ភ្នំពេញៈ នៅយប់ថ្ងៃទី ២៣ ខែកក្កដា នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញទៅទទួលវ៉ាក់សាំង AstraZeneca ដែលជាជំនួយរបស់រដ្ឋាភិបាលនិងប្រជាជនជប៉ុន ផ្តល់ជូនកម្ពុជា ចំនួន ១ លានដូសក្នុងការជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩ ក៏ដូចជាកាត់បន្ថយការព្រួយបារម្ភមួយចំនួនរបស់ប្រជាជនកម្ពុជា។
ក្នុងសារពិសេសរបស់ឯកអគ្គរាជទូតជប៉ុន ប្រចាំប្រទេសកម្ពុជា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ កាលពីថ្ងៃទី ១៣ ខែកក្កដា បានឱ្យដឹងថា រដ្ឋាភិបាលជប៉ុនបានប្រកាសផ្ដល់ជំនួយវ៉ាក់សាំង AstraZeneca ចំនួនប្រមាណ ១ លានដូសដល់កម្ពុជា ដែលជំនួយនេះធ្វើឡើងស្របតាមចំណងមិត្តភាពរវាង ជប៉ុន និងកម្ពុជា និង ដោយផ្អែកលើស្ថានភាពកូវីដ ១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន។
លោកថា វ៉ាក់សាំងដែលត្រូវបានផ្ដល់អាជ្ញាបណ្ណផលិតក្នុងប្រទេសជប៉ុននឹងត្រូវបានដឹកជញ្ជូនមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្រោយពេលដែលការរៀបចំភ័ស្តុភារដោយ COVAX Facility បានបញ្ចប់។
គិតត្រឹមយប់ថ្ងៃទី ២២ ខែកក្កដា ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសសរុបជាង ៦,៤ នាក់ដែលស្មើនឹង ៦៤,៥៥% ធៀបនឹងគោលដៅប្រជាពលរដ្ឋ ១០ លាននាក់ បានទទួលការចាក់វ៉ាក់សាំង ហើយយុទ្ធនាការចាក់នេះនឹងបញ្ចប់នៅក្នុងខែតុលា ឬដើមខែវិច្ឆិកាខាងមុខ។
ជាមួយគ្នានេះដែរ លោក ហ៊ុន សែន ក៏បានលើកឡើងពីការគ្រោងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដល់មនុស្សចាប់ពីអាយុ ១២ ឆ្នាំដល់ ១៧ ឆ្នាំ ដែលជំហានដំបូងនឹងធ្វើឡើងនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល៕