ភ្នំពេញៈ មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវចម្រុះ (ACCB) បានបង្ហាញ​មេអំបៅ​ខ្មោច​ចំនួន ៨៤៩ ប្រភេទ​ដែលមាន​វត្តមាន​នៅ​ប្រទេស​កម្ពុជា ដែលជា​មេអំបៅ​ប្រភេទ ជា​ភ្នាក់ងារ​ដំណើរ​លម្អង​ដ៏មាន​សារៈសំខាន់ និង​ជា​ប្រភព​ប្រូតេអ៊ីន​ដែលមាន​ប្រយោជន៍​ចំពោះ​សត្វ​ជាច្រើន​​ដូចជា ថលជលិក (​សន្ដាន​កង្កែប​) សន្ដាន​ប្រចៀវ និង​បក្សី​សត្វ​។

យោងតាម​របាយការណ៍​របស់ ACCB ដែល​ផ្ដល់ឱ្យ​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ ២១ កក្កដា បានឱ្យ​ដឹងថា ដោយសារ​តែ​ចាប់ពី​ថ្ងៃទី​ ១៧ ខែកក្កដា​មក សប្តាហ៍​ជាតិ​នៃ​មេអំបៅ​ខ្មោច​ក៏បាន​ឈានចូល​មកដល់​។ ដូច្នេះហើយ នៅឯ ACCB មានបំណង​អបអរ​ចំពោះ​មេអំបៅ​ខ្មោច​ចំនួន ៨៤៩ ​ប្រភេទ​ដែលមាន​វត្តមាន​នៅ​ប្រទេស​កម្ពុជា​។ ​បើតាម ACCB មេអំបៅ​ធម្មតា និង​មេអំបៅ​ខ្មោច ពួកវា​ស្ថិតនៅក្នុង​លំដាប់ថ្នាក់​សត្វល្អិត​ដែលមាន​ក្រឡា ស្លាប​រាង​ដូច​ស្រកា​។

យ៉ាងណា​ក៏ដោយ​មនុស្ស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​ចាប់អារម្មណ៍​តែ​ចំពោះ​មេអំបៅ​ធម្មតា ហើយ​ខ្លាច​មេអំបៅ​ខ្មោច​ទៅវិញ​។

យោងតាម ACCB «​មេអំបៅ​ខ្មោច​ត្រូវបាន​គេ​ទទួលស្គាល់​ថា ជា​ភ្នាក់ងារ​ដំណើរ​លម្អង​ដ៏មាន​សារៈសំខាន់ និង​ជា​ប្រភព​ប្រូតេអ៊ីន​ដែលមាន​ប្រយោជន៍​ចំពោះ​សត្វ​ជាច្រើន​ដូចជា ថលជលិក (​សន្ដាន​កង្កែប​) សន្ដាន​ប្រចៀវ និង​បក្សី​សត្វ​»​។

របាយការណ៍​បានបង្ហាញ​ការសិក្សា​មួយ​ថា តាម​កំណត់ត្រា​សម្គាល់ បក្សី​ ១ ​ក្បាល​ស៊ី​ដង្កូវមេអំបៅ​ខ្មោច​រហូត​ដល់​ទៅ​ ៥០ ​ប៊ីលាន​ក្បាល​ក្នុង​ ១ ​ឆ្នាំ​។ ខណៈ​ដែល​ទីជម្រក​របស់​វា​មាន​ការរេចរឹល ការប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វល្អិត និង​ការប្រែប្រួល​អាកាសធាតុ គឺជា​ការគំរាមកំហែង​ដ៏ចម្បង​ចំពោះ​ចំនួន​មេអំបៅ​ខ្មោច​ទាំងនោះ​។ ​ACCB បានឱ្យដឹងថា ការប្រើប្រាស់​អំពូល​អគ្គិសនី​សិប្បនិម្មិត​ពេលយប់ កំពុង​រួមចំណែក​ដល់​ការរុះ​រោយ​លម្អង​។ អំពូល​អគ្គិសនី​តាម​ដងផ្លូវ​ទាក់ទាញ​មេអំបៅ​ខ្មោច ពន្យារពេល​របស់​ពួកវា កាត់បន្ថយ​ពេល​ស្វែងរក​ចំណី ស៊ី​ចំណី និង​ការធ្វើដំណើរ​លម្អង​។

បញ្ហា​នេះ​អាច​ជះឥទ្ធិពល​មិនល្អ​ដល់​ប្រភេទ​មេអំបៅ​ខ្មោច​នាពេល​អនាគត ដោយសារ​តែ​ដំណើរ​ស្វាហាប់​ដ៏សំខាន់​របស់​វា​មាន​ការខ្ជះខ្ជាយ ហើយ​ប្រភព​ចំណី​កាន់តែ​ខ្វះខាត​ដោយសារ​ការបាត់បង់​ទីជម្រក​ផង​។ ពេល​ស្វែងរក​ចំណី គឺមាន​តម្លៃ​ណាស់​មិនមែន​ជា​ការឈ្លក់​វង្វេង​នឹង​ពន្លឺភ្លើង​អំពូល​អគ្គិសនី​សិប្បនិម្មិត​ដែល​គ្មាន​ប្រយោជន៍​ចំពោះ​ពួកវា​នោះទេ​។

បើតាម ACCB ដោយសារ​មេអំបៅ​ខ្មោច​ត្រូវបាន​គេ​រកឃើញ​នៅតាម​ទីជម្រក​ផ្សេងៗ​គ្នា​ជាច្រើន ពួកវា​បាន​ក្លាយជា​ប្រភេទ​សត្វល្អិត​ដ៏មាន​សារៈសំខាន់​ចំពោះ​សូចនាករ​ស្រាវជ្រាវ ដោយសារ​តែ​ភាពប្រែប្រួល​របស់​វា​ទៅនឹង​ការផ្លាស់ប្តូរ​បរិស្ថាន​។

ការពិនិត្យ​មើល​នូវ​ចំនួន និង​របាយ​រស់នៅ​របស់​ពួកវា បាន​ជួយផ្តល់​នូវ​តម្រុយ​សំខាន់ៗ​ចំពោះ​ការផ្លាស់ប្តូរ​នៅក្នុង​បរិស្ថាន​របស់​យើង​មានដូចជា ផលប៉ះពាល់​ពី​បច្ចេកទេស​កសិកម្ម​ទំនើប​បែប​ថ្មី ការបំពុល​ខ្យល់ និង​ការប្រែប្រួល​អាកាសធាតុ​៕