ភ្នំពេញៈ ការប្រារព្ធ​ទិវា​បង្ការ​ការលង់​ទឹកជា​សកល ២៥ កក្កដា ឆ្នាំ​ ២០២១ ខាងមុខនេះ អង្គការ​ហេបកូដ (Helpcode) ប្រចាំ​ប្រទេស​កម្ពុជា ប្រកាស​ស្វែងរក​ការគាំទ្រ ដើម្បី​ជួយ​ការពារ​កុមារ​ពី​ការលង់ទឹក​ ខណៈ​ករណី​គ្រោះថ្នាក់ ដោយសារ​ការលង់ទឹក​ស្លាប់ ជាពិសេស​លើ​កុមារ​កម្ពុជា​នៅតែ​កើតមាន​ស្ទើរ​គ្រប់​ខេត្ត​។

តាមរយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ ហេបកូដ ស្ដីពី​ទិវា​បង្ការ​ការលង់​ទឹក​ជាសកល ២៥ កក្កដា ២០២១ ក្រោម​ប្រធានបទ​ «​គាំទ្រ​អង្គការ​ហេបកូដ​ជួយ​ការពារ​កុមារ​ពី​ការលង់ទឹក​ក្នុងប្រទេស​កម្ពុជា​» ពី​ម្សិលមិញ ឱ្យដឹងថា ទិវា​បង្ការ​ការលង់ទឹក​ពិភពលោក​បាន​ប្រកាសឡើង​តាមរយៈ​សេចក្ដី​សម្រេច​មហាសន្និបាត ថ្ងៃទី​ ៧ ខែ មេសា ឆ្នាំ​ ២០២១ ស្ដីពី «​ការបង្ការ​ការលង់ទឹក​ពិភពលោក​»​។

ទិវា​នេះ​ត្រូវបាន​ប្រារព្ធ​ធ្វើជា​រៀងរាល់ឆ្នាំ​នៅ​ថ្ងៃទី​ ២៥ ខែ​កក្កដា ដើម្បី​ធ្វើការ​តស៊ូ​មតិ​ជាសកល​បង្ហាញ​ពី​ផលប៉ះពាល់​ដ៏គួរឱ្យ​សោកសៅ​យ៉ាង​ក្រៃលែង​នៃ​ការលង់ទឹក​ទៅលើ​គ្រួសារ និង​សហគមន៍ និង​ផ្តល់នូវ​ដំណោះស្រាយ​សង្គ្រោះ​ជីវិត​ដើម្បី​ការពារ​ការ​លង់ទឹក​។

សេចក្ដី​ប្រកាស​បានឱ្យដឹង​ថា មនុស្ស​ប្រមាណ ២៣៥ ៦០០ ​នាក់​ បាន​លង់​ទឹកជា​រៀងរាល់ឆ្នាំ ហើយ​ការលង់ទឹក​នេះ​ស្ថិត​ក្នុង​ចំណោម​មូលហេតុ​ទាំង​ ១០ នៃ​ការស្លាប់​របស់​កុមារ ដែល​មាន​អាយុ​ពី ៥-១៤ ​ឆ្នាំ​។ ការស្លាប់ ដោយសារ​ការលង់ទឹក​ច្រើនជាង​ ៩០ ​ភាគរយ​ កើតឡើង​នៅតាម​ដងទន្លេ បឹង អណ្តូង នាវា​ផ្ទុក​ស៊ីទែន​ទឹក​ក្នុងស្រុក ហើយ​និង​អាង​ហែល​ទឹក​ក្នុង​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប និង​មធ្យម ដោយ​មាន​កុមារ និង​ក្មេង​ជំទង់​នៅ​តំបន់​ជនបទ​រងផលប៉ះពាល់​យ៉ាងខ្លាំង​។

«​នៅ​ប្រទេស​កម្ពុជា ការលង់ទឹក គឺជា​បុព្វហេតុ​ចម្បង​នៃ​ការស្លាប់​ចំពោះ​កុមារ បន្ទាប់ពី​ទារក​ (១-១៧ ​ឆ្នាំ​)​។ បើ​យោងតាម​របាយការណ៍ អត្រា​មរណភាព​កុមារ​របស់​អង្គការ​សុខភាព​ពិភពលោក​ឆ្នាំ​ ២០១៩ បង្ហាញថា ជា​មធ្យម កុមារ​ចំនួន​ ៥ ​នាក់​បាន​ស្លាប់​ដោយសារ​លង់ទឹក​ជា​រៀងរាល់ថ្ងៃ​នៅក្នុង​ប្រទេស​កម្ពុជា​។ ដូច្នេះ​ការលង់ទឹក គឺជា​គ្រោះថ្នាក់​ពិតប្រាកដ និង​មិន​ធ្លាប់មាន​សម្រាប់​កុមារ​កម្ពុជា​»​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​។

លោក​ ឡោ ហារី ប្រធាន​កម្មវិធី​អប់រំ​របស់​អង្គការ​ហេបកូដ​ថ្លែងថា​៖ «​ខ្ញុំ​សង្កេតឃើញថា ករណី​គ្រោះថ្នាក់​ដោយ​ការលង់ទឹក​ស្លាប់ ជាពិសេស​លើ​កុមារ​កម្ពុជា នៅតែ​មាន​ស្ទើរ​គ្រប់​ខេត្ត​។ ការ​លង់ទឹក​មិនមែន​ជា​បញ្ហា​ដែល​មិនអាច​ការពារ​បាន​នោះទេ​។ ខ្ញុំ​សូម​លើកទឹកចិត្ត​ដល់​អាណាព្យាបាល សូម​ចូលរួម​យល់ដឹង​អំពី​សុវត្ថិភាព​ទឹក ដើម្បី​សុវត្ថិភាព​ដល់​គ្រួសារ​របស់​ពួកគាត់​ពី​ការ​លង់ទឹក​»​។

របាយការណ៍​ថ្មី​របស់​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ចេញផ្សាយ​នៅ​ថ្ងៃទី​ ២២ ខែ កក្កដា ឆ្នាំ​ ២០២១ បានផ្តល់​នូវ​អនុសាសន៍​សម្រាប់​សកម្មភាព​ដើម្បី​ជួយសង្គ្រោះ​ជីវិត​មនុស្ស​។ របាយការណ៍​នេះ​បាន​បង្ហាញថា ជិត​ ២ ​ភាគ​ ៣ នៃ​ការស្លាប់​ដោយសារ​លង់ទឹក​លើ​ពិភពលោក​គឺ​កើតឡើង​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។

នៅ​ឆ្នាំ​ ២០១៩ ​ប្រជាជន​ជាង​ ១៤៤ ០០០ ​នាក់​ បាន​លង់ទឹក​ស្លាប់​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ស្មើនឹង​ ៦១% នៃ​ការស្លាប់​ដោយសារ​លង់ទឹក​ពិភពលោក​។ នេះ​បើ​យោងតាម​ការវាយតម្លៃ​ក្នុង​តំបន់​ដំបូង​របស់​អង្គការ​សុខភាព​ពិភពលោក​ (WHO) ​ស្តីពី​ការការពារ​ការលង់ទឹក​ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​ ២២ ខែកក្កដា មុន​ថ្ងៃ​ទិវា​បង្ការ​ការលង់ទឹក​ពិភពលោក​។

តាមរយៈ​សេចក្ដី​សម្រេច​មហាសន្និបាត​ស្ដីពី «​ការបង្ការ​ការលង់ទឹក​ពិភពលោក​» បាន​ដាក់ចេញ​វិធានការ​មួយចំនួន ដូចជា ទី​១ ​បង្រៀន​ហែល​ទឹក បង្រៀន​សុវត្ថិភាព​ទឹក និង​ជំនាញ​សង្គ្រោះ​ដោយ​សុវត្ថិភាព​។ ទី​២ បណ្តុះបណ្តាល​អ្នក​ឈរមើល​ក្នុង​ការជួយសង្គ្រោះ និង​ជួយសង្គ្រោះ​ដោយ​សុវត្ថិភាព​។ ទី​៣ ​ផ្តល់​កន្លែង​ដែលមាន​សុវត្ថិភាព​នៅ​ឆ្ងាយ​ពី​ទឹក​ដូចជា​កន្លែង​សម្រាប់​សិស្ស​មត្តេយ្យ ដោយ​មាន​ការថែទាំ​ប្រកប​ដោយ​សមត្ថភាព​។ ទី​៤ ដំឡើង​រនាំង​ការពារ ដោយ​ការគ្រប់គ្រង​ការចូលទៅ​កន្លែង​ទឹក​។ ទី​៥ កំណត់ និង​អនុវត្ត​បទបញ្ជា ការជិះទូក ការដឹកជញ្ជូន និង​ស្រឡាង​ដោយ​សុវត្ថិភាព និង​ទី​៦ ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការគ្រប់គ្រង​ហានិភ័យ​ទឹកជំនន់​។

លោកស្រី Mary Mccabe ប្រធាន​អង្គការ ហេបកូដ ប្រចាំ​ប្រទេស​កម្ពុជា​ឱ្យដឹងថា នៅ​ប្រទេស​កម្ពុជា អង្គការ​ហេបកូដ ធ្វើការ​ដើម្បី​ការពារ​សុខុមាលភាព​របស់​កុមារ​ងាយ​រងគ្រោះ​បំផុត​នៅ​កម្ពុជា និង​កំពុង​អនុវត្ត​កម្មវិធី ការពារ​សុវត្ថិភាព​ទឹក និង​លង់ទឹក​តាំងពី​ឆ្នាំ​ ២០១៨ ​មក ដោយ​សហការ​ជាមួយ​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្ត​ព្រះសីហនុ​។ តាមរយៈ​កិច្ចសហការ​នេះ​អង្គការ​បានផ្តល់​លទ្ធភាព​ដល់​នាយក​សាលា​ធ្វើការ​សម្របសម្រួល​ពេលវេលា​សម្រាប់​សិស្ស​ក្នុង​ថ្នាក់​នីមួយៗ​។ ចូលរួម​កម្មវិធី​សុវត្ថិភាព​ទឹក និង​កម្មវិធី​បណ្តុះបណ្តាល​សង្គ្រោះ​បឋម ដើម្បី​គាំទ្រ​ដល់​តម្រូវ​ការចាំបាច់​ក្នុង​ការការពារ​កុមារ​ពី​ការលង់ទឹក​។

លោកស្រី​បញ្ជាក់ថា​៖ «​អង្គការ ហេបកូដ ​កំពុង​ធ្វើការ​យ៉ាងសកម្ម ជាមួយ​ក្រសួង​អប់រំ យុវជន​ និង​កីឡា ដើម្បី​បន្ត​បេសកកម្ម​របស់ខ្លួន ដើម្បី​កសាង​កម្មវិធី​ការពារ​ការលង់ទឹក​នាពេល​បច្ចុប្បន្ន​នៅក្នុង​ប្រទេស និង​បង្កើន​កម្មវិធី​ភូមិសាស្ត្រ​នៅ​ទូទាំង​ប្រទេស​ ដើម្បី​រក្សា​ការពារ​កុមារ​កម្ពុជា និង​គ្រួសារ​របស់​ពួកគេ​ឱ្យ​មាន​សុវតិ្ថភាព​ពី​ការលង់ទឹក​»​។

អង្គការ​ ហេបកូដ ក៏បាន​ប្រកាស​ស្វែងរក​ការគាំទ្រ​ពី​សប្បុរសជន ប្រសិនបើ​ចង់​គាំទ្រ​សកម្មភាព​ដែល​អាច​ជួយ​ដល់​កុមារ​កម្ពុជា​ឱ្យ​មាន​សុវត្ថិភាព​ពី​គ្រោះថ្នាក់​នៃ​ការលង់ទឹក អាច​បរិច្ចាគ​ជំនួយ​តាមរយៈ​ធនាគារ​ JTrust Bank តាមរយៈ​លេខ​គណនេយ្យ 4312289​។

លោកស្រី​ អ៊ុច សោភា ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ដ​ព្រះសីហនុ ថ្លែង​ពី​ម្សិលមិញ​ថា តាមរយៈ​កិច្ចសហការ​ជាមួយ​អង្គការ​ហេបកូដ មន្ទីរ​អប់រំ​ខេត្ដ​ព្រះសីហនុ​បាន​រៀបចំ​ការផ្សព្វផ្សាយ បញ្ជ្រាប​ចំណេះដឹង​ពាក់ព័ន្ធ​ទៅនឹង​គ្រោះថ្នាក់​នៃ​ការលង់ទឹក​នេះ ដោយ​មាន​បំពាក់​ផ្ទាំង​ផ្សព្វផ្សាយ​នៅ​តាម​ទីសាធារណៈ​មួយចំនួន និង​ប្រជុំ​ផ្សព្វផ្សាយ​តាម​អនឡាញ​ផងដែរ​។

លោកស្រី​បាន​ថ្លែង​ទៀតថា​៖ «​រយៈពេល​ ៧ ​ខែ​នេះ យើង​មិនមាន​គ្រោះថ្នាក់​ដោយសារ​លង់ទឹក​របស់​កុមារ​ទេ នៅក្នុង​ខេត្ដ​ព្រះសីហនុ​។ ប៉ុន្ដែ​កាលពី​ឆ្នាំ​ ២០២០ កើតមាន​ករណី​លង់ទឹក​មួយចំនួន​ក្នុង​នោះ​ក៏មាន​ករណី​លង់ទឹក​សមុទ្រ​ផងដែរ​»​។

លោកស្រី​ អ៊ុច សោភា បាន​បញ្ជាក់ថា​៖ «​យើង​សង្កេតឃើញថា មូលហេតុ​នៃ​ការលង់ទឹក​របស់​កុមារ ដោយសារ​តែ​មាតា បិតា អ្នកណា​ព្យាបាល​ខ្វះ​ការយល់ដឹង ហើយ​គ្មាន​ការប្រុងប្រយ័ត្ន​ទើប​បណ្ដាល​ឱ្យ​កុមារ​លង់ទឹក​ស្លាប់​»៕