The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អភិបាល​ខេត្ត​កំពង់ចាម សម្រេច​បន្ត​សុពលភាព ពង្រឹង​ការ​អនុវត្ត​នូវ​វិធានការ​រដ្ឋបាល ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ១៩




អភិបាល​ខេត្ត​កំពង់ចាម សម្រេច​បន្ត​សុពលភាព ពង្រឹង​ការ​អនុវត្ត​នូវ​វិធានការ​រដ្ឋបាល ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ១៩

Content image - Phnom Penh Post
លោក អ៊ុន ចាន់ដា អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ចាម។ រូបថត រដ្ឋបាល​ខេត្ត

អភិបាល​ខេត្ត​កំពង់ចាម សម្រេច​បន្ត​សុពលភាព ពង្រឹង​ការ​អនុវត្ត​នូវ​វិធានការ​រដ្ឋបាល ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ១៩

កំពង់ចាមៈ អភិបាល​ខេត្ត​កំពង់ចាម លោក អ៊ុន ចាន់ដា បាន​សម្រេច​ដាក់​បន្ត​សុពលភាព នៃ​ការ​ពង្រឹង​ការ​អនុវត្ត​នូវ​វិធានការ​រដ្ឋបាល ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩ ក្នុង​ភូមិ​សាស្រ្ត​ខេត្ត​នេះ រយៈពេល​ ២​សប្តាហ៍​បន្ថែម​ទៀត ចាប់​ពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា ដល់​ថ្ងៃទី០៥ ខែ​សីហា ឆ្នាំ ២០២១។

លោក​បាន​លើក​ឡើង​ថា យោង​ស្ថាន​ភាព​នៃ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវីដ១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ នៅ​មិន​ទាន់​មាន​សភាព​ធូរ​ស្រាល​នៅ​ឡើយ ពិសេស​ការ​រក​ឃើញ​នូវ​ករណី​វិជ្ជមាន​កូវីដ១៩ ជា​បន្ត​បន្ទាប់​នៅ​ក្នុង​ខេត្ត កំពង់ចាម រដ្ឋបាល​ខេត្ត​បាន​សម្រេច​បន្ត​សុពលភាព នៃ​ការ​អនុវត្ត​វិធានការ​រដ្ឋបាល​នេះ រយៈពេល ២ សប្តាហ៍​ទៀត។

លោក អ៊ុន ចាន់ដា បាន​លើក​ឡើង​ថា៖ «ការ​បន្ត​អនុវត្ត​នូវ​វិធានការ​រដ្ឋបាល​នេះ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​នេះ និង​ការ​ពង្រឹង​ការ​អនុវត្ត​វិធានការ​បិទ​ខ្ទប់​ភូមិ ឬ​ខ្នង​ផ្ទះ ក្នុង​ករណី​រក​ឃើញ​ប្រជាពលរដ្ឋ​វិជ្ជមាន កូវីដ១៩។ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង-ស្រុក ឃុំ-សង្កាត់ មន្ទីរ-អង្គភាព​ជុំវិញ​ខេត្ត និង​ប្រជាពលរដ្ឋ​ត្រូវ​បន្ត​អនុវត្តន៍​យ៉ាង​ម៉ឺង​ម៉ាត់»។

ក្នុង​ការ​អនុវត្ត​វិធាន​រដ្ឋបាល​នេះ អភិបាល​ខេត្ត​បាន​ស្នើ​ឱ្យ​ផ្អាក​ជា​បណ្តោះ​អាសន្ន​នូវ​សកម្មភាព​អាជីវកម្ម​ពេល​រាត្រី រួម​មាន​ភោជនីយដ្ឋាន អាហារដ្ឋាន តូប​លក់​ចល័ត ផ្សារ​រាត្រី ផ្សារ​ទំនើប ម៉ាត ហាង​លក់​ទំនិញ​គ្រប់​ប្រភេទ ការ​ជួបជុំ​នៅ​តាម​ទីសាធារណៈ​នានា​ដែល​មាន​សភាព អ៊ូអរ និង​ការ​ជួបជុំ​មនុស្ស​ច្រើន ចាប់​ពី​ម៉ោង ២០:០០ នាទី​យប់ ដល់​ម៉ោង ០៣:០០ នាទី​ព្រឹក​ជា​កំហិត។

លោក អ៊ុន ចាន់ដា បាន​បន្ថែម​ទៀត​ថា ការ​លក់​ដូរ​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ និង​ការ​ជួបជុំ​ទទួល​ទាន​គ្រឿង​ស្រវឹង គ្រប់​ប្រភេទ ការ​ប្រមូល​ផ្តុំ​មនុស្ស​ច្រើន ក្នុង​គោល​បំណង​ប្រារព្ធ​ពិធី​ជប់​លៀង​កម្សាន្ត​សប្បាយ​នានា នៅ​តាម​គេហដ្ឋាន កន្លែង​ធ្វើការ និង​ក្រុមហ៊ុន​ឯកជន រួម​នឹង​ការ​ជួប​ជុំ​បែប​សាសនា ឬ​ការ​ថ្វាយ​បង្គំ ក៏​ត្រូវ​ផ្អាក​ផងដែរ។

ជាមួយគ្នានេះដែរ ការ​អនុវត្ត​កាតព្វ​កិច្ច​ពាក់​ម៉ាស់ និង​កាតព្វ​កិច្ច​រក្សា​គម្លាត​សុវត្ថិភាព ក្នុង​អំឡុង​ពេល​នៃ​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០កុម្ភៈ ក្នុង​ភូមិ​សាស្ត្រ ខេត្ត​កំពង់ចាម ក៏​ត្រូវ​ធ្វើ​ជា​កំហិត​ផង​ដែរ៕

អត្ថបទគួរចាប់អារម្មណ៍