ខខណ្ឌ​ទាំងអស់​នេះហើយ​ដែល​សមត្ថកិច្ច​អន្តោប្រវេសន៍​នៅ​ច្រកទ្វារ​ត្រូវតែ​មើល និង​ពិនិត្យ​ឱ្យបាន​ជាក់លាក់ មុន​នឹង​អនុញ្ញាត​ឱ្យ​ភ្ញៀវ​ទាំងអស់​នោះ​បាន​ចូលមក​​ក្នុង​ប្រទេស​កម្ពុជា​។ បន្ទាប់ពី​​នេះ​គឺ​ការយក​សំណាក និង​ការដាក់​នៅ​កន្លែង​ធ្វើ​ចត្តាឡីស័ក​គឺជា​តួនាទី​ភារកិច្ច​របស់​ក្រសួង​​សុខាភិបាល​»៕