កំពង់ធំៈ ក្រុមការងារ​នាយកដ្ឋាន​រដ្ឋបាល​ផែនការ និង​សហប្រតិបត្តិការ​នៃ​អាជ្ញាធរ​ទន្លេសាប គ្រោង​រៀបចំ​ដាក់បញ្ចូល​នូវ​សំណើ​មួយចំនួន​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ផាត់​សណ្ដាយ​នៃ​ខេត្តកំពង់ធំ ចូល​ទៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ និង​គ្រប់គ្រង​តំបន់​ទន្លេសាប​ បន្ទាប់ពី​រកឃើញ​នូវ​បញ្ហា​ប្រឈម​មួយចំនួន​របស់​ពួកគេ​។

លោក ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ១៩ កក្កដា​ថា ក្រុមការងារ​របស់​អាជ្ញាធរ​ទន្លេសាប​បាន​ចុះ​សិក្សា​ស្រាវជ្រាវ និង​ស្វែងយល់​ពី​ដំណើរការ​នៃ​ការគ្រប់គ្រង​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​ព្រមទាំង​យន្តការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដែល​កំពុង​កើតមាន​ក្នុង​តំបន់​ផាត់​សណ្ដាយ​។

លោក​ថា​៖ «​ជា​លទ្ធផល​ក្រុមការងារ​បាន​រកឃើញ​នូវ​បញ្ហា​ប្រឈម​មួយចំនួន​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ផាត់សណ្ដាយ​នាពេល​បច្ចុប្បន្ន និង​ទាមទារ​ឱ្យមាន​ការសិក្សា​ស្វែងរក​ដំណោះស្រាយ​ឆ្លើយតប​ជាបន្ទាន់ ដើម្បី​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់​នោះ​»​។

លោក​ ម៉ៅ ហាក់ ថ្លែងថា ប្រជាពលរដ្ឋ​ក្នុង​តំបន់​នោះ​ភាគច្រើន​លើសលប់​បាន​ប្រឈម​ទៅនឹង​បញ្ហា​ហិរញ្ញវត្ថុ ព្រោះ​ពួកគេ​ពឹង​ផ្អែកលើ​មុខរបរ​តែមួយគត់​គឺ «​នេសាទ​ត្រី​»​។ កង្វះ​ការគាំទ្រ​បច្ចេកទេស និង​ធនធាន​ថវិកា សម្រាប់​កិច្ចដំណើការ​ការងារ​ប្រចាំថ្ងៃ​ក្នុង​សហគមន៍​ដែល​នាំឱ្យ​សមាជិក​គណ:កម្មការ​សហគមន៍​បាក់​ទឹកចិត្ត និង​ងាក​ពី​ការងារ​ស្ម័គ្រចិត្ត​ទៅ​បំពេញ​ការងារ​ផ្សេងៗ ដើម្បី​តម្រូវការ​ជីវភាព​របស់ខ្លួន​វិញ ខណៈ​ការអនុវត្ត​ច្បាប់​នៅ​ថ្នាក់មូលដ្ឋាន​នៅមានកម្រិត​ដោយ​ផ្អែកលើ​មនោសញ្ចេតនា​យោគយល់​ ដោយសារ​កម្រិតជីវភាព​ប្រជាសហគមន៍​។

ទន្ទឹមនឹងនេះ ក្រុមការងារ​ក៏បាន​ប្រមូល​នូវ​ព័ត៌មាន និង​សំណូមពរ​សំខាន់​មួយចំនួន​របស់​ពួកគេ ដែល​ទាមទារ​ឱ្យ​អាជ្ញាធរ​ជំនាញ​នៃ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ជួយ​អន្តរាគមន៍​ផ្ដល់​មធ្យោបាយ បច្ចេកទេស​ និង​ធនធាន​ថវិកា​មួយចំនួន​ដល់​ពួកគេ​ ដើម្បី​អភិវឌ្ឍ​សហគមន៍​របស់​ពួកគេ តាមរយៈ​ការរៀបចំ​ឱ្យមាន​សហគមន៍​ទេសចរណ៍​មួយ ដែល​អាច​ទាក់ទាញ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ទៅ​ទស្សនា​ផ្ទាល់​ពី​ជីវភាព​រស់នៅ​យ៉ាងពិត​ប្រាកដ​របស់​ពួកគេ​នៅក្នុង​តំបន់​នោះ និង​ការជួយ​ឧបត្ថម្ភ​ធនធាន​ដល់​ពួកគេ ដើម្បី​រៀបចំ​បែប​ចិញ្ចឹម​ត្រី​ទៅតាម​បទដ្ឋាន​បច្ចេកទេស​។

លោក នៅ នួន នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​ផាត់​សណ្ដាយ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ៩៨ ​ភាគរយ​នៃ​ពលរដ្ឋ​ជាង​ ៤ ​ពាន់​នាក់​ក្នុង​ឃុំ​ផាត់​សណ្ដាយ​គឺជា​អ្នក​ប្រកបមុខរបរ​នេសាទ​ត្រី ហើយ​ប្រជាពលរដ្ឋ​ប្រមាណ​ ១០ ​ភាគរយ​ប៉ុណ្ណោះ ដែលមាន​ដីស្រែប្រាំង​សម្រាប់​ធ្វើ​កសិកម្ម ជួយ​ដោះស្រាយ​បញ្ហា​ជីវភាព​ប្រចាំថ្ងៃ​។ ក្រៅពីនោះ​ពួកគេ​មួយ​ចំនួន​ធ្វើ​ចំណាកស្រុក​ទៅ​រក​ការងារ​ផ្សេងៗ នៅតាម​បណ្ដា​រាជធានី​ខេត្ត​ជា​បណ្ដោះអាសន្ន​នៅ​រដូវ​ហាមឃាត់ និង​នៅ​រដូវប្រាំង ដើម្បី​រក​ទុន​មក​ត្រៀម​បម្រុង​នៅ​រដូវ​ត្រីប្រហុក​ផ្អក​។

លោក នួន បាន​និយាយ​ថា​៖ «​មិនថាតែ​ប្រជាពលរដ្ឋ​នោះទេ សូម្បីតែ​អាជ្ញាធរ​មូលដ្ឋាន​នៅក្នុង​តំបន់​នេះ​ក៏​មាន​បញ្ហា​ជីវភាព និង​ជាប់បំណុល​ធនាគារ ឬ​អ្នករកស៊ី​ចងការ​ប្រាក់​មួយ​ចំនួន​ផងដែរ​»​។

អ្នកស្រី ឆេង គឹមហេង អនុប្រធាន​គណៈកម្មការ​សហគមន៍​នេសាទ​ផាត់​សណ្ដាយ ថ្លែងថា​៖ «​ជា​ការពិត ប្រជាពលរដ្ឋ​នៅក្នុង​សហគមន៍​ផាត់សណ្ដាយ​របស់​យើងខ្ញុំ ស៊ូទ្រាំ​អត់ធ្មត់ មិន​បំពាន​ច្បាប់​ជលផល​នោះទេ​។ ប៉ុន្តែ​ជន​ចំណាកស្រុក តែងតែ​ឆ្លៀតឱកាស​លួចឆ្មក់​ចូលមក​នេសាទ​ត្រី នៅក្នុង​តំបន់​នេសាទ​របស់​សហគមន៍​យើងខ្ញុំ ដោយ​ប្រើ​ឧបករណ៍​ឆក់ និង​ឧបករណ៍​នេសាទ​ខុសច្បាប់​មួយចំនួន​ទៀត ដែល​ត្រូវបាន​ហាមឃាត់​ដោយ​ច្បាប់​ជលផល​»​។

អ្នកស្រី​បាន​ថ្លែងថា អ្វីដែល​ប្រជាសហគមន៍​បាន​ស្នើសុំ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍​ផ្ដល់​ដំណោះស្រាយ​នោះ គឺ​ការជួយ​បណ្ដុះបណ្ដាល​លើ​មុខជំនាញ​បច្ចេកទេស ចិញ្ចឹមត្រី និង​រក​ទីផ្សារ​ផលិតផល​ត្រី ព្រមទាំង​ការជួយឧបត្ថម្ភ​ធនធាន​ជា​ថវិកា ដើម្បីឱ្យ​សហគមន៍ អាចបង្កើត​អាជីវកម្ម​ចិញ្ចឹម​ត្រី ពង្រឹង​ជីវភាព​គ្រួសារ​បាន​ដោយ​គ្មាន​ការភ័យព្រួយ​ពី​បំណុល​។ លោក ម៉ៅ ហាក់ បាន​ថ្លែងថា​៖ «​នៅពេលនេះ ក្រុមការងារ​របស់​អាជ្ញាធរ​ទន្លេសាប​កំពុង​ពិនិត្យ និង​ប្រមូល​នូវ​សម្រង់​ព័ត៌មាន ស្ដីពី​បញ្ហា​ប្រឈម និង​សំណូមពរ​នានា​របស់​ពួកគេ មក​សិក្សា​វិភាគ​រក​ដំណោះស្រាយ ដើម្បី​ចងក្រង​ជា​ឯកសារ​សម្រាប់​ដាក់បញ្ចូល​ទៅក្នុង​សេចក្តី​ព្រាង​ផែនការ​យុទ្ធសាស្ត្រ​គ្រប់គ្រង តំបន់​ទន្លេសាប​ហើយ​»៕