
លោក លី ធុជ ជួបមន្ត្រីស៊ីម៉ាក់ ប្រចាំទិសបាត់ដំបងនៅថ្ងៃទី ២២ ខែកក្កដា។ រូបថត សហការី
ភ្នំពេញៈ មន្ត្រីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានអះអាងថា សកម្មភាពបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅតែដំណើរការបន្តដដែល បើទោះបីជាមានមន្ត្រីរបស់អង្គភាពនេះចំនួន ៩ នាក់ ត្រូវបានរកឃើញឆ្លងជំងឺកូវីដ ១៩ ក៏ដោយ។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបានឱ្យដឹងកាលពីម្សិលមិញថា គិតត្រឹមថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២១ មានមន្ត្រីអង្គភាពស៊ីម៉ាក់ចំនួន ៩ នាក់បានឆ្លងជំងឺកូវីដ ១៩ ក្នុងនោះនៅខេត្តបាត់ដំបងចំនួន ៣ នាក់ ភ្នំពេញចំនួន ២ នាក់ និងនៅទិសខេត្តព្រះវិហារចំនួន ៤ នាក់ (នៅក្នុងសហគមន៍ស្រអែម)។
យ៉ាងណាក្ដីលោកថា មន្ត្រីស៊ីម៉ាក់នៅតែបន្តសកម្មភាពក្នុងការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដដែលថ្វីបើមានមន្ត្រីខ្លះក្នុងអង្គភាពឆ្លងជំងឺកូវីដ ១៩ ក៏ដោយ។
លោកបន្តថា កម្លាំងអង្គភាពស៊ីម៉ាក់ក៏មិនខុសប្លែកពីកម្លាំងជួរមុខដទៃទៀតដែរក្នុងកិច្ចការប្រចាំថ្ងៃរបស់ខ្លួនបានប្រឈមមុខការឆ្លងវីរុសកូវីដ ១៩។ ក៏ប៉ុន្តែយ៉ាងណាអង្គភាពស៊ីម៉ាក់បានចាត់ចែងឱ្យមានក្រុមការងារប្រយុទ្ធប្រឆាំងកូវីដដែលមានភារកិច្ចគ្រប់គ្រង និងត្រួតពិនិត្យបញ្ហាកូវីដពាក់ព័ន្ធមន្ត្រីក្នុងអង្គភាពយ៉ាងមានប្រសិទ្ធភាពខ្ពស់។
បើតាមលោក រតនា អង្គភាពស៊ីម៉ាក់បានរៀបចំ និងអនុវត្តផែនការយុទ្ធសាស្ត្របម្រុងទុកជាមុនក្នុងការទប់ទល់នឹងករណីមានការឆ្លងកូវីដចូលដល់កម្លាំងរបស់ខ្លួនដោយធ្វើយ៉ាងណារក្សាឱ្យបាននិរន្តរភាពប្រតិបត្តិការរបស់ខ្លួនជាប្រក្រតី បើទោះបីជាមានកម្លាំងខ្លះរងផលប៉ះពាល់ក៏ដោយ។
លោកបានបញ្ជាក់ថា៖ «យុទ្ធសាស្ត្រទាំងនោះរួមមាន ការបំបែក កម្លាំងប្រតិបតិ្តការតូចៗស្ថិតនៅភូមិសាស្ត្រដាច់ៗពីគ្នា បែងចែកវេនប្រតិបតិ្តការ កាត់បន្ថយការចល័តកម្លាំង ប្រើយន្តការត្រួតពិនិត្យកម្លាំងតាមប្រពន្ធ័អេឡិចត្រូនិក។ បើមានករណីសង្ស័យត្រូវចាត់វិធានការតេស្តរហ័ស កម្លាំងទាំងអស់ដែលពាក់ព័ន្ធ ញែកកម្លាំងឱ្យរស់នៅដាច់ពីគ្នាជាដើម»។ល។
លោកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបញ្ជាក់ទៀតថា យុទ្ធសាស្ត្រទាំងនេះលំបាក ប៉ុន្តែត្រូវតែរៀនរស់នៅ និងប្រតិបត្តិការក្រោមការគំរាមកំហែងដោយកូវីដនេះជាពិសេសយកវិធាន ៣ការពារ និង៣កុំ ជាឆ្អឹងខ្នងនៃអនុវត្តយុទ្ធវិធីក្នុងការទប់ទល់កូវីដនេះ។
លោកថ្លែងថា៖ «ទោះបីជាមានការឆ្លងកូវីដក៏ដោយក៏បញ្ហាសុខភាពមន្ត្រីទាំង ៩ រូបខាងលើគ្មានបញ្ហាឡើយដោយបានជាសះស្បើយ ៦ នាក់ និងសល់ ៣ នាក់ឆ្លងកម្រិតស្រាល។
សូមគោរពអរគុណសម្តេច តេជោដែលបានផ្តល់វ៉ាក់សាំងសម្រាប់មន្ត្រីជួរមុខស៊ីម៉ាក់ក្នុងកញ្ចប់អាទិភាព និងជួយការពារអាយុជីវិតមន្ត្រីទាំងអស់ពីឈឺធ្ងន់ធ្ងរ»។
ដើម្បីជាជំនួយទ្រទ្រង់ជីវភាពរស់នៅរបស់មន្ត្រីដែលឆ្លងជំងឺកូវីដ ១៩ អង្គភាពបានរក្សានូវរាល់របបឧបត្ថម្ភប្រចាំខែទាំងអស់ជាធម្មតាជូនក្នុងអំឡុងពេលសម្រាកព្យាបាល និងចត្តាឡីស័ក។ ទន្ទឹមនោះ មន្ត្រីដែលបានឆ្លងជំងឺកូវីដទាំងអស់ក៏បានទទួលរបបឧបត្ថម្ភពីប្រមុខរាជរដ្ឋាភិបាលរួមមានអង្ករចំនួន ១ បាវដែលមានទម្ងន់ ៥០ គីឡូក្រាម មី ត្រីខ និងថវិកា ៤០ ម៉ឺនរៀល ព្រមទាំងព្រះរាជអំណោយព្រះមហាក្សត្រមានអង្ករ ៥០ គីឡូក្រាម មី ត្រីខ ឃីត ១ កញ្ចប់ និងថវិកាចំនួន ២០ ម៉ឺនរៀលផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក ហេង រតនា។
ជាមួយគ្នានេះ នៅថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០២១ លោក ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន ទី ១ អាជ្ញាធរមីនបានដឹកនាំ ក្រុមការងារចុះបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា (CMAC) ប្រចាំ ទិសបាត់ដំបងព្រមទាំងនាំយកនូវភេសជ្ជៈ និងថវិកា ដែលជាអំណោយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រគល់ជូនដល់ទីបញ្ជាការ មជ្ឈមណ្ឌល ស៊ីម៉ាក់ ប្រចាំទិសបាត់ដំបង និង ឧបត្ថម្ភ បុគ្គលិក ដោះមីន ស៊ីម៉ាក់ ចំនួន ២ នាក់ដែលមាន វិជ្ជមាន កូវីដ ១៩ ដោយក្នុងម្នាក់ទទួលបាន ថវិកាចំនួន ៨០ ម៉ឺនរៀល។
លោក លី ធុជ ក៏បានណែនាំឱ្យបុគ្គលិក ស៊ីម៉ាក់ទាំងអស់ត្រូវបន្តមានការប្រុងប្រយ័ត្នខ្ពស់ រក្សាអនាម័យ និងថែរក្សាសុខភាព ជាពិសេសត្រូវបន្តអនុវត្តតាមវិធានការណែនាំដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្ត្រី៣ការពារ ៣កុំឱ្យបានខ្ជាប់ខ្ជួន៕