ភ្នំពេញៈ មន្ត្រី​ក្រសួងយុត្តិធម៌ និង​ការិយាល័យ​ឧត្តមស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ (OHCHR) ​បន្ត​ធ្វើការ​រួម​គ្នា​លើ​កម្មវិធី​កែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្ដិធម៌​នៅ​ប្រទេស​កម្ពុជា​ ដោយ​ផ្ដោតលើ​ការដោះស្រាយ​ភាពចង្អៀត​ណែន​នៅក្នុង​ពន្ធនាគារ ការដោះស្រាយ​ការកកស្ទះ​សំណុំរឿង ការផ្ដល់​ជំនួយ​ផ្នែក​ច្បាប់ ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ព្រមទាំង​ការពង្រឹង​សមត្ថភាព និង​ធនធាន​មនុស្ស​ក្នុង​វិស័យ​យុត្ដិធម៌​។

ក្រោយពី​បញ្ចប់​ការដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​ចម្រុះ​ជាមួយ​លោក Pradeep Wagle តំណាង OHCHR ប្រចាំ​ប្រទេស​កម្ពុជា តាមរយៈ​ប្រព័ន្ធ​វីដេអូ​ហ្ស៊ូម​ (Zoom) ​នា​ថ្ងៃទី​ ២១ កក្កដា លោក​ ជិន ម៉ាលីន រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​អចិន្រៃ្តយ៍​នៃ​គណៈកម្មាធិការ​ដឹកនាំ​ការកែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍​ ពី​ម្សិលមិញថា តាមរយៈ​លទ្ធផល​នៃ​កិច្ចប្រជុំ​នេះ ភាគី​ទាំង​ ២ បាន​ពិនិត្យ និង​ពិភាក្សា​លើ​របៀបវារៈ​ចំនួន​ ៣ រួមមាន ទី​១ វឌ្ឍនភាព​នៃ​ការអនុវត្ត​សូចនាករ តាមដាន​រួម​ស្តីពី​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌ ឆ្នាំ​ ២០១៩-២០២៣ (2019-2023 JMI-LJR)​។

ទី​២ ​លទ្ធផល​នៃ​កិច្ចសហការ និង​ការអនុវត្ត​ការងារ​អាទិភាព​មួយចំនួន​របស់​ក្រសួងយុត្តិធម៌ រួមមាន​ដូចជា យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​តុលាការ ការដោះស្រាយ​ភាពចង្អៀត​ណែន​ក្នុង​ពន្ធនាគារ ការរៀបចំ​យន្តការ​ជំនួយ​ផ្នែក​ច្បាប់ ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ និង​ផែនការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ក្នុង​វិស័យ​យុត្តិធម៌​ជាដើម​។ ទី៣ ការងារ​បន្ត​ដែល​ត្រូវ​សហការ​ធ្វើ​រួមគ្នា​ពាក់ព័ន្ធ​នឹង​ការកែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌​។

លោក ជិន ម៉ាលីន ថ្លែងថា​៖ «​កិច្ចប្រជុំ​នេះ​យើង​ត្រួត​ពិនិត្យមើល​លើ​កម្មវិធី​កែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្ដិធម៌ ដែល​យើង​ធ្វើ​រួមគ្នា​រវាង​ក្រសួង​យុត្ដិធម៌ ជាមួយនឹង​ការិយាល័យ​ឧត្តមស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា (OHCHR) និង​ដៃគូ​ផ្សេងទៀត​»​។

លោក​បញ្ជាក់ថា​៖ «​ខាង​ដៃគូ​ក៏​ដូចជា​ខាង OHCHR បាន​អបអរសាទរ និង​មានការ​កោតសរសើរ​អំពី​សមិទ្ធផល​ដែល​ក្រសួង​បានសម្រេច​ពាក់ព័ន្ធ​ដល់​កម្មវិធី​កែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្ដិធម៌​នៅ​កម្ពុជា​»​។

លោក​ ជិន ម៉ាលីន អះអាងថា តាម​កិច្ចប្រជុំ​នេះ តំណាង​ប្រចាំ​ប្រទេស​នៃ OHCHR បាន​បញ្ជាក់ថា​នឹងចូលរួម​បន្តទៀត​ក្នុង​ការអនុវត្ត​សូចនាករ តាមដាន​រួម​ស្តីពី​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌​។ ជាពិសេស​ផ្ដោតទៅលើ​ការដោះស្រាយ​ភាពចង្អៀត​ណែន​នៅក្នុង​ពន្ធនាគារ ការដោះស្រាយ​ការកកស្ទះ​សំណុំរឿង ការផ្ដល់​ជំនួយ​ផ្នែក​ច្បាប់ និង​ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​។

លោក​បន្តថា​៖ «​តំណាង​ប្រចាំ​ប្រទេស​កម្ពុជា​នៃ OHCHR ថា នឹងចូលរួម​សហការ​ការពង្រឹង​សមត្ថភាព និង​ធនធាន​មនុស្ស​ក្នុង​វិស័យ​យុត្ដិធម៌​ផងដែរ​។ ​យើង​នឹង​ធ្វើការ​រួមគ្នា​បន្តទៀត​»​។

លោក អំ សំអាត នាយករង អង្គការ​ការពារ​សិទ្ធិមនុស្ស លីកាដូ ថ្លែង​ពី​ម្សិលមិញ​ថា ដើម្បី​កំណែទម្រង់​ប្រព័ន្ធ​តុលាការ​ឱ្យមាន​ភាពឯករាជ្យ គឺ​ទី​១ ត្រូវធ្វើ​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌ ទី​២ ពង្រឹង​អំណាច​ទាំង ៣ ឱ្យដាច់​ពីគ្នា គឺ អំណាច​នីតិប្បញ្ញត្តិ អំណាច​នីតិប្រតិបត្តិ និង​អំណាច​តុលាការ​។ ទី​៤ សេចក្តី​ព្រាងច្បាប់ និង​សេចក្តី​ស្នើច្បាប់​ត្រូវ​ស្របតាម​រដ្ឋធម្មនុញ្ញ និង​បទដ្ឋាន​អន្តរជាតិ​ស្តីពី​សិទ្ធិមនុស្ស និង​ទី​៥ ពង្រឹង​ការអនុវត្ត​ច្បាប់​។

លោក​ថ្លែងថា​៖ «​កន្លងមក​ខ្ញុំ​សង្កេតឃើញ​ថា ការកំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌ គឺមាន​លក្ខណៈ​ជា​ជំហាន​មួយ​នៅ​យឺត​នៅឡើយ ដែល​មិនទាន់​ឆ្លើយតប​តាម​កំណែទម្រង់​បែប​ស៊ីវិល័យ​ (​សង្គម​ប្រជាធិបតេយ្យ​)»​។

លោក​បន្តថា​៖ «​ដូច្នេះ​ការធ្វើ​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌​ក៏ត្រូវ​គួបផ្សំ​និង​ឆន្ទៈ​នយោបាយ​ផងដែរ ទើប​អាច​សម្រេច​ទៅបាន​។ ប្រទេស​ប្រជាធិបតេយ្យ​នៅលើ​ពិភពលោក​គឺ​ប្រព័ន្ធ​តុលាការ​ឯករាជ្យ​ជា​រឿង​សំខាន់​សម្រាប់​ជំនឿ​ទុកចិត្ត​របស់​ប្រជាពលរដ្ឋ និង​អ្នកវិនិយោគទុន​»​។

ក្រសួង​យុត្តិធម៌ កាលពី​ថ្ងៃទី​ ២៩ ខែមិថុនា បានប្រកាស​បិទ​បញ្ចប់​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី​-​ខេត្ត ក្រោយពី​អនុវត្ដ​រយៈពេល​ ១ ​ឆ្នាំ​ ១ ​ខែ គិតពី​ថ្ងៃទី​ ១៨ ខែឧសភា​ ឆ្នាំមុន ដោយបាន​ដោះស្រាយ​សំណុំរឿង​ព្រហ្មទណ្ឌ​កកស្ទះ​សរុប​ជាង​ ៣៧ ៩០០ ​សំណុំរឿង​ និង​សំណុំរឿង​ព្រហ្មទណ្ឌ​ចូល​ថ្មី​ជាង ៦២ ៨០០ ​សំណុំរឿង​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​។

ក្រសួង​យុត្តិធម៌​ឱ្យដឹងថា តាមរយៈ​យុទ្ធនាការ​នេះ សាលាដំបូង​រាជធានី-ខេត្ត​ ទូទាំងប្រទេស​ក៏បាន​ដោះស្រាយ​សំណុំរឿង​ព្រហ្មទណ្ឌ​ដែល​ចូល​ថ្មី​បាន​ជាង​ ៦២ ៨០០ ​រឿង ស្មើនឹង​ជាង ​៧៨% នៃ​ចំនួន​សំណុំរឿង​ចូល​ថ្មី​សរុប​ជាង ៨០ ៤០០ ​រឿង​ផងដែរ​។

បើតាម​ក្រសួង​យុត្ដិធម៌ ផ្អែកលើ​លទ្ធផល​ដែល​សម្រេចបាន​នេះ បើទោះបី​ជា កម្ពុជា​បាននិង​កំពុង​ស្ថិតក្នុង​កាលៈទេសៈ​ដ៏លំបាក​ក្នុង​ការប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ២០២១ ក៏ដោយ ក៏​សាលាដំបូង​រាជធានី-ខេត្ត​ចំនួន​ ២២ ក្នុងចំណោម​សាលាដំបូង​សរុប​ទាំងអស់​ចំនួន​ ២៤ បានប្រកាស​ជា​បន្តបន្ទាប់​នូវ​ជោគជ័យ​របស់ខ្លួន​ក្នុង​ការអនុវត្ត​យុទ្ធនាការ​៕