ភ្នំពេញៈ លោក​ រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន​ និង​កីឡា​បាន​ថ្លែងថា ការបើក​ឱ្យ​ដំណើរការ​គ្រឹះស្ថាន​មធ្យមសិក្សា​ឡើងវិញ​ជា​ជំហានៗ គឺ​នឹង​អាចធ្វើ​ឡើង នៅពេល​ការចាក់​វ៉ាក់សាំង​បង្ការ​វីរុស​កូវីដ​ ១៩ ​ដល់​កុមារ​ប្រមាណ​ ២ ​លាន​នាក់​ចប់​រួចរាល់​នាពេល​ខាងមុខ​។

ការថ្លែង​របស់លោក រស់ សុវាចា នេះ​បាន​ធ្វើឡើង បន្ទាប់ពី​អង្គការ​សហប្រជាជាតិ (UN) ​តាមរយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​កាលពី​ថ្ងៃទី​ ២០ ខែកក្កដា បាន​បន្ត​លើកទឹកចិត្ត និង​គាំទ្រ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា ផ្តល់​អាទិភាព​ដល់​ការបើក​ដំណើរការ សាលារៀន​ឡើងវិញ​ឱ្យ​បាន​ឆាប់​បំផុត តាម​ដែល​អាចធ្វើ​ទៅបាន ដើម្បី​បញ្ចៀស​ការបន្ត​ធ្លាក់ចុះ​នៃ​ការអភិវឌ្ឍ​មនុស្ស​។

លោក សុវាចា បាន​ថ្លែង​នៅ​ថ្ងៃទី​ ២២ ខែកក្កដា​ថា​៖ «​ក្រសួង​អប់រំ យុវជន និង​កីឡា សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត ជូន​ចំពោះ​សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែល​បានសម្រេច​ដ៏ខ្ពង់ខ្ពស់ ឱ្យមាន​យុទ្ធនាការ​ចាក់​វាក់សាំង​ការពារ​ជំងឺ​កូវីដ​ ១៩ តាម​គោលការណ៍​ស្ម័គ្រចិត្ត ដល់​កុមារ និង​យុវវ័យ​អាយុ​ពី ១២ ​ឆ្នាំ ដល់ ១៧ ​ឆ្នាំ ដែលមាន​ចំនួន​សរុប​ប្រមាណ ២ ​លាន​នាក់​»​។

លោក​បន្តថា ការសម្រេច​ចិត្តជា​យុទ្ធសាស្ត្រ​នេះ​នឹង​បង្កើន​ឱកាស​កាន់តែ​ច្រើន​ថែមទៀត​ដល់​ការត្រៀម​បើក​ដំណើរការ​គ្រឹះស្ថាន​មធ្យមសិក្សា​ឡើងវិញ​ជា​ជំហានៗ នៅពេល​ការចាក់​វ៉ាក់សាំង បង្ការ​វីរុស​កូវីដ​ ១៩ រួចរាល់​នាពេល​ខាងមុខ​។

លោក​បានឱ្យ​ដឹងថា ក្រសួង​អប់រំ​បាននិង​កំពុង​បន្ត​កិច្ចសហការ​ជាមួយ​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ចូលរួម​រៀបចំ​យុទ្ធនាការ​បើក​ដំណើរការ​សាលារៀន​ឡើងវិញ​ជា​ជំហានៗ​នេះ ហើយ​ក្រសួង​នឹង​ជម្រាប​ជូនដំណឹង​លម្អិត​ស្ដីពី​ដំណើរការ​រៀបចំ​យុទ្ធនាការ​នេះ ជូន​ដល់​មាតាបិតា អ្នកអាណាព្យាបាល និង​គ្រប់ភាគី​ពាក់ព័ន្ធ​នាពេល​ខាងមុខ​ឆាប់ៗ​នេះ​។ តាមរយៈ​សេចក្ដី​ប្រកាស UN បាន​លើកឡើង​ថា ការអប់រំ​មាន​សារៈសំខាន់​យ៉ាងខ្លាំង ចំពោះ​ការអភិវឌ្ឍ​ផ្ទាល់ខ្លួន និង​សក្តានុពល​ពេញ​មួយជីវិត​របស់​កុមារ​។ ការអប់រំ​គឺជា​គន្លឹះ ដើម្បី​គេចចេញ​ពី​ភាពក្រីក្រ កាត់បន្ថយ​វិសមភាព និង​ជំរុញ​ការអភិវឌ្ឍ​ដោយ​ចីរភាព​។

ប៉ុន្ដែ​ការរាតត្បាត​ជា​សកល​នៃ​ជំងឺ​កូវីដ​ ១៩ បាន​បង្ក​ការរំខាន​ដល់​ការអប់រំ និង​ការចូលរៀន​នៅ​ទូទាំង​សកលលោក​។ ចំណែក​នៅ​កម្ពុជា​សាលារៀន​បាន​បិទទ្វារ​ជាង ២០០ ​ថ្ងៃ​មកហើយ គិត​តាំងពី​ខែមីនា ឆ្នាំមុន​មក ដែល​បង្ក​ការរំខាន​ដល់​ការរៀនសូត្រ​របស់​សិស្ស​ប្រមាណ ៣,២ លាន​នាក់​។ UN បញ្ជាក់ថា ការខាតបង់​ការអប់រំ នាំឱ្យ​ការអភិវឌ្ឍ​មនុស្ស ត្រូវ​ថយចុះ​យ៉ាងគំហុក​។

ការប៉ាន់ប្រមាណ​ពី​សន្ទស្សន៍​អភិវឌ្ឍន៍​មនុស្ស (HDI) របស់​កម្ពុជា​សម្រាប់​ឆ្នាំ​ ២០២០ បង្ហាញឱ្យ​ឃើញ​ពី​ការថយចុះ ៣,៩៣% ចាប់ពី​ឆ្នាំ​ ២០១៩ មក​ស្មើនឹង​ការលុបចោល​នូវ​វឌ្ឍនភាព​ទាំងឡាយ ដែល​សម្រេចបាន​នៅក្នុង​រយៈពេល​ ៤ ​ឆ្នាំ​ចុងក្រោយ​នេះ​។

មុនពេល​មាន​ការរាតត្បាត​ជា​សកល​នេះ ប្រទេស​កម្ពុជា​បាន​ងាក​ចេញពី​គន្លង ដើម្បី​ឈានទៅ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (SDG) ទី​ ៤ ស្តីពី​ការរៀនសូត្រ ប្រកបដោយ​គុណភាព​រួចទៅហើយ ហើយ​ការរាតត្បាត​ជា​​សកល​នេះ​រឹតតែ​ធ្វើឱ្យ​អន្តរាយ ​ដល់​វឌ្ឍនភាព​ដែល​សម្រេចបាន​កន្លងមក​។ តាមរយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន UN បានឱ្យដឹងថា គេ​មិនទាន់​ដឹង​នៅឡើយ​ទេ​ថា តើ​ពេលណា​ទើប​សាលារៀន​អាច​បើក​ដំណើរការ​ឡើងវិញ​។

នៅពេល​ដែល​ពេលវេលា​កាន់តែ​អូសបន្លាយ​ពេល​យូរ ហានិភ័យ​ដែល​កុមារ​មិនអាច​ត្រឡប់​ទៅ​សាលារៀន​វិញ កើនឡើង​កាន់តែ​ខ្ពស់​ជាពិសេស​កុមារ​មកពី​ក្រុម​ងាយ​រងគ្រោះ​។

UN បញ្ជាក់ថា​៖ «​ការអប់រំ គឺជា​សិទ្ធិ​ជា​មូលដ្ឋាន និង​ជា​កត្តា​ជំរុញ​ឱ្យ​មាន​ការសម្រេច​វឌ្ឍនភាព​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទាំង​ ១៧​។ អង្គការ​សហប្រជាជាតិ​បន្ត​លើក​ទឹកចិត្ត និង​គាំទ្រ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ផ្តល់​អាទិភាព​ដល់​ការបើក​ដំណើរការ សាលារៀន​ឡើងវិញ​ឱ្យបាន​ឆាប់​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន និង​បន្ត​បើក​សាលា​ឱ្យ​យូរ​បំផុត ដើម្បី​បញ្ចៀស​ការបន្ត​ធ្លាក់ចុះ​នៃ​ការអភិវឌ្ឍ​មនុស្ស​»​។

បើតាម UN ការរាតត្បាត​ជា​សកល​នៃ​ជំងឺ​កូវីដ ១៩ បាន​បង្កើន​វិសមភាព ដែល​មាន​រួចទៅហើយ និង​អាច​ធ្វើឱ្យ​គម្លាត​ឌីជីថល កាន់តែ​រីក​ធំ​បន្ថែមទៀត​។ ការបិទទ្វារ​សាលារៀន​បង្ក​ផលប៉ះពាល់​ផ្សេងទៀត ក្រៅតែពី​ការរៀនសូត្រ ដូចជា​បង្ក​ផលប៉ះពាល់​ដល់​លទ្ធភាព​របស់​មាតាបិតា និង​អ្នកផ្តល់​ការថែទាំ​ជាច្រើន ជាពិសេស​ស្ត្រី​ក្នុង​ការធ្វើ​ការងារ​ធ្វើឱ្យ​កុមារ​ជាច្រើន​នាក់ មិនសូវ​អាច​ទទួល​បាន​អាហារ​ដែល​សម្បូរ​សារធាតុចិញ្ចឹម និង​បង្កើន​ហានិភ័យ​នៃ​ការប្រព្រឹត្ត​អំពើហិង្សា​លើ​កុមារ​។

UN បន្តថា​៖ «​ភ័ស្តុតាង​ក្នុង​សកលលោក​ទាំងមូល បន្ត​បង្ហាញ​ឱ្យ​ឃើញថា សាលារៀន​មិនមែន​ជា​កន្លែង​ដែលនាំឱ្យ​មានការ​ចម្លង​ជំងឺ​ខ្លាំងក្លា​ជាងគេ​នោះឡើយ ដូច្នេះ​សាលារៀន​អាច​បើក​ដំណើរការ​ឡើងវិញ ប្រកបដោយ​សុវត្ថិភាព​»​។ ការវាយតម្លៃ​រួមគ្នា​លើ​តម្រូវការ​នៃ​វិស័យ​អប់រំ ដែល​ធ្វើឡើង​រួមគ្នា ដោយ​ក្រសួង​អប់រំ​យុវជន និង​កីឡា និង​ក្រុមការងារ​វិស័យ​អប់រំ ដែលមាន​អង្គការសហប្រជាជាតិ​ជា​ប្រធាន បាន​រកឃើញ​ថា កុមារ​មាន​ឱកាស​មិន​ដូចគ្នា​ឡើយ​ក្នុង​ការបន្ត​ការរៀនសូត្រ​របស់​ពួកគេ ដែលនាំឱ្យ​មាន​ការបាត់បង់​ការរៀនសូត្រ​យ៉ាងច្រើន​នៅ​គ្រប់​កម្រិត​។

ខណៈ​មាន​កុមារ​ប្រមាណ ៧០% អាច​បន្ត​ការអប់រំ​របស់​ខ្លួន​មាន​កុមារ​ប្រមាណ ៣០% ប៉ុណ្ណោះ​ដែលមាន​លទ្ធភាព​ប្រើប្រាស់​ខ្លឹមសារ​មេរៀន តាម​ប្រព័ន្ធ​អនឡាញ​ និង​ ៣២% ពឹង​អាស្រ័យ​តែ​លើ​ឯកសារ​មេរៀន​តែប៉ុណ្ណោះ​។ កុមារ​មកពី​គ្រួសារ​ក្រីក្រ​ ឬ​រស់នៅ​ជាមួយ​ពិការភាព បន្ត​ជួបប្រទះ​នឹង​បញ្ហា​ប្រឈម​ច្រើនជាងគេ​។ កាលវិភាគ​បង្ហាញថា មានគ្រួសារ ៤០% រាយការណ៍​ថា មាន​អាហារ​ញ៉ាំ​តិចតួច​ជាង​មុន ហើយ​មាន​ក្មេងប្រុស និង​ក្មេងស្រី ២០% រាយការណ៍​ដោយ​ខ្លួនឯង​ថា បាន​ប្រឈម​នឹង​ហានិភ័យ​នៃ​អំពើហិង្សា​ ឬ​ការរំលោភបំពាន​កាន់តែ​ច្រើនជាង​មុន ក្នុង​អំឡុង​ពេលដែល​សាលារៀន​បិទទ្វារ​។

តាមរយៈ​សារ​ជា​សំឡេង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ១៦ ​ខែកក្កដា​ឆ្នាំ ២០២១ បានសម្រេច​ផ្ដល់​ការចាក់​វ៉ាក់សាំង​ដល់​កុមារ និង​យុវវ័យ​អាយុ​ចាប់ពី​ ១២ ​ដល់ ១៧ ឆ្នាំ ដែលមាន​ប្រមាណ ២ លាន​នាក់​នៅ​ទូទាំង​ប្រទេស ដែល​ត្រូវការ​វ៉ាក់សាំង​ចំនួន​ ៤ លានដូស​ ដើម្បី​ឱ្យមាន​ភាពស៊ាំ​នៅក្នុង​សង្គម​ឈានទៅ​បើក​ឡើងវិញ​នូវ​សង្គម​សេដ្ឋកិច្ច និង​ពិសេស​សាលារៀន​។

លោក ប៉ិច បូឡែន ប្រធាន​ក្រុមប្រឹក្សាភិបាល​សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា​រំពឹងថា ប្រសិនបើ​ដំណើរការ​នៃ​ការចាក់​វ៉ាក់សាំង សម្រាប់​កុមារ និង​យុវវ័យ​មាន​ល្បឿន​លឿន​អាច​ចាក់​រួចរាល់​នៅ​ខែកញ្ញា ឬ​ខែតុលា​ខាងមុខនេះ គឺ​បាន​ជួយ​ដល់​ការដំណើរការ​នៃ​ការបើក​សាលារៀន​ឡើងវិញ សម្រាប់​ផ្ដល់​ការអប់រំ ការបង្រៀន និង​ការរៀន​ដល់​សិស្ស​បានល្អ​។

លោក​ថ្លែងថា​៖ «​គុណភាព​នៃ​ការសិក្សា​របស់​សិស្ស គឺ​យើង​អាចធ្វើ​តាម​អនឡាញ​បាន​អាច​ផ្ដល់​ការសិក្សា​ឱ្យ​សិស្ស​បាន​ ប៉ុន្ដែ​យើង​មាន​ការបារម្ភ​ទៅលើ​សុខភាព​ផ្លូវចិត្ដ​ និង​រាងកាយ​របស់​សិស្ស​ក្នុង​វ័យ ១៣ ឆ្នាំទៅ ១៨ ឆ្នាំនេះ ដែល​ពួកគាត់​កំពុងស្ថិត​នៅក្នុង​ឆ្នាំ​ប្រឡង​សំខាន់ៗ​ថែមទៀត សម្រាប់​ថ្នាក់​ទី ៩ និង​ថ្នាក់​ទី ១២»​។

អង្គការ​សហប្រជាជាតិ​បាន​វាយតម្លៃ​ខ្ពស់​ដល់​គំនិត​ផ្តួចផ្តើម​របស់​កម្ពុជា ដែល​ចាត់ទុក​ការផ្តល់​វ៉ាក់សាំង​ដល់​គ្រូបង្រៀន​ថា​ជា​អាទិភាព​។ កម្ពុជា​គឺជា​ប្រទេស​ ១ ​ក្នុង​ចំណោម​ប្រទេស​ ១៧ ដែល​ផ្តល់​អាទិភាព​ដល់​ការចាក់​វ៉ាក់សាំង​គ្រូបង្រៀន​ហើយ​រហូតមកដល់​បច្ចុប្បន្ន​នេះ មាន​គ្រូបង្រៀន​នៅ​សាលា​រដ្ឋ និង​ឯកជន​ប្រមាណ​ ៨៥ ​ភាគរយ​បានទទួល​វ៉ាក់សាំង​គ្រប់ដូស​។

អង្គការ​សហប្រជាជាតិ​ក៏បាន​ទទួលស្គាល់​ពី​ការប្រកាស​ដែល​ធ្វើឡើង​កាលពីពេល​ថ្មីៗ​នេះ ដោយ​រាជរដ្ឋាភិបាល ដែល​បញ្ជាក់ថា ប្រទេស​នេះ​កំពុង​ពិចារណា​ចាក់​វ៉ាក់សាំង​ដល់​កុមារ​អាយុ​ពី ១២ ​ដល់​ ១៧ ​ឆ្នាំ​។ ប៉ុន្តែ បច្ចុប្បន្ននេះ​គេ​នៅ​កំពុង​ប្រមែប្រមូល​ភ័ស្តុតាង​ និង​គោលនយោបាយ​ណែនាំ​ស្តីពី​ការចាក់​វ៉ាក់សាំង​​កូវីដ​ ១៩ ដល់​កុមារ​នៅឡើយ​។ នេះ​បើតាម​សេចក្ដី​ប្រកាស​។

បើតាម​លោក រស់ សុវាចា បច្ចុប្បន្ន ក្រសួង​អប់រំ បាននិង​កំពុង​បន្ត​ផ្តល់​ប្រយោជន៍​ដល់​សិស្ស-និស្សិត ក្នុង​ការបំពេញ​គោលបំណង​នៃ​ការសិក្សា និង​ស្វ័យ​សិក្សា​គ្រប់​កម្រិត​។

លោក​បញ្ជាក់ថា​៖ «​ចំពោះ​វត្តមាន​កូវីដ​ ១៩ ក្រសួង​អប់រំ​បាន​ផលិត​នូវ​យន្តការ​រៀន​ពី​ចម្ងាយ និង​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដើម្បី​ឆ្លើយតបបាន​ទាន់​ពេលវេលា​។ ថ្នាក់ដឹកនាំ​ក្រសួង និង​បុគ្គលិក​អប់រំ​គ្រប់​លំដាប់ថ្នាក់​បាន​ប្រឹងប្រែង​យ៉ាង​ស្រួចស្រាល់​បំផុត​ដើម្បី​បំពេញ​តម្រូវការ​សិក្សា​ឱ្យ​សិស្ស និស្សិត​បាន​បន្ត​រៀនសូត្រ​តាមរយៈ​យន្តការ​សិក្សា​ពី​ចម្ងាយ និង​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដែល​ផ្តល់​សុវត្ថិភាព​សុខភាព​ដល់​អ្នកសិក្សា​»​។

លោក​ សុវាចា​ ថា​៖ «​ជារួម​ចំពោះ​មុខ​នេះ សាលារៀន​បង្រៀន​តាមបែប​ចម្រុះ​គឺ​ ១ បង្រៀន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដូចជា​តាម​ការប្រើប្រាស់​វីដេអូ ប្រព័ន្ធ​អនឡាញ​របស់​ក្រសួង​។ ២ ការបង្រៀន​ដោយ​ប្រើ​ឯកសារ​ដូចជា​សន្លឹក​កិច្ចការ​ចំពោះ​សិស្ស​គ្មាន​ឧបករណ៍​អេឡិចត្រូនិក​។ ៣ ការបង្រៀន​តាម​វិទ្យុ និង​ទូរទស្សន៍​។ ៤ ​ការរៀន​តាម​បណ្ដុំ​តូចៗ ដែល​សាលា​ត្រូវ​ពិនិត្យ​លទ្ធភាព​ជាក់ស្តែង​»៕