ភ្នំពេញៈ ក្រសួង​អប់រំ​យុវជន និង​កីឡា​ប្រកាស​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ DALI នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន សម្រាប់​ឆ្នាំ​សិក្សា​ ២០២១-២០២២​។ នេះ​បើតាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​អប់រំ កាលពី​ថ្ងៃទី​ ២០ ​កក្កដា ឆ្នាំ​ ២០២១​។

សាកលវិទ្យាល័យ DALI នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បានផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​ ១០ ​កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​ទៅ​បន្ត​ការសិក្សា​។ សាកលវិទ្យាល័យ​នឹង​ផ្តល់​ការចំណាយ​ផ្សេងៗ​ដូចជា​ការស្នាក់នៅ ការសិក្សា​ និង​ប្រាក់​អាហារូបករណ៍​ប្រចាំខែ​ ៤០០ យ័ន​ (​ប្រហែល​ ៦២ ដុល្លារ​សហរដ្ឋអាមេរិក​)​។ ប៉ុន្តែ​ការចំណាយ​លើ​សោហ៊ុយ​ធ្វើ​ដំណើរ គឺជា​បន្ទុក​របស់​សាមីជន​។ សេចក្តី​ប្រកាស​នេះ​បាន​បញ្ជាក់ថា ការជ្រើសរើស​និស្សិត​អាហារូបករណ៍​នេះ នឹង​ធ្វើឡើង​តាមរយៈ​ការជ្រើសរើស​និស្សិត​ដែល​ទទួលបាន​ពិន្ទុ​ខ្ពស់​ជាងគេ​ចំនួន​ ១០ ​នាក់​។

ការប្រឡង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​ ២៩ ​ខែសីហា​ឆ្នាំ​ ២០២១ ជាមួយ​នឹង​វិញ្ញាសា​ប្រឡង​គណិតវិទ្យា និង​ភាសា​អង់គ្លេស ដោយមាន​រយៈពេល​កំណត់​ ១ ​ម៉ោង​កន្លះ សម្រាប់​ ១ ​មុខវិជ្ជា​។

បេក្ខជន​ទាំងអស់​ត្រូវមាន​សញ្ជាតិ​ខ្មែរ មាន​អាយុ​មិន​លើស​ ២៥ ​ឆ្នាំ​ មាន​កាយសម្បទា និង​សតិបញ្ញា​បរិបូរណ៍​បូករួម​នឹងមាន​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​សញ្ញាបត្រ​មានតម្លៃ​សមមូល​។ និស្សិត​អាច​ជ្រើសរើស​ជំនាញ​សិក្សា​បាន​នៅពេល​រៀន​ចប់​ភាសា​ចិន​ដោយ​ជោគជ័យ​។

ការចែក​ និង​ទទួល​ពាក្យ​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ដែល​សេចក្តី​ប្រកាស​ព័ត៌មាន​ចេញផ្សាយ​រហូតដល់​ថ្ងៃទី​ ២៤ ខែ សីហា​ឆ្នាំ​ ២០២១ នៅ​ការិយាល័យ​អាហារូបករណ៍​ និង​កម្មសិក្សា​នៃ​នាយកដ្ឋាន​ទំនាក់ទំនង​វប្បធម៌​ និង​អាហារូបករណ៍​។

បេក្ខជន​ក៏​អាច​ទាញយក​ពាក្យសុំ​ប្រឡង​តាមរយៈ​តំណ https://bit.ly/3zl0l5m មក​បំពេញ​ និង​ផ្ញើមក​ការិយាល័យ​អាហារូបករណ៍ និង​កម្មសិក្សា​តាមរយៈ​តេឡេក្រាម​ដែលមាន​លេខ​ទូរស័ព្ទ​ ០១២ ៦៧៧ ៤៣៣ បាន​ផងដែរ​។

លោក​ រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ថា​៖ «​ឱកាស​អាហារូបករណ៍​ទាំងអស់​ដែល​សិស្ស-និស្សិត​កម្ពុជា​ទទួលបាន​មាន​តួនាទី​សំខាន់​មួយ ក្នុង​ការចូលរួម​លើកកម្ពស់​គុណភាព​មូលធន​មនុស្ស​ដែល​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​លើ​គ្រប់​វិស័យ​នាពេល​បច្ចុប្បន្ន​ និង​អនាគត​»​។

លោក​បន្តថា​៖ «​ឱកាស​អាហារូបករណ៍​ទាំងអស់​ឆ្លើយតប​ទៅនឹង​ការអប់រំ​ពលរដ្ឋ​សកល​ដែល​មានបំណង​ចូលរួម​ពង្រឹង​សមត្ថភាព​សិស្ស-និស្សិត​គ្រប់​កម្រិត​ឱ្យ​ក្លាយជា​ពលរដ្ឋ​សកល​ដែលមាន​ចរិយា​សម្បទា​វិជ្ជា​សម្បទា បំណិន​សម្បទា និង​គុណតម្លៃ ឆ្លើយតប​នឹង​បរិបទ​ជាតិ​តំបន់ និង​ពិភពលោក​។

លោក​បន្តថា ជាទូទៅ​ក្រសួង​អប់រំ ផ្សព្វផ្សាយ​ជា​សាធារណ: និង​លើកទឹកចិត្ត​សិស្ស-និស្សិត​ស្តីពី​ឱកាស​អាហារូបករណ៍​ជាតិ តំបន់ និង​អន្តរជាតិ​តាម​យន្តការ​ដែលមាន​ស្រាប់​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា ទន្ទឹមនឹង​កិច្ចសហការ​ជាមួយ​ក្រសួង​ស្ថាប័ន​គ្រឹះស្ថានសិក្សា​ពាក់ព័ន្ធ​ជាពិសេស​គ្រឹះស្ថាន​ឧត្តមសិក្សា​ក្នុងប្រទេស​កម្ពុជា​ និង​ប្រទេស​ជា​មិត្ត​។

បើតាម​លោក​ រស់ សុវាចា ចាប់តាំងពី​ឆ្នាំ​ ១៩៨០ ​ដល់​ឆ្នាំ​ ២០២០ និស្សិត​កម្ពុជា​ចំនួន​ ១៩ ៥៤៦ ​នាក់​ បានទទួល​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស​។ ក្នុងនោះ​និស្សិត​ចំនួន​ ១ ៧៥៥ ​នាក់​ទទួលបាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ចិន​។

កាលពី​ឆ្នាំ​ ២០២០ មាន​និស្សិត កម្ពុជា​សរុប​ ៤២១ ​នាក់​ ទទួលបាន​អាហារូបករណ៍​ពី​ប្រទេស​ផ្សេងៗ ក្នុងនោះ​មាន​និស្សិត​កម្ពុជា​ ១៥៥ ​នាក់​ទទួលបាន​អាហារូបករណ៍​ពី​ប្រទេស​ចិន​៕

រ៉ូ គីមឡុង