តាកែវៈ តុលាការ​ខេត្តតាកែវ​បាន​សម្រេច​ឃុំខ្លួន​បុរស​ម្នាក់​ក្នុង​ពន្ធនាគារ​ខេត្ត​នៅ​ថ្ងៃទី​ ២១ ​កក្កដា ក្រោយពី​ចាប់ខ្លួនបាន​ ៣ ​ថ្ងៃ ពាក់ព័ន្ធ​ការវាយ​ក្មេងស្រី​ម្នាក់​អាយុ​ ២ ​ឆ្នាំ​ត្រូវចំ​ថ្ងាស​របួសធ្ងន់ ប្រព្រឹត្ត​នៅ​ភូមិ-ឃុំ​ពពេល ស្រុក​ត្រាំកក់​។

លោក​ព្រះរាជអាជ្ញារង លឹម សុខន និង​ជា​អ្នកនាំពាក្យ​អយ្យកា​អម​សាលាដំបូង​ខេត្តតាកែវ ប្រាប់​នៅ​ថ្ងៃទី​ ២២ ខែកក្កដា​ថា ជន​ត្រូវ​ចោទ​ឈ្មោះ ចិត្រ បុល ត្រូវបាន​ចៅក្រម​ចេញ​ដីកា​ឃុំខ្លួន​នៅ​ពន្ធនាគារ​ហើយពី​ថ្ងៃទី ២១ ​កក្កដា​។

លោក​ថ្លែងថា​៖ «​គាត់​ត្រូវបាន​តំណាង​អយ្យការ ចោទ​ពី​បទហិង្សា​មាន​ស្ថាន​ទម្ងន់ទោស​តាម​មាត្រា​ ២១៨ ​នៃ​ក្រម​ព្រហ្មទណ្ឌ​»​។ យោងតាម​មាត្រា​ ២១៨ ​នៃ​ក្រមព្រហ្មទណ្ឌ​ប្រសិនបើ​តុលាការ​រកឃើញថា ជនត្រូវ​ចោទ​ពិតជា​បាន​ប្រើ​អំពើ​ហិង្សា​វាយ​ក្មេង​មែន​នោះ នឹងត្រូវ​ផ្តន្ទាទោស​ជាប់ពន្ធនាគារ​ពី​ ២ ​ឆ្នាំ​ទៅដល់​ ៥ ​ឆ្នាំ និង​ពិន័យ​ពី​ ២ ​ទៅ​ ៤ ​លាន​រៀល​។

ពាក់ព័ន្ធ​អង្គហេតុ​នៃ​រឿងនេះ​នៅ​ថ្ងៃទី​ ២២ ខែកក្កដា ត្រូវបាន​លោក​ ឌុច ធីយ៉ា អធិការ​នគរបាល​ស្រុក​ត្រាំកក់​ឱ្យដឹង​តាម​សម្តី​សាច់ញាតិ​របស់​ជន​ត្រូវ​ចោទថា ជន​ត្រូវ​ចោទ​ឈ្មោះ ចិត្រ បុល អាយុ​ ៤៩ ​ឆ្នាំ​ម្នាក់នេះ ជា​មនុស្ស​សរសៃប្រសាទ​មាន​ស្មារតី​វង្វេងវង្វាន់ ដោយសារ​តែ​គាត់​ញៀន​ស្រា​។

លោក​បន្តថា កាលពី​វេលា​ម៉ោងជាង​ ៤ ​រសៀល ថ្ងៃទី​ ១៨ ​កក្កដា មាន​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ ១ ​គ្រឿង កាត់​ភូមិ​ដោយ​ឌុប​កូន​ដែលជា​ក្មេងស្រី​រងគ្រោះ​។ ពេលនោះ​ស្រាប់តែ​ជន​ត្រូវ​ចោទ​បាន​កាន់​បំពង់​ទីប​ដេញ​វាយ​ជនរងគ្រោះ​ ខណៈ​កំពុងតែ​ជិះ​ម៉ូតូ​យឺតៗ បណ្តាល​ឱ្យ​ត្រូវចំ​ថ្ងាស​ក្មេងស្រី​រងគ្រោះ ហូរឈាម​របួសធ្ងន់ រីឯ​ឪពុក​ក៏ត្រូវ​របួស​ដៃ​ដែរ​។

លោក​បញ្ជាក់ថា​៖ «​ជន​នោះ គាត់​មិនមែន​មនុស្ស​ញៀន​ថ្នាំញៀន​ទេ តែ​គាត់​សរសៃប្រសាទ​។ នៅថ្ងៃ​នោះ​គាត់​វាយ​ឪពុក​របួសស្រាល​តែ​កូន​គាត់​របួសធ្ងន់​»​។

លោក​ ធីយ៉ា បញ្ជាក់ថា ហេតុការណ៍​នោះ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​នគរបាល​ប៉ុស្តិ៍​ឃុំ​ពពេល ហើយ​នគរបាល​ឃុំ​បាន​រាយការណ៍​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់​។ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ហើយ​គឺ​កម្លាំង​សមត្ថកិច្ច​ស្រុក រួមទាំង​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ពពេល​បាន​ចុះ​ដល់​កន្លែងកើតហេតុ​។

លោក​បន្តទៀតថា នៅពេល​សមត្ថកិច្ច​លោក​ចុះ​ដល់​ទីតាំង​កើតហេតុ គឺ​ជនសង្ស័យ​បាន​គេចខ្លួន​បាត់ តែ​ក្រោយ​ប៉ុន្មាន​ម៉ោង ទើប​សមត្ថកិច្ច​លោក​ស្រាវជ្រាវ​ចាប់បាន​។

លោក​បន្ថែមថា រហូតដល់​ថ្ងៃទី​ ២២ ​កក្កដា គឺ​កុមារ​រងគ្រោះ​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​នៅឡើយ​៕