ភ្នំពេញ៖ គណៈកម្មការ​អន្តរ​ក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩​ សម្រេច​យក​សណ្ឋាគារ​ចំនួន​ ២ ដាក់​ឱ្យ​ប្រើ​ប្រាស់​សេវា​កក់​សណ្ឋាគារ​ធ្វើ​ចត្តាឡីស័ក​សម្រាប់​អ្នក​ដំណើរ​ចូល​មក​ប្រទេស​កម្ពុជា តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ គឺ សណ្ឋាគារ​សុខា​ភ្នំពេញនិង រ៉េស៊ីដង់ (Sokha Phnom Penh Hotel & Residence) និង​សណ្ឋាគារ​ខថយ៉ាដ ម៉ារីយ័ត ភ្នំពេញ (Courtyard by Marriott Phnom Penh)។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​នៅ​ថ្ងៃ​សុក្រ​នេះ បាន​ឱ្យ​ដឹង​ថា ដើម្បី​សម្រួល​ក្នុង​ការ​ធ្វើ​ចត្តា​ឡីស័ក​របស់​អ្នក​ដំណើរ​ជាតិ និង​អន្តរជាតិ ដែល​បាន​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ គណៈកម្មការ​អន្តរ​ក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩ សម្រេច​ដាក់​ឱ្យ​អនុវត្ត​សេវា​កក់​សណ្ឋាគារ​ចំនួន​២ រួមមាន សណ្ឋាគារ​សុខា​ភ្នំពេញនិង រ៉េស៊ីដង់ និង​សណ្ឋាគារ​ខថយ៉ាដ​ម៉ារីយ័ត​ភ្នំពេញ។

អ្នក​ដំណើរ​ដែល​ចង់​ប្រើ​ប្រាស់​សេវា​នេះ ត្រូវ​អនុវត្ត​គោលការណ៍​មួយ​ចំនួន​ដែល​គណៈកម្មការ​អន្តរ​ក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩ បាន​កំណត់។​​ អ្នក​ដំណើរ​ត្រូវ​ជ្រើសរើស​សណ្ឋាគារ និង​ធ្វើ​ការ​កក់​ដោយ​ផ្ទាល់​តាម​រយៈ​គេហទំព័រ​របស់​សណ្ឋាគារ www.sokhahotels.com.kh/phnompenh/ ឬ www.courtyardphnompenh.com ហើយ​ត្រូវ​កក់​បន្ទប់​ស្នាក់​នៅ​ឱ្យ​បាន​មុន ២ ថ្ងៃ​នៃ​ការ​ចេញ​ដំណើរ។

សេចក្ដី​ប្រកាសព័ត៌មាន​ ​បន្ត​ថា ពេល​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ អ្នក​ដំណើរ​ដែល​បាន​កក់​បន្ទប់​ស្នាក់​នៅ​សណ្ឋាគារ សុខា​ភ្នំពេញ​និង​រ៉េស៊ីដង់ ឬ សណ្ឋាគារ​ខថយ៉ាដ​ម៉ារីយ័ត​ភ្នំពេញ ត្រូវ​បង្ហាញ​ឯកសារ​ចាំបាច់​សម្រាប់​ធ្វើ​ដំណើរ​ដូច​ករណី​អ្នក​ដំណើរ​ធម្មតា។

ឯកសារ​ទាំង​នោះ​មាន​ដូចជា ទិដ្ឋាការ​ដែល​មាន​សុពលភាព និង​ចេញ​ដោយ​ស្ថានទូត​កម្ពុជា ឬ​ពី​ស្ថាន​កុងស៊ុល កម្ពុជា​នៃ​ប្រទេស​សាមី, វិញ្ញាបនបត្រ​បញ្ជាក់​សុខ​ភាព​ចេញ​ដោយ​អាជ្ញាធរ​សុខាភិបាល​ដែល​ទទួល​ស្គាល់​ដោយ​រដ្ឋាភិបាល​ប្រទេស​សាមី បញ្ជាក់​ថា​គ្មាន​ជំងឺ​កូវីដ​១៩ ក្នុង​រយៈពេល​ ៧២ ម៉ោង មុន​ពេល​ចេញ​ដំណើរ និង ​លិខិត​បញ្ជាក់​លើ​ការ​ទិញ​សេវា​ធានា​រ៉ាប់រង​សុខភាព ដែល តម្រូវ​ឱ្យ​អ្នក​ធ្វើ​ដំណើរ​បរទេស​ទិញ​សេវា​ធានា​រ៉ាប់រង​សុខភាព (Health Insurance) សម្រាប់​ព្យាបាល​ជំងឺ​កូវីដ​១៩។

អ្នក​ដំណើរ​ត្រូវ​បង្ហាញ​ឯកសារ​ថត​ចម្លង​បញ្ជាក់​ថា បាន​កក់​បន្ទប់​ស្នាក់​នៅ​សម្រាប់​ការ​ធ្វើ​ចត្តាឡីស័ក​រយៈពេល ១៤​ថ្ងៃ ជូន​ដល់​មន្ត្រី​មាន​សមត្ថកិច្ច ។ ក្នុង​ករណី​អាជ្ញាធរ​មាន​សមត្ថកិច្ច​រក​ឃើញ​ថា​ អ្នក​ដំណើរ​នោះ​មាន​ហានិភ័យ​ខ្ពស់ អ្នក​ដំណើរ​ត្រូវ​តែ​សហការ​តាម​ការ​រៀប​ចំ​ទី​តាំង​ធ្វើ​ចត្តាឡីស័ក​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច។

ដោយឡែក ចំពោះ​សេវា​កក់​សណ្ឋាគារ​ដែល​មិន​អាច​ប្រើ​ប្រាស់​បាន នោះ​ប្រាក់​កក់​សណ្ឋាគារ​នឹង​ធ្វើ​ការ​បង្វិល​ជូន​ភ្ញៀវ​វិញ។ ក្នុង​ករណី​នេះ អ្នក​ដំណើរ​ត្រូវ​តម្កល់​ប្រាក់​ចំនួន ២០០០ ដុល្លារ​អាមេរិក ដូច​អ្នក​ដំណើរ​ធម្មតា​ដែរ។

សណ្ឋាគារ​ដែល​ទទួល​ការ​កក់​ត្រូវ​រៀប​ចំ​មធ្យោបាយ​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ពី​អាកាសយាន​ដ្ឋាន អន្តរជាតិ​ភ្នំពេញ ទៅ​កាន់​ទីតាំង​របស់​ខ្លួន ដោយ​ត្រូវ​គោរព​តាម​វិធាន​សុខាភិបាល​ដែល​នៅ​ជា​ធរមាន។ អ្នក​ប្រើ​ប្រាស់​សេវាកម្ម​នេះ ត្រូវ​អនុវត្ត​ឱ្យ​ត្រឹម​ត្រូវ​តាម​វិធាន​សុខាភិបាល​ដែល​នៅ​ជា​ធរមាន​ក្នុង​កំឡុង​ពេល​ធ្វើ​ចត្តាឡីស័ក។

ក្រោយ​ពេល​អ្នក​ដំណើរ​បញ្ចប់​ចត្តាឡីស័ក សណ្ឋាគារ​សុខា​ភ្នំពេញ​និង​រ៉េស៊ីដង់ និង​សណ្ឋាគារ ខថយ៉ាដ​ម៉ារីយ៉ុត​ភ្នំពេញ ត្រូវ​ទូទាត់​ចំណាយ​របស់​រដ្ឋ​ពាក់​ព័ន្ធ​ការ​អនុវត្ត​វិធានការ​សុខាភិបាល អំឡុង​ពេល​ធ្វើ​ចត្តា​ឡីស័ក ស្រប​តាម​ខ្លឹម​សារ​នៃ​លិខិត​លេខ ៤៨៩៨ សហវ ចុះ​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ ២០២០។

ចំពោះ​អ្នក​ដំណើរ​ដែល​មិន​ប្រើ​ប្រាស់​សេវា​កក់​សណ្ឋាគារ​ទាំង​ពីរ​នេះ​ទេ នឹង​ត្រូវ​អនុវត្ត​នីតិវិធី​ដែល​មាន​ស្រាប់​ជា​ធរមាន ដោយ​ត្រូវ​តម្កល់​ប្រាក់​ចំនួន ២០០០ ដុល្លារ​អាមេរិក សម្រាប់​ធានា​ចំណាយ​ក្នុង​ដំណើរ​ការ​ធ្វើ​ចត្តាឡីស័ក និង​ត្រូវ​ធ្វើ​តាម​ទីតាំង​ដែល​កំណត់​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច។

នៅ​ពេល​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក្នុង​ករណី​អាជ្ញាធរ​មាន​សមត្ថកិច្ច​រក​ឃើញ ឬ​សង្ស័យ​ថា អ្នក​ដំណើរ​មក​ពី​តំបន់​មាន​ហានិភ័យ​មេរោគ​បំប្លែង​ខ្លួន​ថ្មី Delta អ្នក​ដំណើរ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ទៅ​ស្នាក់​នៅ​សណ្ឋាគារ​ដែល​បាន​កក់​នោះ​ទេ។

ក្រសួង​បាន​បញ្ជាក់​ថា ៖ «គាត់​ត្រូវ​ដាក់​តម្កល់​លុយ​ចំនួន ២០០០ ដុល្លារ​អាមេរិក ហើយ​ត្រូវ​ទៅ​ធ្វើ​ចត្តាឡីស័ក​នៅ​ទីតាំង​ដែល​បាន​រៀប​ចំ​ដោយ​អាជ្ញាធរ និង​ត្រូវ​បំពេញ​នីតិវិធី​ដូច​អ្នក​ដំណើរ​ដទៃ​ទៀត​ដែរ។ ចំពោះ​លុយ​កក់ សណ្ឋាគារ​នឹង​បង្វិល​ជូន​វិញ»។

ក្នុង​ករណី​ដែល​អ្នក​ដំណើរ​មិន​មាន​ពាក់​ព័ន្ធ​តំបន់​មាន​ហានិភ័យ​មេរោគ​បំប្លែង​ខ្លួន​ថ្មី Delta ពេល​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ អ្នក​ដំណើរ​ត្រូវ​ឆ្លង​កាត់​ការ​វាស់​កម្ដៅ និង​បង្ហាញ​ឯកសារ​ពាក់​ព័ន្ធ​ដល់​មន្ត្រី​មាន​សមត្ថកិច្ច​ដូច​អ្នក​ដំណើរ​ធម្មតា​ដែរ ប៉ុន្តែ​មិន​ចាំ​បាច់​ដាក់​ប្រាក់​តម្កល់​ចំនួន ២០០០ ដុល្លារ​អាមេរិក​សម្រាប់​ធានា​ចំណាយ​ការ​ធ្វើ​ចត្តា​ឡីស័ក​នៅ​បញ្ជរ​ធនាគារ ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បន្ទាប់​ពី​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​របស់​មន្ត្រី​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​មន្ត្រី​គយ​រួច។

អ្នក​ដំណើរ​ត្រូវ​សហការ​យក​សំណាក​ជាមួយ​មន្ត្រី​សុខាភិបាល​ដូច​អ្នក​ដំណើរ​ផ្សេង​ទៀត​ដែរ ដែល​ការ​បញ្ជាក់​យក​សំណាក​លើក​ទី​១ នឹង​ត្រូវ​វាយ​នៅ​លើ​លិខិត​បញ្ជាក់​ការ​កក់​សណ្ឋាគារ បន្ទាប់​ពី​យក​សំណាក​រួច​រាល់​ហើយ អ្នក​ដំណើរ​ត្រូវ​ចេញ​ទៅ​សណ្ឋាគារ​ដែល​ខ្លួន​បាន​កក់​តាម មធ្យោបាយ​ដឹក​ជញ្ជូន​របស់​សណ្ឋាគារ ដោយ​មាន​អ្នក​សម្រប​សម្រួល​ខាង​សណ្ឋាគារ​ម្នាក់​ជា​អ្នក​នាំ​ផ្លូវ៕