ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​កម្ពុជា​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ពី​ចំនួន​ជាក់ស្តែង​នៃ​ពលករ​ខ្មែរ​ដែល​ឆ្លង​ជំងឺ​កូវីដ​ ១៩ នៅក្នុង​ប្រទេស​ថៃ​ដោយ​មន្ត្រី​កំពុង​បង្កើន​ការយកចិត្ត​ទុកដាក់​ធ្វើការ​លើ​បញ្ហា​នេះ ខណៈ​អ្នកឃ្លាំមើល​សិទ្ធិ​ការងារ​ប្រចាំ​ប្រទេស​ថៃ​ថា គិត​មកដល់​ពេលនេះ​មាន​ពលករ​ខ្មែរ​បាន​ឆ្លង​ជំងឺ​កូវីដ​ ១៩ ​មាន​ប្រមាណ​ ៩ ០០០ ​នាក់​។

លោក កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២២ កក្កដា​ថា គិត​មក​ត្រឹម​ថ្ងៃនេះ ក្រសួង​មិនទាន់​មាន​តួលេខ​ផ្លូវការ​ច្បាស់លាស់​អំពី​ចំនួន​ពលករ​ខ្មែរ​ដែល​ឆ្លង​ជំងឺ​កូវីដ​ ១៩ នៅ​ប្រទេស​ថៃ​នៅ​ឡើយ​ទេ​។

បើទោះជា​មិនទាន់​ទទួល​បាន​ព័ត៌មាន​ច្បាស់​ក៏​លោក​បញ្ជាក់ថា រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួង​ការបរទេស​បាន​ជំរុញ​ស្ថានទូត និង​ស្ថាន​អគ្គកុងស៊ុល​កម្ពុជា នៅ​ប្រទេស​ថៃ​ឱ្យ​បន្ត​សម្របសម្រួល​ជាមួយ​អាជ្ញាធរ​ថៃ ជាពិសេស​ក្រសួង​ការបរទេស ក្រសួង​សុខាភិបាល ក្រសួង​ការងារ​ថៃ និង​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានការណ៍​កូវីដ​ ១៩ (CCSA) សុំ​អន្តរាគមន៍ ដើម្បី​បន្ត​យកចិត្ត​ទុកដាក់ ថែរក្សា ទទួល​ការចាក់​វ៉ាក់សាំង និង​ព្យាបាល​កូវីដ​ ១៩ បើ​មាន​សភាព​ធ្ងន់ធ្ងរ​ខ្លាំង​ដូចជា​ការពន្លឿន​ការរក​គ្រែ និង​ឡានពេទ្យ​មក​ទទួល​ពលករ​ខ្មែរ​ដែល​ឆ្លង​កូវីដ​ ១៩ ទៅ​ព្យាបាល​ទាន់ពេលវេលា​។

បន្ថែម​ពីនេះ​មន្ត្រី​ក៏​បន្ត​ចុះសួរសុខទុក្ខ និង​ចែកជា​គ្រឿងឧបភោគ​បរិភោគ​ជូន​បងប្អូន​ពលករ​ក្នុង​ពេល​មាន​ការបិទខ្ទប់​តាម​លទ្ធភាព និង​ស្ថានភាព​ជាក់ស្ដែង ដល់​បងប្អូន​ដែល​ជួប​ការលំបាក​ខ្លាំង​បំផុត និង​បន្ថែម​ទៅលើ​អ្វីដែល​អាជ្ញាធរ និង​និយោជក​បាន​ជួយ​គាំពារ និង​ឧបត្ថម្ភ​រួចហើយ​ដែរ​។

លោក​បញ្ជាក់ថា​៖ «​រដ្ឋាភិបាល​កម្ពុជា​បាន​បន្ត​ផ្សព្វផ្សាយ​វិធានការ​នានា ដែល​ដាក់ចេញ​ដោយ​បណ្ដា​ក្រសួង​/​ស្ថាប័ន​នៃ​រាជរដ្ឋាភិបាល​ទាំង​ ២ ​កម្ពុជា និង​ថៃ​ដើម្បី​ទប់ស្កាត់​ជំងឺ​កូវីដ ១៩ ​ព្រមទាំង​ផ្ដល់​ការប្រឹក្សា​ផ្ដល់​កម្លាំងចិត្ត និង​បន្ត​អំពាវនាវ​ដល់​បងប្អូន​ពលករ​ខ្មែរ​ឱ្យ​ចូលរួម​អនុវត្ត​វិធានការ​ទាំងនេះ ដោយ​អត់ធ្មត់ និង​ខ្ជាប់ខ្ជួន​»​។

លោក​បន្ថែមថា រដ្ឋាភិបាល​ក៏​បន្ត​ផ្សព្វផ្សាយ​ការអប់រំ​អំពី​ការថែទាំ​សុខភាព ក្នុងអំឡុង​ការផ្ទុះ​ការរាតត្បាត​ជំងឺ​កូវីដ​ ដើម្បី​ឱ្យ​ពលរដ្ឋ​ខ្មែរ ប្រុងប្រយ័ត្ន​ការពារ​ថែរក្សា​សុខភាព​ផ្ទាល់ខ្លួន​។

លោក​បន្ថែមថា​៖ «​បន្ត​កិច្ចការ​ជាប្រចាំ​ផ្សេងទៀត​របស់​ស្ថានទូត និង​ស្ថាន​អគ្គកុងស៊ុល​ដូចជា ការដោះស្រាយ​វិវាទ​ការងារ ការជួយ​ពលករ​ដែល​កើត​ឧបទ្ទវហេតុ​ក្នុង​ពេល​ធ្វើការ ការជួយ​រក​ការងារ​ថ្មី សម្រាប់​អ្នក​បាត់បង់​ការងារ​ការសម្រួល​ផ្ដល់​ឯកសារ​ចាំបាច់​ផ្សេងៗ​»​។

លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក៏បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២២ កក្កដា​ដែរ​ថា ក្រសួង​ការងារ​ក៏​មិនទាន់​ទទួល​បាន​ព័ត៌មាន​នៃ​ការឆ្លង​ជំងឺ​កូវីដ​លើ​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​ដូចគ្នា ដោយសារ​តែ​មិនទាន់​ទទួល​របាយការណ៍​ផ្លូវការ​ណាមួយ​ពី​ភាគី​ថៃ​នៅឡើយ​។

លោក​ថ្លែងថា ចំពោះ​បញ្ហា​នេះ​ក៏​អាចពាក់ព័ន្ធ​ជាមួយ​នឹង​ច្បាប់​ឯកជនភាព នៅ​ប្រទេស​ថៃ ឬ​មូលហេតុ​ផ្សេងទៀត ដែល​រដ្ឋាភិបាល​ថៃ មិន​បញ្ជូន​របាយការណ៍​ឆ្លង​នេះ​មក​កម្ពុជា​។

យ៉ាងណាក្តី លោក​បញ្ជាក់ថា​៖ «​អ្វីដែល​ច្បាស់​គឺ​រាជរដ្ឋាភិបាល​ថៃ​មាន​គោលការណ៍​មួយ​គឺ​ទទួល​ពិនិត្យ​ព្យាបាល​អ្នកវិជ្ជមាន​កូវីដ​ ១៩ ទាំងអស់​ដោយ​មិន​គិតថ្លៃ និង​មិន​ប្រកាន់​ជាតិ​សាសន៍ ឋានៈ ពណ៌​សម្បុរ ដូចដែល​កម្ពុជា​យើង​កំពុងប្រកាន់​យក​ដែរ​»​។

លោក​ លឹម សុផុន ក្រុមការងារ​នៃ​អង្គការ​សង់ត្រាល់ ប្រចាំ​ប្រទេស​ថៃ ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២២ កក្កដា​ថា យោងតាម​ការប្រកាស​របស់​ក្រសួងសុខាភិបាល​ថៃ ដែល​បានធ្វើ​បច្ចុប្បន្នភាព ចំពោះ​អ្នក​ឆ្លង​នៅក្នុង​ប្រទេស​នេះ គឺ​បង្ហាញថា មាន​បងប្អូន​ពលករ​ខ្មែរ​បាន​ឆ្លង​ជំងឺ​កូវីដ​ ១៩ ប្រមាណ ៩ ០០០ នាក់​។

លោក​រៀបរាប់​ថា​៖ «​ទាំងនេះ គឺ​ចំនួន​បងប្អូន​ខ្មែរ​យើង​ឆ្លង​នៅ​ថៃ ជាពិសេស​គឺ​បងប្អូន​ពលករ​ខ្មែរ​។ សម្រាប់​ចំនួន​ទូទៅ​ដែល​ឆ្លង​ក្នុងប្រទេស​ថៃ គឺមាន​ការឆ្លង​កាន់តែច្រើន​ក្នុង​ ១ ​ថ្ងៃៗ ឆ្លង​រហូតដល់​ជាង ១ ​ម៉ឺន​នាក់ ខណៈ​រដ្ឋាភិបាល ប្រកាស​បិទ​មិនឱ្យ​មានការ​ចរាចរ​ដល់​ទៅ​ ១០ ​ខេត្ត ដើម្បី​ទប់ស្កាត់​ការឆ្លង​រីករាលដាល​ជំងឺ​កូវីដ​ ១៩»​។

លោក លឹម សុផុន ដែល​បាន​តាមដាន​ស្ថានការណ៍​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​ជាប់​ជាប្រចាំ បញ្ជាក់ថា ការដ្ឋាន​សំណង់​នៅ​ទីក្រុង​បាងកក និង​ខេត្ត​ជុំវិញ​នេះ​ចំនួន​ ១០ ​ខេត្ត គឺ​ត្រូវ​រដ្ឋាភិបាល​ថៃ​ប្រកាស​បិទខ្ទប់​។ ស្ថានការណ៍​នេះ បានធ្វើឱ្យ​ពលករ​ខ្មែរ ក៏​ប្រឈម​នឹង​បញ្ហាលំបាក​ផងដែរ ជាពិសេស​ពលករ​ដែល​រស់នៅ និង​ធ្វើការ​ខុសច្បាប់​។

លោក​បាន​រៀបរាប់ថា​៖ «​ក្នុង​អំឡុងពេល​បិទខ្ទប់​បងប្អូន​នេះ រដ្ឋាភិបាល​ថៃ ក៏បាន​ប្រកាស​ផ្តល់ប្រាក់​ឧបត្ថម្ភ​ដល់​ពលករ​ដែល​តម្រូវ​ផ្អាក​ការងារ​ប្រមាណ ៧ ​ពាន់​បាត ក្នុង​ ១ ​ខែ​រួម​ជាមួយនឹង​ស្បៀងអាហារ​មួយចំនួន​ផងដែរ​។ ប៉ុន្តែ​យ៉ាងណា ការផ្តល់ប្រាក់​ឧបត្ថម្ភ​ទាំងនេះ​គឺ​ទទួលបាន​សម្រាប់តែ​ពលករ​ដែល​ធ្វើការ​ស្របច្បាប់​តែប៉ុណ្ណោះ​»​។

លោក​បន្តថា ចំណែក​ពលករ​ដែល​​រស់នៅ និង​ធ្វើការ​ដោយ​ខុសច្បាប់ គឺ​មិនត្រូវ​ទទួលបាន​អត្ថប្រយោជន៍​ទាំងនេះ​ទេ​។ ដូច្នេះ លោក សុផុន រំពឹងថា រដ្ឋាភិបាល​ខ្មែរ​នឹង​ពិភាក្សា​បន្តទៀត ជាមួយ​រដ្ឋាភិបាល​ថៃ ដើម្បី​ជួយ​ដល់​ពលករ​ខ្មែរ ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​ទាំងនេះ​៕

វីដេអូ៖