ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ទិញ​វ៉ាក់សាំង​បន្ថែមចំនួន​ ៥ ​លានដូស​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​សម្រាប់​ត្រៀម​ចាក់​ដល់​កុមារ​ និង​យុវវ័យ​អាយុ​ពី​ ១២ ​ឆ្នាំ​ដល់​ ១៧ ​ឆ្នាំ ដែល​វ៉ាក់សាំង​នេះ​នឹង​ដឹក​មកដល់​ប្រទេស​កម្ពុជា​ក្នុង​ខែសីហា និង​ខែកញ្ញា​ខាងមុខនេះ ខណៈ​ដែល​កម្ពុជា​ក៏​នឹង​ទទួលបាន​វ៉ាក់សាំង​ប្រភេទ​ Johnson&Johnson តាមរយៈ​យន្តការ​កូវ៉ាក់​ចំនួន​ ១ ​លានដូស​ផងដែរ​។ ​

នេះ​ជា​ការលើកឡើង​របស់​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល នា​ព្រឹក​ថ្ងៃទី​ ២២ ខែកក្កដា ក្នុងពេល​លោកស្រី​ទទួល​វ៉ាក់សាំង​ស៊ីណូហ្វាម​ចំនួន​ ១ ​លានដូស​ដែល​រាជរដ្ឋាភិបាល​បាន​បញ្ជា​ទិញ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

លោកស្រី​ថ្លែងថា​៖ «​នៅក្នុង​ខែសីហា យើង​នឹងមាន​វ៉ាក់សាំង​ស៊ីណូវ៉ាក់​ចំនួន​ ៣ ​លានដូស ហើយ​នៅក្នុង​ខែកញ្ញា យើង​នឹងមាន​ស៊ីណូវ៉ាក់​ចំនួន​ ២ ​លានដូស​ទៀត​សម្រាប់​ត្រៀម​ចាក់​ទៅដល់​កុមារ និង​យុវវ័យ ដែល​សម្តេចតេជោ​កំពុងតែ​ណែនាំ​ចំពោះ​ក្រុមការងារ​ចាក់​វ៉ាក់សាំង​ក៏ដូចជា​ក្រុម​ចំពោះ​កិច្ច​នៃ​ការធ្វើ​លទ្ធកម្ម​វ៉ាក់សាំង​»​។

លោកស្រី យក់ សម្បត្តិ បាន​អះអាង​ផងដែរ​ថា កម្ពុជា​ក៏​នឹង​ទទួលបាន​វ៉ាក់សាំង​ប្រភេទ​ចនសុន&ចនសុន (Johnson&Johnson) ​ចំនួន​ ១ ​លានដូស​ផងដែរ​ដែល​ត្រូវបាន​ផ្តល់​តាមរយៈ​យន្តការ​កូវ៉ាក់ ប៉ុន្តែ​លោកស្រី​មិនទាន់​អាច​បញ្ជាក់​ពី​ពេលវេលា​នៃ​ការមកដល់​របស់​វ៉ាក់សាំង​នៅឡើយ​ទេ​។

ទាក់ទង​នឹង​ការចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ទៅដល់​កុមារ និង​យុវវ័យ​នេះដែរ លោកស្រី យក់ សម្បត្តិ បាន​លើកឡើងថា ក្រុមការងារ​នៃ​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​បង្ការ​វីរុស​កូវីដ​ ១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​កំពុងតែ​ធ្វើ​ផែនការ និង​ពិភាក្សា​ក្នុង​ក្រុមការងារ​យ៉ាងសកម្ម​ផងដែរ​។

កេស​វ៉ាក់សាំង​ស៊ីណូហ្វាម ត្រូវបាន​ជញ្ជូន​ចេញពី​យន្តហោះ​ក្រោយពេល​ដឹក​មកដល់​។ហេង ជីវ័ន

លោកស្រី យក់ សម្បត្តិ បាន​លើកឡើងថា នៅ​ប្រទេសជិតខាង​នៃ​ប្រទេស​កម្ពុជា​កំពុងមាន​ការផ្ទុះ​ខ្លាំង ប៉ុន្តែ​ប្រទេស​ទាំងនោះ​មិនទាន់មាន​វ៉ាក់សាំង​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​បាន​ច្រើន​ដូច​កម្ពុជា​ទេ ដែល​គិត​មកដល់​យប់​ថ្ងៃទី​ ២១ ខែកក្កដា កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ដល់​ប្រជាពលរដ្ឋ​បាន​ជាង​ ៦ ​លាន​នាក់​ហើយ​។

លោកស្រី​ថ្លែងថា​៖ «​យើង​មាន​វ៉ាក់សាំង​គ្រប់គ្រាន់​នៅក្នុង​ដៃ​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​របស់​យើង ក៏ដូចជា​កុមារៗ​ជា​គោលដៅ​ដែល​សម្តេច​តេជោ​បាន​សម្រេច​រួចហើយ​។ ដូចនេះ ទន្ទឹមនឹង​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​គ្រប់ៗ​គ្នា​នេះ​គឺ​ត្រូវតែ​មាន​ការចូលរួម​ពី​បុគ្គល​ម្នាក់ៗ​ក្នុង​សហគមន៍​ទើប​កាត់បន្ថយ​ការឆ្លង​រាលដាល​នៃ​វីរុស​កូវីដ​នេះ​»​។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃទី​ ២២ ខែកក្កដា បាន​ថ្លែងថា វ៉ាក់សាំង ពិត​ជាមាន​សារៈសំខាន់​ក្នុង​ការប្រយុទ្ធ​ប្រឆាំងនឹង​ការរាតត្បាត​ជំងឺ​​កូវីដ​ ១៩​។ រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​ការចាក់​​វ៉ាក់សាំង ជា​ផែនការ​យុទ្ធសាស្ត្រ​ក្នុង​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ ​នេះ​។

លោកនាយក​រដ្ឋមន្ត្រី​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុកថា​៖ «​តាមរយៈ​ផែនការ​យុទ្ធសាស្ត្រ​នេះ កម្ពុជា​បាន​ប្រឹងប្រែង​គ្រប់​វិធី​ក្នុង​ការរក​​វ៉ាក់សាំង​ចាក់​ជូន​ប្រជាពលរដ្ឋ​។ វ៉ាក់សាំង ដែល​កម្ពុជា​ទទួល​បាន គឺជា​ការសម្រេច​ផែនការ​របស់​កម្ពុជា ដែល​រក​វ៉ាក់សាំង​ឱ្យបាន ២០ ​លានដូស ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​ប្រមាណ ១០ ​លាននាក់​»​។

បើតាម​ការជូនដំណឹង​របស់​នាយកដ្ឋាន​ព័ត៌មាន​នៃ​ក្រសួង​ការពារជាតិ​កាលពី​ថ្ងៃទី​ ២១ ខែកក្កដា ឆ្នាំ​ ២០២១ បានឱ្យ​​ដឹងថា លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នឹង​ទៅ​ទទួល​វ៉ាក់សាំង​ការពារ​វីរុស​កូវីដ​ ១៩ ​ចំនួន​ ១ ​លានដូស ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន​ដែល​នឹង​ដឹក​មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃទី​ ២៣ ខែកក្កដា​នេះ​។

ក្រសួង​ការពារជាតិ​បាន​លើកឡើងថា ការអញ្ជើញ​ទទួល​វ៉ាក់សាំង​នៅ​ព្រលាន​យន្តហោះ​របស់លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នាពេល​ខាងមុខ​នេះ គឺជា​ការអញ្ជើញ​ទទួល​វ៉ាក់សាំង​ប្រទេស​ជា​មិត្ត​លើក​ទី​ ២ ​ហើយ ដែល​នៅ​លើក​ទី​ ១ បានធ្វើ​ឡើង​កាល ពីថ្ងៃ​ទី​ ៧ ខែកុម្ភៈ លោក​បានទទួល​វ៉ាក់សាំង​ផ្ទាល់​ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល និង​ប្រជាជន​ចិន ចំនួន ៦០ ​ម៉ឺនដូស​។

នៅ​សប្តាហ៍​មុននេះ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ឱ្យដឹងថា រដ្ឋាភិបាល​ជប៉ុន​បានប្រកាស​ផ្ដល់ជំនួយ​វ៉ាក់សាំង AstraZeneca ចំនួន​ប្រមាណ​ ១ ​លាន​ដូស​ដល់​កម្ពុជា​។ ជំនួយ​នេះ​ធ្វើឡើង​ស្របតាម​ចំណងមិត្តភាព​រវាង ជប៉ុន និង​កម្ពុជា និង​ដោយ​ផ្អែកលើ​ស្ថានភាព​កូវីដ​ ១៩ នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន​៕

វីដេអូ៖