ភ្នំពេញៈ ក្រុមការងារ​ជំនាញ​របស់​ក្រសួង​បរិស្ថាន​បាន​រកឃើញ​វត្តមាន​នៃ​ប្រភេទ​ជ្រូកពោន ឬ​ជ្រូកព្រុល នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​របស់​កម្ពុជា​តាមរយៈ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ ដែល​នេះ​ជា​មោទនភាព​របស់​កម្ពុជា​ និង​ស័ក្តិសម ដែល​ពិភពលោក​ទទួលស្គាល់ថា ជា​ប្រទេស​ដែល​សម្បូរ​ដោយ​ធនធាន​ជីវៈចម្រុះ​។ នេះ​ជា​ការលើកឡើង​របស់លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​។

ជ្រូកពោន​ ឬ​ជ្រូកព្រុល ដែលជា​ប្រភេទ​សត្វ​ស្ថិតក្នុង​ក្រុម​មាន​ដោយ​កម្រ​ស្ថិតក្នុង​បញ្ជី​ក្រហម IUCN គឺជា​ប្រភេទ​សត្វ​ងាយ​រងគ្រោះ​បន្ត​មាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា ជាមួយ​ប្រភេទ​សត្វ​កម្រៗ​ផ្សេងទៀត​ដូចជា​សត្វ​ដំរី ខ្ទីង ទន្សោង ឈ្លូស​យក្ស ខ្លារខិន ខ្លា​ពពក​ជាដើម​។

លោក នេត្រ ភក្ត្រា បាន​ថ្លែងថា ដោយសារ​តែ​កម្ពុជា​មាន​សុខសន្តិភាព​ពេញលេញ កម្ពុជា មាន​ឱកាស​គ្រប់គ្រាន់ ដើម្បី​គិតគូរ និង​រៀបចំ​ផែនការ​សកម្មភាព​ផ្សេងៗ​បន្ថែមទៀត ក្នុង​ការការពារ​ និង​អភិរក្ស​ធនធាន​ធម្មជាតិ​ដែល​កម្ពុជា​មាន ហើយ​បច្ចុប្បន្ននេះ​ស្ថានភាព​នៃ​ការការពារ​ និង​អភិរក្ស​ធនធាន​ធម្មជាតិ​មាន​ភាពល្អប្រសើរ ព្រៃឈើ​ និង​សត្វព្រៃ​ត្រូវបាន​ការពារ​។

លោក​បាន​បញ្ជាក់ថា៖ «​សត្វព្រៃ​កម្រៗ​មួយ​ចំនួន​បន្ត​មាន​វត្តមាន និង​ខ្លះទៀត​មាន​ស្ថិរភាព និង​ខ្លះ​មាន​ការកើនឡើង និង​ខ្លះទៀត​នៅតែ​បន្ត​ថយចុះ​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​កម្ពុជា​»​។

យោងតាម​ការសិក្សា​របស់​អ្នកជំនាញ ជ្រូកពោន​មាន​ប្រវែង​ក្បាល​ដងខ្លួន​ពី ៦៥០-១០៤០ ​ម.ម ទម្ងន់​ពី​ ៧-១៤ គីឡូក្រាម កន្ទុយ​មាន​ប្រវែង​ចន្លោះ​ពី ១២០-១៧០ ​ម.ម ជើង​ក្រោយ ១១៥-១៣៤ ម.ម​។

វា​ជា​សត្វ​ដែលមាន​មាឌធំ ជើង​ធំៗ និង​មាន​ក្រចក​មាំ​កោង​វែង​ពណ៌​ស ច្រមុះ​រាង​ទ្រវែង​ដូច​សត្វ​ជ្រូក​។

ជ្រូកពោន​ជា​សត្វ​រស់នៅ​តែ​នៅលើ​ដី តាម​រូង ឬ​ក្រហែង​ថ្ម និង​រកស៊ី​នៅពេល​យប់​។

សត្វ​ជ្រូកពោន​មិន​សូវ​ពូកែ​ភ្នែក និង​ត្រចៀក​ទេ វា​ប្រើ​ច្រមុះ​ហិតក្លិន​ច្រើនជាង​។

ការរក​ចំណី ចាប់ផ្តើម​ចេញ​នៅពេល​ព្រលប់​ដែល​អាហារ​របស់​វា​គឺ​មើម​រុក្ខជាតិ ឫស​ឈើ ជន្លេន សត្វល្អិត និង​សត្វ​តូចៗ​។ វា​អាច​មានកូន​ពី ២ ទៅ​ ៣ ​ក្បាល​។

លោក នេត្រ ភក្ត្រា បាន​បញ្ជាក់ថា មិនមាន​ការសិក្សា​ឱ្យបាន​លម្អិត​ពី​ចំនួន​សត្វ​ជ្រូកពោន នៅលើ​ពិភពលោក​ និង​នៅ​កម្ពុជា​នោះទេ តែ​អ្វីដែល​កត់សម្គាល់ ជ្រូកពោន​មាន​នៅ​តាម​តំបន់​ព្រៃ ធម្មជាតិ​របស់​ប្រទេស​កម្ពុជា ពិសេស​នៅ​ភាគ​និរតី ភាគ​ឦសាន និង​ភាគ​ខាងជើង​ប្រទេស​កម្ពុជា​។

របាយ​ប្រជាសាស្ត្រ​របស់​សត្វ​ជ្រូកពោន​ក៏មាន​ផងដែរ​នៅ​ប្រទេស​ចិន កម្ពុជា ភូមា វៀតណាម និង​កោះ​ស៊ូមាត្រា​ប្រទេស​ឥណ្ឌូនេស៊ី​។

លោក នេត្រ ភក្ត្រា បញ្ជាក់ថា ជ្រូកពោន​បច្ចុប្បន្នកំពុង​រងគ្រោះ​ដោយសារ​តែ​ការបរបាញ់ ការដាក់​អន្ទាក់ ដើម្បី​យក​សាច់​ និង​យក​សំណាក​ធ្វើ​អាជីវកម្ម​ដោយសារ​តែ​ពលរដ្ឋ​មួយចំនួន មាន​ជំនឿថា​ខ្លាញ់​ជ្រូកពោន​អាច​យក​ទៅ​ធ្វើ​ថ្នាំបុរាណ​ជាដើម​។

យោងតាម​ក្រសួង​បរិស្ថាន​បានឱ្យដឹងថា កម្ពុជា​ត្រូវបាន​ពិភពលោក​ទទួលស្គាល់ថា ជា​ប្រទេស​ដែល​សម្បូរ​ដោយ​ជីវៈចម្រុះ​សរុប​ប្រមាណ ៣៩៩៣ ប្រភេទ​ដែល​រួមមាន​មាន រុក្ខជាតិ​ប្រមាណ ២ ៣០០ ​ប្រភេទ និង​ប្រភេទ​សត្វ​ដូចជា ថនិកសត្វ ១២៣ ​ប្រភេទ​, សត្វ​ស្លាប​ប្រមាណ​, ៥៤៥ ​ប្រភេទ ឧរង្គសត្វ​, ៨៨ ​ប្រភេទ​, ត្រី ៨៧៤ ​ប្រភេទ និង​ថលជលិក ៦៣ ​ប្រភេទ​។

ចំនួន​នេះ​អាច​កើនឡើង​បន្ថែមទៀត​ដោយសារ​តែ​នៅមាន​ជីវៈចម្រុះ​ជាច្រើន​ទៀត​ដែល​មិនទាន់បាន​សិក្សា​អស់​នៅឡើយ​។

គួរ​បញ្ជាក់ថា កាលពីដើម​ខែមិថុនា ឆ្នាំ​ ២០២១ ក្រុមមន្ត្រី​ឧទ្យានុរក្ស​នៃ​ក្រសួង​បរិស្ថាន និង​បុគ្គលិក​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ (WA) បាន​ជួយសង្គ្រោះ​សត្វ​ជ្រូកពោន ឬ​ជ្រូកព្រុល​មួយ​ក្បាល​។

វា​ត្រូវបាន​ជាប់​នៅក្នុង​អន្ទាក់ ប៉ុន្តែ​សំណាងល្អ​ដែល​មន្ត្រី​ឧទ្យានុរក្ស​ឃើញ​ទាន់ពេល ហើយ​ក៏​បាន​ដោះ​អន្ទាក់​ចេញ​ដើម្បី​ឱ្យ​វា​មាន​សេរីភាព​វិញ​។

ក្នុង​រយៈពេល ៦ ​ខែ​នៃ​ឆ្នាំ ២០២១ ​នេះ មន្ត្រី​ឧទ្យានុរក្ស​បាន​ដោះ​អន្ទាក់​បាន​ចំនួន​ជិត ២ ​ម៉ឺន​អន្ទាក់​ពី​ក្នុង​តំបន់​ការពារ​ធម្មជាតិ​។

មន្ត្រី​ឧទ្យានុរក្ស​ និង​ដៃគូ​នឹង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​បន្តទៀត​ក្នុង​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ ដែលជា​ទីជម្រក​ដ៏សំខាន់​របស់​សត្វព្រៃ និង​ការដោះ​អន្ទាក់​ ដើម្បី​សុវត្ថិភាព​សត្វព្រៃ​៕

វីដេអូ៖