ព្រះសីហនុៈ រដ្ឋបាលខេត្តព្រះសីហនុបានបង្កើតនូវយុទ្ធនាការព័ទ្ធយកសំណាកចល័ត នៅតាមទីតាំង ដែលមានហានិភ័យខ្ពស់ ដែលជាវិធានថ្មីមួយ នៃប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺនេះ នៅក្នុងសហគមន៍នៃខេត្តជាប់មាត់សមុទ្រមួយនេះ។
យោងតាមរដ្ឋបាលខេត្តព្រះសីហនុបានឱ្យដឹងថា ប្រសិនបើមិនមានចំណាត់ការទាន់ពេលវេលា ដោយទុកឱ្យវីរុសនេះឆ្លងរាលដាលអស់កម្រិត ទើបធ្វើស្រាវជ្រាវនោះ គឺការឆ្លងនឹងមានទំហំកាន់តែធំឡើង។
រដ្ឋបាលខេត្តបានបញ្ជាក់ថា៖ «តាមបទពិសោធ ទីកន្លែងដែលមានការលក់ដូរ និងប្រមូលផ្តុំ គឺជាកន្លែងដែលមានការឆ្លងរាលដាលច្រើន ដូច្នេះគឺយើងបានចាត់វិធានការបន្ទាន់ដោយព័ទ្ធយកសំណាកនៅតាមទីតាំងទាំងនោះ ដើម្បីស្វែងរកអ្នកមានវិជ្ជមានជំងឺកូវីដ ១៩ យកទៅព្យាបាលឱ្យបានទាន់ពេលវេលា ដើម្បីកាត់ផ្តាច់ការចម្លងបន្ត»។
គិតចាប់ពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២១ មកដល់ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២១ នេះ ក្រុមការងារចម្រុះរដ្ឋបាលខេត្តព្រះសីហនុបានចុះព័ទ្ធយកសំណាកចល័តទៅលើទីតាំង ដែលមានហានិភ័យខ្ពស់បានចំនួន ០៥ ទីតាំងរួចមកហើយ ដោយប្រជាពលរដ្ឋត្រូវយកសំណាកមានចំនួនសរុប ១ ៩២៣ នាក់ និងបានរកឃើញអ្នកមានវិជ្ជមានជំងឺកូវីដ ១៩ ចំនួន ៥៤ នាក់។
វិធានការនេះមានប្រសិទ្ធភាព ដើម្បីកាត់ផ្តាច់ការចម្លង ហើយរដ្ឋបាលខេត្តនឹងជំរុញការអនុវត្តឱ្យបានជាប្រចាំនៅទូទាំងខេត្តព្រះសីហនុ៕