
មន្ទីរពេទ្យកុមារអង្គរធ្វើបុណ្យផ្កាតាមអនឡាញ ដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យ។ រូបថត មន្ទីរពេទ្យកុមារអង្គរ
សៀមរាបៈ មន្ទីរពេទ្យកុមារអង្គររៀបចំពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីឆ្នាំទី ៨ របស់ខ្លួនតាមប្រព័ន្ធអនឡាញជាលើកដំបូង ដោយសារតែបញ្ហានៃការឆ្លងរាលដាលជំងឺកូវីដ ១៩។ ពិធីនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ២៩ ខែសីហាខាងមុខនេះ ដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យ។
សេចក្តីប្រកាសព័ត៌មានរបស់មន្ទីរពេទ្យកុមារអង្គរបានឱ្យដឹងថា មន្ទីរពេទ្យកុមារអង្គរគ្រោងរៀបចំប្រារព្ធពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីឆ្នាំទី ៨ ដើម្បីកៀរគរមូលនិធិដល់មន្ទីរពេទ្យតាមប្រព័ន្ធអនឡាញជាលើកដំបូង។
ពិធីនឹងប្រព្រឹត្តទៅមាន ២ វគ្គ ដែលវគ្គទី១ គឺជាកម្មវិធីសម្តែងព្រះធម៌ទេសនាជាធម្មទាន និងការផ្សព្វផ្សាយដំណឹងរបស់ពិធីបុណ្យតាមប្រព័ន្ធអនឡាញដោយធម្មកថិកល្បីៗទាំងក្នុង និងក្រៅប្រទេសនៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់មន្ទីរពេទ្យកុមារអង្គរចាប់ពីម៉ោង ៩ ដល់ម៉ោង ១០ ព្រឹករៀងរាល់ថ្ងៃចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ២៨ ខែសីហា ជាមួយនឹងប្រធានបទល្អៗខុសគ្នា នៅមុនថ្ងៃពិធីបុណ្យ។
ចំពោះពិធីបុណ្យ គឺជាវគ្គទី២ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែសីហា ដោយអ្នកចូលរួមមានចំនួនកំណត់ ឱ្យស្របទៅនឹងវិធានការការពារនៃការចម្លងជំងឺកូវីដ ១៩ និងធ្វើឡើងនៅក្នុងបរិវេណរង់ចាំនៃមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ក្នុងនោះមានកម្មវិធីសូត្រមន្តចម្រើនព្រះបរិត និងកម្មវិធីសម្តែងព្រះធម្មទេសនាដោយធម្មកថិកចំនួន ៧ អង្គឆ្លងឆ្លើយអរិយទ្រព្យ ៧ ប្រការជាកិច្ចបង្ហើយបុណ្យ។
សេចក្ដីប្រកាសព័ត៌មានឱ្យដឹងថា៖ «ដោយសារវិបត្តិកូវីដ ១៩ នៅតែបន្តកើតមានឡើង មន្ទីរពេទ្យកុមារអង្គរបានទទួលរងការប៉ះពាល់គួរឱ្យកត់សម្គាល់ លើផ្នែកហិរញ្ញវត្ថុ ព្រោះព្រឹត្តិការណ៍ ឬសកម្មភាពរៃអង្គាសមួយចំនួនធំ មិនអាចប្រព្រឹត្តទៅបាន ហើយជំនួយមូលនិធិពីក្រុមហ៊ុនអាជីវកម្ម ឬសប្បុរសជនដែលធ្លាប់ផ្តល់ជំនួយសម្បុរសធម៌មកកាន់មន្ទីរពេទ្យ ក៏មានការធ្លាក់ចុះខ្លាំង ដែលធ្វើឱ្យមានការប៉ះពាល់ដល់ដំណើរការប្រតិបត្តិមួយចំនួនថែមទៀតផង»។
លោកស្រី ម៉ៅ ចំណាន ជាអគ្គនាយិកាប្រតិបត្តិការនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងធនាគារវីងបានថ្លែង ដោយបង្ហាញអំពីទឹកចិត្តរីករាយក្នុងការចូលរួមពិធីសប្បុរសធម៌នេះ។
លោកស្រីថ្លែងថា៖ «ក្នុងនាមជាម្តាយមួយរូប នៅពេលដែលកូនៗមានបញ្ហាសុខភាព អ្នកម្តាយតែងតែកើតក្តីបារម្ភគ្រប់ពេលវេលា ជាពិសេសនៅពេលដែលកូនឈឺ និងពិបាកស្វែងរកកន្លែងព្យាបាលដែលទុកចិត្ត។ ហេតុដូច្នេះហើយ ការផ្តួចផ្តើមប្រារព្ធពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីនេះ វានឹងអាចជួយដល់មន្ទីរពេទ្យកុមារអង្គរអាចបន្តផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃដល់កុមារបានកាន់តែប្រសើរឡើងថែមទៀត»។ក្នុងឆ្នាំ ២០២០ មន្ទីរពេទ្យព្យាបាលកុមារបាន ៩៧ ពាន់ករណី៕
វីដេអូ៖